កំណើន​សេដ្ឋកិច្ច​ ផ្តល់​ផលប្រយោជន៍​ប្រកបដោយ​សមធម៌​ដល់​ប្រជាពលរដ្ឋ​

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​ កំណើន​សេដ្ឋកិច្ច​រឹងមាំ​ដែល​ប្រទេស​កម្ពុជា​បាន​ ទទួល​បាន​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ បាន​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​ប្រជាពលរដ្ឋ​គ្រប់រូប​ និង​បង្កើត​ឱកាស​សម្រាប់​ទាំងអស់គ្នា​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​អនុរដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្នុង​សន្និសីទ​កាសែត​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​។

លោក​ ផាន់​ ផល្លា​ អនុរដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​មានប្រសាសន៍​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បាន​កើនឡើង​ជា​មធ្យម​ប្រហែល​ 7% ក្នុងរយៈពេល​ 20ឆ្នាំ​ចុងក្រោយ​នេះ​ ហើយ​ទ្រព្យសម្បត្តិ​ដែល​បាន​មក​ពី​កំណើន​នេះ​ត្រូវ​បាន​ចែកចាយ​យ៉ាង​ត្រឹមត្រូវ​។

លោក​ផល្លា​ បាន​បញ្ជាក់​ថា​៖“ការបែងចែក​ទ្រព្យសម្បត្តិ​ បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់​ នៅ​របស់​ប្រជាជន​ បង្កើន​ប្រាក់ចំណូល​ និង​ជួយ​ប្រជាជន​កម្ពុជា​ឱ្យ​រស់នៅ​បាន​យូរ​ និង​មាន​សុវត្ថិភាព​ ជាង​មុន​”។លោក​ផល្លា​ បាន​មានប្រសាសន៍​ថា​៖ “អត្រា​ភាព​ក្រីក្រ​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ពី​ 52​% ក្នុង​ឆ្នាំ2004​ មក​នៅ​ត្រឹម​ 10​%ប៉ុណ្ណោះ​នា​ពេល​បច្ចុប្បន្ន​”។

លោក​បាន​បន្ត​ថា​ សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​បាន​បង្កើន​ទំនុកចិត្ត​វិនិយោគិន​បរទេស​ ដែល​ជា​លទ្ធផល​ បាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​។ ឥឡូវនេះ​អ្នក​ក្នុង​ស្រុក​មានលទ្ធភាព​បើក​អាជីវកម្ម​ដើម្បី​បង្កើន​ប្រាក់ចំណូល​របស់​ពួកគេ​។ វិធានការ​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រសួង​ ស្ថាប័ន​ និង​ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​ធានា​ថា​គម្រោង​ ដែល​បាន​អនុវត្ត​ជាមួយ​ប្រាក់​សាធារណៈ​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំង​អស់​ស្មើ​ៗគ្នា​។ ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ មាន​គោលបំណង​ ដើម្បី​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ក្នុងរយៈពេល​វែង​ ក៏ដូចជា​ធានា​ថា​ ការប្រកួត​ប្រជែង​នឹង​កើនឡើង​ហើយ​ការងារ​កាន់តែ​ច្រើន​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដែរ​។

កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករ​ថា​ នឹង​ធ្លាក់ចុះ​ដល់​ 6.5​% នៅ​ឆ្នាំ2020​ ដែល​ធ្វើ​ឱ្យ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​កម្ពុជា​មាន​ចំនួន​ 29.4ពាន់​លាន​ដុល្លារ​។ យោង​តាមច្បាប់​ស្តី​ពី​ថវិកា​សម្រាប់​ឆ្នាំ2020​ ផលិតផល​ក្នុង​ស្រុក​សរុប​(ផសស​)សម្រាប់​មនុស្សម្នាក់​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កើនឡើង​ដល់​ 1,816ដុល្លារ​។

របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​ចុង​ក្រោយដែល​ចេញផ្សាយ​ដោយ​ធនាគារពិភពលោក​ បានឱ្យ​ដឹង​ថា​ សកម្មភាព​រឹងប៉ឹង​ក្នុង​ការនាំចេញ​ និង​តម្រូវការ​ក្នុង​ស្រុក​ខ្លាំង​ ជា​កត្តា​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​នៅ​រក្សា​បាន​ភាព​ស្វាហាប់​ដដែល​។ ប៉ុន្តែ​កំណើន​ជាក់ស្តែង​របស់​សេដ្ឋកិច្ច​ ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ថមថយ​ល្បឿន​មក​នៅ​ត្រឹម​ 7% ក្នុង​ឆ្នាំ2019​ ចុះពី​ 7.5​%ក្នុង​ឆ្នាំ2018​។

របាយការណ៍​នោះ​និយាយ​ថា​ ការនាំចេញ​សម្លៀក​បំពាក់​ និង​ស្បែកជើង​ដែល​មាន​ប្រមាណ​ 70​% នៃ​ការនាំចេញ​ទំនិញ​សរុប​បាន​កើនឡើង​ 17.7​%ក្នុង​ឆ្នាំ​2018​ ប៉ុន្តែ​បាន​ធ្លាក់ចុះ​បន្តិច​ដល់15.3​% នៅ​ខែ​មិថុនា​ ឆ្នាំ2019​។ ការនាំចេញ​ស្បែកជើង​បាន​កើន​ឡើង​ដល់​ 20​%នៅ​ខែមិថុនា​ ឆ្នាំ2019​។ បើ​ប្រៀបធៀប​ជាមួយ​ 19.2​%ក្នុង​ឆ្នាំ2018​ ។

ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ក្រៅប្រទេស​ថ្មី​ៗនេះ​អាជ្ញាធរ​កម្ពុជា​បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ សំដៅ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​បន្ទាប​ថ្លៃ​ចំណាយ​លើ​ការ​ដឹកជញ្ជូន​ កាត់បន្ថយ​ការិយាធិបតេយ្យ​ និង​ជួយ​ដល់​ធុរកិច្ច​ និង​កាត់បន្ថយ​ថ្ងៃឈប់​សម្រាក​ផ្លូវការ​ចំនួន​ 6ថ្ងៃ​នៅក្នុង​ឆ្នាំ​2020​ ខាងមុខ​។ បន្ថែម​លើ​នេះ​ រដ្ឋាភិបាល​នឹង​មាន​វិធានការ​កញ្ចប់​ហិរញ្ញវត្ថុ​ធំ​គួរសម​មួយ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​ដោយ​ប្រើ​ប្រាក់សន្សំ​របស់​រដ្ឋ​ នឹង​អាច​ត្រូវ​ដាក់ចេញ​នៅក្នុង​ឆ្នាំ2020​ ដើម្បី​ជួយ​សម្រាល​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​បណ្តាល​មក​ពី​ការ​ដក​ EBA​ ប្រសិនបើ​វា​នឹង​កើតឡើង​មែន​។

របាយការណ៍​នេះ​ ក៏បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ ការចូលរួម​របស់​កម្ពុជា​នៅក្នុង​សេដ្ឋកិច្ច​សាកល្បង​ តាមរយៈ​ខ្សែ​ចង្វាក់​តម្លៃ​សកល​ (GVCs​) មាន​សម្ទុះ​លឿន​ជាង​ប្រទេស​ប្រហាក់​ប្រហែលគ្នា​ ផ្សេង​ៗទៀត​ ទោះបីជា​ការចូលរួម​នោះ​ចាប់ផ្តើម​ពី​មូលដ្ឋាន​ទាប​ក៏ដោយ​។ ការ​ហូរ​ចូល​នៃ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស ​(FDI​) ភាព​សម្បូរ​នៃ​ពលកម្ម​មាន​ជំនាញ​ទាប​ និង​ពលកម្ម​មាន​ប្រាក់ឈ្នួល​ទាប​ និង​លទ្ធភាព​ទទួល​បាន​ភាព​អនុគ្រោះ​នាំ​ទំនិញ​ចេញទៅ​កាន់​ទី​ផ្សារ​ធំៗ​សុទ្ធតែ​ជា​កត្តា​នៅ​ពីក្រោយ​ការជំរុញ​សមាហរណកម្ម​យ៉ាង​លឿន​របស់​កម្ពុជា​ចូល​ទៅ​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​សកល​នៅ​តាម​ ផ្នែក​ផលិតកម្ម​មួយចំនួន​។

លោកស្រី​ អុិនហ្គូ​ណា​ ដូ​ប្រា​ចា​ ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​ថា​៖“ដើម្បី​ឈានឡើង​ទៅកាន់​ដំណាក់កាល​មួយទៀត​នៃ​ការចូលរួម​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​សកល​បាន​ ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវតែ​មាន​ល្បាយ​គោលនយោបាយ​កាន់តែ​ទំនើប​ជឿនលឿន​ច្រើន​ថែមទៀត​។ ក្នុង​នោះ​រួមមាន​ ការពង្រីក​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ និង​ធ្វើ​វា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ ការ​បន្ទាប​របារ​ពាណិជ្ជកម្ម​សម្រាប់​ទំនិញ​នាំចូល​ ការ​បន្ត​ធ្វើការ​កែ​លម្អ​គុណភាព​វិស័យ​អប់រំ​ និង​ជំនាញ​របស់​កម្លាំង​ពលកម្ម​ និង​ការ​ចាប់​យក​សេដ្ឋកិច្ច​ឌីជីថល​ ដើម្បី​ជួយ​បណ្តា​ក្រុមហ៊ុន​ឱ្យធ្វើ​សមាហរណកម្ម​ខ្លួន​ទៅ​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​សកល​”។

លោកស្រី​បាន​ស្នើ​ថា​ គោលនយោបាយ​ខិត​ជិត​ និង​គ្រប់គ្រង​ហានិភ័យ​ដែល​កំពុង​កើនឡើង​គឺជា​ការជំរុញ​សារពើពន្ធ​ដែល​បាន​រៀបចំឡើង​យ៉ាង​ល្អ​ ដែល​ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ការ​សន្សំ​របស់​រដ្ឋាភិបាល​។

លោកស្រី​មានប្រសាសន៍​ថា​ ដូចគ្នា​នេះ​ផង​ដែរ​ រដ្ឋាភិបាល​គួរតែ​បន្ត​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ ប្រកួតប្រជែង​ពី​ខាងក្រៅ​ ដោយ​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​ និង​បង្កើន​ភាព​ងាយ​ ស្រួល​ក្នុង​ការ​ធ្វើជំនួញ​ ទន្ទឹម​នឹង​ជំរុញ​ការចូលរួម​របស់​ប្រទេស​កម្ពុជា​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​ក្នុង​តំបន់​ និង​ពិភពលោក​និង​អនុវត្ត​សេដ្ឋកិច្ច​ម៉ាក្រូ​ប្រកបដោយ​ការ​ប្រុងប្រយ័ត្ន​៕

Advertisement