គម្រោង​កែ​លម្អ​កំណាត់ផ្លូវ​ជាតិ​លេខ5​(បាត់ដំបង​-សេរី​សោភ័ណ​) សម្រេច​បាន41ភាគរយ​ហើយ​

គម្រោង​កែ​លម្អ​កំណាត់ផ្លូវ​ជាតិ​លេខ5​(បាត់​-ដំបង​-សេរី​សោភ័ណ​)ផ្នែក​ខាងជើង​ដែល​ជា​កម្ចីសម្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​ មាន​ប្រវែង​ជិត​ 85គីឡូម៉ែត្រ​នោះ​ សម្រេច​បាន​ 41ភាគរយ​ហើយ​។ នេះ​បើ​យោង​ តាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​។

លោក​ ឈឹម​ ផល្លា​ ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​ថា​ គម្រោង​នេះ​មាន​ទឹកប្រាក់​ប្រមាណ​ 143​ លាន​ដុល្លារ​អាមេរិក​ ដោយ​ជា​ហិរញ្ញប្បទាន​សម្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​ ។

លោក​មានប្រសាសន៍​ថា​ គម្រោង​កែ​លម្អ​កំណាត់ផ្លូវ​ជាតិ​លេខ5​(បាត់ដំបង​-សេរី​សោភ័ណ​)ផ្នែក​ខាងជើង​ មាន​ប្រវែង​ 84,74គីឡូ​មែ​ត្រ​ លាតសន្ធឹង​ចាប់ពី​ខេត្តបាត់ដំបង​ទៅកាន់​ស្រុក​សិរី​សោភ័ណ្ឌ ខេត្ត​បន្ទាយមានជ័យ​។ ដោយឡែក​ផ្នែក​ទី2ចាប់ពី​ ធ្លា​ម្អម​ ខេត្តពោធិ៍សាត់​ ទៅកាន់​ខេត្តបាត់ដំបង​ និង​ទី3ពី​ព្រែក​ក្តាម​ ខេត្តកណ្តាល​ ទៅកាន់​ធ្លា​ម្អម​ ខេត្តពោធិ៍សាត់​។

លោក​ផល្លា​បន្ថែម​ថា​ ផ្នែក​ទី3បាន​ចាប់ផ្តើម​កាលពី​ខែឧសភា​ ឆ្នាំ2018ដែល​មាន​ប្រវែង​ 135គីឡូម៉ែត្រ​ ដែល​ផ្លូវ​នោះ​នឹង​ត្រូវ​ធ្វើឡើង​ជា4គន្លង​ សរុប​ទឹកប្រាក់​ប្រមាណ​ 261លាន​ដុល្លារ​អាមេរិក​។

លោក​ ផល្លា​បន្លែ​មថា​ផ្នែក​ទីមួយ​នៃ​គម្រោង​កែ​លម្អ​កំណាត់ផ្លូវ​ជាតិ​លេខ5​(បាត់ដំបង​-សេ​រី​សោភ័ណ្ឌ)ផ្នែក​ខាងជើង​នេះ​ រំពឹង​ថា​នឹង​បញ្ចប់​នៅ​ខែមីនា​ឆ្នាំក្រោយ​នេះ​ ហើយ​ផ្នែក​នេះ​ទៀតសោត​ត្រូវ​បាន​ដេញថ្លៃ​សាងសង់​ដោយក្រុម​ហ៊ុន​សាងសង់​ចំនួន​ពីរ​។

លោក​ផល្លា​បន្ត​ថា​ ដោយឡែក​ថ្លៃ​សាងសង់​គម្រោង​សរុប​មាន​ប្រមាណ​ 600លាន​ដុល្លារ​អាមេរិក​ ក្រោម​ ហិរញ្ញប្បទាន​សម្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​។ លោក​បន្ត​ទៀត​ថា​ ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ការដ្ឋាន​សាងសង់​ផ្នែក​ទី2បាន​ជ្រើសរើស​រួចហើយ​។

លោក​ផល្លា​ថ្លែង​ថា​៖“គម្រោង​ទាំងមូល​ដែល​ចាប់ពី​ព្រែក​ក្តាម​ មកដល់​ប៉ោយប៉ែត​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ ឆ្នាំ2022​ គម្រោង​នេះ​បាន​នឹង​កំពុង​អនុវត្ត​ដោយ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​ក្រសួងសេដ្ឋកិច្ច​ និង​ហរិ​ញ្ញ​វត្ថុ​”។

លោក​បន្ត​ទៀត​ថា​ គម្រោង​កែ​លម្អ​កំណាត់ផ្លូវ​ជាតិ​លេខ5​(បាត់ដំបង​-សេរី​សោភ័ណ​)ផ្នែក​ខាងជើង​នេះ​ នឹង​ជួយ​សម្រួលការ​ចរាចរទំនិញ​ និង​ប្រជាជន​ ជាពិសេស​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ និង​ការពង្រីក​ផ្លូវជាតិ​លេខ5នេះ​ ក៏​ជាផ្នែក​មួយ​នៃ​គម្រោង​អាស៊ាន​ ដើម្បី​តភ្ចាប់​ព្រះរាជាណាចក្រ​កម្ពុជា​ ថៃ​ មីយ៉ាន់ម៉ា​ និង​ចិន​ផង​ដែរ​។

លោក​បន្ត​ថា​៖“នៅក្នុង​ពេល​អនាគត​ ផ្លូវជាតិ​លេខ5​ នឹង​មាន​សារៈសំខាន់​ណាស់​នៅក្នុង​តំបន់​ ដោយ​ភ្ជាប់​យើង​ជាមួយ​ថៃ​ មីយ៉ាន់ម៉ា​ និង​ចិន​ នៅ​ភាគ​ខាងជើង​ ខណៈ​ពេល​ដែល​វា​ក៏​តភ្ជាប់​ផ្លូវជាតិ​លេខ4​ ទៅកាន់​ កំពង់ផែ​ព្រះសីហនុ​ និង​ផ្លូវជាតិ​លេខ​ 1ទៅកាន់​ប្រទេស​វៀតណាម​”។

លោក​បន្ត​ថា​៖“នៅពេល​ផ្លូវជាតិ​លេខ5​ បញ្ចប់​រួចរាល់​វា​នឹង​ចំណេញពេលវេលា​ក្នុង​ការ​ធ្វើដំណើរ​ដោយ​កាត់បន្ថយ​ពេល​ជិត2ម៉ោង​ពី​ភ្នំពេញ​ទៅកាន់​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ខណៈ​ពេលនេះ​យើង​ត្រូវ​ចំណាយពេល​ជាង6ម៉ោង​”។

ផ្លូវជាតិ​លេខ5នេះ​ នឹង​ក្លាយជា​ផ្លូវ​ល្បឿន​លឿន​មួយ​តភ្ចាប់​ប្រទេស​នៅ​អាស៊ាន​និង​ជា​ផ្លូវ​យុទ្ធ​សាស្រ្ត​សម្រាប់​ច្រករបៀង​សេដ្ឋកិច្ច​ខាងលិច​ឆៀង​ខាងកើត​ ដែល​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​ ទេសចរណ៍​ ដឹកជញ្ជូន​ និង​ការ​វិនិយោគ​។

គួរ​បញ្ជាក់​ថា​កំណាត់ផ្លូវ​ជាតិ​លេខ5​(បាត់ដំបង​សេរី​សោភ័ណ​)ផ្នែក​ខាងជើង​នេះ​ សាងសង់​ឡើងជា​ប្រភេទ​ផ្លូវ​ចាក់កៅស៊ូ​ (AC​) កម្រាស់​ 15សង់ទីម៉ែត្រ​ និង​ពង្រីក​ទទឹង​ផ្លូវ​មាន​ 4គន្លង​ 2គន្លង​ទៅ​ 2គន្លង​មក​។ កំណាត់ផ្លូវ​នេះ​ត្រូវ​ចំណាយ​ថវិកា​សាងសង់​អស់​អប្រមាណ143លាន​ដុល្លារ​អាមេរិក​។ ការស្ថាបនា​ផ្លូវ​នេះ​បាន​ចាប់ផ្តើម​នៅ​ខែ​ កុម្ភៈ​ ឆ្នាំ​ 2017ដោយ​គ្រោង​បញ្ចប់​នៅ​ ខែមីនា​ ឆ្នាំ2020ខាងមុខនេះ​។

ភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ (JICA​)បាន​ជួយ​គាំទ្រ​ដល់​ការរៀបចំ​តាក់តែង​ផែនការមេ​អភិវឌ្ឍន៍​បណ្តាញ​ផ្លូវ​ថ្នល​ដែល​ត្រូវ​អនុម័ត​ដោយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ2016​ ហើយ​បណ្តាញ​ផ្លូវថ្នល់​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បាន​កំណត់​យ៉ាង​ច្បាស់​ក្នុង​ផែនការមេ​នេះ​ សម្រាប់​ជំរុញ​ប្រទេស​កម្ពុជា​ចូល​ទៅ​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​ និង​មាន​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ដើម្បី​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ជាតិ​។ ក្នុង​បរិបទ​នេះ​ ផ្លូវជាតិ​លេខ5នឹង​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​យុទ្ធ​សា​ស្រ្តខាង​ល់​និង​ក្លាយទៅជា​ផ្លូវ​ហាយ​វេយ៍​មួយ​ក្នុង​តំបន់​អាស៊ាន​ និង​ជា​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​របស់​ប្រទេស​កម្ពុជា​៕

ផ្លូវជាតិ​លេខ5គឺជា​ផ្នែក​មួយ​នៃ​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​ និង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សារភ្ជាប់​សកម្មភាព​ក្នុង​តំបន់​ ជាមួយនឹង​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ប្រទេស​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ​នា​ពេល​បច្ចុប្បន្ន​នេះ​ ផ្លូវជាតិ​លេខ5នឹង​មាន​តួនាទី​កាន់តែ​សំខាន់​៕

Advertisement