ឧស្សាហកម្ម​ធានារ៉ាប់រង​ត្រូវបាន​មើលឃើញថា មានការ​រីកចម្រើន

អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​មាន​ប្រសាសន៍​ថា​ បុព្វលាភ​រ៉ាប់រង​ដុល​នៅក្នុង​ការធានា​រ៉ាប់រង​ទូទៅ​បាន​ឈាន​ដល់​ជិត​ 50លាន​ដុល្លារ​អាមេរិក​ ចាប់ពី​ខែមករា​ ដល់​ខែមិថុនា​ ឆ្នាំនេះ​។ ឧស្សាហកម្ម​ធានារ៉ាប់រង​ថ្មី​នៅ​កម្ពុជា​បន្ត​ទទួល​បាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ដោយ​បុព្វលាភ​កើនឡើង​ជាង​ 14​% នៅ​ឆមាស​ទី1​ នៃ​ឆ្នាំនេះ​។

យោង​តាម​ ឯកឧត្តម​ ម៉ី​ វ៉ាន់​ អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ នៃ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ ចាប់ពី​ខែមករា​ដល់​ខែមិថុនា​ បុព្វលាភ​សរុប​ក្នុង​ការធានា​រ៉ាប់រង​ទូទៅ​បាន​កើន​ឡើង​ដល់​ 49.3លាន​ដុល្លារ​ កើនឡើង​ 14.7​% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ដោយ​ឯកឧត្តម​ បាន​ចង្អុលបង្ហាញ​ថា​ បុព្វលាភ​ធានារ៉ាប់រង​អាយុជីវិត​ មាន​ចំនួន​ 66.3លាន​ដុល្លារ​ កើនឡើង​ 55.3​%។

ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តី​ពី​ឧស្សាហកម្ម​ធានារ៉ាប់រង​ លោក​ ហ៊ុយ​ វ៉ា​ថា​រ៉ូ​ ប្រធាន​សមាគម​ធានា​-រ៉ាប់រង​កម្ពុជា​ (Insurance​ Association​ of​ Cambodia​ ឬ IAC​) មានប្រសាសន៍​ថា​ ទីផ្សារ​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ និង​ដើរតួ​នាទី​កាន់តែ​ធំ​ជា​រៀងរាល់​ឆ្នាំ​នៅក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​។

លោក​ ហ៊ុយ​ វ៉ា​ថា​រ៉ូ​ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា​ បាន​មានប្រសាសន៍​ថា​៖“ជា​លទ្ធផល​ បុព្វលាភ​ដុល​សរុប​នៅក្នុង​ឧស្សាហកម្ម​ធានារ៉ាប់រង​ បាន​កើនឡើង​ជាមធ្យម​ 35​% ក្នុង​ 1ឆ្នាំ​ក្នុងរយៈពេល​ 5ឆ្នាំ​ចុងក្រោយ​នេះ​។ កំណើន​នេះ​មិនបាន​កើតឡើង​ដោយចៃដន្យ​ទេ​។ វា​ជា​លទ្ធផល​នៃ​ការអនុវត្ត​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ប្រកបដោយ​ជោគជ័យ​”។

លោក​ប្រធាន​សមាគម​បាន​បញ្ជាក់​ថា​ ការធានា​រ៉ាប់រង​ គាំទ្រ​ពាណិជ្ជកម្ម​ និង​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ និង​ការ​ផ្តល់​ប្រាក់កម្ចី​ ព្រោះ​វា​កាត់បន្ថយ​ហានិភ័យ​។ លោក​ជឿជាក់​ថា​ ការធានា​ រ៉ាប់រង​ បាន​លើកកម្ពស់​ស្ថិរភាព​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមហ៊ុន​ និង​បុគ្គល​។

លោក​ វ៉ា​ថា​រ៉ូ​ បាន​មានប្រសាសន៍​បន្ត​ថា​៖“ការចូលរួម​វិភាគទាន​ទាំងនេះ​ ត្រូវ​បាន​គេ​មើល​ ឃើញ​នៅក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​ធានារ៉ាប់រង​នៅ​កម្ពុជា​បច្ចុប្បន្ន​ ជាមួយនឹង​ការ​កើនឡើង​នូវ​តម្រូវការ​ និង​ការ​ផ្គត់ផ្គង់​”។

ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ចំនួន13​ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ចំនួន11​ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាត​តូច​ចំនួន7​។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

លោក​ យក់​ ចំរើន​ឬទ្ធិ​ អគ្គនាយក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ “ហ្វ័​រតេ​” បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ជំនួញ​បាន​ចាប់ផ្ដើម​ល្អ​ឡើង​ចាប់តាំងពី​ចូល​ទីផ្សារ​ក្នុង​ស្រុកក្នុង​ឆ្នាំ2014​។

លោក​បាន​មានប្រសាសន៍​ថា​៖“បុព្វលាភ​ដុល​របស់​យើង​ និង​ចំនួន​អតិថិជន​សកម្ម​កំពុង​កើន​ ឡើង​ជា​រៀងរាល់​ឆ្នាំ​ ដែល​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាត​តូច​ផ្តល់​ការធានា​រ៉ាប់រង​អាយុជីវិត​ និង​គ្រោះ​ ថ្នាក់​ផ្ទាល់​ខ្លួន​ដល់​អតិថិជន​ដែល​រស់នៅ​មិន​ក្រោម​ 10ដុល្លារ​ក្នុង​ 1ថ្ងៃ​”។

លោក​ បាន​បញ្ជាក់​ថា​៖“បើ​និយាយទៅ​ដល់​ការ​កើនឡើង​ មាន​ទីផ្សារ2​។ ទី1​-គឺទី​ផ្សារ​ធានារ៉ាប់រង​សហគ្រិន​ អ្នក​ដែល​មាន​ក្រុមហ៊ុន​ សហគ្រាស​ វា​មានការ​កើន​ជាប្រចាំ​ជាយូរមកហើយ​។ តែ​កំណើន​ទី2​-គឺជា​កំណើន​បុគ្គល​ មានន័យថា​ ការទិញ​ធានារ៉ាប់រង​ជា​លក្ខណៈ​បុគ្គល​ ជាពិសេស​ក្រុមហ៊ុន​មាន​ធានារ៉ាប់រង​អាយុជីវិត​មានការ​កើន​ច្រើន​។ ពោល​គឺ​ ធានារ៉ាប់រង​អាយុជីវិត​ កើន​ជាង​ធានារ៉ាប់រង​ទូទៅ​”។

លោក​ យក់​ ចំរើន​ឬទ្ធិ​ បន្ត​ថា​ ៖“បើ​តាម​ការ​ប្រមើល​មើល​ យើង​សង្ឃឹមថា​ វា​អាច​នឹង​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ ព្រោះ​អត្រា​ទិញ​ធានារ៉ាប់រង​របស់​យើង​នៅ​ទាប​នៅឡើយ​។ គឺ​វា​មាន​ត្រឹម​ប្រមាណ​ 0.78​%ប៉ុណ្ណោះ​ ដូច្នេះ​វា​នៅ​កើនឡើង​ទៀត​។ ដូច្នេះ​ កត្តា​សំខាន់​គឺ​ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ និង​ការយល់​ដឹង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំពោះ​វិស័យ​ធានារ៉ាប់រង​ ដែល​ជួយ​ពន្លឿន​វិស័យ​ធានារ៉ាប់រង​ឱ្យ​ដំណើរការ​ទៅមុខ​បាន​”។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) ក៏បាន​ដាក់​វិភាគទាន​ក្នុង​វិស័យ​ធានារ៉ាប់រង​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​ចំនួន​ 24.6ពាន់​លាន​ដុល្លារ​ ស្មើនឹង​ 0.8​%ដែរ​។ ផ្នែក​ធានារ៉ាប់រង​អាយុជីវិត​បាន​ចូលរួម​ចំណែក​ 0.3​%នៃផ.ស.សកា​លពី​ឆ្នាំមុន​។

របាយការណ៍​វិនិយោគ​អាស៊ាន​ឆ្នាំ2019​ ដែល​បាន​ចេញ​ផ្សាយ​ថ្មី​ៗនេះ​ ក៏បាន​បញ្ជាក់​ដែរ​ថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​ ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ផលិតកម្ម​ និង​សេវាកម្ម​ ជា​ ពិសេស​ហិរញ្ញវត្ថុ​ និង​ធានារ៉ាប់រង​។ សេវាកម្ម​មាន​ចំនួន​ 79​% នៃ​ FDI​(ទុន​វិនិយោគ​ក្រៅប្រទេស​ ឬForeign​ Direct​ Investment​)ទាំងអស់​នៅក្នុង​ប្រទេស​។

ទាំង​លោ​កវ៉ាន់​ និង​លោក​ វ៉ា​ ថា​រ៉ូ​ បាន​មាន​ប្រសាសន៍​ស្រដៀងគ្នា​ថា​៖ “មាន​កន្លែង​ជាច្រើន​សម្រាប់​កំណើន​ ហើយ​សង្ឃឹមថា​ ក្រុមហ៊ុន​ធានារ៉ាប់រង​កាន់តែ​ច្រើន​នឹង​ចូល​ទីផ្សារ​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​។ បញ្ហា​ប្រឈម​ដែល​ឧស្សាហ​កម្ម​នេះ​កំពុង​ប្រឈម​ គឺ​កង្វះ​ធនធានមនុស្ស​។ធនធានមនុស្ស​ចាំបាច់​ត្រូវតែ​មាន​សម្រាប់​ឧស្សា​ហក​ម្ម​នេះ​ ដើម្បី​ទ្រទ្រង់​កំណើន​នេះ​។ យើង​ត្រូវការ​ជំនាញ​ ផ្សេងគ្នា​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​ការធានា​រ៉ាប់រង​។ ការ​កសាង​ធនធានមនុស្ស​ គឺជា​អាទិភាព​មួយ​សម្រាប់​យើង​។ យើង​បន្ត​ខិតខំ​ធ្វើការ​ជាមួយ​ព្រឹត្តិ​ការណ៍​ ដូចជា​សិក្ខា​សាលា​នេះ​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​ឧស្សាហកម្ម​នេះ​”៕

Advertisement