រដ្ឋាភិបាល​លើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុងស្រុក​ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​និយាយថា រាជរដ្ឋាភិបាល​កំពុង​មាន​ផែនការ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​កាន់តែច្រើន​ពី​អ្នក​ធុរកិច្ច និង​វិនិយោគិន​ក្នុង​ស្រុកលើ​គ្រប់វិស័យ​ដើម្បី​ជួយ​ដល់​កំណើនសេដ្ឋកិច្ច ខណៈដែល​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ភាគច្រើន​ជា​អ្នកវិនិយោគ​បរទេស។

ថ្លែង​នៅក្នុង​វេទិកាសាធារណៈ​ស្តីពី​ម៉ាក្រូសេដ្ឋកិច្ច និង​ការគ្រប់គ្រងថវិកា​ឆ្នាំ2019 ឯកឧត្តម វ​ង្សី​ វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍ថា នីតិកាល​ទី6នេះ រាជរដ្ឋាភិបាល​នឹង​បង្កើន​ការគ្រប់គ្រង​លើ​វិស័យសេដ្ឋកិច្ច​ឱ្យ​កាន់​តែមាន​តម្លាភាព និង​ប្រសិទ្ធភាព​ឡើង។

ទោះជា​កម្ពុជា​សម្បូរ​កម្លាំង​ពលកម្ម​បម្រើ​ក្នុង​វិស័យ​ការងារ​ច្រើន​មែន តែ​ក៏​មិន​គ្រប់គ្រាន់​ក្នុងការ​ឆ្លើយតប​នឹង​ការរីកចម្រើន​នោះដែរ ដូច្នេះ​យើង​ត្រូវ​ជំរុញ និង​ធ្វើការ​លើកទឹកចិត្ត​ឱ្យមាន​អ្នកវិនិយោគទុន​ក្នុងស្រុក​ចូលរួម​វិនិយោគ​កាន់តែច្រើន ព្រោះ​បច្ចុប្បន្ន​ការវិនិយោគ​ក្នុងស្រុក​ភាគច្រើន​ជា​ជនបរទេស។

ឯកឧត្តម​បាន​បន្ថែមថា ធនធានមនុស្ស និង​កម្លាំង​ការងារ គឺ​មិន​គ្រប់គ្រាន់​ទេ។ ដូច្នេះ​ក្នុង​រយៈពេល 5ឆ្នាំ​ក្នុង​អាណត្តិ​នេះ រាជរដ្ឋាភិបាល​នឹង​ជំរុញ​បង្កើន​អ្នកវិនិយោគ​ជា​ជនជាតិខ្មែរ​នៅក្នុង​ស្រុក​ឱ្យ​កាន់តែច្រើន ដោយ​រដ្ឋាភិបាល​បាន​ត្រៀម​នូវ​កញ្ចប់​ថវិកា​ជាច្រើន​ដើម្បី​គាំទ្រ​ដល់​វិស័យ​ឯកជន។ ឯកឧត្ដម​មានប្រសាសន៍​ថា៖ “នៅក្នុង​អាណត្តិ​នេះ​រដ្ឋាភិបាល​នឹង​ជួយ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​កម្ពុជា​បន្ថែមទៀត និង​រៀបចំ​ថវិកា​ដើម្បី​គាំទ្រ​ដល់​វិស័យ​ឯកជន​ដោយមាន​ផែនការ​ច្បាស់លាស់ និង​គោលនយោបាយ​ត្រឹមត្រូវ‟។

ឯកឧត្តម វ​ង្សី វិស្សុត ​មានប្រសាសន៍​ទៀតថា ក្នុង​រយៈពេល 10ឆ្នាំ​ចុង​ក្រោយនេះ ស្រប​ពេលដែល​បដិវត្ត​ន៍​ឧស្សាហកម្ម​ទី4 កំពុងដំណើរការ រដ្ឋាភិបាល​កម្ពុជា​កំពុងធ្វើការ​ងារ​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រយៈពេល 15ឆ្នាំ​របស់ខ្លួន​ជាមួយនឹង​គោលនយោបាយ​ត្រឹមត្រូវ ដើម្បីឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​យ៉ាង​ឆាប់រហ័ស។

នៅក្នុង​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ការគ្រប់គ្រង​ថវិកា​ឆ្នាំ2019 រដ្ឋាភិបាល​នៅតែ​បន្ត​ផ្តោតលើ​វិស័យ​អាទិភាព​ចំនួន4 ដូចជា៖ ប្រជាជន ផ្លូវថ្នល់ អគ្គីសនី និង​ទឹក និង​ការងារ​ផ្សេងទៀត​ដែល​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​របស់​ប្រទេស។ ឯកឧត្តម​បាន​មានប្រសាសន៍ថា៖“ផ្អែកលើ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលការណ៍​ពង្រីក​ការគ្រប់គ្រង​ហិរញ្ញវត្ថុ កិច្ចការ​ទាំងនោះ​កំពុង​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4 របស់​រដ្ឋាភិបាល‟។

ក្នុងជំនួប​ជាមួយ​អ្នកសារព័ត៌មាន សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃទី11មករា​កន្លងមកនេះ បានប្រកាស​ដាក់ចេញ​នូវ​យុទ្ធនា​ការពង្រឹង​ឯករាជភាព​របស់​កម្ពុ​ជាតា​មរយៈ​ការកែទម្រង់​លើ​វិស័យសំខាន់ៗជាច្រើន ពិសេស​សម្តេច​បានប្រកាស​ពី​ផែន​ការជួយ​សម្រួល​ដល់ Camcontrol ពី​ភារកិច្ច​ធ្វើ​អធិការកិច្ច​នៅតាម​ច្រកព្រំដែន​ដើម្បី​កាត់បន្ថយ​បន្ទុក​ដល់​អាជីវករ។

សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​យុទ្ធនាការ​ថ្មី​មួយ​ដើម្បី​ជំរុញ​ឯករាជភាព​សេដ្ឋកិច្ច​និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ពាណិជ្ជកម្ម​អនុគ្រោះ​ដែល​ផ្តល់​ដោយ​បណ្តា​ប្រទេស​ជឿនលឿន ដោយ​

សម្ដេច​បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​នឹង​ផ្តល់​ការសម្របសម្រួល​ពាណិជ្ជកម្ម​ប្រសើរ​ជាង​មុន និង​លុបបំបាត់​នីតិវិធី​មិនចាំបាច់។ សម្តេច​នឹង​ចុះហត្ថលេខា​ដើម្បី​ដក​មន្ត្រី​មួយចំនួន​ចេញពី​ព្រំដែន​ទាំងអស់​ដោយ​ទុក​តែម​ន្ត្រី​គយ និង​អន្តោប្រវេសន៍​ប៉ុណ្ណោះ ដើម្បី​កាត់បន្ថយ​តម្លៃ​នៃ​ការនាំចេញ និង​ជួយ​ជំរុញ និង​លើកកម្ពស់​ការធ្វើ​ធុរកិច្ច ធ្វើយ៉ាងណា​ឱ្យ​អ្នក​ធុរកិច្ច​ក្នុងស្រុក​បាន​ចំណេញ​ច្រើន។

សម្តេច​បន្តថា៖“ការដាក់​មន្ត្រី​ច្រើន​នៅតាម​ព្រំដែន​មិនមែនជា​ដំណោះស្រាយ​ទេ តែ​វា​ធ្វើឱ្យមាន​ការបង្កើន​ការចំណាយ​ក្នុងការ​នាំចេញ-នាំចូល។ សេដ្ឋកិច្ចកម្ពុជា​មិនអាច​ពឹង​លើ​វិស័យ​តែមួយ​ទេ យើង​មិនអាច​ឱ្យគេ​ខ្ទប់​រន្ធ​ច្រមុះ​មួយ​ហើយ​យើង​ស្លាប់​នោះទេ យើង​មាន​វិស័យ​ជាច្រើន​ទៀត​ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​របស់​យើង‟។

សេចក្តីថ្លែងការណ៍​រប​ស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បានឱ្យដឹងថា “យើង​តែងតែ​បង់ថ្លៃ​សេវា​សម្រាប់​ការត្រួតពិនិត្យ​ទំនិញ​តាម​គយ និង​កាំកុងត្រូល ដូច្នេះ​ការសម្រេច​ដកយក​ Camcontrol ចេញពី​នីតិវិធី​ត្រួតពិនិត្យ​ទំនិញ​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ។ ថ្លៃឈ្នួល​សម្រាប់​ការត្រួតពិនិត្យ​កាំកុងត្រូល គឺជា​ផ្នែក​មួយ​នៃ​បន្ទុក​ចំណាយ​របស់​យើង ហើយ​វា​ធ្វើឱ្យ​តម្លៃ​នៃ​ឯកសារ​នៅក្នុង​ប្រទេស​របស់​យើង​ខ្ពស់ជាង​ប្រទេស​ដទៃទៀត‟។

លោក ច័ន្ទ សុផល នាយក​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ​បាន​ថ្លែង​ទាក់ទង​នឹង​បញ្ហា​នេះ​ថា​នេះ​គឺជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​ដើម្បី​កែលម្អ​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​សម្បទាន​ពាណិជ្ជកម្ម​ដែល​ផ្តល់​ដោយ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ កម្ពុជា​អាចមាន​ការងារ​ច្រើន​ថែមទៀត​ដែល​ត្រូវធ្វើ ដើម្បី​ជំរុញ​ឱ្យក្លាយ​ទៅជា​ប្រទេសមួយ​មាន​សមត្ថភាព​ប្រកួតប្រជែង​ដោយ​ពេញលេញ​នៅលើ​ទីផ្សារ​ពិភពលោក៕

Advertisement