វិស័យ​ស្រូវ​អង្ករ​ថៃ ​នឹង​ផ្ដោត​លើ​គុណភាព​ ជំនួសឱ្យ​បរិមាណ

វិស័យ​ស្រូវអង្ករ​របស់​ប្រទេស​ថៃ នា​ពេល​ខាង​មុខ​ នឹង​ផ្ដោត​សំខាន់​ទៅលើ​គុណភាព​ជា​ជាងបរិមាណ នៅ​ពេល​ប្រទេសនេះ​ដាក់​គោលដៅ​ទាញ​យក​ចំណែក​ទីផ្សារ​ធំជាង​បច្ចុប្បន្ន នៅលើ​ទីផ្សារ​អង្ករ​គុណភាព​ខ្ពស់​នៅ​ទូទាំង​ពិភពលោក​។

នេះ​គឺជា​សារ​ដែល​ត្រូវ​បាន​លោក Arnont Nonsi អនុប្រធាននាយកដ្ឋាន​ស្រូវ​អង្ករ​ នៃ​ក្រសួង​កសិកម្ម​និង​សហករណ៍​ថៃ លើក​ឡើង​នៅ​ក្នុង​ពិធីបុណ្យ​ស្រូវ​អង្ករថៃ​ឆ្នាំ 2023 ដែល​ធ្វើ​ឡើង​នៅ​រាជធានី​បាងកក ចាប់​ពី​ថ្ងៃទី 14 ដល់ 17 ខែ​ធ្នូ។

លោក Arnont ឱ្យ​ដឹង​ថា ថៃអស់​លទ្ធភាព​ក្នុង​ការ​ប្រកួត​ប្រជែង​យក​តំណែង​ «ប្រទេស​នាំចេញ​អង្ករ​ច្រើន​ជាង​គេ» ជាមួយ​នឹង​បណ្ដា​ប្រទេស​នាំចេញ​អង្ករ​នានា ពិសេស​គឺ​ ប្រទេស​ឥណ្ឌា ដែល​មាន​ដីស្រែ​ធំសម្បើម​។ ជំនួស​មក​វិញ លោក Arnont ថ្លែង​ថា ប្រទេស​ថៃ ចង់​ «លើក​កម្ពស់គុណភាព» ទីផ្សារ​អង្ករ​របស់​ខ្លួន​ ក្នុងនោះ ពាក្យ​ថា «លើកកម្ពស់គុណភាព» នេះ រួម​មាន គុណភាព​នៃ​សារជាតិបំប៉ន ដំណើរ​ការ​ដាំ​ស្រូវ​ដែល​ល្អ​សម្រាប់​​បរិស្ថាន តម្លៃ​កើន​ឡើង​ពី​ការ​ផ្លាស់​ប្ដូរ និង​បច្ចេកវិទ្យា ក៏ដូច​ជា​ស្ថិរភាព​របស់​កសិកម្ម​។

ក្រៅ​ពីនេះ លោក Arnont ក៏​បង្ហើប​ឱ្យ​ដឹងដែរ​ថា នាយកដ្ឋាន​ស្រូវ​អង្ករ​ថៃ គ្រោង​នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ ដើម្បី​បន្ថែម​តម្លៃ​ និង​កែ​លម្អ​អង្ករ​ថៃ ដើម្បីអាច​ប្រើ​ប្រាស់​បាន​នៅ​ក្នុង​ផលិតផល​​មួយចំនួន មានជា​អាទិ៍ គ្រឿង​សម្អាង ភេសជ្ជៈ និង​ទឹក​អប់​ជា​ដើម​។

Advertisement