ធនាគារពិភពលោក​ ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ចំនួន​ 1ពាន់​លាន​ដុល្លារ​ ក្នុង​ក្របខ័ណ្ឌ​កិច្ចសហការ​ភាពជា​ដៃគូ​ ជំរុញ​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​

ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ប្រកាស​ថា​ ធនាគារពិភពលោក​ (WB​) បាន​អនុម័ត​ជា​ផ្លូវការ​នូវ​ទឹកប្រាក់​ចំនួន​ 1ពាន់​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​វិស័យ​អាទិភាព​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។ ហិរញ្ញប្បទាន​នេះ​បាន​ផ្តល់​ជូន​ក្នុង​“ក្របខ័ណ្ឌ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​សម្រាប់​ឆ្នាំ2019​-2023​”(Country​Partnership​ Framework​ – CPF​ 2019​-2023​)។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញផ្សាយ​បន្ទាប់ពី​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ជាមួយ​អនុប្រធាន​ធនាគារពិភពលោក​។

លោកស្រី​ វិច​តូ​រៀ​ ខ្វា​ខ្វា​ Victoria​ Kwakwa​ អនុប្រធាន​ធនាគារពិភពលោក​ ទទួលបន្ទុក​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​មានប្រសាសន៍​ថ្លែង​អំណរគុណ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​បាន​ផ្តល់​កិច្ចសហការ​យ៉ាងសកម្ម​ជាមួយ​ WB​ ក្នុង​ការរៀបចំ​ឯកសារ​ “ក្របខ័ណ្ឌ​នៃ​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​ជាមួយ​ WB​ ឆ្នាំ2019​-2023​” បាន​ដោយ​ជោគជ័យ​ និង​ឈាន​ដល់​ការ​អនុម័ត​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ កាលពី​ពេល​ថ្មី​ៗនេះ​ទៀតផង​ ដែល​ទាំងនេះ​ជា​សក្ខីភាព​បង្ហាញ​អំពី​កិច្ចសហការ​ក្នុង​ភាពជា​ដៃគូ​ និង​ស្មារតី​គោរព​ភាពជា​ម្ចាស់​លើ​កិច្ច​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​។

យោង​តាម​សេចក្តី​ថ្លែងការណ៍​បាន​បញ្ជាក់​ថា​៖“កម្មវិធី​នេះ​ គឺជា​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិ​ការ​រយៈពេល​មធ្យម​ រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ធនាគារពិភពលោក​ ដែល​នឹង​ផ្តល់​ប្រាក់កម្ចី​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ ជាពិសេស​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​ 4 របស់​រដ្ឋាភិបាល​”។

ក្របខ័ណ្ឌ​នេះ​ផ្តោត​សំខាន់​ទៅលើ​ប្រសិទ្ធភាព​របស់​រដ្ឋ​ និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​។ វា​នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​ទាក់ទង​នឹង​ការ​គាំទ្រ​ដល់​វិស័យ​ហិរញ្ញវត្ថុ​ និង​ធុរកិច្ច​របស់​ប្រទេស​កម្ពុជា​ ក៏ដូចជា​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​វិស័យ​សាធារណៈ​ ហើយក៏​នឹង​គាំទ្រ​ផង​ដែរ​ ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ និង​ផ្តោត​លើ​ការ​លើកកម្ពស់​ផលិតភាព​កសិកម្ម​ និង​ពង្រឹង​ការប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។

យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ដែល​បាន​ចេញផ្សាយ​នៅក្នុង​ខែឧសភា​បាន​ឱ្យ​ដឹង​ថា​ ក្របខ័ណ្ឌ​ភាពជា​ដៃគូ​នឹង​គាំទ្រ​ដល់​ការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​ទៅ​ដំណាក់កាល​បន្ទាប់​នៃ​ការ​អភិវឌ្ឍ​របស់​ខ្លួន​ និង​ឆ្លុះបញ្ចាំង​ពី​ការ​វិវឌ្ឍ​នៃ​ការចូលរួម​របស់​ធនាគារពិភពលោក​នៅក្នុង​ប្រទេស​។

របាយការណ៍​ក៏បាន​បញ្ជាក់​ដែរ​ថា​៖“កម្មវិធី​នេះ​ឆ្លុះបញ្ចាំង​ពី​អាទិភាព​របស់​រដ្ឋាភិបាល​ ហើយនឹង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រទេស​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​មានកំណត់​ការ​ធ្វើ​នគរូបនីយកម្ម​កើនឡើង​យ៉ាង​ឆាប់រហ័ស​កង្វះខាត​ធនធានមនុស្ស​ និង​គម្លាត​ហេដ្ឋារចនាសម្ព័ន្ធ​”។

សូម​រំឭក​ថា​ កាលពី​ថ្ងៃទី30​ ខែឧសភា​ ឆ្នាំ2019​ ធនាគារពិភពលោក​បាន​អនុម័ត​ “ក្របខ័ណ្ឌ​នៃ​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​ជាមួយ​ WB​ ឆ្នាំ2019​-2023​” (Country​ Partnership​ Framework​ – CPF​ 2019​-2023​)ដែល​គ្រោង​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ​ 1,000លាន​ដុល្លារ​អាមេរិក​ដែល​ឯកសារ​នេះ​ គឺជា​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិ​ការ​ពេញលេញ​ រយៈពេល​មធ្យម​ រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​ធនាគារពិភពលោក​ និង​ត្រូវ​បាន​រៀបចំ​ដើម្បី​រួម​ចំណែក​ផ្តល់​ហិរញ្ញប្បទាន​គាំទ្រ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ និង​តម្រូវការ​អាទិភាព​របស់​កម្ពុជា​។

ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ ក៏បាន​ថ្លែង​អំពី​ស្ថានភាព​សេដ្ឋកិច្ច​ ដែល​កម្ពុជា​កំពុង​សម្រេច​បាន​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​រឹងមាំ​ ជាមួយនឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​។ កម្ពុជា​កំពុង​បន្តដំណើរ​យ៉ាង​ស្វាហាប់​តម្រង់​ទិស​ឆ្ពោះទៅ​រក​ចក្ខុវិស័យ​ឆ្នាំ2050​ ដើម្បី​ប្រែក្លាយ​ខ្លួន​ទៅជា​ប្រទេស​អភិវឌ្ឍន៍​ ដោយ​បាន​កំណត់​យក​ឆ្នាំ2030​ ជា​ឆ្នាំ​គោល​ ដែល​ត្រូវ​សម្រេច​ឱ្យ​បាន​នូវ​លទ្ធផល​ជា​សារ​វ័ន្ត​នៃ​កំណែទម្រង់​សំ​ខាន់​ៗ និង​ការ​ប្រែក្លាយ​ខ្លួន​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​។

ឯកឧត្តម​ក៏បាន​បញ្ជាក់​ទៀត​ដែរ​ថា​ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​វាយតម្លៃ​ថា​ អាច​សម្រេច​បាន​កំណើន​ខ្ពស់​រហូតដល់7.5​% ក្នុង​ឆ្នាំ2018​ និង​តាម​ការ​ព្យាករ​ កំណើន​សេដ្ឋកិច្ច​នេះ​នឹងអាច​នៅតែ​សម្រេច​បាន​ប្រមាណ​ 7% ក្នុង​ឆ្នាំ2019​ នេះ​។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​កោតសរសើរ​ចំពោះ​ធនាគារពិភពលោក​ដែល​មាន​សុឆន្ទៈ​ខ្ពស់​ និង​ពិត​ប្រាកដ​ក្នុង​ការចូលរួម​ចំណែក​ដល់​កិច្ច​អភិវឌ្ឍន៍​នៅ​កម្ពុជា​ឈាន​ឆ្ពោះទៅ​គោលដៅ​ឆ្នាំ2030​ និង​ ឆ្នាំ2050​ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិ​ការដែល​កាន់តែ​រឹងមាំ​ជាង​មុន​។

សូម​បញ្ជាក់​ថា​ កាលពីដើម​សប្តាហ៍​នេះ​ លោកស្រី ​Kwakwa​ បាន​ជួប​ជាមួយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​បាន​មានប្រសាសន៍​កោត​សរសើ​រយ៉ា​ងខ្លាំង​ទៅលើ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​។លោកស្រី​បាន​ថ្លែង​ថា​៖ “ក្នុងនាម​ធនាគារពិភពលោក​ ខ្ញុំ​សូម​អបអរសាទរ​ប្រទេស​កម្ពុជា​ចំពោះ​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់​ខ្លួន​”។

លោកស្រី​ Kwakwa​ ក៏បាន​កត់សម្គាល់​ និង​បាន​ទទួលស្គាល់​អំពី​កំណើន​សេដ្ឋកិច្ច​ជាមួយនឹង​ល្បឿន​នៃ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​ ដែល​អាច​ជំរុញ​ និង​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ជាប់​ជាប្រចាំ​ក្នុងរង្វង់​ 7% នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ក៏ដូចជា​ការ​ថយ​ចុះ​នូវ​ភាព​ក្រីក្រ​ និង​អត្រា​មរណភាព​របស់​ទារក​នៅពេល​កើត​។ នេះ​ជា​ជោគជ័យ​ដែល​បញ្ជាក់​ថា​ កម្ពុជា​កំពុងតែ​បោះជំហាន​នៅ​លើ​ផ្លូវ​មួយ​ដ៏​ត្រឹមត្រូវ​៕

Advertisement