របកគំហើញ​ថ្មី​នេះ​របស់ ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន អាចជា​ការបើកផ្លូវ​សម្រាប់ «ការលុបបំបាត់​កូ​វីដ-១៩»

ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន អភិវឌ្ឍ​វត្ថុ​ធាតុ​ល្អិត​កម្រិតណា​ណូ (nano) ដែល​ត្រូវ​បាន​ហៅ​ថា CIPS អាច​ស្វែង​រកឃើញ​វីរុស SARS-CoV-2 ដែល​បង្ក​ជា​ជំងឺ​កូ​វីដ-១៩ ហើយ​កម្ចាត់​ពួកវា​ចោល។

មិន​ដូច​ទៅនឹង​ឱសថ​ប្រឆាំង​កូ​វីដ-១៩ ដែលមាន​នាបច្ចុប្បន្ន វត្ថុ​ធាតុ​ថ្មី​របស់ ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន អាច​គ្រប់គ្រង​ការឆ្លង​រាលដាល​របស់​វីរុស​បង្ក​ជំងឺ​កូ​វីដ-១៩ ទាំងអស់ ដែល​រួមមាន Alpha, Beta, Delta និង Omicron ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព។

វត្ថុ​ធាតុ​ល្អិត​កម្រិតណា​ណូ​របស់ ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន ត្រូវបាន​ផលិតឡើង​ពី ទង់ដែង ស្ពាន់ធ័រ អាំង​ដ្យូ​ម និង ផូស្វ័រ។ វត្ថុ​ធាតុ​នេះ​មាន​ទំហំ​ស្មើនឹង​វីរុស ២ គ្រាប់។

រូបភាពបង្ហាញអំពីការធ្វើអន្តរកម្មរវាង វត្ថុធាតុល្អិតកម្រិតណាណូ CIPS ជាមួយនឹងវីរុសកូវីដ-១៩

»នេះ​អាចជា​វត្ថុ​ធាតុ​ដ៏​មាន​សក្តានុពល និង​ត្រូវបាន​ទន្ទឹងរង់ចាំ​បំផុត សម្រាប់​ការប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​អនាគត» អ្នកស្រាវជ្រាវ​មួយរូប​បាន​អះអាង​ដូច្នេះ។

ក្រុម​អ្នកស្រាវជ្រាវ​មកពី វិទ្យាស្ថាន​បច្ចេកវិទ្យា​ទំនើប Shenzhen, មជ្ឈមណ្ឌល​ជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ណា​ណូ, វិទ្យាស្ថាន​រូបវិទ្យា​ថាមពល​ខ្ពស់ និង វិទ្យាស្ថាន​សត្វវិទ្យា Kunming ដែល​ទាំងនេះ​សុទ្ធតែ​ស្ថិតក្នុង បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន បានរួម​ចំណែក​ក្នុងការ​ស្រាវជ្រាវ និង​ការរកឃើញ​ខាងលើនេះ។

លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់ ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន ត្រូវបាន​ចុះផ្សាយ​កាលពី​ខែសីហា ២០២២ នៅលើ​ទំព័រ​ទស្សនាវដ្ដី Nature Nanotechnology៕

Advertisement