វិស័យ​ទេសចរណ៍​កម្ពុជា​ងើប​ឡើង​វិញ​ គ្រា​ដែល​ភ្ញៀវ​បរទេស​វិល​មក​ជា​បណ្ដើរ​ៗ

កម្ពុជា​រំពឹង​ខ្ពស់​ទៅ​លើ​កំណើន​ទេសចរ​អន្តរជាតិ​​នៅ​ក្នុង​រដូវ​បុណ្យនា​​ចុង​ឆ្នាំ​នេះ​ និង​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ធ្វើ​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ​ដែល​មក​ទស្សនា​តំបន់​ទេសចរណ៍​ល្បីៗ​ ពិសេស​គឺ​អង្គរវត្ត​។

លោក ហុង​ ប៉ូលីន ដែល​មាន​បទ​ពិសោធន៍​ជា​មគ្គុទេសក៍​​ទេសចរណ៍​ជាង​មួយ​ទសវត្សរ៍​ ហើយ​បច្ចុប្បន្ន​ជា​ម​គ្គុ​ទេស​ក៍​ទេសចរណ៍នៅ​តំបន់​អង្គរ​ បាន​សម្ដែង​ការ​សប្បាយ​រីក​រាយ​នៅ​ពេល​ឃើញ​ទេសចរ​បរទេស​ជា​ច្រើន​វិល​ត្រលប់​មក​វិញ។ យោង​តាម​ម​គ្គុ​ទេស​ក៍​ទេសចរណ៍​រូប​នេះ វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​តែ​បង្ហាញ​សញ្ញាវិជ្ជមាន​ច្រើន​ បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ដោយ​សារ​កូវីដ-19។

លោក ប៉ូលីន និយាយ​ថា «ក្រោយ​ពី​កូវីដ-19​ ត្រូវ​បាន​គ្រប់គ្រង ទេសចរ​ក៏​ចាប់​ផ្ដើម​វិល​ត្រលប់​មក​កាន់​អង្គរវត្ត​ក្នុង​ចំនួន​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​។ ពិសេស​គឺ​នៅ​ខែ​តុលា និង​ខែវិច្ឆិកា ខ្ញុំ​ឃើញ​ថា ចំនួន​ភ្ញៀវ​​បរទេស​ដែល​វិល​ត្រលប់មក​កម្ពុជា​ ពិត​ជា​ច្រើន​»។

លោក ហុង ប៉ូលីន បច្ចុប្បន្នជាមគ្គុទេសក៍ទេសចរណ៍នៅតំបន់អង្គរ

លោក ស៊ិន ច័ន្ទសិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា​ បាន​ឱ្យ​ដឹង​ថា ក្នុងសប្ដាហ៍​កន្លង​ ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ដល់ព្រលាន​យន្តហោះ​សៀម​រាប បាន​​កើនជាមធ្យម​ប្រហែល 2,700 នាក់​/ថ្ងៃ​។ ភាគ​ច្រើន​ពួក​គេ​មក​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ (75%) និង​អឺរ៉ុប (25%)។ តួលេខ​នេះ​បាន​បង្ហាញ​អំពី​ការ​ងើប​ឡើង​វិញ​យ៉ាង​ខ្លាំង​ក្លា​របស់វិស័យ​ទេសចរណ៍​របស់​កម្ពុជា​។

ក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2023 កម្ពុជា​ទាក់​ទាញ​ទេសចរ​បរទេស​បាន​ 3.92 លាន​នាក់​ កើន​ 211% បើធៀប​នឹង​ដំណាក់​កាល​ដូចគ្នា​ក្នុង​ឆ្នាំ 2022​។ ភ្ញៀវ​​ថៃឈរ​លំដាប់​លេខមួយ​​ក្នុង​ចំណោម​ភ្ញៀវ​បរទេស​ដែល​បាន​មក​ទស្សនា​កម្ពុជា​ ខណៈ​ដែល​វៀតណាម និង​ចិន​ឈរ​លំដាប់​លេខ​ពីរ​ និង​លេខ​បី​។

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា អះអាង​ថា ​ចាប់​ពីចុង​ខែ​តុលា​ឆ្នាំ 2023 ដល់​ខែ​មីនា​ឆ្នាំ 2024 ចំនួន​ជើង​ហោះហើរ​មក​កាន់​ព្រលាន​យន្តហោះ​សៀម​រាប​នឹង​កើន​ឡើង​ដល់ 40 ជើង​ជា​រៀង​រាល់​សប្ដាហ៍​ ខណៈ​ចំនួន​ក្រុម​ហ៊ុន​អាកាសចរណ៍​នឹង​កើន​​ពី​ 9 ឡើង​ដល់ 10 ក្រុម​ហ៊ុន​។ យោងតាម​លោក ស៊ិន ច័ន្ទសិរីវុត្ថា វិស័យ​ទេសចរណ៍​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចរាល់ និង​បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ត្រៀម​សម្រាប់​ការ​វិល​ត្រលប់​របស់​ភ្ញៀវ​អន្តរជាតិ​។

កាល​ពី​ថ្ងៃទី 02 វិច្ឆិកា 2023 ក្រសួង​ទេសចរណ៍​កម្ពុជា ក៏​បាន​ចេញ​សេចក្តីជូនដំណឹងស្តីពី «កម្ពុជាជាគោលដៅទេសចរណ៍ឈានមុខគេលើពិភពលោក ផ្នែកទេសចរណ៍វប្បធម៌ និងដំណើរកម្សាន្តរបស់យុវជន ឆ្នាំ 2023»​ បន្ទាប់​ពី​មាន​កម្មវិធី​​បោះ​ឆ្នោត​ជ្រើស​រើស​​​តាម​អ៊ីនធើរណិត​ ដោយ​ក្រុម​អ្នក​ជំនាញ និងសាធារណជន​ពី​ជុំវិញ​ពិភពលោក​ ដែល​រៀប​ចំ​ដោយ​ក្រុម​ហ៊ុន​ World Travel Awards នៅ​ចក្រភព​អង់គ្លេស។

នៅ​ព្រឹក​ថ្ងៃទី 04 ខែវិច្ឆិកា ឆ្នាំ 2023 កម្ពុជា​ក៏​បាន​ទទួល​ភ្ញៀវបរទេស​ចូលមកកម្សាន្តនៅខេត្តព្រះសីហនុ តាមនាវាទេសចរណ៍មួយ​គ្រឿង ឈ្មោះ VIKING ORION របស់ប្រទេសន័រវែស​ ដែល​ដឹក​មនុស្ស​សរុប​ 1,337 នាក់​ ផងដែរ​៕

Advertisement