កម្ពុជា​បន្ត​ពង្រឹង ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ2020 ខណៈ​ការកសាង​ផ្លូវថ្នល់​ជំរុញ​ការភ្ជាប់​ប៉ូល​សេដ្ឋកិច្ច

ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា ឆ្នាំ2020 ក៏ដូចជា​ដើម្បី​បង្ហាញ​អំពី​តម្លាភាព​នៃ​ការប្រើប្រាស់ និង​បែងចែក​ធនធាន​សាធារណៈ​ដែល​ទទួលបាន​ពី​កំណើន ព្រមទាំង​ដើម្បី​ធានាឱ្យមាន​ការចូលរួម​មតិ​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ និង​សាធារណជន​ទូទៅ ក្នុងការ​តម្រង់​ការប្រើប្រាស់​ធនធាន​ថវិកា​ឱ្យ​កាន់-​តែមាន​ប្រសិទ្ធភាព​ខ្ពស់ នេះ​គឺជា​ការងារ​ដ៏​សំខាន់​
ដែល​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​កំពុង​បន្ត​ពង្រឹង។

វេទិកាសាធារណៈ​ស្តីពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ2020 បាន​ប្រព្រឹត្តទៅ​កាលពី​ចុងខែ​មករា ឆ្នាំ2020 កន្លង​មកក្រោម​អធិបតីភាព រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បញ្ជាក់​ឱ្យដឹងថា ជារួម កំណើនសេដ្ឋកិច្ច​ពិភពលោក​កំពុងមាន​និន្នាការ​ធ្លាក់ចុះ​ដោយ​រួមទាំង​តំបន់​អាស៊ាន​ផងដែរ។ ជាក់ស្តែង សេដ្ឋកិច្ចពិភពលោក​ឆ្នាំ2019 មាន​កំណើន​ប្រមាណ 2.9%ប៉ុណ្ណោះ ធៀប​នឹង​ការ​ព្យាករ​ប្រមាណ 3.4%។

ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មានប្រសាសន៍ថា៖“ក្នុង​បរិការណ៍​នៃ​ការ​ថមថយ​កំណើនសេដ្ឋកិច្ច​ពិភពលោក និង​តំបន់​ខាងលើនេះ កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ2019 នៅតែមាន​ភាពរឹងមាំ ក្នុង​រង្វង់7% ទោះបី​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ពី​ខាងក្រៅ ហើយ​សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង​រយៈពេល 2ខែ​ចុងឆ្នាំ​មានការ​ថមថយ​ខ្លះ ពិសេស​វិស័យ​ទេសចរណ៍ និង​សំណង់​ក្តី។ ប្រការនេះ​អាចធ្វើឱ្យ​យើង​ចាត់ទុកថាកម្ពុជា​ជា​ប្រទេស​ដែល​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាងគេ​ក្នុង​អាស៊ាន”។

ជាមួយគ្នានេះដែរ អត្រា​អតិផរណា បន្ត​ស្ថិតក្នុង​កម្រិត​ទាប ហើយ​អត្រា​ប្តូរប្រាក់​នៅតែ​បន្ត​មាន​ស្ថិរ​ភាពល្អ ក្នុងខណៈដែល​អត្រា​អ្នក​អត់​ការងារ​ធ្វើតាម​ការអង្កេត​របស់ WB មាន​ប្រមាណ​តែ 0.3%ប៉ុណ្ណោះ។

ការនាំចេញ​មាន​សម្ទុះ​កំណើន​ល្អ ដោយមាន​ការកើនឡើង​ប្រមាណ 15% ហើយ​លំហូរ​ទុនវិនិយោគ​ផ្ទា​ល់ពី​បរទេស​មាន​កំណើន​រហូត​ទៅដល់ 13% នៃ​ផ.ស.ស ដែល​ធ្វើឱ្យ​តុល្យភាព​នៃ​ជញ្ជីងទូទាត់​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​ជាទូទៅ។

ទុនបម្រុង​អន្តរជាតិ​បាន​កើនឡើង​រហូតដល់​ប្រមាណ​ជាង 17.4ប៊ី​លាន​ដុល្លារ​អាមេរិក ដែល​អាច​ធានាបាន​នូវ​ការនាំ​ចូល​រហូត​ទៅដល់​ប្រមាណ 8ខែ។

ទន្ទឹមនឹង​ការសម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់និង​រឹងមាំ ហើយ​ម៉ាក្រូសេដ្ឋកិច្ច​មាន​ស្ថិរភាព​ខាងលើនេះ កម្ពុជា​ក៏​សម្រេចបាន​នូវ​លទ្ធផល​ល្អប្រសើរ​នៅក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ផងដែរ។

ប្រការនេះ បានធ្វើឱ្យ​យើង​សម្រេចបាន​នូវ​អតិរេក​ថវិកា​ចរន្តរ​ហូត​ទៅដល់​ជាង 8% នៃ​ផ.ស.ស ធៀប​នឹង​ការគ្រោងទុក​ប្រមាណ​តែ 2.81 នៃ ផ.ស.ស​ ប៉ុណ្ណោះ ដែល​ធ្វើឱ្យ​ប្រាក់​សន្សំ​របស់​រាជ​រដ្ឋាភិបាល​បាន​កើន​ឡើងដល់​ប្រមាណ 18% នៃ ផ.ស.ស សម្រាប់​ពង្រីក​លម្ហ​ថវិកា និង​ធនធាន​ថវិកាបម្រុង​ទុក​សម្រាប់​ត្រៀម​ទប់ទល់​នឹង​វិបត្តិ និង​ហានិភ័យផ្សេងៗជាយថាហេតុ។ នេះ​បើតាម​ឯកឧត្តម វ​ង្សី វិស្សុត។

ឯកឧត្តម វ​ង្សី វិស្សុត បាន​បន្តថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ2020 នេះ នឹង​នៅតែ​អាច​សម្រេច​ក្នុង​រង្វង់ 6%ទោះបី​ត្រូវ​ប្រឈម​ការលំបាក និង​ហានិភ័យទាំង​ខាងក្នុង និង​ទាំង​ខាងក្រៅ​ច្រើនជាង​មុន​ក្តី ពិសេស​ករណី​ការ​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា នៅ​ប្រទេស​ចិន ដែលជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ធំ​របស់​កម្ពុជា។ ឯកឧត្តម​បាន​គូសបញ្ជាក់ថា ការកំណត់​កំណើនសេដ្ឋកិច្ច​ប្រមាណ 6,5% នៃ ផ.ស.ស ក្នុង​ច្បាប់​ថវិកា​ឆ្នាំ2020 គឺ​បាន​រាប់បញ្ចូល​ករណី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម (EBA) ពី​សហភាព​អឺរ៉ុប​រួចហើយ ព្រោះ​យើង​ដឹងថា វា​នឹង​មកដល់​គ្រាន់តែ​មុន ឬ​ក្រោយ​ប៉ុណ្ណោះ។

ស្រប​នឹង​ការបន្ត​ពង្រឹង​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា ឆ្នាំ2020 ការជំរុញ និង​គម្រោង​ស្តារ​ផ្លូវថ្នល់​កម្ពុជា ក៏ត្រូវ​បាន​បន្ត​ពង្រឹង តាមរយៈ​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ 2 និង​ផ្លូវជាតិ​លេខ22 ដែលមាន​ប្រវែង​សរុប 72.17គីឡូម៉ែត្រ។ គម្រោង​នេះ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ 56.1លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ។ គម្រោង​នេះ ត្រូវ​សាងសង់​ដោយ​ប្រើប្រាស់​រយៈពេល 30ខែ ចាប់ពី​ខែតុលា ឆ្នាំ2019 ដល់​ខែមេសា ឆ្នាំ2022។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ដោយសារ​ប្រទេស​មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ​បានធ្វើឱ្យ​កំណើន​វិនិយោគិន​បរទេស​កាន់តែ​កើនឡើង កំណើន​សេដ្ឋកិច្ចជាតិ​កាន់​តែមាន​និរន្តរភាព បណ្ដាលឱ្យ​មធ្យោបាយ​ដឹកជញ្ជូន​កាន់តែ​កើនឡើង​យ៉ាងគំហុក ដែល​ចាំបាច់​ក្នុង​ការធ្វើ​ទំនើបកម្ម និង​សមាហរណកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ក្នុង និង​ក្រៅប្រទេស។

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា បន្ទាប់ពី​ផ្លូវ​នេះ​បាន​សាងសង់​រួច​ជា​ស្ថាពរ វា​នឹង​ក្លាយជា​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​របស់​កម្ពុជា សំដៅ​សម្រួល​ដល់​ការដឹកជញ្ជូន​ផលិតផល ដំណាំ​កសិផល និង​ក​សិឧស្សាហកម្ម​របស់​ក្រុមហ៊ុន​វិនិយោគ និង​បងប្អូន​ប្រជាពលរដ្ឋ​មកពី​គ្រប់​តំបន់​នៅ​ទូទាំងប្រទេស​ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ ជាពិសេស​តាមរយៈ​ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា-វៀតណាម (ភ្នំ​ដិ​ន-ទិញ​បៀ​ន) ប្រកបដោយ​ភាពងាយស្រួល ឆាប់រហ័ស និង​ចំណាយ​តិច ហើយ​វា​ក៏​អាចជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ ការកកស្ទះ​ចរាចរណ៍ និង​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​តាមផ្លូវ​ជាតិ​លេខ3 មួយកម្រិត​ផងដែរ។

ឯកឧត្ដម​ស៊ុន ចាន់ថុល ក៏បាន​មានប្រសាសន៍​ដែរ​ថា៖ “បន្ទាប់ពី​ផ្លូវ​នេះ​បាន​សាងសង់​រួច​ជា​ស្ថាពរ វា​នឹង​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការធ្វើដំណើរ និង​គឺជា​ប៉ូល​សេដ្ឋកិច្ច និង​ទេសចរណ៍ ដ៏​មាន​សក្ដានុពល​របស់​ក​ម្ពុ​ជា នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត”៕

Advertisement