ក្រុម​ហ៊ុន​របស់​មហា​សេដ្ឋី​ទីមួយ​នៅ​ វៀត​ណាម កំពុង​​សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង COVID-19

មហា​សេដ្ឋី​ វៀតណាម លោក​ Pham Nhat Vuong

គម្រោង​សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង របស់​ក្រុមហ៊ុន Vingroup នៅ​តំបន់​បច្ចេកវិទ្យា​ជាន់ខ្ពស់ Hoa Lac (Hoa Lac Hi-Tech Park) នេះ ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ VinSmart។

Vingroup ត្រូវបាន​គេ​ដឹងថា បាន​ចរចា​ជាមួយនឹង​ក្រុមហ៊ុន Acturus របស់ សហរដ្ឋអាមេរិក ទាក់ទង​នឹង​ការផ្ទេរ​បច្ចេកវិទ្យា​ផលិត​វ៉ាក់សាំង​ប្រឆាំង COVID-19 រួចហើយ។ ក្រសួងសុខាភិបាល វៀតណាម ឱ្យដឹងថា តាម​ផែនការ នៅ​ខែសីហា ឆ្នាំ 2021 វ៉ាក់សាំង​របស់​ក្រុមហ៊ុន អាមេរិក នេះ អាច​ចាប់ផ្ដើម​សាកល្បង​នៅលើ​មនុស្ស នៅ​ប្រទេស វៀតណាម។ រោងចក្រ​នេះ​នឹង​អាច​ផលិត​វ៉ាក់សាំង​បាន​ចាប់ពី 100 លាន ទៅ 200 លាន​ដូ​ស/ឆ្នាំ។

កាលពី​ខែមិថុនា ឆ្នាំ 2021 ក្រុម​ហ៊ុន Vingroup បាន​សហការ​ជាមួយ Viet A Corp បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ Vinbiocare ដោយមាន​ទុន ប្រមាណ 8,700,000 ដុល្លារ​អាមេរិក ក្នុងនោះ Vingroup កាន់កាប់ 69% នៃ​ដើមទុន​សរុប។

Vinbiocare រកស៊ី​ក្នុង​វិស័យ​ផលិត​ឱសថ គីមី​សម្រាប់​ផលិត​ឱសថ និង​វត្ថុធាតុដើម​សម្រាប់​ផលិត​ថ្នាំពេទ្យ ក្នុងនោះ​មានដូចជា ការផលិត​វ៉ាក់សាំង ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ក្នុង​វិស័យ​ឱសថ​ជាដើម។

ប្រធាន​ក្រុមហ៊ុន Vingroup មហាសេដ្ឋី Pham Nhat Vuong ដែល​មាន​ទ្រព្យ​ 8 ពាន់​លាន​ដុល្លារ​អាមេរិក​ បានឱ្យដឹងថា Vinbiocare គឺជា​ក្រុមហ៊ុន​ដែល​ធ្វើ​សកម្មភាព​ដោយ​មិន​ស្វែងរក​កម្រៃ ហើយ​អាច​បរិច្ចាគ​ទាំង​ថ្លៃដើម បើសិនជា​ចាំបាច់។

Vingroup បាន និង​កំពុង​ផលិត​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ច្រើន​ប្រភេទ និង​ម៉ាស៊ីន​វាស់​កំដៅ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក។ ក្នុង​ឆ្នាំ 2020 ក្រុមហ៊ុន​នេះ បានផ្ដល់​ជំនួយ​ជា​ម៉ាស៊ីន​ជំនួយ​ដង្ហើម​រាប់ពាន់​គ្រឿង ដល់​ក្រសួងសុខាភិបាល វៀតណាម ផងដែរ។

សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង របស់​ក្រុមហ៊ុន Vingroup នៅ​តំបន់​បច្ចេកវិទ្យា​ជាន់ខ្ពស់ Hoa Lac (Hoa Lac Hi-Tech Park) ក្នុង​រដ្ឋធានី ហាណូយ៕

ប្រភព​៖ Forbes, Viettimes
ប្រែសម្រួល​៖ បុត្រា

Advertisement