អ្នកវិទ្យាសាស្ត្រ​អាស៊ីអាគ្នេយ៍ បង្កើតបាន​ពូជ​ពោត​ផ្អែម​ខ្លាំង និង​ហូប​បានភ្លាមៗ​ដូច​ផ្លែ​ឈើ​​ទុំ

តាមរយៈ​ការ​បង្កាត់​ពូជ​បែប​ធម្មជាតិ អនុបណ្ឌិត ង្វៀន វ៉ាន់ ហា រួម​នឹង​សហការី បង្កើតបាន​ពូជ​ពោត SSW18 ដែល​អាច​ហូប​បានភ្លាមៗបន្ទាប់ពី​បេះ ដោយ​មិនចាំបាច់​ចម្អិន។

ចំណុច​ពិសេស​របស់​ពូជ​ពោត​នេះ​គឺមាន​ជាតិ​ទឹក​ច្រើន មាន​ម្សៅ​តិច ហើយ​នៅពេល​ហូប​ឆៅ​នឹងមាន​រសជាតិ​ដូច​ទៅនឹង​ផ្លែឈើ​ទុំ។ បើ​ធៀប​ទៅនឹង​ពោត​ធម្មតា​ដែលមាន​កម្រិត​ជាតិ​ផ្អែម​ប្រហែល​ពី 12-15 Brix ពូច​ពោត​ថ្មី​របស់លោក លោក ង្វៀន វ៉ាន់ ហា មាន​ជាតិ​ផ្អែម​ឡើងដល់ 18 Brix ហើយ​ក្នុងករណី​​ការ​ដាំដុះ​មាន​លក្ខខណ្ឌ​អំណោយផល​ល្អ វា​អាច​ឡើងដល់ 20 Brix។

តាម​ការអះអាងពី​ក្រុម​អ្នក​ស្រាវជ្រាវ ពោត​ SSW18 ត្រូវបាន​បង្កាត់​ពូជ​រវាង​ពូជ​ពោត​ក្នុងស្រុក និង​មិនមាន​ការកែប្រែ​ហ្សែ​ន។ គម្រោង​​បង្កើត​ពូជ​ពោត​ថ្មី​នេះ​ត្រូវបានលោក ង្វៀន វ៉ាន់ ហា អនុប្រធាន​ផ្នែក​ស្រាវជ្រាវ​ដំណាំ​លើក​គោក នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​ដំណាំ របស់​បណ្ឌិត្យសភា​កសិក​ម្ម​វៀតណាម រួម​នឹង​សហការី​​ស្រាវជ្រាវ​តាំងតែ​ពី​ប្រហែល 8 ឆ្នាំមុន​មកម្ល៉េះ។

បច្ចុប្បន្ន ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​កំពុង​ពិសោធ​ដាំ​នៅ​តំបន់ផ្សេងៗគ្នា​ដើម្បី​ជ្រើសរើស​ប្រភេទ​ដី​ដែល​ផ្ដល់​ទិន្នផល គុណភាព និងមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​​​ទប់​ទល់នឹង​សត្វល្អិត និង​ជម្ងឺ​ផ្សេង​ៗ​ ហើយ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការសហការ​ជាមួយ​ដៃគូ​នានា​ដើម្បី​នាំយក​ពូជ​ពោត​ថ្មី​នេះ​ទៅក្នុង​ទីផ្សារ៕

Advertisement