ដើម្បី​លើកកម្ពស់​ផលិតភាព​ កម្ពុជា​គួរតែ​ចាប់​យក​ស្វ័យប្រវត្តិ​កម្ម​ ក្នុង​ឧស្សាហកម្ម​កាត់ដេរ​

កម្ពុជា​គួរតែ​ចាប់ផ្ដើម​ចាប់​យក​ឌីជីថល​នី​យក​ម្ម​ និង​ស្វ័យប្រវត្តិ​កម្ម​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​ ដើម្បី​ធ្វើ​ឱ្យ​ផលិតភាព​ប្រសើរ​ឡើង​ និង​បង្កើន​ផលិតកម្ម​ ប៉ុន្តែ​ការ​បណ្ដុះបណ្ដាល​ជំនាញ​កម្លាំង​ពលកម្ម​ គឺជា​កត្តាចាំបាច់​។ នេះ​បើ​តាម​មន្ដ្រី​ជាន់ខ្ពស់​មក​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) បាន​ថ្លែង​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​ ស្ដីពី​ផលិតភាព​លើក​ទី3​ ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និសីទ​កោះ​ពេជ្រ​។

លោក​ John​ Cha​ សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​ GMAC​ បាន​ថ្លែង​ថា​៖“ខណៈ​អាជីវកម្ម​ពិភពលោក​កំពុង​ផ្លាស់​ប្តូរ​ឆ្ពោះទៅ​រក​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ វិស័យ​កាត់ដេរ​ និង​វាយនភណ្ឌ​កម្ពុជា​គួរតែ​តាម​ឱ្យ​ទាន់​បដិវត្តន៍​ឧស្សាហកម្ម​នេះ​ ដើម្បី​បង្កើន​ផលិតភាព​ និង​សមត្ថភាព​ប្រកួតប្រជែង​”។

លោក​បាន​ថ្លែង​ទៀត​ថ្លែង​ថា​៖ “ក្នុង​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ យើង​កំពុង​សង្កេតឃើញ​មានការ​បង្កើន​ល្បឿន​នៃ​ស្វ័យប្រវត្តិ​កម្ម​ និង​ឌីជីថល​នី​យក​ម្ម​នៅក្នុង​ និង​ទូទាំង​ឧស្សាហកម្ម​របស់​យើង​។ឧទាហរណ៍​ ក្នុង​ឧស្សាហកម្ម​សម្លៀកបំពាក់​ គ្រឿងយន្ត​ស្វ័យ​ប្រ​វត្ដិ​កំពុង​ត្រូវ​បាន​ប្រើប្រាស់​កាន់តែ​ច្រើន​ឡើង​ក្នុង​ដំណើរការ​ផលិតកម្ម​របស់​យើង​”។

លោក​បាន​ John​ Cha​ បញ្ជាក់​ថា​៖ “កម្ពុជា​ត្រូវតែ​ចាប់​យក​ដំណើរការ​ឌីជីថល​នី​យក​ម្ម​ និង​ស្វ័យប្រវត្តិ​កម្ម​នេះ​ ដើម្បី​ផ្លាស់​ប្តូរ​កន្លែង​ធ្វើការងារ​ និង​កម្លាំង​ពលកម្ម​របស់​យើង​។ យើង​ត្រូវតែ​ធ្វើការ​បណ្ដុះបណ្ដាល​ជំនាញ​ឡើងវិញ​ និង​បង្រៀន​ជំនាញ​បន្ថែម​ដល់​កម្លាំង​ពលកម្ម​របស់​យើង​ ការ​ត្រួតពិនិត្យ​បង្កើន​ល្បឿន​ សម្រាប់​ការ​ធ្វើ​ស្វ័យ​ប្រ​វត្ដិ​កម្ម​ និង​ការគ្រប់គ្រង​រោងចក្រ​។ ក្នុង​ទិដ្ឋភាព​នេះ​ យើង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ផ្ដល់​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ​របស់​ខ្លួន​សម្រាប់​ការ​វិនិយោគ​ និង​ការ​វិនិយោគ​ឡើងវិញ​ក្នុង​ទិសដៅ​នេះ​”។

លោក​បាន​ពន្យល់​ថា​ រាប់​ចាប់ពី​ការ​ធ្វើគំរូ​ ការ​ប៉ាក់​ការ​កាត់​ ការ​បោះពុម្ព​ និង​ការរចនា​ម៉ូដ​ រហូតដល់​ការ​ដេរ​ និង​ការ​ផ្គុំ​ ដំណើរការ​ឌីជីថល​នី​យក​ម្ម​ និង​ស្វ័យប្រវត្តិ​កម្ម​នេះ​អាច​ពាក់ព័ន្ធ​នឹង​ប្រភេទ​គ្រឿង​ម៉ាស៊ីន​តែមួយ​ ព្រមទាំង​ប្រព័ន្ធ​ចង្វាក់​សមាហរណកម្ម​ដែល​អាច​ធ្វើ​ឱ្យ​សម្រេច​បាន​ទិន្នផល​កាន់តែ​លឿន​ និង​កាន់តែ​ច្បាស់លាស់​ ដូច្នេះ​ធ្វើ​ឱ្យ​យើង​សន្សំ​បាន​ពេលវេលា​ ការ​ចំណាយ​ និង​គុណភាព​កាន់តែ​ខ្ពស់​។

លោក​ John​ Cha​ មានប្រសាសន៍​ថា​៖ “មនុស្ស​ជាច្រើន​ក្នុងចំណោម​ពួក​យើង​ បាន​វិនិយោគ​លើ​ស្វ័យ​ប្រ​វត្ដិ​កម្ម​ និង​បច្ចេកវិទ្យា​ និង​បាន​ទទួល​អត្ថ​ប្រយោជន៍​ នៃ​ដំណើរការ​ទាំងនេះ​ និង​ជួយ​កាត់បន្ថយ​ចម្ងាយ​ទំនាក់ទំនង​ រវាង​ផលិតកម្ម​ និង​ទីផ្សារ​។ម៉ាស៊ីន​ស្វ័យប្រវត្តិ​កម្ម​ជាច្រើន​ និង​ប្រព័ន្ធ​ផលិតកម្ម​ដែល​អាច​រកបាន​នៅ​ទីផ្សារ​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ផលិតភាព​កាន់តែ​ខ្ពស់​ និង​គុណភាព​ទិន្នផល​កាន់​តែ​ប្រសើរ​”។

លោក​បាន​ថ្លែង​បន្ត​ថា​៖“ក្នុង​ទិដ្ឋភាព​នេះ​ យើង​សង្ឃឹមថា​ រដ្ឋាភិបាល​កម្ពុជា​អាច​ជួយ​បាន​តាមរយៈ​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ​សម្រាប់​ការ​វិនិយោគ​ឡើង​វិញ​លើ​ការទិញ​គ្រឿងម៉ាស៊ីន​បែប​នោះ​ ព្រមទាំង​ការ​បណ្ដុះបណ្ដាល​អំពី​បច្ចេកវិទ្យា​ ដែល​ដំណើរការ​ជាមួយ​ម៉ាស៊ីន​ទាំងនោះ​ផង​ដែរ​។ ដោយ​ដើរឆ្ពោះ​ទៅមុខ​ យើង​សង្ឃឹមថា​ ល្បឿន​នៃ​ការ​វិនិយោគ​នឹង​កាន់តែ​លឿន​ និង​កាន់តែ​ខ្លាំង​ឡើង​”។

ឯកឧត្តម​ ពេជ​ សោភ័ន​ រដ្ឋលេខាធិការ​ក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទទួលស្គាល់​ថា​ ការ​អភិវឌ្ឍ​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ ជាពិសេស​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ និង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI​) កំពុង​បង្កើន​ផលិតភាព​ និង​ផលិតកម្ម​ ប៉ុន្តែ​វា​ក៏​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ចំពោះ​ការបាត់បង់​ការងារ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។

ឯកឧត្តម​ បាន​មានប្រសាសន៍​ថា​៖ “រដ្ឋាភិបាល​កម្ពុជា​ចេញរួច​ហើយ​ នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​ 2015​-2025​ ដើម្បី​បង្កើន​វិស័យ​ឧស្សាហកម្ម​របស់​យើង​ឆ្ពោះទៅ​រក​បច្ចេកវិទ្យា​ និង​បង្កើន​កម្លាំង​ពលកម្ម​ជំនាញ​ ដែល​នឹង​ឆ្លើយតប​ ទៅ​នឹង​ការ​ទទួលយក​បដិវត្តន៍​ឧស្សាហកម្ម​ទី​ 4 ដើម្បី​សម្រេច​បាន​ ផែនការ​ប្រកប​ដោ​យម​ហិ​ច្ឆិ​កា​ ដើម្បី​ក្លាយជា​ប្រទេស​ មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ត្រឹម​ឆ្នាំ​ 2030​ និង​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​ ត្រឹម​ឆ្នាំ2050​”។

ឯកឧត្តម​ ពេជ​ សោភ័ន​ បន្ត​ថា​៖ “ដូច្នេះ​យើង​មើលឃើញ​ការ​អភិវឌ្ឍ​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​នេះ​ ជាពិសេស​ការ​ទទួលយក​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ក្នុង​វិស័យ​ឧស្សាហកម្ម​ដែល​បង្កើត​ការងារ​ថ្មី​ៗសម្រាប់​ប្រជាពលរដ្ឋ​ និង​បង្កើន​ផលិតភាព​ ហើយ​លើស​ពីនេះ​ វា​ក៏​បង្កើត​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដូចជា​កម្ពុជា​ក្នុង​ការ​លោត​-ផ្លោះ​សម្រាប់​ការ​អភិវឌ្ឍ​របស់​ខ្លួន​”។

ជាមួយគ្នា​នេះ​ដែរ​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) បាន​ជំរុញ​ឱ្យ​សមាជិក​ទាំងអស់​របស់​ខ្លួន​ចាប់ផ្តើម​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អ្នកនាំ​ចេញ​(REX​) ដើម្បី​ចៀសវាង​ផលវិបាក​ណា​ មួយ​ដែល​អាច​កើតឡើង​នា​ពេល​ខាងមុខ​ ។

សេចក្តី​ជូនដំណឹង​របស់​ GMAC​ បានឱ្យ​ដឹង​ថា​ សហភាព​អឺរ៉ុប​បាន​ដាក់ចេញ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​ អ្នកនាំ​ចេញ​ (REX​) ដែល​អ្នកនាំ​ចេញទៅ​សហភាព​អឺរ៉ុប​អាច​ធ្វើការ​ប្រកាស​ដោយខ្លួនឯង​អំពី​ប្រភព​ដើម​នៃ​ផលិតផល​នាំចេញ​របស់​ពួកគេ​ (ការប្រកាស​ប្រភព​ដើម​) នៅ​លើ​ឯកសារ​ពាណិជ្ជកម្ម​របស់​ពួកគេ​ដោយ​មិន​ប្រើ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​(CO​) ដែល​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​។ GMAC​ បាន​បញ្ជាក់​ថា​ ប្រព័ន្ធ​នេះ​សម្រួល​ពាណិជ្ជកម្ម​ និង​សន្សំសំចៃ​ការ​ចំណាយ​សម្រាប់​អ្នកនាំ​ចេញ​។

សមាគម​ GMAC​ បានឱ្យ​ដឹង​ទៀត​ថា​ នៅ​ត្រឹម​ដំណាច់ឆ្នាំ​ 2019​ នេះ​ ដែល​ជា​ការ​បរិច្ឆេទ​ផុតកំណត់​ រោងចក្រ​ណា​ដែល​ខកខាន​មិនបាន​ចុះឈ្មោះ​នៅក្នុង​ប្រព័ន្ធ​ REX​ នេះ​នឹង​ត្រូវ​បង់ពន្ធ​នាំចូល​ទៅ​សហភាព​អឺរ៉ុប​ សម្រាប់​ការនាំចេញ​របស់​ពួកគេ​។

បើ​តាម​ GMAC​ អស់​រយៈពេល​ប្រហែល​ 1ឆ្នាំ​ហើយ​ ដែល​ក្រសួង​ពាណិជ្ជកម្ម​ និង​ GMAC​ បាន​ព្យាយាម​អស់ពី​សមត្ថភាព​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ទៅដល់​សមាជិក​ទាំងអស់​។ ជាអកុសល​ បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​សរុប​នៃ​រោងចក្រ​ទាំងអស់​ មាន​រោងចក្រ​មិន​ច្រើន​ទេ​ដែល​បាន​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​នេះ​៕

Advertisement