ផ្ដល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ដល់​សហគ្រាសធុន​តូច និង​មធ្យម គឺជា​កម្លាំង ចលករដល់ការជំរុញ​កំណើនសេដ្ឋកិច្ច

ស្របទៅនឹង​ការទទូច​ចង់បាន​ពី​វិស័យ​ឯកជន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបង្ហាញ​ពី​ការគាំទ្រ និង​ជំរុញ​យ៉ាង​ពេញទំហឹង ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​បណ្តា​សហគ្រាស​ធុន​តូច និង​មធ្យម ឬ SME មានលទ្ធភាព​រឹងមាំ​នៅក្នុង​ដំណើរការ​អាជីវកម្ម ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់ នៃ​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​កម្ពុជា ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ក្នុងការ​ថ្លែង​សារ ពិសេស​ជូន​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃទី24 កុម្ភៈ​ថា វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម គឺ​នៅមាន​សក្ដានុពល​សម្រាប់​ភាព​រីកចម្រើន ដែល​ត្រូវតែមាន​ការលើកទឹកចិត្ត និង​ជំរុញ​គាំទ្រ​យ៉ាង​ចិត្ត​ទុកដាក់។ រដ្ឋាភិបាល​មាន​គោលបំណង​បំប្លែង SME ធ្វើជា​កម្លាំង​ជំរុញ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ​កាន់តែច្រើន​សម្រាប់​ប្រជាជន​កម្ពុជា និង​ផលិត​ទំនិញ​កាន់តែច្រើន ដើម្បី​ជំនួស​តម្រូវការ​នាំចូល​ទំនិញ​សម្រេច។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា៖“រាជរដ្ឋាភិបាលមានបំណង ចង់​ប្រែក្លាយ​សហគ្រាស​ធុន​តូច និង​មធ្យម ឱ្យទៅជា​កម្លាំងចលករ ជំរុញ​កំណើនសេដ្ឋកិច្ច ផ្តល់​ការងារ​កាន់តែច្រើន​ដល់​ពលករ​កម្ពុជា និង​មានលទ្ធភាព​ផលិត​នូវ​ទំនិញ​កាន់តែច្រើន​ជំនួស​ឱ្យ​ការនាំ​ចូល”។

សម្ដេច​បាន​មានប្រសាសន៍​បន្តទៀតថា ក្នុង​គោលដៅ​នេះ រដ្ឋាភិបាល​ដាក់ចេញ​នូវ​វិធានការ ដូចជា រៀបចំ​បង្កើត​គណៈកម្មាធិកា​រ សកម្មភាព​គោលនយោបាយ ដើម្បី​ជំរុញ និង​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម ដែលមាន​សមាជិក​មក​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធសំខាន់ៗ នៅក្រោម​ការដឹកនាំ​ផ្ទាល់​របស់​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ហើយនឹង​ដាក់ចេញ​នូវ​វិធានការ​ជាក់ស្ដែង ពាក់ព័ន្ធ​នឹង​ការជំរុញ និង​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម តាមដាន​អនុវត្ត និង​ស្នើ​ចេញ​នូវ​វិធានការ​កែសម្រួល​តាម​កា​រ​ចាំបាច់។

ខណៈពេល​ការអំពាវនាវ ដើម្បី​ជំរុញ​ផលិតកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម SME របស់​រដ្ឋ​គ្រោង​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នាំនេះ ដោយ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​តាមរយៈ​ធនាគារ ដល់​សហគ្រាស​ធុន​តូច និង មធ្យម ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ ដោយ​ធនាគារ​នោះ​ត្រូវបាន​រៀបចំឡើង ដើម្បី​ជួយ​សម្រួល​ដល់​ប្រាក់កម្ចី​ដែលមាន​ការប្រាក់​ទា​បស​ម្រា​ប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងការ​កែច្នៃ​ផលិតផល​កសិកម្ម និង​កែច្នៃ​ម្ហូបអាហារ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​ធនាគារ​អភិវឌ្ឍន៍ជនបទ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ធនាគារពាណិជ្ជ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ផ្តល់ប្រាក់​កម្ចី​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​វិស័យ​ផលិតកម្ម និង​សិប្បកម្ម ព្រោះ​ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ​ដែល​សម្បូរ​ទៅដោយ​វត្ថុធាតុដើម​ពី​កសិកម្ម។ យើង​ត្រូវ​ជំរុញ​ផលិតកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​យើង​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​សម្រាប់​ការនាំចេញ។ យើង​មិន​ត្រឹមតែ​ផ្តោតលើ​ការនាំចេញ​ផលិតផល​កាត់ដេរ​ប៉ុណ្ណោះ​ទេ។ យើង​ក៏ត្រូវ​បង្កើន​ការនាំចេញ​ផលិតផល​កែច្នៃ​ពី​កសិផល​ផងដែរ។

នៅក្នុង​កិច្ច​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម រាជរដ្ឋាភិបាល​បាន​ជំ​រុញឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដាក់ឱ្យ​ដំណើរការ​នូវ​ធនាគារ​សម្រាប់​សហ​គ្រាស​ធុន​តូច និង​មធ្យម ឱ្យបាន​ឆាប់​ជាមួយនឹង​ការរៀបចំ​ជា​កម្មវិធី​ហិរញ្ញប្បទាន ពិសេស​គឺមាន​ទឹកប្រាក់​រហូតដល់ 50លាន​ដុល្លារ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ ដើម្បី​ផ្តល់​កម្ចី​មានការ​ប្រាក់​ទាប ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម វិស័យ​ក​សិ-ឧស្សាហកម្ម និង​វិស័យ​ឧស្សាហកម្ម ដើម្បី​អនុញ្ញាតឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងនោះ​មានលទ្ធភាព​ពង្រីក និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ខ្សែចង្វាក់​ផលិតកម្ម​របស់ខ្លួន ក្នុង​គោលដៅ​បង្កើត​ការងារ​បន្ថែម និង​ពង្រឹង​ភាព-​ប្រកួតប្រជែង។

យោងតាម​របាយការណ៍​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បានឱ្យដឹងថា សហគ្រាស​ធុន​តូច​ និង​មធ្យម និង​សិប្ប​កម្មបាន​ចុះបញ្ជី​ជា​ផ្លូវការ​ស្មើនឹង 41%។ ទន្ទឹមនឹងនេះ​ក្រសួង​ក៏បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​បង្កើត​បណ្ដុំ​សហគ្រាស​ធុន​តូច និង​មធ្យម(SME Cluster Zone)ចំនួន2 ដើម្បី​ប្រមូលផ្ដុំ​នូវ​បណ្ដុំ​មូលដ្ឋាន​ផលិតកម្ម ពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម សំដៅ​ជំរុញ​ការផ្ទេរ​បច្ចេកវិទ្យា ការធ្វើ​ពិពិធ​កម្ម​មុខទំនិញ ការបង្កើត​គំនិត​ច្នៃប្រឌិត និង​ការបង្កើត​ថ្មី ការកាត់បន្ថយ​ថ្លៃដើម ការផ្ដល់​តម្លៃបន្ថែម​ខ្ពស់ ព្រមទាំង​ផ្ដល់ឱកាស​ដល់​សហគ្រាស​ទាំងអស់នោះ ទទួលបាន​ការលើកទឹកចិត្ត ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។ ជាពិសេស​បណ្ដា​ផលិតកម្ម កែច្នៃ​កសិផល ផលិតកម្ម​ម្ហូបអាហារ និង​ឧស្សាហកម្ម​ផលិត ផលិតផល​ជំនួស​ការនាំ​ចូល​ជាដើម។

ផ្អែក​តាម​ទិន្នន័យ​ស្ថិតិ បាន​បែងចែក​សហគ្រាស​កម្មន្តសាល​ទៅតាម​ទំហំ ដោយ​យក​ចំនួន កម្លាំង​ពលកម្ម​ជា​មូលដ្ឋាន បានបង្ហាញ​ពី​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​មា​នល​ក្ខ​ណៈ​ចន្លោះប្រហោង ពុំមាន​ភាពរឹងមាំ ដូចជា​សហគ្រាស​ធុន​តូច ដែលមាន​ចំនួន​ច្រើន​លើសលប់ និង​សហគ្រាស​ធុន​មធ្យម​មាន​ចំនួន​តិចតួច ដែល​បង្ហាញ​ភាពទន់ខ្សោយ​ក្នុងការ​គាំទ្រ​ដល់​សហគ្រាស​ធុន​ធំ និង​មាន​លក្ខណៈ​ផុយស្រួយ។

ការពឹង​អាស្រ័យ​ស្ទើរតែ​ទាំងស្រុង​លើ​សហគ្រាស​ខ្នាត​ធំ មិនមាន​ស្ថិរភាព 100%ទេ ឧទាហរណ៍​ក្នុងករណី​មានការ​បាត់បង់​រោងចក្រ​ធុន​ធំ​ចំនួន1 ឬ 2 នោះ គឺអាច​នឹង​ប៉ះពាល់​ដោយផ្ទាល់​ដល់​ស្ថានភាព​ទីផ្សារការងារ និង​កំណើនសេដ្ឋកិច្ច ព្រមទាំង​ងាយ​នឹង​បាត់បង់​ភាព​ប្រកួតប្រជែង​ទៀតផង។

យោងតាម​ស្ថិតិ​បែងចែក​ទំហំ​សហគ្រាស​កម្មន្តសាល​តាម​ចំនួន​កម្លាំង​ពលកម្ម បាន​បង្ហាញថា៖ សិប្បកម្ម​ធុន​តូច ឬ​សហគ្រាស​ធុន​មីក្រូ(កម្លាំង​ពលកម្ម​ពី 1-10នាក់)ស្មើនឹង 97.3 % សហគ្រាស​ធុន​តូច(11-50នាក់) និង​ធុន​មធ្យម(51-100នាក់)ស្មើនឹង 2.2% និង​សហគ្រាស​ធុន​ធំ​ដែលមាន​កម្លាំង​ពលកម្ម​ចាប់ពី 101នាក់​ឡើងទៅ​ស្មើ 0.6%។ ក្នុងនោះ​សហគ្រាស​កម្មន្តសាល មាន​ដល់​ទៅ 91.7%។

បើ​គិត​ជា​កម្លាំង​ពលកម្ម​វិញ ឧស្សាហកម្ម​ធុន​ធំ​បាន​ស្រូបយក​ដល់​ទៅ 63.3% ធុន​មីក្រូ(តូច​បំផុត)ស្រូបយក 29.3% និង​សហគ្រាស​ធុន​តូច និង​មធ្យម​សូម​ស្រូបយក 7.4%។ ប៉ុន្តែ បើ​គិតពី​ផលរបរ​វិញ សហគ្រាស​ធុន​ធំ​បង្កើតបាន​រហូតដល់​ទៅ 76% ចំណែក​សហគ្រាស​ធុន​មីក្រូ បង្កើត​បានតែ 12%ប៉ុណ្ណោះ គឺ​ស្មើនឹង​សហគ្រាស​ធុន​តូច និង​មធ្យម។ ចំពោះ​សហគ្រាស​ក្រៅផ្លូវការ សហគ្រាស​ធុន​មីក្រូ​ទាំងអស់​មាន 98.64% សហគ្រាស​ធុន​តូច​មាន 62.83% សហគ្រាស​ធុន​មធ្យម​មាន 28.57% និង​សហគ្រាស​ធុន​ធំ​មាន 7.04% មិនបាន​ចុះបញ្ជី​ផ្លូវការ។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​សម្ដែង​ការ​សាទរ​ទៅនឹង​គោលនយោបាយ​គាំទ្រ​របស់​រដ្ឋាភិបាល មកលើ​វិស័យ​ឯកជន​ដែល​កំពុង​តែមាន​ភាព​ប្រឈម។

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​មានប្រសាសន៍ថា៖“ការជួយ​សម្របសម្រួល​ពី​សំណាក់​រដ្ឋាភិបាល ជាពិសេស​ការផ្ដល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប គឺ​សុទ្ធតែជា​ចំណុច​សំខាន់ ដែល​វិស័យ​ឯកជន​ចង់បាន”។

លោក​ឧកញ៉ា​បន្តថា៖“គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល ដែល​បាន​ដាក់ចេញ​ខាងលើនេះ គឺជា​ក្ដី​ប្រាថ្នា​របស់​វិស័យ​ឯកជន​ជា​យូរណាស់​មកហើយ ដែល​នេះ​ជាការ​លើកទឹកចិត្ត​យ៉ាងខ្លាំង ក្នុង​ការជំរុញឱ្យ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​មានឱកាស ក្នុងការ​បង្កើន​ផលិតភាព​របស់ខ្លួន ដើម្បី អាច​ប្រកួតប្រជែង​នៅលើ​ទីផ្សារ”។

បន្ថែម​ពីនេះ​ទៀត មាន​បណ្តា​សហគ្រិន​ជាច្រើនចង់បាន​ច្បាប់​សម្របសម្រួល​បន្ថែម ទៅលើ​គោលនយោបាយ SME ប្រមូលផ្តុំ ដូចជា​ការលើកលែង​ពន្ធការកាត់បន្ថយ​តម្លៃ​អគ្គិសនី ក៏ដូចជា​ការជួយ​សម្រួល​ទៅលើ​កិច្ចដំណើរការ​ឯកសារផ្សេងៗ ដូចគ្នា​ទៅនឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​ផងដែរ។ ទាំងអស់នេះ​សុទ្ធតែជា​ចំណុច​សំខាន់​សម្រាប់​វិស័យ​ឯកជន ក៏ដូចជា​សហគ្រាស​ធុន​តូច និង​មធ្យម។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧកញ៉ា​លឹម ហេង។

នៅក្នុង​សេចក្តីប្រកាស​មួយ ក្រសួង​បាន​និយាយថា អត្ថប្រយោជន៍​នឹងត្រូវ​ផ្តល់​ដល់​អ្នក​ដែល​ស្ថិតក្នុង​វិស័យ​អាទិភាព​ចំនួន6 គឺ​កសិកម្ម និង​ផលិតកម្ម​ កសិកម្ម, ផលិតកម្ម និង​ការកែច្នៃ​អាហារ, ផលិតកម្ម នៃ​ផលិតផល​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក, កែច្នៃ​សំរាម និង​ផលិតផល​សម្រាប់​ទេសច​រណ៍, ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​ព័ត៌មាន​បច្ចេកវិទ្យា។

អត្ថប្រយោជន៍ គឺ​ការលើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រហូតដល់ 5ឆ្នាំ ការលើកលែង​ការ​កាត់​ពន្ធ​រហូតដល់ 5ឆ្នាំ និង​ការលើកទឹកចិត្ត​លើ​ការចំណាយ​កាត់​ពន្ធ។ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​ចំណូល​ពន្ធ សហគ្រាស​ធុន​តូច និង​មធ្យម​ថ្មី ត្រូវ​ចុះឈ្មោះ​នៅ​រដ្ឋបាល​សារពើពន្ធ ហើយ​សហគ្រាស ធុន​តូច និង​មធ្យម​ដែល​បាន​ចុះបញ្ជី ត្រូវបាន​ស្នើសុំ​ឱ្យធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អាជីវកម្ម​របស់​ពួកគេ។

ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាននិងកំពុង​ធ្វើការ​លើកទឹកចិត្ត ដល់​អ្នក​ដែល​ដំណើរការ​សហគ្រាស​ធុន​តូច និង​មធ្យម ក្រៅផ្លូវការ ឱ្យមក​ចុះឈ្មោះ និង​ចូល​ជា​ផ្លូវការ។ ទាំងអស់នេះ​នឹង​អនុញ្ញាតឱ្យ​អាជីវកម្ម​ទាំងនោះ​ទទួលបាន​អត្ថប្រយោជន៍​ពី​កម្មវិធី​គាំទ្រ​របស់​រដ្ឋាភិបាល និង​ជួយ​សហគ្រាស​ធុន​តូច និង​មធ្យម​តាមរយៈ​សេវាកម្ម​ហិរញ្ញវត្ថុ​ទៀតផង៕

Advertisement