ឆ្នាំ2018 កំណើន​ជើងហោះហើរ​របស់​កម្ពុជា​មានការ​កើនឡើង​ជាង16​%

រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ បាន​បង្ហាញថា​ ចំនួន​ជើងហោះហើរ​ចូលក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ជាង10ម៉ឺន​ជើង​ ក្នុង​ឆ្នាំ2018កន្លងទៅ​នេះ​ ដែល​ចំនួន​នេះ​ គឺ​មានការ​កើនឡើង​ 16.2​% ដោយឡែក​ចំពោះ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ដែល​ធ្វើដំណើរ​តាមផ្លូវអាកាស​វិញ​ ក៏​មានការ​កើនឡើង​ចំនួន21.1​%ផង​ដែរ​ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ពេញ​មួយឆ្នាំ2017​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​។

ក្នុង​របាយការណ៍​បាន​បញ្ជាក់​ថា​ ក្នុង​ឆ្នាំ​ 2018កម្ពុជា​ទទួល​បាន​ជើងហោះហើរ​ចំនួន​ 104803​ ជើង​(ជាង​ 10,4ម៉ឺន​ជើង​) កើនឡើង​ 16.2​% ធៀប​នឹង​ឆ្នាំ2017​។ អ្នកដំណើរ​ជាតិ​ និង​អន្តរជាតិ​តាមផ្លូវអាកាស​មាន​ចំនួន​ 10556​ 547នាក់​ (ជាង10,55លាន​នាក់​) កើនឡើង​ 21.1​% ធៀប​នឹង​ឆ្នាំ2017​។ ទំនិញ​បាន​ចំនួន​ 74​ 655​ តោន​ កើនឡើង15.1​%។ ជើងហោះហើរ​រំលង​បាន​ចំនួន​ 66092​ ជើង​ កើនឡើង13​% និង​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​មាន​ចំនួន​ 47ក្រុមហ៊ុន​កើនឡើង​ 2%។

សូមជម្រាប​ថា​ ក្រុមហ៊ុន​បារាំង​ SCA​ បាន​និង​កំពុង​រៀបចំ​ចំណតយន្តហោះ​ និង​ពង្រីក​បន្ថែម​ផ្លូវ​រត់​យន្តហោះ​ នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​របស់​កម្ពុជា​ ដើម្បី​ត្រៀម​ទទួល​យន្តហោះ​របស់​គណៈ​-ប្រតិភូ​ដែល​នឹង​អញ្ជើញ​មក​ចូលរួម​ កិច្ចប្រជុំ​កំពូល​អាស៊ី​-អឺរ៉ុប​ និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នា​ពេល​បន្តបន្ទាប់​ និង​ដើម្បី​បង្កើន​ភ្ញៀវ​ទេសចរ​ផង​ដែរ​។

លោក​ ប៊ុ​ន នី​ អនុរដ្ឋ​លេខាធិការ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​ថា​៖“ ឧស្សាហកម្ម​ដឹកជញ្ជូន​ផ្លូវអាកាស​ ដើរតួ​នាទី​សំខាន់​នៅក្នុង​សកម្មភាព​សេដ្ឋកិច្ច​ពិភពលោក​។ ការ​ដឹកជញ្ជូន​តាមផ្លូវអាកាស​ ត្រូវ​បាន​ចាត់ទុកថា​ ជា​កត្តាផលិតកម្ម​យុទ្ធសាស្ត្រ​សំខាន់​មួយ​ផ្នែក​ ក្នុង​ការ​ជួយ​ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា​យើង​។ ឧស្សាហកម្ម​នេះ​ មាន​តួនាទី​សំខាន់2គឺ​៖1-ជា​សេវាកម្ម​ពាណិជ្ជកម្ម​ 2-ជា​យាន​សម្រាប់​កិច្ចការ​ពាណិជ្ជកម្ម​នៅក្នុង​វិស័យ​សេវា​កម្ម​ផ្សេង​ៗទៀត​”។

លោក​បញ្ជាក់​ថា​ វិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស​មិន​ត្រឹមតែ​ ជួយ​សម្រួល​ដល់​ការ​ដឹកជញ្ជូន​អ្នកធ្វើ​ ដំណើរ​ និង​ទំនិញ​នានា​ក្នុងរយៈពេល​ដ៏​ខ្លី​តាមដែល​អាច​ធ្វើ​ទៅ​បាន​ប៉ុណ្ណោះទេ​ ប៉ុន្ដែ​វិស័យ​នេះ​ក៏បាន​ជួយ​ដោយ​ផ្ទាល់​ ដល់​ការ​បង្កើន​សកម្មភាព​ពាណិជ្ជកម្ម​ទេសចរណ៍​ ចំណូលជាតិ​ និង​លើកកម្ពស់​ទំនាក់ទំនង​សង្គម​ និង​ផ្តល់​នូវ​ផល​ប្រយោជន៍​ផ្សេង​ៗទៀត​សម្រាប់​ប្រទេសជាតិ​ផង​ដែរ​។

ការផ្លាស់ប្ដូរ​សំ​ខាន់​ៗជាច្រើន​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​នេះ​ ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ឱ្យ​មានការ​អនុវត្ដ​តាម​បទ​ប្ប​ញ្ញ​ត្ដិ​ផ្នែក​សុវត្ថិភាព​ សន្ដិ​សុខ​ សេដ្ឋកិច្ច​ និង​បរិស្ថាន​ ក្នុង​ប្រតិបត្តិ​ការ​ដឹកជញ្ជូន​តាមផ្លូវអាកាស​ជាស​កល​ ហើយ​ជាពិសេស​ ត្រូវ​អនុវត្ដ​តាម​លក្ខខណ្ឌ​តម្រូវការ​នានា​របស់​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​(ICAO​)។ នេះ​បើ​តាម​ការ​លើកឡើង​បន្ថែម​ របស់​លោក​អនុរដ្ឋ​លេខាធិការ​។

ឯកឧត្តម​ ម៉ៅ​ ហា​វណ្ណា​ល់​ (Mao​ Havanall​) រដ្ឋមន្ត្រី​លេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​មានប្រសាសន៍​ថា​ វិស័យ​អាកាសចរណ៍​ក្នុង​តំបន់​បាន​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ដោយសារ​គោលនយោបាយ​បើកចំហ​របស់​រដ្ឋាភិបាល​ដែល​បាន​អនុវត្ត​តាំងពី​ឆ្នាំ1999​។

ឯកឧត្តម​បាន​បន្ថែម​ថា​ដោយសារ​ការ​ធ្វើ​ទំនើបកម្ម​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស​ការ​កែ​លម្អ​ស្ថានីយ​ព្រលា​នយន្តហោះ​នៅ​ទូទាំង​ប្រទេស​ និង​ការ​ពង្រឹង​បទបញ្ជា​នៅក្នុង​វិស័យ​អ្នកដំណើរ​ និង​ទំនិញ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ​។

ឯកឧត្តម​បាន​ចង្អុលបង្ហាញ​ថា​៖“អ្នកដំណើរ​ចំនួន​ 10,4​ លាន​នាក់​ បាន​ប្រើ​ប្រាស់​ព្រលា​នយន្តហោះ​កម្ពុជា​នៅ​ឆ្នាំ​ 2018​ ដែល​ជា​ការ​កើនឡើង​ គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ កាលពី​មួយ​ទសវត្សរ៍​មុន​នៅពេល​នោះ​មាន​មនុស្ស​ត្រឹមតែ​ 620.000​ នាក់​ បាន​ឆ្លង​កា​ត់​ព្រលា​នយន្តហោះ​ក្នុង​ស្រុក​ជា​រៀងរាល់​ឆ្នាំ​។ លើស​ពីនេះ​ទៅទៀត​ យើង​បាន​ចុះហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ផ្លូវអាកាស​ជាមួយ​បណ្តា​ប្រទេស​ចំនួន44​ នៅ​ទូទាំង​ពិភពលោក​ ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន47​ កំពុង​ហោះហើរ​ ចូល​ និង​ចេញពី​ប្រទេស​កម្ពុជា​។សូមជម្រាប​ថា​ កម្ពុជា​កំពុង​ប្រែក្លាយ​ជា​មជ្ឈមណ្ឌល​អាកាសចរណ៍​ និង​ទេសចរណ៍​មួយ​ ដែល​ មាន​ភាព​ទាក់ទាញ​ក្នុង​តំបន់​ និង​ពិភពលោក​ដែល​ជាទី​តាំង​ភូមិ​សាស្រ្ត​ល្អ​ប្រកប​ដោយសក្តានុពល​ យ៉ាង​ សម្បូរ​បែប​។ កត្តា​ខាងលើ​នេះ​ គឺ​ដោយសារតែ​កម្ពុជា​ជាទី​ផ្សារ​មួយ​ក្នុងចំណោម​ទីផ្សារ​ទេសចរណ៍​ ដែល​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​បំផុត​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​នៅតែ​បន្ត​រក្សា​កំណើន​ជាមធ្យម​ក្នុងរង្វង់8.5​%រហូតដល់​ឆ្នាំ2040​៕

Advertisement