​គម្រោង​វិនិយោគ​ថ្មី​​ចំនួន ៥ ត្រូវ​បាន​អនុម័ត​​ឱ្យ​ដំណើរ​ការ​នៅ​ខេត្ត​ក្រុង​​មួយ​ចំនួន ក្នុង​នោះ​មាន​ផលិតផល​សូឡា​ផងដែរ

​គម្រោង​វិនិយោគ​ថ្មី​​ចំនួន ៥ ដែល​មាន​តម្លៃ​ជាង ២៦ លាន​ដុល្លារ ត្រូវ​បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​​ ​​ឱ្យ​ដំណើរ​ការ​នៅ​ខេត្ត​ក្រុង​​មួយ​ចំនួន ៣ នេះ​បើ​តាម គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​បាន​ឱ្យ​ដឹង​កាលពី​ព្រឹក​មិញ​នេះ​។

គម្រោង​វិនិយោគ​ថ្មី​ទាំង​នេះ​រួម​មាន ៖

១. FUKKI APPAREL AND LAUNDRY TECHNOLOGY CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​បោកគក់​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​លេខ ៦ A ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥.៤ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២,៤០៤ កន្លែង។

២. THE INHERITANCE (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អង្គ​សុគន្ធា ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥.៣ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,០១៨ កន្លែង។

ដោយឡែក តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម៖

១- “Solar Long PV-Tech (Cambodia) Co., Ltd.” គម្រោង​បង្កើត​រោងចក្រ​ផលិត​បន្ទះ​សូ​ឡា និង​គ្រឿង​បង្គុំ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានី​ភ្នំពេញ, មាន​ទុនវិនិយោគ​ចំនួន ១២ លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៥០០ នាក់។

២- “Cambodian Xihanouke Cabinet Co., Ltd.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ទូ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជឺ, ខេត្ត​ព្រះសីហនុ, មាន​ទុនវិនិយោគ​ចំនួន ៣ លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ២៥០ នាក់។

៣- “Taica (Cambodia) Corporation” គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រាប់​ជ័រ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានី​ភ្នំពេញ, មាន​ទុនវិនិយោគ​ចំនួន ៦២ ម៉ឺន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ២០ នាក់។

Advertisement