អ្វី​ៗគ្រប់យ៉ាង​ គឺ​ដោយសារតែ​ខ្ញុំ​ ហើយ​ខ្ញុំ​ គឺជា​ប្រភព​នៃ​អ្វី​ៗគ្រប់យ៉ាង​

យើង​ទាំងអស់គ្នា​ធ្លាប់​ឮហើយ​ថា​ អ្វី​ៗគ្រប់យ៉ាង​គឺ​ដោយសារតែ​អ្នកដឹកនាំ​ ហើយ​អ្នកដឹកនាំ​គឺជា​ប្រភព​នៃ​អ្វី​ៗគ្រប់យ៉ាង​ មានន័យថា​ អ្នកដឹកនាំ​គឺ​មាន​តួនាទី​ជា​អ្នក​ដោះស្រាយ​បញ្ហា​ និង​ជា​អ្នកបង្កើត​ភាព​រុងរឿង​។ អ្វី​ៗគឺ​ដោយសារតែ​អ្នកដឹកនាំ​ និង​ផ្ញើ​វាសនា​លើ​អ្នកដឹកនាំ​ ហើយ​បើ​មាន​បញ្ហា​អ្វី​ គឺ​បន្ទោស​តែ​អ្នកដឹកនាំ​។ តែ​គំនិត​ឬគតិបណ្ឌិត​ដែល​ថា​ អ្វី​ៗគ្រប់យ៉ាង​គឺ​ដោយសារតែ​ខ្ញុំ​ ហើយ​ខ្ញុំ​គឺជា​ប្រភព​នៃ​អ្វី​ៗគ្រប់យ៉ាង​ វា​គឺជា​គំនិត​ឬគតិបណ្ឌិត​ទទួលខុសត្រូវ​ខ្លួនឯង​ ខ្លួនទីពឹងខ្លួន​ និង​ផ្ញើ​វាសនា​លើ​ខ្លួនឯង​ ហើយ​បើ​មាន​បញ្ហា​អ្វី​ គឺ​បន្ទោស​តែខ្លួន​ឯង​។ គំនិត​ឬគតិបណ្ឌិត​នេះ​ គឺ​អាច​ជួយ​ឱ្យ​មនុស្ស​គ្រប់គ្នា​អាច​ក្លាយជា​អ្នកដឹកនាំ​ មានន័យថា​ មនុស្ស​ម្នា​ក់ៗ​គឺ​សុទ្ធតែ​ទទួលខុសត្រូវ​ជា​អ្នក​ដោះស្រាយ​បញ្ហា​ និង​ជា​អ្នកបង្កើត​ភាព​រុងរឿង​ដោយខ្លួនឯង​។ ដូច​ទ្រឹ​ស្តី​ព្រះពុទ្ធ​បាន​ត្រាស់​ថា​ អ្នកជា​អ្វី​ថ្ងៃនេះ​ គឺជា​អ្វី​ដែល​អ្នក​បាន​ធ្វើ​ពីមុន​មក​ ហើយ​អ្នក​នឹង​ក្លាយជា​អ្វី​នៅ​ថ្ងៃ​អនាគត​ គឺជា​អ្វី​ដែល​អ្នក​បាន​ធ្វើ​ថ្ងៃនេះ​។

អ្វី​ៗគ្រប់យ៉ាង​ គឺ​ដោយសារតែ​ខ្ញុំ​ តើមាន​ន័យ​យ៉ាងដូច​ម្តេច​? អ្វី​ៗគ្រប់យ៉ាង​ ក្នុង​ន័យ​អ្នកដឹកនាំ​ គឺ​ផ្តោត​លើ​បញ្ហា​។ បញ្ហា​អ្វីក៏ដោយ​ គឺ​ដោយសារតែ​ខ្ញុំ​ហើយ​ខ្ញុំ​ត្រូវតែ​ជា​អ្នក​ដោះស្រាយ​បញ្ហា​ ដោយ​មិន​ទុក​ឱ្យ​បញ្ហា​ទាំងនោះ​រស់​ និង​ដកដង្ហើម​នៅជា​មួយ​នឹង​ខ្ញុំ​ឡើយ​។ បញ្ហា​ គឺ​ស្មើនឹង​ជំងឺ​ មានន័យថា​ បើ​មនុស្ស​មាន​បញ្ហា​ គឺ​ស្មើនឹង​មនុស្ស​មាន​ជំងឺ​។ បើ​ខ្ញុំ​មាន​បញ្ហា​គឺ​ស្មើនឹង​ខ្ញុំ​មាន​ជំងឺ​ ហើយ​បើ​ខ្ញុំ​មិន​ដោះស្រាយ​ តើ​ឱ្យ​នរណា​មក​ដោះស្រាយ​ជំនួស​ខ្ញុំ​បាន​? ជាង​នេះ​ទៅ​ទៀត​ បើ​បងប្អូន​ខ្ញុំ​មាន​បញ្ហា​ គឺ​ស្មើនឹង​បងប្អូន​ខ្ញុំ​មាន​ជំងឺ​។ បើ​ឪពុក​ម្តាយ​ខ្ញុំ​មាន​បញ្ហា​ គឺ​ស្មើនឹង​ឪពុក​ម្តាយ​ខ្ញុំ​មាន​ជំងឺ​។ បើ​ប្តី​ប្រពន្ធ​ខ្ញុំ​មាន​បញ្ហា​ គឺ​ស្មើនឹង​ប្តី​ប្រពន្ធ​ខ្ញុំ​មាន​ជំងឺ​។ បើ​កូនចៅ​ខ្ញុំ​មាន​បញ្ហា​ គឺ​ស្មើនឹង​កូនចៅ​ខ្ញុំ​មាន​ជំងឺ​។ បើ​ស្ថាប័ន​ខ្ញុំ​មាន​បញ្ហា​ គឺ​ស្មើនឹង​ស្ថាប័ន​ខ្ញុំ​មាន​ជំងឺ​។ បើ​ប្រជាពលរដ្ឋ​ខ្ញុំ​មាន​បញ្ហា​ គឺ​ស្មើនឹង​ប្រជាពលរដ្ឋ​ខ្ញុំ​មាន​ជំងឺ​។ បើ​ប្រទេសជាតិ​ខ្ញុំ​មាន​បញ្ហា​ គឺ​ស្មើនឹង​ប្រទេសជាតិ​ខ្ញុំ​មាន​ជំងឺ​។ល។ តើ​ខ្ញុំ​អាច​រស់នៅ​ និង​មាន​សេចក្តី​សុខ​តែម្នាក់ឯង​បានទេ​ បើ​អ្នក​នៅ​ជុំវិញ​ខ្ញុំ​ មនុស្សជា​ទី​ស្រា​ឡាញ់​របស់ខ្ញុំ​ គឺ​សុទ្ធតែ​មាន​ជំងឺ​? តើ​ខ្ញុំ​អាច​រស់​ដោយ​គ្មាន​សីលធម៌​ គុណធម៌​ និង​បើកភ្នែក​មើល​ទុក្ខវេទនា​នៃ​ការឈឺចាប់​ទាំងនេះ​បានទេ​? បើ​អ្វី​ៗគ្រប់យ៉ាង​ ខ្ញុំ​គិតតែ​ទម្លាក់កំហុស​ឱ្យ​អ្នកដទៃ​ ហើយ​ខ្ញុំ​សុខចិត្ត​រស់​ និង​ដកដង្ហើម​ជាមួយនឹង​បញ្ហា​ ដោយ​គ្មាន​សេចក្តី​ខ្មាសអៀន​បន្តិច​សោះ​ឡើយ​ឬយ៉ាងណា​?

ខ្ញុំ​ គឺជា​ប្រភព​នៃ​អ្វី​ៗគ្រប់យ៉ាង​ តើមាន​ន័យ​ដូច​ម្តេច​? ក្នុង​ន័យ​អ្នកដឹកនាំ​ គឺ​ផ្តោត​លើ​ភាព​រុងរឿង​។ អ្វី​ៗគ្រប់យ៉ាង​ គឺ​វា​មិន​បង្កើត​ឡើង​ដោយខ្លួនឯង​ទេ​ គឺ​បង្កើត​ឡើង​ដោយមាន​អ្នកបង្កើត​។ បើ​ខ្ញុំ​ចង់បាន​ល្អ​ គឺ​ខ្ញុំ​ត្រូវតែ​ធ្វើល្អ​។ បើ​ខ្ញុំ​ចង់បាន​ប្រពន្ធ​ល្អ​ គឺ​ខ្ញុំ​ត្រូវ​តែ​ធ្វើជា​ប្តី​ល្អ​។ បើ​ខ្ញុំ​ចង់បាន​កូន​ល្អ​ គឺ​ខ្ញុំ​ត្រូវតែ​ធ្វើជា​ឪពុក​ម្តាយ​ល្អ​។ បើ​ខ្ញុំ​ចង់បាន​កូនចៅ​ល្អ​ គឺ​ខ្ញុំ​ត្រូវតែ​ធ្វើជា​មេដឹកនាំ​ល្អ​។ បើ​ខ្ញុំ​ចង់បាន​សង្គម​ល្អ​ គឺ​ខ្ញុំ​ត្រូវ​តែ​ធ្វើជា​ពលរដ្ឋ​ល្អ​។ ដូចគ្នា​នេះ​ដែរ​ បើ​ខ្ញុំ​ចង់ឱ្យ​គេ​រាប់អាន​ខ្ញុំ​ គឺ​ខ្ញុំ​ត្រូវតែ​ទៅរាប់​អាន​គេ​។ បើ​ខ្ញុំ​ចង់ឱ្យ​គេ​ស្រឡាញ់​ខ្ញុំ​ គឺ​ខ្ញុំ​ត្រូវតែ​ស្រឡាញ់​គេ​។ បើ​ខ្ញុំ​ចង់ឱ្យ​គេ​ធ្វើល្អ​ដាក់​កូន​ខ្ញុំ​ គឺ​ខ្ញុំ​ត្រូវតែ​ធ្វើអំពើ​ល្អ​ដាក់​កូន​គេ​។បើ​ខ្ញុំ​ចង់ឱ្យ​គេ​គោរព​ឪពុក​ម្តាយ​ខ្ញុំ​ គឺ​ខ្ញុំ​ត្រូវតែ​គោរព​ឪពុក​ម្តាយ​គេ​។ បើ​ខ្ញុំ​ចង់​រៀន​ពូកែ​ គឺ​ខ្ញុំ​ត្រូវតែ​ពូកែ​រៀន​។ បើ​ខ្ញុំ​ចង់​ចេះ​ គឺ​ខ្ញុំ​ត្រូវតែ​ខំរៀន​ បើ​ខ្ញុំ​ចង់​មាន​ គឺ​ខ្ញុំ​ត្រូវតែ​ខំ​រក​។ ពោល​គឺ​ បុគ្គល​សាបព្រោះ​ពូជ​ណា​នឹង​ទទួល​បានផល​ហ្នឹង​។ បើ​ខ្ញុំ​មិន​ធ្វើ​នូវ​អ្វី​ដែល​ខ្ញុំ​ចង់​ តើ​ធ្វើ​ម៉េច​ឱ្យ​ខ្ញុំ​ទទទួល​បាន​នូវ​អ្វី​ដែល​ខ្ញុំ​ប្រាថ្នា​? ខ្ញុំ​ គឺ​ជា​ប្រភព​នៃ​អ្វី​ៗគ្រប់យ៉ាង​៕

ដោយ​លោក​ ហោ​ ចាន់​រដ្ឋា​ អ្នកស្រាវជ្រាវ​ភាពជា​អ្នកដឹកនាំ​ និង​ជា​អ្នកនិពន្ធ​សៀវភៅ​ ភាពជា​អ្នកមាន​កំពូល​។

Advertisement