វិស័យ​ទេសចរណ៍​របស់​កោះ Bali សង្ឃឹមថានឹង​ងើបឡើង​វិញ​នៅក្នុង​កិច្ចប្រជុំ​កំពូល G20

នៅពេល​ចំណាប់អារម្មណ៍​របស់​ពិភពលោក​បាញ់​ឆ្ពោះទៅរក​កិច្ចប្រជុំ​កំពូល G20 នៅ Bali ដែលមាន​ការចូលរួម​របស់​មេដឹកនាំ​រាប់សិប​រូប​មកពី​បណ្ដា​ប្រទេសអ្នកមានៗនៅ​ជុំវិញ​ពិភពលោក វិស័យ​ទេសចរណ៍​នៅ​កោះ​នេះ​ក៏​កំពុង​ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ។

កោះ Bali គឺ​ជាទី​រស់នៅ​របស់​ប្រជាជន​ជាង 4 លាន​នាក់​ដែល​រកប្រាក់​ចំណូល​សំខាន់​បាន​ពី​វិស័យ​ទេសចរណ៍។ មុនពេល​វិបត្តិ​កូ​វីដ-19 កើតឡើង កោះ Bali បានទទួល​ភ្ញៀវ​បរទេស​ជាង 6.2 លាន​នាក់​ជា​រៀងរាល់ឆ្នាំ។

ក៏ប៉ុន្តែ នៅពេល​កូ​វីដ-19 ករណី​ដំបូង​ត្រូវបាន​រកឃើញ​នៅ ឥណ្ឌូណេស៊ី កាលពី​ខែមីនា 2020 ស្ថានភាព​បាន​ប្រែប្រួល​ទាំងស្រុង។ ភ្ញៀវ​បរទេស​មកកាន់​កោះ Bali ថយ​ចុះមក​នៅត្រឹម 1 លាន​នាក់​ក្នុង​ឆ្នាំ 2020 នេះ​បើតាម Reuters។ មកដល់​ឆ្នាំ 2021 តួលេខ​នេះ​បាន​ថយ​ចុះមក​នៅត្រឹមតែ​ប៉ុន្មាន​សិប​នាក់​ប៉ុណ្ណោះ។

ដោយសារតែ​មិនមាន​ភ្ញៀវ ហាង​ទំនិញ ភោជនីយដ្ឋាន និង​តំបន់​លំហែកាយ​ក៏​ត្រូវបាន​បិទទ្វារ​ជា​បន្តបន្ទាប់ ខណៈដែល​ពលរដ្ឋ​ជាង 92,000 នាក់​ដែល​រស់​ដោយសារ​វិស័យ​ទេសចរណ៍​ក៏ត្រូវ​បាត់បង់​ការងារ និង​ត្រូវ​រក​ការងារ​ថ្មី។

សេដ្ឋកិច្ច​របស់​កោះ Bali ក៏​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ក្នុងនោះ កំណើន​ក្នុង​ឆ្នាំ 2020 ស្មើនឹង 9.3% ក្រោម​សូន្យ ធៀប​នឹង​ឆ្នាំ 2019 ហើយ​បន្ត​ធ្លាក់​ដល់ 2.5% ក្រោម​សូន្យ​នៅ​ឆ្នាំ 2021។

ក៏ប៉ុន្តែ អំឡុង​ចុងឆ្នាំ 2022 ស្ថានភាព​ទំនងជា​អាច​នឹង​ប្រសើរ​ឡើងវិញ​បន្តិច។ គិត​ត្រឹម​ខែតុលា​កន្លងទៅ ភ្ញៀវ​បរទេស​ជាង 1.5 លាន​នាក់ និង​ភ្ញៀវ​ក្នុងប្រទេស​ជាង 3.1 លាន​នាក់ បានមក​លេង​កោះ Bali។

មេដឹកនាំ​កោះ Bali លោក Dewa Made Indra បានឱ្យដឹងថា ការដែល​ព្រលានយន្តហោះ​អន្តរជាតិ Bali បើក​ដំណើរការ​ឡើងវិញ បូករួម​នឹង​ការដែល​ភ្ញៀវ​រាប់ពាន់​នាក់មក​ចូលរួម​កិច្ចប្រជុំ G20 និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ត្រូវបាន​រំពឹងថា នឹង​អាចជួយ​ដល់​លើកស្ទួយ​សេដ្ឋកិច្ច​តំបន់​នេះ​បាន​មួយកម្រិត​ធំ៕

Advertisement