ធនាគារឯកទេសនឹងទទួលបានកម្ចី ក្នុងអត្រាការប្រាក់ទាបពីរាជរដ្ឋាភិបាល

ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ច និងអាជីវកម្មតូច ធំនៅក្នុងស្រុក ទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-19 នេះ រាជរដ្ឋាភិបាលកំពុងពិនិត្យលទ្ធភាពបញ្ចេញទុនបម្រុងរបស់ខ្លួនប្រមាណ 500 ឬ 600លានដុល្លារអាមេរិកដើម្បីផ្តល់ជូនធនាគារឯកទេសខ្ចី សម្រាប់ផ្តល់ជាកម្ចីទៅឱ្យអតិថិជនក្នុងអត្រាការប្រាក់ទាប ពោលក្នុងន័យឱ្យម្ចាស់អាជីវកម្មមានឱកាស ឬមានដើមទុន ស្តារអាជីវកម្មរបស់ខ្លួនឡើងវិញ តាមភាពជាក់ស្តែងនៅចំពោះមុខ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន នៅវិមានរដ្ឋសភា កាលពីថ្ងៃទី30 ខែមីនាថា៖«យើងកំពុងពិនិត្យលទ្ធភាពបញ្ចេញទុនរបស់រដ្ឋាភិបាលប្រមាណ 500 ឬ 600លានដុល្លារអាមេរិក ដើម្បីឱ្យធនាគារឯកទេសខ្ចីក្នុងអត្រាការប្រាក់ទាប ហើយធនាគារឯកទេស ទាំងនោះនឹងយកទៅឱ្យអ្នកធ្វើអាជីវកម្មមានអត្រាការប្រាក់ទាបដែរ» ។

សម្តេចបញ្ជាក់ថា៖ «យើងកំពុងពិនិត្យលើបញ្ហានេះតែមិនឈានដល់ទេ តែយើងនឹងឈានដល់នូវជុំទី2 ឬជុំទី3 អំពីលទ្ធភាពនៃការបញ្ចេញទុនបម្រុងរបស់រដ្ឋ (ប្រាក់សន្សំរបស់រដ្ឋ) ប្រមាណ 500 ឬ 600លានដុល្លារអាមេរិក ទៅឱ្យធនាគារឯកជន សហគ្រាស ឯកជន ព្រោះរដ្ឋមិនអាចឱ្យវិស័យឯកជនមកខ្ចីផ្ទាល់ទេ រដ្ឋមានសិទ្ធិត្រឹមតែឱ្យធនាគារ ឯកជនមកខ្ចីដោយអត្រាការប្រាក់ទាប រួចហើយប្រើកម្ចីនេះទៅឱ្យអ្នកខ្ចីដែលមានអត្រាការប្រាក់ទាប តគ្នា» ។
សម្តេចមានប្រសាសន៍ទៀតថា ទាំងនេះគ្រាន់តែជាការអំពាវនាវដើម្បីជាការបន្ធូរបន្ថយវិស័យឯកជន និងថ្លៃឈ្នួលនានា ព្រោះឥឡូវរកតែលុយបង់ថ្លៃបុគ្គលិកមិនបានផង។ ភោជនីយដ្ឋានមួយធ្លាប់មានមនុស្សចូលហូប តែក្នុងពេលដែលគ្នារកចំណូលបានមិនគ្រប់ បូកនឹងថ្លៃទឹក ភ្លើង ដូច្នេះគ្នាជួបការលំបាក សូមឱ្យមានការយោគយល់គ្នាក្នុងកាលៈទេសៈដ៏លំបាកនេះ។

ទន្ទឹមនឹងប្រមុខរាជរដ្ឋាភិបាលត្រៀមបញ្ចេញទុនបម្រុងទៅដល់ធនាគារឯកទេសនាពេលខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យមានការយោគយល់ចំពោះការពន្យារពេលសងត្រឡប់របស់ប្រជាពលរដ្ឋ ឬអតិថិជននៅក្នុងគ្រាលំបាកនេះ បន្ទាប់ពីធនាគារជាតិនៃកម្ពុជាទម្លាក់ទុនបម្រុងកាតព្វកិច្ចពី 12% មកនៅត្រឹម 7%។

សម្តេចបន្តថា «ការពន្យារ ឬបន្ថយការប្រាក់ ព្រោះតែរដ្ឋ តាមរយៈធនាគារជាតិមានវិធានការ ច្រើនហើយចំពោះធនាគារ និងមីក្រូហិរញ្ញវត្ថុ ដូចជាទុនបម្រុងកាតព្វកិច្ច ដោយមុននេះ ទុននេះទាំងប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ទុនកាតព្វកិច្ចមានជាង 12% ឥឡូវនេះទុនបម្រុងកាតព្វកិច្ចធ្លាក់មកនៅត្រឹម 7% ដែលអនុញ្ញាតឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់មានទុនប្រមាណជាង 100លានដុល្លារអាមេរិក ដើម្បីដោះស្រាយជាមួយនឹងកូនបំណុល បន្ធូរបន្ថយជាមួយនឹងកូនបំណុល» ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋអំពាវនាវដល់វិស័យឯកជនឱ្យផ្តល់នៅការយោគយល់គ្នា រាប់ទាំងវិស័យធនាគារយោគយល់ចំពោះការពន្យារពេលសងឱ្យគ្នាឱ្យដល់ដំណាក់កាលសងបញ្ចប់។ គ្នាមានការលំបាក ដូច្នេះមិនគួរប្រើប្រាស់ពេលវេលានេះទៅរឹបអូសយកផ្ទះគ្នាទេ។
ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា ក៏បានដាក់ចេញនូវវិធានការគាំទ្រចំនួន5 ដើម្បីផ្តល់សន្ទនីយភាពបន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សំដៅរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-19 មកលើសេដ្ឋកិច្ចស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

Advertisement