វិស័យ​ SME​ កម្ពុជា​ បាន​រួមចំណែក​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​ស្រប​នឹង​ឧស្សាហកម្ម4.0​

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​បាន​ចាត់ទុក​វិស័យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​(SME​)ថា​ ជា​វិស័យ​មួយ​ដែល​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​(GDP​) ជាពិសេស​ជួយ​បង្កើន​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​។

ឯកឧត្តម​ ហេង​ សុខ​គង់​ រដ្ឋលេខាធិការ​នៃ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ បាន​ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្តី​ពី​ “ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សិប្បកម្ម​ និង​វិស័យ​ឧស្សាហកម្ម​” នៅក្នុង​ពិធី​តាំង​ពិ​ព័​ណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​ និង​វាយនភណ្ឌ​កម្ពុជា​អន្តរជាតិ​ CIMIF​ &​ CTG​ ប្រចាំឆ្នាំ​នៅ​កម្ពុជា​ថា​ វិស័យ​ឧស្សាហកម្ម​ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ជាតិ​ ដោយ​វិស័យ​នេះ​បាន​ចូលរួម​ចំណែក​ក្នុង​ផលិតផល​សរុប​ក្នុង​ស្រុក​ (GDP​) ប្រមាណ​ជា​ 32.8​% ក្នុង​ឆ្នាំ2018​ លឿន​ជាង​ផែនការ​ដែល​រដ្ឋាភិបាល​បាន​កំណត់​ថា​ នៅ​ឆ្នាំ​ 2025​ វិស័យ​ឧស្សាហកម្ម​នឹង​មាន​ចំណែក​រួម​ 30​% នៃGDP​។ ពោល​គឺ​លឿន​ជាង​ផែនការ​រហូតដល់​ទៅ​ 5ឆ្នាំ​។

ឯកឧត្តម​ សុខ​គង់​ បាន​បន្ត​ថា​៖ “បើ​តាម​ទិន្នន័យ​ពី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ការ​រីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ គឺជា​ចំណែក​ដ៏​ធំ​ដែល​បាន​មក​ពី​ SME​ ដោយមាន​រហូតដល់​ជាង​ 90​% ក្នុងចំណោម​សហគ្រាស​សរុប​ទាំង​ 51ម៉ឺន​ស្ថាប័ន​នៅ​កម្ពុជា​។ បច្ចុប្បន្ន​កម្លាំង​ពលកម្ម​ប្រមាណ​ 1.2លាន​នាក់​កំពុង​បម្រើការ​ងារ​ក្នុង​វិស័យ​នេះ​។

ឯកឧត្តម​ថ្លែង​ថា​៖ “ដោយសារSME​ នៅ​កម្ពុជា​មាន​ចំនួន​ច្រើន​ និង​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ច្រើន​ ហេតុនេះ​ទើប​យើង​ត្រូវ​ធ្វើការ​សិក្សា​ឱ្យ​បាន​ច្បាស់​ ដើម្បី​ឱ្យ​វិស័យ​នេះ​កាន់តែ​មាន​ចំណែក​សំខាន់​ថែមទៀត​។ ខណៈ​បច្ចុប្បន្ន​ ពិភពលោក​កំពុង​ឈាន​ឆ្ពោះទៅ​រក​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ដូច្នេះ​ដើម្បី​ឱ្យ​ការ​អភិវឌ្ឍSME​ ដំណើរការ​បាន​ល្អ​ កម្ពុជា​ត្រូវតែ​គិតគូរ​ឱ្យ​ច្រើន​ពី​ការ​ធ្វើ​ទំនើបកម្ម​។ ថា​ អ្វី​ដែល​យើង​ត្រូវ​រុញ​មុនគេ​ គឺ​ Good​ Digital​ បន្ទាប់មក​យើង​រុញ​វិស័យ​ឧស្សាហ​កម្ម​ធំៗ​ ហើយ​បន្តបន្ទាប់​ទៀត​យើង​នឹង​សិក្សា​លម្អិត​ថា​ តើ​ឧស្សាហកម្ម​កម្រិត​ណា​ដែល​យើង​ត្រូវ​រុញ​ទៅជា​ឧស្សាហកម្ម​ទី4​ មុនគេ​”។

ឯកឧត្តម​ ហេង​ សុខ​គង់​បញ្ជាក់​ថា​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​នៃ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​ ក៏ដូចជា​វិស័យ​ឌីជីថល​ស្រប​ទៅ​នឹង​ការ​រីកចម្រើន​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី4​ កម្ពុជា​ ក៏​គ្រោង​ប្រើប្រាស់​ផ្កាយរណប​ដោយខ្លួនឯង​នៅក្នុង​អំឡុង​ឆ្នាំ2022​ ហើយក៏​គ្រោង​នឹង​ប្រើប្រាស់​ឌីជីថល​ខេម​បូ​ឌា​ នៅក្នុង​អំឡុង​ឆ្នាំ2023​ ខាងមុខនេះ​ផង​ដែរ​។

លោក​ ឈា​ ឡាយ​ហ៊ី​ ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សិប្បកម្ម​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​សហគ្រាស​ធុន​តូច​ និង​មធ្យម​(SME​) មាន​បញ្ហា​ចោទ​មួយចំនួន​លើ​ទីផ្សារ​ ក្នុង​នោះ​SME​ ភាគច្រើន​មិនទាន់​អាច​នាំចេញ​ផលិតផល​របស់​ខ្លួន​ទៅក្រៅ​ប្រទេស​បានទេ​ គឺ​ មាន​ភាគរយ​តិចតួច​បំផុត​ក្នុង​ការនាំចេញ​ ទោះបី​ផលិតផល​នោះ​មានការ​ចុះបញ្ជី​ និង​មាន​គោល​កា​រណ៍​ស្ដ​ង់​ដា​គុណភាព​ និង​ការ​វេច​ខ្ចប់​ត្រឹមត្រូវ​ហើយក៏​ដោយ​។

លោក​ ឈា​ ឡាយ​ហ៊ី​ បាន​ថ្លែង​ថា​៖ “SME​ ភាគច្រើន​មិនទាន់​អាច​នាំចេញ​ទៅក្រៅ​ប្រទេស​បានទេ​ គឺ​មាន​ភាគរយ​តិចតួច​បំផុត​ ចំណែក​ឯផលិតផល​ក្នុង​ស្រុក​មួយចំនួន​ ក៏​ការ​គាំទ្រ​នៅ​មានកម្រិត​នៅ​ឡើយ​ដែរ​។ ពលរដ្ឋ​កម្ពុជា​មិនទាន់​ឱ្យ​តម្លៃ​ផលិតផល​ក្នុង​ស្រុក​ខ្លួនឯង​ខ្លាំង​ជា​ផលិតផល​នាំចូល​ពី​បរទេស​នៅឡើយ​ ទោះបី​ផលិតផល​ក្នុង​ស្រុក​មានការ​ចុះបញ្ជី​ និង​មានការ​ផលិត​ដោយ​គោរព​តាម​គោល​កា​រណ៍​ស្ដ​ង់​ដា​ត្រឹមត្រូវ​ក៏ដោយ​”។

“ជាក់ស្ដែង​សិប្បកម្ម​កែច្នៃ​ដំណាប់​ស្វាយ​ ពួកគាត់​ខិតខំ​ប្រឹងប្រែង​កែច្នៃ​តាំងពី​មិនទាន់​ល្អ​ រហូត​ដល់​កែច្នៃ​បាន​ល្អ​ មាន​ស្ដ​ង់​ដារ​ និង​អាច​នាំចេញ​ទៅក្រៅ​ប្រទេស​បាន​ ក៏​នៅតែ​មិនទាន់​ទទួល​បាន​ជោគ​-ជ័យ​ ទោះជា​ប្រឹង​ផ្សព្វផ្សាយ​ក្នុង​ស្រុក​យ៉ាងណាក្ដី​ តែ​ការនាំចេញ​ទៅក្រៅ​ប្រទេស​ទទួល​បាន​រហូត​ដល់​ 80​-85​% រី​ឯកា​រលក់​ក្នុង​ស្រុក​មានត្រឹមតែ​ 15​%ប៉ុណ្ណោះ​”។ ទាំងនេះ​ជា​អ្វី​ដែល​ក្រសួង​ឧស្សាហកម្ម​កំពុង​រៀបចំ​ជា​យន្ដ​ការ​មួយ​ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​ណា​ដែល​មានគុណ​ភាព​ និង​ធ្វើ​យ៉ាងណា​ឱ្យ​មានការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ឡើង​វិញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ប្រធាន​នាយកដ្ឋាន​។

ទោះបី​យ៉ាងនេះ​ក្តី​ លោក​ ឈា​ ឡាយ​ហ៊ី​ បាន​បញ្ជាក់​ថា​ រហូតមកដល់​ពេលនេះ​មាន​ SME​ ប្រមាណ​តែ​ 5%ប៉ុណ្ណោះ​ដែល​បាន​មក​ចុះបញ្ជី​ត្រឹមត្រូវ​។ លោក​អះអាង​ថា​៖ “នេះ​ជា​បញ្ហា​ប្រឈម​ធំ​មួយ​របស់​យើង​។ នៅពេល​ដែល​មានSME​ មក​ចុះបញ្ជី​តិច​បែបនេះ​ វា​ធ្វើ​ឱ្យ​រដ្ឋ​ពិបាក​ក្នុង​ការគ្រប់គ្រង​ និង​មិនដឹង​ពី​ចំណុច​ខ្វះខាត​ដែល​វិស័យ​ឯកជន​កំពុង​ត្រូវការ​”។

លោក​បាន​បន្ត​ថា​ ទោះបី​វិស័យSME​ កំពុង​មាន​ដំណើរ​វិវឌ្ឍន៍​ទៅមុខ​ល្អ​ តែ​វា​ក៏​មាន​បញ្ហា​ចោទ​ខ្លះ​លើ​ទីផ្សារ​ដែរ​ ទាំង​ការ​លក់​ក្នុង​ស្រុក​ និង​អន្តរជាតិ​ ដែល​ទាមទារ​ឱ្យSME​ ត្រូវ​ខិតខំ​ពង្រឹងគុណភាព​ឱ្យ​បាន​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​។

លោក​ លី​ វិសាល​ ប្រធានប្រតិបត្តិ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​៖ “បើSME​ មិន​ចុះបញ្ជី​ដូចសព្វថ្ងៃ​ អាជ្ញាធរ​ពិតជា​ពិបាក​នឹង​ដឹង​ថា​ តើ​ពួកគាត់​ត្រូវការ​-ឱ្យ​រដ្ឋាភិបាល​ជួយ​លើ​ផ្នែក​ណាមួយ​នោះ​ទេ​។ ការ​ផ្តល់​កម្ចី​ អាច​ជា​ការចាំបាច់​ដើម្បី​ជួយ​ពង្រឹង​វិស័យSME​ នៅ​កម្ពុជា​។ ក្នុងនាម​វិស័យ​ឯកជន​ លោក​ពិត​ជា​ចង់​ឃើញSME​ ទាំងអស់​ត្រូវ​បាន​ចុះបញ្ជី​ ដើម្បី​ធ្វើ​ឱ្យ​ការ​រកស៊ី​កាន់តែ​មាន​តម្លាភាព​ឡើង​ ហើយ​រដ្ឋ​ក៏​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ផង​ដែរ​ ពិសេស​ការ​លើកកម្ពស់​ និង​ដាក់ចេញ​នូវ​គោលនយោបាយ​សម្រាប់​ជួយ​គាំទ្រ​ដល់​វិស័យ​ឯកជន​មួយ​នេះ​”។

តែ​លោក​បាន​បញ្ជាក់​បន្ថែម​ថា​៖ “ខ្ញុំ​មើលឃើញ​ថា​ កំណើន​នៃ​ក្រុមហ៊ុន​ប្រភេទSME​ ដែល​ទៅចុះ​បញ្ជី​ កំពុង​មានការ​កើនឡើង​ជាបន្តបន្ទាប់​ ខណៈ​ដែល​ការ​ពង្រឹង​ផ្នែក​ច្បាប់​ និង​ការយល់​ដឹងពី​អត្ថ​ប្រយោជន៍​នៃ​ការចុះបញ្ជី​ និង​មានការ​លើកទឹកចិត្ត​ពី​រដ្ឋាភិបាល​ផង​ដែរ​ក្នុង​វិស័យ​នេះ​”។

សូម​បញ្ជាក់​ថា​ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​រោងចក្រ​សហ​គ្រាស​ធំៗ​ប្រមាណ​ជាង​ 1,600ស្ថាប័ន​ ចំណែក​SME​ មាន​ជាង​ 51ម៉ឺន​ក្រុមហ៊ុន​ នៅក្នុង​នោះ​ផ្នែក​កម្មន្តសាល​មាន​ប្រហែល15​% និង​សេវាកម្ម​ ការ​លក់ដុំ​ និង​លក់រាយ​មាន​ 85​%។

សូម​រំឭក​ដែរ​ថា​ ក្រោម​ការ​ចង្អុលបង្ហាញ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បានសម្រេច​ផ្តល់​ថវិកា​ចំនួន​ 100លាន​ដុល្លារ​អាមេរិក​សម្រាប់​ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​(ធ.ស.ក​) ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​SMEs​ សំដៅ​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន។

ជា​រួម​ មកទល់​ពេលនេះ​ ការសិក្សា​អំពី​លទ្ធភាព​ការបង្កើត​ក្របខ័ណ្ឌ​ច្បាប់​ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ ព្រមទាំង​ការរៀបចំ​ផែនការអាជីវកម្ម​ និង​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​ធនាគារ​ ដើម្បី​ឈាន​ដល់​ការបង្កើត​ ធ.ស.ក​. ត្រូវ​បាន​និង​កំពុង​រៀបចំ​ស្ទើរតែ​បញ្ចប់​ទាំងស្រុង​ហើយ​ ដោយ​ធនាគារ​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ចាប់​ដំណើរការ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​៕

Advertisement