ក្លាយជា​មហា​សេដ្ឋី​ ដោយ​សារ​លក់​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍​ប្រពៃណី

មហា​សេដ្ឋី Ravi Modi និង​សម្លៀក​បំពាក់​ប្រពៃណី​ឥណ្ឌា

Modi បាន​ក្លាយ​ជា​មហា​សេដ្ឋី​ក្នុង​វិស័យ​សម្លៀក​បំពាក់​ឥណ្ឌា​ នៅពេល​មនុស្ស​ម្នា​កាន់​តែ​ចូល​ចិត្ត​ពិធី​រៀប​អាពាហ៍​ពិពាហ៍​ធំៗ ច្រើន​ថ្ងៃ​ និង​ស្លៀក​ពាក់​ឈុត​ប្រពៃណី​ដូច​ក្នុងភាព​យន្ត​ Bollywood។

នៅ​ពាក់​កណ្ដាល​ទសវត្សរ៍​ទី​ ៩០ ពេល​ទៅ​ជួយ​ការ​ងារ​ក្នុង​ហាង​សម្លៀក​បំពាក់​របស់​ឪពុក​នៅ Kolkata (ប្រទេស​ឥណ្ឌា) ក្រោយ​ចេញ​ពី​រៀន​ Ravi Modi រក​ឃើញ​ឱកាស​ធំ​មួយ​។ ហាង​របស់​គ្រួសារ​គាត់​លក់​សម្លៀក​បំពាក់​ទាន់​សម័យ​ និង​​មិន​មាន​សម្លៀក​បំពាក់​​បែប​ប្រពៃណី​របស់​ ឥណ្ឌា​។

«មាន​តម្រូវ​ការ​ ប៉ុន្តែ​មិន​មាន​របស់​ផ្គត់​ផ្គង់» លោក Modi បច្ចុប្បន្ន​មាន​អាយុ​ ៤៥ ឆ្នាំ​ រៀប​រាប់​​រឿង​រ៉ាវ​កាល​ពី​ថ្ងៃ​ដំបូង​ៗ​ដែល​គាត់​ចាប់​អារម្មណ៍​លើ​ការ​ជួញដូរ​សម្លៀក​បំពាក់​ប្រពៃណី​។ Modi ​ព្យាយាម​បញ្ចុះ​បញ្ចូល​ឪពុក​ដើម្បី​ឱ្យ​គាត់​លក់​អាវ​ kurta និង​ខោ pajama ប្រពៃណី ប៉ុន្តែ​មិន​បាន​សម្រេច​។ ដូច្នេះ នៅ​ពេល​ឪពុក​របស់​គាត់​ទៅ​ចូល​រួម​ហែ​​ធម្មយាត្រា​កាល​ពី​ឆ្នាំ​ ១៩៩៦ Modi (ពេល​នោះ​មាន​អាយុ ១៩ ឆ្នាំ​) រក​បាន​សម្លៀក​បំពាក់​ kurta-pajama សម្រាប់​បុរស​​ចំនួន ១០០ ឈុត​ និង​លក់​បាន​ ៨០ ឈុត​នៅ​ចុង​សប្ដាហ៍​។

«នៅពេល​ឪពុក​ខ្ញុំ​ត្រលប់មកវិញ ដំបូង​គាត់​ខឹង​ណាស់​។ ប៉ុន្តែ ពេល​ដឹង​ថា​ខ្ញុំ​លក់​បាន​ ៨០ ឈុត​ គាត់​ក៏​សប្បាយ​ចិត្ត» លោក Modi រម្លឹករឿង​​អតីត​កាល​។ នោះ​គឺជា​រឿង​រ៉ាវ​ដែល​បាន​នាំ​គាត់​ចូល​ក្នុង​វិស័យ​សម្លៀក​បំពាក់​ប្រពៃណី​។ សព្វ​ថ្ងៃ Vedant Fashions របស់​លោក Modi គឺជា​ក្រុម​ហ៊ុន​លំដាប់​កំពូល​​នៅ​ក្នុង​ទីផ្សារ​សម្លៀក​បំពាក់​សម្រាប់​​​អាពាហ៍​ពិពាហ៍​ និង​ពិធី​បុណ្យ​នៅ ឥណ្ឌា​ ដោយ​លក់​បាន​ប្រមាណ ៤ លាន​ខោ​អាវ​ជា​រៀង​រាល់​ឆ្នាំ​។

កាល​ពី​ខែ​កុម្ភៈ ២០២២ Modi បាន​នាំ​យក​ក្រុម​ហ៊ុន​ Vedant Fashions ឡើង​ផ្សារ​ហ៊ុន​។ ទ្រព្យ​សម្បត្តិ​នេះ​ត្រូវ​បាន​កំណត់​តម្លៃ​ឡើង​ដល់ ៣.៧៥ ពាន់​លាន​ដុល្លារអាម៉េរិក​ ជួយ​ឱ្យ​លោក Ravi Modi ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​​​មហា​សេដ្ឋី​​នៅ​​ ប្រទេស​ឥណ្ឌា​។

ក្នុងឆ្នាំ​សារពើ​ពន្ធ​ ២០២១ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃទី ៣១ មីនា ២០២២ ប្រាក់​ចំណូល​របស់​ Vendant Fashions បាន​កើន​ ៨៤% ដោយ​ឡើង​ដល់​ ១០.៤ ពាន់​លាន​រ៉ូពីឥណ្ឌា (១៣៨ លាន​ដុល្លារ​អាម៉េរិក​) និង​ប្រាក់​ចំណេញ​ក្រោយ​ពីការ​ទូទាត់​ពន្ធ​ កើន​​ទ្វេដង​ ដោយ​ឡើង​ដល់​ ៣.១ ពាន់​លាន​រ៉ូពី ធៀប​នឹង​ឆ្នាំ​ ២០២០​។ បើ​ធៀបនឹង​​ឆ្នាំ​ ២០១៩ ប្រាក់​ចំណូល​របស់ Vendant Fashions កើន​ ៣០% ខណៈ​ប្រាក់​ចំណេញ​កើន​ ៧៩%​។

មូលនិធិ​វិនិយោគ​ Axis Capital នៅ​ Mumbai បាន​ព្យាករ​ថា ប្រាក់​ចំណូល​ និង​ប្រាក់​ចំណេញ​របស់​ក្រុម​ហ៊ុន Vedant Fashions នឹង​កើន​ក្នុង​អត្រា​ ៣០% ក្នុងពីរ​​ឆ្នាំ​សារពើ​ពន្ធ​​ខាង​មុខ​។ Modi មាន​ផែនការ​បង្កើន​ផ្ទៃ​ក្រឡា​​សម្រាប់​ការ​លក់​រាយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ ឡើង​ដល់​ជាង ២២០,០០០ ម៉ែត្រ​ការ៉េ៕

Advertisement