NASA កំពុង​ធ្វើតេស្ត​តាក់ស៊ី​ហោះ​ដំណើរការ​ដោយ​អគ្គិសនី ល្បឿន 322 គីឡូម៉ែត្រ/ម៉ោង

កាលពី​ថ្ងៃទី 30 សីហា ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) បានចាប់ផ្ដើម​ធ្វើតេស្ត​យាន​ដែល​ហោះហើរ និង​ចុះចត​ត្រង់​ដែល​ប្រើប្រាស់​ថាមពល​អគ្គិសនី​ទាំងស្រុង (eVTOL) របស់​ក្រុមហ៊ុន Joby Aviation។

ការសាកល្បង​ហោះហើរ​នេះ​នឹង​ត្រូវបាន​ធ្វើឡើង​រហូត​ដល់​ថ្ងៃទី 10 កញ្ញា នៅ​មូលដ្ឋាន​ហោះហើរ​របស់ Joby ក្បែរ​តំបន់ Big Sur ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល NASA ធ្វើតេស្ត​យន្តហោះ​ប្រភេទ eVTOL។ ក្នុង​អនាគត ម៉ូ​ដែល​យន្តហោះ​នេះ​អាច​ដំណើរការ​ដូចជា​តាក់ស៊ី​ហោះ នៅតាម​ទីក្រុង និង​តំបន់​ជុំវិញ​ទីក្រុង ក្នុង​ផ្ទៃ​ប្រទេស ដោយ​វា​អាច​ដឹក​ទាំង​មនុស្ស ទាំង​ទំនិញ។

គោលដៅ​របស់ NASA នៅក្នុង​ការធ្វើ​តេស្ត​នេះ​គឺ​ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​លទ្ធភាព​របស់​យន្តហោះ និង​ទិន្នន័យ​ជា​សំឡេង​របស់​វា ដែល​នឹង​ត្រូវបាន​ប្រើ​សម្រាប់​បង្កើត​រូបមន្ត និង​រចនា​នៃ​អាកាសចរណ៍​នាពេល​អនាគត។ ការធ្វើ​តេស្ត​នេះ​ជួយ​ស្វែងរក​ចំនុច​ខ្វះខាត​នៅក្នុង​ការកំណត់ និង​គោលនយោបាយ​បច្ចុប្បន្ន​របស់​នាយកដ្ឋាន​អាកាសចរណ៍​ជាតិ សហរដ្ឋអាមេរិក (FAA)។

ដើម្បី​រចនា​ដោយ​ជោគជ័យ​សម្រាប់​សកម្មភាព​ពាណិជ្ជកម្ម ក្រុម​អ្នក​អភិវឌ្ឍ​យន្តហោះ​ប្រភេទ eVTOL ត្រូវ​ដោះស្រាយ​បញ្ហា​សំឡេង​របស់​យន្តហោះ​ទាំងនេះ​នៅក្នុង​ទីក្រុង។ ក្នុងពេល​យន្តហោះ​របស់ Joby ហោះហើរ​ទៅតាម​ផែនការ ក្រុមបច្ចេកទេស​របស់ NASA នឹង​ប្រមូល​ទិន្នន័យ​អំពី​វី​ធី​ដែល​យន្តហោះ​នេះ​ផ្លាស់​ទី ការបញ្ចេញ​សំឡេង និង​ការទាក់ទង​ទៅកាន់​បុគ្គលិក​គ្រប់គ្រង​ដែនអាកាស។

ក្រុមហ៊ុន Joby ដែលមាន​មូលដ្ឋាន​នៅ Santa Cruz រដ្ឋ California បាន​អភិវឌ្ឍ eVTOL ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ។ យន្តហោះ​អគ្គិសនី​របស់​ពួកគេ អាច​ដឹក​អ្នកបើកបរ​ម្នាក់ និង​អ្នកដំណើរ 4 នាក់ ក្នុង​ល្បឿន 322 គីឡូម៉ែត្រ/ម៉ោង និង​អាច​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ 241 គីឡូម៉ែត្រ បន្ទាប់ពី​បាន​បញ្ចូល​ថាមពល​មួយ​លើក។ ក្រុមហ៊ុន Joby នឹង​ផ្ដល់​សេវាកម្ម​ដឹក​ភ្ញៀវ​ចាប់ពី​ឆ្នាំ 2024 តទៅ។

NASA កំពុង​សហការ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​អភិវឌ្ឍ​យន្តហោះ​អគ្គិសនី eVTOL និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ដែល​ទាក់ទង តាមរយៈ​យុទ្ធនាការ​ជាតិ ដើម្បី​វាយតម្លៃ​អំពី​សុវត្ថិភាព និង​ឧបសគ្គ​របស់​តាក់ស៊ី​ហោះ។ ក្រៅពី Joby ទីភ្នាក់ងារ NASA ក៏​កំពុងតែ​សហការ​ជាមួយ​បណ្ដា​ក្រុមហ៊ុន រួមមាន​ទាំង Wish Aero និង Reliable Robotics ផងដែរ។ យុទ្ធនាការ​ខាងលើនេះ​ស្ថិតក្នុង​គម្រោង Advanced Air Mobility (AAM) របស់ NASA៕

Advertisement