ក្រសួង និង​អ្នកជំនាញ​កំពុង​សិក្សា​លើ​ដំណាំ​កៅស៊ូ​គ្រួសារ សំដៅ​បង្កើន​ចង្វាក់​តម្លៃ​កៅស៊ូ

ក្នុង​រយៈពេល​ជិត 1ទសវត្សរ៍​ចុងក្រោយ​នេះ ការធ្លាក់ចុះ​តម្លៃ និង​បញ្ហា​ដែល​កើតមានឡើង​ចំពោះ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា បាន​បង្កបញ្ហា​ប្រឈម​ខ្លាំង​ដល់​កសិករ ដូច្នេះហើយ​ទើប​រដ្ឋាភិបាល បានបង្កើត​ការសិក្សា​ស្រាវជ្រាវ​មួយ ដោយ​ផ្តោតលើ​ដំណាំ​កៅស៊ូ​គ្រួសារ​នៅក្នុង​តំបន់​មួយចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា ការសិក្សា​ស្រាវជ្រាវ​នេះ​នឹង​ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​ការធ្លាក់ចុះ​តម្លៃ​កៅស៊ូ​ចាប់តាំងពី​ឆ្នាំ2011មក ព្រមទាំង​ក្នុង​គោលបំណង​ស្វែងរក​បញ្ហា​ប្រឈម និង​ស្វែងយល់​ពី​របៀប​ដែល​កសិករ​ផ្តួចផ្តើម​ផលិត កែច្នៃ​ផលិតផល​កៅស៊ូ និង​ធ្វើ​ទីផ្សារ និង​ដើម្បី​វិភាគ​ខ្សែចង្វាក់​តម្លៃ​កៅស៊ូ​កម្ពុជា ឱ្យ​កាន់តែ​យល់ច្បាស់​អំពី​វិធីសាស្ត្រ​ដែល​អាចជួយ​ដល់​កសិករ​បាន។

ឯកឧត្តម ប៉ុល សុ​ផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ

ឯកឧត្តម ប៉ុល សុ​ផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ បានឱ្យដឹងថា ការសិក្សា​នេះ​នឹងត្រូវ​ធ្វើឡើង​ដោយមាន​ការសហការ​រ​វាង​ក្រសួងកសិកម្ម ជាមួយ​លោក Jean Christoph Diepart ជា​អ្នកស្រាវជ្រាវ​ឯករាជ្យ​មកពី​មហាវិទ្យាល័យ Gembloux Agri-Bio នៃ​សាកលវិទ្យាល័យ Liege ប្រទេស​បែលហ្ស៊ិក និង​ស្ថាប័ន​ពាក់ព័ន្ធ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​បានឱ្យដឹង​តាមរយៈ​អគ្គនាយកដ្ឋាន​កៅស៊ូ គម្រោង​នេះ​បានសម្រេច​កំណត់​គោលដៅ​សិក្សា​ស្រាវជ្រាវ​នៅក្នុង​ខេត្ត​ចំនួន3 ដែលមាន​ការដាំដុះ និង​ផលិត​កែច្នៃ​កៅស៊ូ​ចម្បង​នៅ​កម្ពុជា ដែល​រួមមាន ស្រុក​ស្ទឹងត្រង់ នៅក្នុង​ខេត្តកំពង់ចាម ស្រុក​ស្នួល ក្នុង​ខេត្តក្រចេះ និង​ស្រុក​បរ​កែវ ក្នុង​ខេត្តរតនគិរី ហើយ​ការសិក្សា​ស្រាវជ្រាវ​នេះ​បានចាប់ផ្តើម​កាលពី​ពាក់កណ្តាល​ខែមករា ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ខែមិថុនា ឆ្នាំ2020 នេះ។

នាយកដ្ឋាន​អភិវឌ្ឍន៍​កៅស៊ូ នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បានឱ្យដឹងថា “ការសិក្សា​ស្រាវជ្រាវ​នេះ ជ្រើស​យក​ការសិក្សា​លើ​កៅស៊ូ​គ្រួសារ ព្រោះ​ពួកគេ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​កៅស៊ូ​ទេ”។ កៅស៊ូ​គ្រួសារ សំដៅលើ​កសិករ​ដែល​ដាំ​ដុះ​កៅស៊ូ​ក្នុង​ទំហំ​ផ្ទៃដី​តិចជាង 45ហិកតា។

ទោះជា​យ៉ាងណា ការសិក្សា​នេះ​អាច​នឹង​ជួយ​ដោះស្រាយ​វិបត្តិ​តម្លៃ​កៅស៊ូ​នៅ​កម្ពុជា​បាន។ ប៉ុន្តែ​មិនទាន់មាន​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ ដោយ​រង់ចាំ​លទ្ធផល​នៃ​ការសិក្សា​នេះ​បញ្ចប់​សិន។ ពេលនោះ​នឹងមាន​ការធ្វើ​របាយការណ៍​លម្អិត ដោយ​នឹង​បញ្ចូល​ការស្រាវជ្រាវ​ទៅក្នុង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​សម្រាប់​វិស័យ​កៅស៊ូ។

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា ការសិក្សា​ដែល​គេ​សំដៅ​ទៅលើ​អាជីវកម្ម​កៅស៊ូ​លក្ខណៈ​គ្រួសារ​នេះ ដោយសារតែ​វា​ខុសពី​កៅស៊ូ ដែល​ធ្វើ​លើដី​សម្បទាន។ ដំណាំ​កៅស៊ូ​លើ​ផ្ទៃដី​សម្បទានធំៗ គេ​បានធ្វើ​របាយការណ៍​ជូន​ក្រសួង​ជា​រៀងរាល់ឆ្នាំ អំពី​ការដាំដុះ ការអភិវឌ្ឍ​លើ​ផ្ទៃដី​បន្ថែម ជាដើម តែ​ចំពោះ​កៅស៊ូ​គ្រួសារ​វិញ គឺ​មិនមាន​របាយការណ៍​ច្បាស់លាស់​ទេ។

លោក​ឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍​បញ្ជាក់ថា៖​ “កៅស៊ូ​ក្រុមហ៊ុន​ដី​សម្បទាន គេ​មាន​តួលេខ​ដែល​បាន​រាយការណ៍​បញ្ជូនទៅ​ក្រសួងកសិកម្ម ឯ​កៅស៊ូ​គ្រួសារ​មិនមាន​តួលេខ​ច្បាស់លាស់​ទេ ហើយ​ពូជ​ទៀតសោត ក៏​មិនមាន​លក្ខណៈ​ស្តង់ដាឬ​ជា​ពូជ​មិនល្អ គ្មាន​ប្រភព​ច្បាស់លាស់ ដែល​អាច​នាំឱ្យ​ផល​ដែល​ទទួលបាន​មានគុណ​ភាព​អន់ ក្រសួង​ក្តាប់​មិន​ជុំ​ពី​ស្ថានភាព កៅស៊ូ​គ្រួសារ​នេះ​ទេ អុីចឹង​ហើយ​ទើប​ក្រសួង​ចុះ​សិក្សា​ដើម្បី​ប្រមូល​ទិន្នន័យ”។

លោក​ឧកញ៉ា បាន​បន្ថែមថា មួយរយៈ​នេះ​ក្រោយពី​តម្លៃ​កៅស៊ូ​ធ្លាក់ចុះ កសិករ​មួយចំនួន​បាន​កាប់​ដើម​កៅស៊ូ​ចោល ដើម្បី​ដាំ​ដំណាំ​ផ្សេង​វិញ ហើយក៏​មិនមាន​តួលេខ​ពី​ការកាប់​ចោល ឬ​ដាំ​ប៉ុន្មាន និង​នៅសល់​ប៉ុន្មាន​នោះដែរ​សម្រាប់​ដំណាំ​កៅស៊ូ​គ្រួសារ​នេះ ដូច្នេះ​ក្រសួង​ចុះទៅ​សិក្សា​នេះ គឺជា​ការត្រឹមត្រូវ​ហើយ។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា៖“ការសិក្សា​ទៅលើ​កៅស៊ូ​គ្រួសារ​នេះ គឺជា​ការខិតខំ​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ ពេញដៃពេញជើង​ក្នុងការ​សិក្សា និង​ប្រមូល​ទិន្នន័យ​ពិតប្រាកដ។ ខ្ញុំ​គិតថា ជាការ​ល្អបើសិន​ជាមាន​តួលេខ​ច្បាស់លាស់ វា​នឹង​បូក​បញ្ចូល​នូវ​ទិន្នន័យ​ដែល​បាន​ពី​ការសិក្សា​នោះ ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​វិស័យ​កៅស៊ូ​នៅ​ស្រុក​យើង​ផងដែរ ពីព្រោះថា ប្រសិនបើ​អ្នកវិនិយោគ​គេ​ចង់​ផលិត​កង់ឡាន ឬ​ផលិតផល​ពី​កៅស៊ូ​ស្រុក​ខ្មែរ គេ​ត្រូវ​ដឹង​ពី​តួលេខ​វត្ថុធាតុដើម​កៅស៊ូ​យើង​ថា ក្នុង1ឆ្នាំមាន​ប៉ុន្មាន?”

លោក​ឧកញ៉ា លឹម ហេង បាន​បន្តថា៖“បើ​មិនបាន​សិក្សា​ឱ្យ​ច្បាស់លាស់​ទេ យើង​មិនដឹង​តួលេខ​ថា មាន​វត្ថុធាតុដើម​ប៉ុន្មាន​ត្រូវ​ផលិត​នោះទេ។ តើ​គេ​ដាក់​រោងចក្រ​សមស្រប​ឬ​អត់? សម្រាប់​អ្នកវិនិយោគ គេ​ត្រូវ​មើលថា តើ​ក្នុង 1ឆ្នាំ​ត្រូវ​ប្រើ​វត្ថុធាតុដើម​សម្រាប់​ផលិត​ចំនួន​ប៉ុន្មាន? តើ​ត្រូវ​ការដាំ​បន្ថែម​ប៉ុន្មាន​សម្រាប់​ការ​មក​ធ្វើ​វិនិយោគ”។

លោក​ឧកញ៉ា​បាន​បញ្ជាក់ដែរថា៖ “ការសិក្សា​ដែល​យើង​អាច​ស្រង់​តួលេខ​បាន គឺ​សម្រាប់​ឱ្យគេ​វិនិយោគ ហើយ​សម្រាប់​អ្នកវិនិយោគ គេ​នឹង​អាច​វាយតម្លៃ​បាន ដែល​បើតាម​កៅស៊ូ​សរុប​របស់​យើង​មាន​ទំហំ​ប្រមាណ 434,552ហិកតា ទើប​ការចុះទៅ​សិក្សា​បន្ថែម​អំពី​កៅស៊ូ​គ្រួសារ​នេះ នឹង​អាច​ប្រមូល​ទិន្នន័យ​បាន​បន្ថែមទៀត បូក​បញ្ចូល​ទំហំ​ដែល​យើង​មាន​សម្រាប់​អ្នក​វិនិយោគិន ដែល​គេ​មក​វិនិយោគ​គេ​អាចធ្វើ​ការវាយតម្លៃ និង​ប៉ាន់ស្មាន​បាន”។

យោងតាម​សេចក្តីរាយការណ៍​កន្លងមក កាលពី​ឆ្នាំ2011 កៅស៊ូ​មានតម្លៃ​ជា​មធ្យម 4,600 ដុល្លារ ក្នុង 1តោន ប៉ុន្តែ​កៅស៊ូ​បាន​ធ្លាក់​ថ្លៃ មក​នៅត្រឹម​ប្រហែល 1,350ដុល្លារ ក្នុង 1តោន​រហូតមកដល់​ដើមឆ្នាំ2020។

ទិន្នន័យ​បង្ហាញថា គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ2019 ផ្ទៃដី​ដាំ​កៅស៊ូ​សរុប​មាន​ទំហំ 434,552ហិកតា ក្នុងនោះ​កៅស៊ូ​ដែល​អាច​ប្រមូល​ផល​បាន​មាន​ជាង 23ម៉ឺន​ហិកតា។

ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​បាន​កើនឡើង 24% ក្នុង​រយៈពេល 11ខែ​ក្នុង​ឆ្នាំ2019 ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018 ដោយ​នាំចេញ​បាន 233,677តោន មានតម្លៃ 311លាន​ដុល្លារ ខណៈដែល​ការនាំចេញ​កៅស៊ូ​នៅ​ឆ្នាំ2018 មាន​ចំនួន 21ម៉ឺន​តោន មានតម្លៃ​ប្រមាណ 300លាន​ដុល្លារ។ នេះ​បើតាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​កៅស៊ូ៕

Advertisement