BMW ផលិត​រថយន្ត​អគ្គិសនី​ដែល​បាន​កែច្នៃ និង​អាច​កែច្នៃ​ប្រើប្រាស់​ឡើងវិញ​បាន 100%

ក្រុមហ៊ុន​ផលិត​រថយន្ត BMW ប្រកាស​អំពី​គំរូ​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ថ្មី​របស់ខ្លួន​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​មាន​ឈ្មោះថា i Vision Circular នៅឯ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​រថយន្ត Munich 2021។

នេះ​គឺជា​គំរូ​ម៉ូ​ដែល​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ថ្មី​របស់​ក្រុមហ៊ុន BMW មាន​ឈ្មោះថា i Vision Circular។

ដោយមាន​រូបរាង​ដូច «គ្រាប់​ស៊ុត» i Vision Circular មើលទៅ​ហាក់​មាន​លក្ខណៈ​ប្រកបដោយ​ភាពជា​ម៉ាស៊ីន​យ៉ាង​រស់​រវើក។ រថយន្ត​នេះ​មាន​បណ្ដោយ​ប្រវែង 4 ម៉ែត្រ, កៅអី​ចំនួន 4 ហើយ​បរិវេណ​ខាងក្នុង​ធំ​ទូលាយ។

ប៉ុន្តែ រចនា​រូបរាង​មិនមែនជា​ប្រការ​ដ៏​អស្ចារ្យ​បំផុត​នៃ​រថយន្ត​នេះ​ទេ។ ជំនួស​មកវិញ វា​គឺជា​លទ្ធភាព​នៃ​ការកែច្នៃ​ឡើងវិញ​របស់ i Vision Cicular។

Momagoj Dukec ដែលជា​អ្នក​រចនា​ម៉ូដ​រថយន្ត​របស់​ក្រុមហ៊ុន BMW បានឱ្យដឹងថា «យើង​មាន​ចក្ខុវិស័យ​ក្នុងការ​ប្រើប្រាស់​វត្ថុ​ធាតុ​ដែលមាន​ស្រាប់។ ប្រការនេះ​មានន័យថា គ្រប់យ៉ាង​ដែល​ត្រូវបាន​ប្រើប្រាស់​នៅទីនេះ នៅលើ​រថយន្ត​នេះ សុទ្ធតែជា​វត្ថុ​ធាតុ​ដែល​ឆ្លងកាត់​ការប្រើប្រាស់​រួចហើយ។

ក៏ប៉ុន្តែ មិនមែន​មានតែ​ប៉ុណ្ណឹង​នោះទេ រថយន្ត​នេះ​នៅ​ត្រូវបាន​រចនា​ឡើង អាចឱ្យ​ដោះចេញ និង​ប្រើប្រាស់​ឡើងវិញ។ ដូច្នេះ យើង​អាច​ប្រើប្រាស់​វត្ថុ​ធាតុ​ទាំងអស់​របស់​រថយន្ត​នេះ​ដើម្បី​ផលិត​ជា​រថយន្ត​ថ្មី។

និយាយ​រួម i Vision Circular ត្រូវបាន​ផលិតឡើង​ពី​វត្ថុ​ធាតុ​ដែល​គេ​ប្រើ​រួចហើយ​ផង និង​មានលទ្ធភាព​ឱ្យគេ​ច្នៃ​ប្រើ​ឡើងវិញ 100% បាន​ទៀតផង។ នោះ​គឺជា​និយមន័យ​ថ្មី​ដែល​អាច​ប្ដូរផ្លាស់​ទាំងស្រុង​នូវ​វិធី​ដែល​យើង​ផលិត​រថយន្ត​នាពេល​អនាគត។

ក្រុមហ៊ុនផលិត​រថយន្ត​ទំនើប​ BMW មាន​គោលដៅ​ដាក់លក់​រថយន្ត i Vision Circular នៅ​ក្នុង​ទីផ្សារ​ ចាប់​ពី​​​ឆ្នាំ 2040៕

Advertisement