គម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ5(បាត់-ដំបង-សេរីសោភ័ណ)ផ្នែកខាងជើងដែលជាកម្ចីសម្បទានរបស់រដ្ឋាភិបាលជប៉ុន មានប្រវែងជិត 85គីឡូម៉ែត្រនោះ សម្រេចបាន 41ភាគរយហើយ។ នេះបើយោង តាមមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងនេះមានទឹកប្រាក់ប្រមាណ 143 លានដុល្លារអាមេរិក ដោយជាហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ។
លោកមានប្រសាសន៍ថា គម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ5(បាត់ដំបង-សេរីសោភ័ណ)ផ្នែកខាងជើង មានប្រវែង 84,74គីឡូមែត្រ លាតសន្ធឹងចាប់ពីខេត្តបាត់ដំបងទៅកាន់ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ ដោយឡែកផ្នែកទី2ចាប់ពី ធ្លាម្អម ខេត្តពោធិ៍សាត់ ទៅកាន់ខេត្តបាត់ដំបង និងទី3ពីព្រែកក្តាម ខេត្តកណ្តាល ទៅកាន់ធ្លាម្អម ខេត្តពោធិ៍សាត់។
លោកផល្លាបន្ថែមថា ផ្នែកទី3បានចាប់ផ្តើមកាលពីខែឧសភា ឆ្នាំ2018ដែលមានប្រវែង 135គីឡូម៉ែត្រ ដែលផ្លូវនោះនឹងត្រូវធ្វើឡើងជា4គន្លង សរុបទឹកប្រាក់ប្រមាណ 261លានដុល្លារអាមេរិក។
លោក ផល្លាបន្លែមថាផ្នែកទីមួយនៃគម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ5(បាត់ដំបង-សេរីសោភ័ណ្ឌ)ផ្នែកខាងជើងនេះ រំពឹងថានឹងបញ្ចប់នៅខែមីនាឆ្នាំក្រោយនេះ ហើយផ្នែកនេះទៀតសោតត្រូវបានដេញថ្លៃសាងសង់ដោយក្រុមហ៊ុនសាងសង់ចំនួនពីរ។
លោកផល្លាបន្តថា ដោយឡែកថ្លៃសាងសង់គម្រោងសរុបមានប្រមាណ 600លានដុល្លារអាមេរិក ក្រោម ហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន។ លោកបន្តទៀតថា ក្រុមហ៊ុនម៉ៅការសាងសង់ការដ្ឋានសាងសង់ផ្នែកទី2បានជ្រើសរើសរួចហើយ។
លោកផល្លាថ្លែងថា៖“គម្រោងទាំងមូលដែលចាប់ពីព្រែកក្តាម មកដល់ប៉ោយប៉ែតនឹងត្រូវបានបញ្ចប់នៅ ឆ្នាំ2022 គម្រោងនេះបាននឹងកំពុងអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ”។
លោកបន្តទៀតថា គម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ5(បាត់ដំបង-សេរីសោភ័ណ)ផ្នែកខាងជើងនេះ នឹងជួយសម្រួលការចរាចរទំនិញ និងប្រជាជន ជាពិសេសផលិតផលកសិកម្មទៅកាន់ទីផ្សារបរទេស និងការពង្រីកផ្លូវជាតិលេខ5នេះ ក៏ជាផ្នែកមួយនៃគម្រោងអាស៊ាន ដើម្បីតភ្ចាប់ព្រះរាជាណាចក្រកម្ពុជា ថៃ មីយ៉ាន់ម៉ា និងចិនផងដែរ។
លោកបន្តថា៖“នៅក្នុងពេលអនាគត ផ្លូវជាតិលេខ5 នឹងមានសារៈសំខាន់ណាស់នៅក្នុងតំបន់ ដោយភ្ជាប់យើងជាមួយថៃ មីយ៉ាន់ម៉ា និងចិន នៅភាគខាងជើង ខណៈពេលដែលវាក៏តភ្ជាប់ផ្លូវជាតិលេខ4 ទៅកាន់ កំពង់ផែព្រះសីហនុ និងផ្លូវជាតិលេខ 1ទៅកាន់ប្រទេសវៀតណាម”។
លោកបន្តថា៖“នៅពេលផ្លូវជាតិលេខ5 បញ្ចប់រួចរាល់វានឹងចំណេញពេលវេលាក្នុងការធ្វើដំណើរដោយកាត់បន្ថយពេលជិត2ម៉ោងពីភ្នំពេញទៅកាន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈពេលនេះយើងត្រូវចំណាយពេលជាង6ម៉ោង”។
ផ្លូវជាតិលេខ5នេះ នឹងក្លាយជាផ្លូវល្បឿនលឿនមួយតភ្ចាប់ប្រទេសនៅអាស៊ាននិងជាផ្លូវយុទ្ធសាស្រ្តសម្រាប់ច្រករបៀងសេដ្ឋកិច្ចខាងលិចឆៀងខាងកើត ដែលជួយសម្រួលដល់ពាណិជ្ជកម្ម ទេសចរណ៍ ដឹកជញ្ជូន និងការវិនិយោគ។
គួរបញ្ជាក់ថាកំណាត់ផ្លូវជាតិលេខ5(បាត់ដំបងសេរីសោភ័ណ)ផ្នែកខាងជើងនេះ សាងសង់ឡើងជាប្រភេទផ្លូវចាក់កៅស៊ូ (AC) កម្រាស់ 15សង់ទីម៉ែត្រ និងពង្រីកទទឹងផ្លូវមាន 4គន្លង 2គន្លងទៅ 2គន្លងមក។ កំណាត់ផ្លូវនេះត្រូវចំណាយថវិកាសាងសង់អស់អប្រមាណ143លានដុល្លារអាមេរិក។ ការស្ថាបនាផ្លូវនេះបានចាប់ផ្តើមនៅខែ កុម្ភៈ ឆ្នាំ 2017ដោយគ្រោងបញ្ចប់នៅ ខែមីនា ឆ្នាំ2020ខាងមុខនេះ។
ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)បានជួយគាំទ្រដល់ការរៀបចំតាក់តែងផែនការមេអភិវឌ្ឍន៍បណ្តាញផ្លូវថ្នលដែលត្រូវអនុម័តដោយរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ2016 ហើយបណ្តាញផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានកំណត់យ៉ាងច្បាស់ក្នុងផែនការមេនេះ សម្រាប់ជំរុញប្រទេសកម្ពុជាចូលទៅក្នុងសមាហរណកម្មសេដ្ឋកិច្ច និងមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងបរិបទនេះ ផ្លូវជាតិលេខ5នឹងដើរតួយ៉ាងសំខាន់សម្រាប់យុទ្ធសាស្រ្តខាងល់និងក្លាយទៅជាផ្លូវហាយវេយ៍មួយក្នុងតំបន់អាស៊ាន និងជាច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់ប្រទេសកម្ពុជា៕
ផ្លូវជាតិលេខ5គឺជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងដើរតួយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់សកម្មភាពក្នុងតំបន់ ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គនាពេលបច្ចុប្បន្ននេះ ផ្លូវជាតិលេខ5នឹងមានតួនាទីកាន់តែសំខាន់៕