ក្រសួង​ពាណិជ្ជកម្ម​ អនុញ្ញាត​ឱ្យ​ខេត្ត​ជាប់​ព្រំដែន​ចេញ​ CO​ Form​ D សម្រាប់​បង្កើន​ការ​តភ្ជាប់​សេដ្ឋកិច្ច​ក្នុង​តំបន់​

ថ្មី​ៗនេះ​ ខេត្ត​ចំនួន4​ ទៀត​ទទួល​បានការ​អនុញ្ញាត​សិទ្ធិ​ពី​ក្រសួង​ពាណិជ្ជកម្ម​ដើម្បី​ចាប់ផ្តើម​សេវាកម្ម​អនុវត្ត​ប្រព័ន្ធ​វិញ្ញាបនបត្រ​ប្រភព​ដើម​ទំនិញ​ទម្រង់​ D (CO​ Form​ D សម្រាប់​តែ​កសិផល​) ដែល​ជា​ទម្រង់​បែបបទ​មួយ​ អនុវត្ត​ដោយ​ផ្ទាល់​នៅ​តាម​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​។ នៅ​ថ្ងៃខាងមុខ​នឹង​បន្ត​ផ្តល់​ការអនុវត្ត​ប្រព័ន្ធ​ទម្រង់D​ នេះ​ដល់​ខេត្ត​ចំនួន2​ បន្ថែម​ទៀត​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​។

ឯកឧត្តម​ ស៊ាង​ ថៃ​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​មានប្រសាសន៍​ថា​ វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ទម្រង់​ D គឺ​ប្រៀប​ដូចជា​ ការ​ប្រគល់​លិខិតឆ្លងដែន​ ដល់​អាជ្ញាធរ​ខេត្ត​ដើម្បី​សម្របសម្រួល​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសជិតខាង​(ខេត្ត​ដែល​នៅ​ជាប់​ព្រំដែន​) និង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ផែនការ​បង្កើន​ការ​តភ្ជាប់​សេដ្ឋកិច្ច​នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ កម្ពុជា​ ឡាវ​ វៀតណាម​(CLV​ DTA​)។ ជា​រួម​ខេត្ត​ចំនួន4​ ដែល​ទទួល​បានការ​ផ្តល់​សេវា​ការអនុវត្ត​ប្រព័ន្ធ​ទម្រង់D​ នេះ​ មាន​ខេត្ត​ត្បូងឃ្មុំ​ ក្រចេះ​ ស្ទឹងត្រែង​ និង​ខេត្តមណ្ឌលគិរី​។

សូម​បញ្ជាក់​ថា​ វិញ្ញាបនបត្រ​ប្រភព​ដើម​ទម្រង់​ D (CO​ Form​ D) នេះ​ គឺជា​ឯកសារ​ផ្លូវការ​មួយ​ ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បញ្ជាក់​ថា​ ផលិតផល​នោះ​ត្រូវ​បាន​ផលិត​ទាំងស្រុង​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាទូទៅ​វា​ជាឯក​សារសំខាន់​ដែល​អ្នកទិញ​ត្រូវការ​។

ឯកឧត្តម​ ប៉ាន​ សូរ​ស័កិ្ត​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា​ ការអនុញ្ញាត​ឱ្យ​អាជ្ញាធរ​ខេត្ត​ ចេញ​ទម្រង់​បង្កើត​កិច្ច​សហប្រតិបត្តិ​ការ​រវាង​អាជ្ញាធរ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ខេត្ត​ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​។

ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ថា​ “យើង​បានសម្រេច​ចិត្ត​បើក​ដំណើរការ​សេវាកម្ម​នេះ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ ក្រចេះ​ ស្ទឹងត្រែង​ និង​មណ្ឌលគិរី​ ព្រោះ​ខេត្ត​ទាំងនេះ​ស្ថិតនៅ​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ ឡាវ​ វៀតណាម​ ព្រោះថា​ ការកាត់បន្ថយ​គម្លាត​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ និង​អត្រា​ភាព​ក្រីក្រ​គឺជា​ចំណុច​អាទិភាព​”។

ឯកឧត្តម​ ប៉ាន​ សូរ​ស័កិ្ត​ បាន​មានប្រសាសន៍​ទៀត​ថា​៖ “អាជ្ញាធរ​នៅ​តាម​បណ្តា​ខេត្ត​ទាំងនេះ​ នឹង​មានការ​ទទួលខុសត្រូវ​ក្នុង​ការគ្រប់គ្រង​ និង​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ តម្លាភាព​ និង​ការអនុវត្ត​ប្រព័ន្ធ​ទម្រង់D​(D Form​)នេះ​ដើម្បី​ជួយ​សម្រួល​ដល់​សកម្មភាព​របស់​អ្នកនាំ​ចេញ​ផលិតផល​កសិកម្ម​ និង​ចៀសវាង​ការ​ពន្យារពេល​ និង​ការ​រាំងស្ទះ​”។

ចាប់តាំងពី​ឆ្នាំ2017​ មក​ក្រសួង​ពាណិជ្ជកម្ម​បាន​ចេញ​លិខិតបញ្ជាក់​ពី​ប្រភព​ដើម​ដល់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​នៅ​ទូទាំង​ប្រទេស​ដោយ​លើក​ហេតុផល​ថា​ វា​នឹង​ជួយ​សម្រួល​ដល់​សកម្មភាព​អាជីវកម្ម​ និង​ការនាំចេញ​ និង​ជួយ​សន្សំសំចៃ​ប្រាក់​ និង​ពេលវេលា​ដល់​ក្រុមហ៊ុននាំចេញ​។

ឯកឧត្តម​ ស៊ាង​ ថៃ​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“វិញ្ញាបនបត្រ​ប្រភព​ដើម​ទម្រង់D​ នេះ​ សម្រាប់​ប្រើ​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​នាំ​ផលិតផល​ចេញ​ ឬនាំ​ផលិតផល​ចូល​។ កម្ពុជា​យើង​នាំចេញ​ទៅ​ប្រទេស​អាស៊ាន​ ភាគច្រើន​ជា​កសិផល​ រួមមាន​ពោត​ សណ្តែក​ ដំឡូង​ ទៅកាន់​វៀតណាម​ ថៃ​ ដែល​ជា​ប្រទេស​អ្នកជិតខាង​យើង​ និង​មាន​ទំនិញ​រួមផ្សំ​ដទៃទៀត​ដែរ​ តែ​សំខាន់​ឱ្យ​តែ​ជា​កសិផល​”។

ឯកឧត្តម​អ្នកនាំពាក្យ​បានឱ្យ​ដឹង​ទៀត​ថា​៖ “វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទម្រង់​ D ធ្វើ​នៅ​ និង​ផ្តល់​នៅ​ក្រសួង​ ពេល​ធ្វើ​ត្រូវ​ដាក់ពាក្យសុំ​នៅ​ក្រសួង​ តែ​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ យើង​គិតថា​កុំឱ្យ​រំខាន​ដល់​អ្នករក​ស៊ី​ យើង​ក៏​ឱ្យ​ដាក់​តាម​អន​ឡាញ​ (Online​) វា​លឿន​ជាង​មុន​ តែ​តាម​អន​ឡា​ញក៏​គាត់​ត្រូវ​យក​ CO​ នៅ​ភ្នំពេញ​ដែរ​ ដូច្នេះ​លោក​រដ្ឋមន្ត្រី​ ក៏​អនុញ្ញាត​រុញ​កិច្ចការ​នេះ​ឱ្យទៅ​ខេត្ត​ កន្លែង​អ្នក​ផលិត​តែម្តង​ ដើម្បី​សម្រួល​ដល់​អ្នកនាំ​ចេញ​ ហេតុនេះបានជា​យើង​ដាក់​នៅ​តាម​ខេត្ត​ ដូចដែល​យើង​បានឃើញ​ពិធី​ប្រគល់​នៅ​ខេត្តក្រចេះ​នោះ​”។

ឯកឧត្តម​បាន​បញ្ជាក់​ទៀត​ថា​ គម្រោង​នេះ​ក៏​ធ្លាប់​បាន​ផ្តល់​ឱ្យ​ខេត្ត5​ រួចមក​ហើយ​ គឺ​មាន​ខេត្ត​ប៉ៃលិន​ បាត់ដំបង​ បន្ទាយមានជ័យ​ ឧត្តរមានជ័យ​ និង​រតនគិរី​ ព្រមទាំង​ខេត្តស្វាយរៀង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន2​ ហើយ​យើង​ក៏​មាន​គម្រោង​ដាក់​ប្រព័ន្ធ​ទម្រង់​ D នេះ​ នៅ​ខេត្ត​មួយចំនួន​ទៀត​ មាន​ខេត្តតាកែវ​ កំពត​ និង​ខេត្ត​ជាប់​ព្រំដែន​ មាន​ខេត្តកោះកុង​ជាដើម​។

ឯកឧត្តម​ ស៊ាង​ ថៃ​ បាន​បន្ត​ថា​ ជា​រួម​យើង​បាន​ដាក់​តាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​ជា​ដំ​ណា​ក់​កាល​ៗ ព្រោះ​មុននឹង​ដាក់​ប្រព័ន្ធ​នេះ​យើង​ត្រូវ​បណ្តុះបណ្តាល​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ឱ្យ​គាត់​ចេះ​ប្រើ​ប្រព័ន្ធ​ទំនើប​នេះ​ និង​ត្រូវការ​សម្ភារ​ផង​ ត្រូវការ​ធនធានមនុស្ស​ផង​ដែរ​។ ការដែល​យើង​ធ្វើ​នៅ​តាម​ខេ​ត្ត​មុន​ៗ ដូចជា​ប៉ៃលិន​ បាត់ដំបង​ -ល- ដោយសារ​ខេត្ត​ទាំងនោះ​សម្បូរ​កសិផល​ ដូច្នេះ​នឹង​ធ្វើជា​បន្តបន្ទាប់​ ដោយធ្វើ​ជា​ជំ​ហាន​ៗសម្រាប់​ការ​តភ្ជាប់​សេដ្ឋកិច្ច​ក្នុង​តំបន់​របស់​យើង​។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ ការនាំចេញ​ផលិតផល​កសិកម្ម​ទៅ​តំបន់​អាស៊ាន​តាមរយៈ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទម្រង់​ D បាន​កើនឡើង​ពី​ 728លាន​ដុល្លារ​ក្នុង​ឆ្នាំ2016​ ដល់​ 1.4​ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ2018​៕

Advertisement