លោកឆាយ ថន៖ សេដ្ឋកិច្ចកម្ពុជាជាប់ចំណាត់ថ្នាក់ទី6 លើពិភពលោក

ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី ឆាយ ថន បានថ្លែងថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី6 ក្នុងពិភពលោក គិតក្នុងរយៈពេលជាង 2០ឆ្នាំចុងក្រោយមកនេះ ដែលមានកំណើនសេដ្ឋកិច្ចរីកលូតលាស់លឿនជាងគេនៅក្នុងពិភពលោក។

លោកឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត និងបច្ចេកទេសបានថ្លែងលើកឡើងក្នុងសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការត្បូង ត្បូង និងកិច្ចសហប្រតិបត្តិការត្រីកោណ ដើម្បីជំរុញការអភិវឌ្ឍតាមរយៈវិទ្យាសាស្រ្ត និងបច្ចេកទេសនៅថ្ងៃទី12 ខែមិថុនា ឆ្នាំ2017នេះថា ប្រទេសកម្ពុជាសម្រេចបានការអភិវឌ្ឍយ៉ាងធំធេង ក្នុងបណ្តាទសវត្សរ៍ចុងក្រោយនេះ គឺចាប់តាំងពីឆ្នាំ1994 ដល់ឆ្នាំ2015 កម្ពុជាមានអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមប្រចាំឆ្នាំចំនួន 7.6ភាគរយ ក្នុងឋានៈជាប្រទេសមានកំណើនលឿនជាងគេបង្អស់សម្រាប់រយៈពេលនោះ ។

លោកបន្តទៀតថា «ក្រៅពីការសម្រេចបានកំណើន GDP ល្អហើយ កម្ពុជាក៏សម្រេចបានដោយជោគជ័យក្នុងគោលដៅអភិវឌ្ឍសហវត្សរ៍ ក្នុងការកាត់បន្ថយភាពក្រីក្រ បើគិតមកដល់ឆ្នាំ2015 គឺមុនកាលកំណត់ដែលបានគ្រោងទុកកាលពីឆ្នាំ2009 ក្នុងនោះអត្រានៃភាពក្រីក្របានធ្លាក់ចុះពី47.3ភាគរយនៅឆ្នាំ2007 មកនៅត្រឹម13.5ភាគរយនៅឆ្នាំ2014ផងដែរ ។ ចំណែកនៅឆ្នាំ2015 កម្ពុជាបានចាកចេញផុតពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ។

លោកទេសរដ្ឋមន្រ្តីឆាយ ថន បន្ថែមថា ទន្ទឹមនឹងការរីកចម្រើនជាវិជ្ជមានទាំងនេះ ការរក្សាល្បឿន និងនិរន្តរភាពនៃកំណើន គឺជាកត្តាប្រឈមនៅកម្ពុជាផងដែរ ដើម្បីរក្សានូវស្ថេរភាពនៃកំណើនជាវិជ្ជមាននេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗមួយចំនួន ក្នុងនោះមានការអភិវឌ្ឍវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីបង្កើនភាពចម្រុះនៃប្រភពកំណើន បង្កើនប្រសិទ្ធភាពការងារ បង្កើនភាពប្រកួតប្រជែងសម្រាប់ជំនួសការនាំចូល ជំរុញការនាំចេញ និងការឈានពីពលកម្មអតិពលកម្ម ទៅពលកម្មជំរុញជាដើម៕

Advertisement