កម្ពុជា​ទទួល​បាន​ហិរញ្ញប្បទាន​ $1,000លាន​បន្ថែម​ពី​ធនាគារពិភពលោក​សម្រាប់​រយៈពេល​ 5ឆ្នាំ​

គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​ប្រចាំ​ធនាគារពិភពលោក​បាន​បង្ហាញថា​ ក្រុមប្រឹក្សា​នេះ​នឹង​ពិនិត្យ​អនុម័ត​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា​រយៈពេល​ 5ឆ្នាំខាងមុខ​ទៀត​ គឺ​ចាប់ពី​ឆ្នាំ2019​ ដល់​ឆ្នាំ2023​ ដោយ​គ្រោង​នឹង​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ​1,000លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​ដល់​កម្ពុជា​។

ឯកឧត្តម​ វង្សី​ វិស្សុត​ រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​លើកឡើង​ថា​ ទោះបីជា​កិច្ច​សហប្រតិបត្តិ​ការ​ និង​ភាពជា​ដៃគូ​រវាង​កម្ពុជា​ និង​ធនាគារពិភពលោក​ត្រូវ​ជួបប្រទះ​នឹង​ភាព​រអាក់រអួល​មួយ​រយៈ​ក្តី​ តែ​ភាពជា​ដៃគូ​នេះ​ត្រូវ​បាន​ស្តារ​ឡើងវិញ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដែល​ធ្វើ​ឱ្យ​ស្ថានភាព​កាន់តែ​ប្រសើរ​ឡើង​រហូតមកដល់​ពេលនេះ​។ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ធនាគារពិភពលោក​ក៏បាន​ផ្តល់​នូវ​អនុសាសន៍​លើ​វិស័យ​សំ​ខាន់​ៗមួយចំនួន​ផង​ដែរ​ ដើម្បី​តម្រង់​ទិស​ការ​អភិវឌ្ឍ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

ឯកឧត្តម​ វង្សី​ វិស្សុត​ បាន​មានប្រសាសន៍​ថា​៖ “ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជិត​ 10ឆ្នាំ​កន្លងមក​យើង​បាន​ធ្វើ​ប្រក្រតី​កម្ម​ និង​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ឡើងវិញ​”។

ឯកឧត្តម​បាន​លើកឡើង​ផង​ដែរ​ថា​ យើង​សង្ឃឹម​ថា​ ធនាគារពិភពលោក​នឹងអាច​ពង្រឹង​សារៈសំខាន់​នៃ​តួនាទី​របស់​ខ្លួន​ឡើងវិញ​ក្នុង​កិច្ច​អភិវឌ្ឍ​នៅ​កម្ពុជា​ ហើយនឹង​ក្លាយទៅជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​ធំ​ និង​សំខាន់​ជា​ថ្មី​ម្តង​ទៀត​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។

ក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​ប្រឹក្សា​នាយក​ប្រតិបត្តិ​ប្រចាំ​ធនាគារពិភពលោក​ ឯកឧត្តម​ វង្សី​ វិស្សុត​ បាន​បង្ហាញ​ពី​ចំណុច​សំ​ខាន់​ៗមួយចំនួន​នៃ​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុងរយៈពេល​ 20ឆ្នាំ​ចុងក្រោយ​នេះ​ផង​ដែរ​ ដោយ​ក្នុង​នោះ​កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុងរង្វង់​ជាមធ្យម7.7​% ក្នុង​ 1ឆ្នាំ​ និង​បាន​ប្រែ​ក្លាយ​ខ្លួន​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិតទាប​កាលពី​ឆ្នាំ2015​។ ចំពោះ​ ផលិតផល​ក្នុង​ស្រុក​សម្រាប់​មនុស្ស​ម្នា​ក់ៗ​បាន​កើនឡើង​ 4ដង​ ពី​ប្រមាណ​ 417ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2004​ ដល់​ប្រមាណ​ 1,563​ ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2018​។ ទន្ទឹម​នឹង​នេះ​ អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះពី​ជាង​ 53​%នៅ​ឆ្នាំ2004​ មក​នៅ​ត្រឹម​ប្រមាណ​13.4​% នៅ​ឆ្នាំ2014​ និង​ប្រហែល10​% នៅ​ឆ្នាំ2018​។ចំពោះ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​វិញ​ យើង​ឃើញថា​ មាន​កំណើន​ជា​វិជ្ជមាន​ ពី​ចំនួន17,723​ លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ2013​ ដល់​ប្រមាណ​ 31,638លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ2018​។

បន្ថែម​ពីលើ​នេះ​ កម្ពុជា​ក៏​មាន​ស្ថានភាព​វិជ្ជមាន​ផង​ដែរ​ក្នុង​ការ​ប្រមូល​ពន្ធ​ដែល​ជួយ​ឱ្យ​រាជរដ្ឋាភិបាល​កាន់តែ​មានលទ្ធភាព​ក្នុង​ការ​បង្កើន​ចំណាយ​លើ​វិស័យ​អាទិភាព​ និង​វិស័យ​លើកកម្ពស់​ប្រសិទ្ធភាព​ និង​ផលិតភាព​សេដ្ឋកិច្ច​។ បើ​គិត​ចាប់ពី​ឆ្នាំ2013​ ដល់​ឆ្នាំ2018​ ថវិកា​ចំណាយ​ក្នុង​វិស័យ​អប់រំ​បាន​កើន​ 3.2ដង​ ចំណែក​ឯវិស័យ​សុខាភិបាល​បាន​កើន​ចំនួន​ 2.5ដង​ និង​វិស័យ​កសិកម្ម​បាន​កើនឡើង​ចំនួន​ 3ដង​ ព្រមទាំង​ចំណាយ​វិនិយោគ​សាធារណៈ​ដែល​ហិរញ្ញប្បទាន​ដោយ​ថវិកាជាតិ​បាន​កើន​ 3.5ភាគរយ​ផង​ដែរ​។ ឯកឧត្តម​លើកឡើង​ផង​ដែរ​ថា​ ដើម្បី​សម្រេច​ទិសដៅ​របស់​កម្ពុជា​ក្នុង​ការ​ប្រែក្លាយ​ខ្លួន​ឱ្យទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2050​ រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​បង្កើន​កិច្ច​ខិតខំ​ថែមទៀត​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច​ជាតិ​។ ក្នុង​ទិសដៅ​នេះ​ កម្ពុជា​កំពុង​ជួប​នូវ​បញ្ហា​ប្រឈម​ជា​រចនាសម្ព័ន្ធ​មួយចំនួន​ រួមមាន​៖ ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​នៅ​តូច​ចង្អៀត​ ភាព​ប្រកួតប្រជែង​នៅ​ទន់ខ្សោយ​ កង្វះ​ពលកម្ម​ជំនាញ​ កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ និង​កំណើន​ឆាប់រហ័ស​នៃ​នគរូបនីយកម្ម​ជាដើម​ ដែល​តម្រូវ​ឱ្យ​មានការ​បង្កើន​ការ​វិនិយោគ​បន្ថែម​ដើម្បី​បំពេញ​គម្លាត​ទាំងនេះ​។ ឯកឧត្តម​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ស្ថានភាព​បំណុល​សាធារណៈ​របស់​កម្ពុជា​មាន​ចីរភាព​ និង​ហានិភ័យ​កម្រិតទាប​ ខណៈ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរ​ជា​តិ​ធំៗ​បាន​ចាត់ទុកថា​ ជា​ប្រទេស​គំរូ​ក្នុង​ការគ្រប់គ្រង​បំណុល​សាធារណៈ​នៅក្នុង​តំបន់​។ទោះបី​បច្ចុប្បន្ន​មានដៃ​គូ​ និង​ប្រទេស​កាន់តែ​ច្រើន​ចង់​ឱ្យ​កម្ពុជា​ខ្ចីប្រាក់​ក្តី​ តែ​កម្ពុជា​នឹង​មិនខ្ចី​ឡើយ​ ប្រសិន​បើ​មិន​ចាំបាច់​ និង​មិន​ឆ្លើយតប​នឹង​តម្រូវការ​ និង​អាទិភាព​ទេ​នោះ​។

គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​ (Board​ of​ Directors​) ប្រចាំ​ធនាគារពិភពលោក​ បាន​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា​រយៈពេល​ 5ថ្ងៃ​ ចាប់​ពី​ថ្ងៃទី8​ ដល់​ថ្ងៃទី13​ ខែឧសភា​ ឆ្នាំ2019​ ដើម្បី​សិក្សា​ស្វែងយល់​អំពី​វឌ្ឍនភាព​ ព្រមទាំង​បញ្ហា​ប្រឈម​របស់​ប្រទេស​ជាស​មា​ជិ​ក និង​ការរៀបចំ​តម្រង់​ទិស​ជា​យុទ្ធសាស្ត្រ​នៃ​ប្រតិបត្តិ​ការ​របស់​ធនាគារពិភពលោក​ ដើម្បី​ជួយ​គាំទ្រ​ប្រទេស​ជាស​មា​ជិ​កដោះស្រាយ​ឱ្យ​ចំ​បញ្ហា​ប្រឈម​ទាំងនោះ​។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ គណៈប្រតិភូ​បាន​ផ្លាស់​ប្តូរ​មតិយោបល់​ពាក់ព័ន្ធ​បញ្ហា​បរិស្ថាន​ និង​បញ្ហា​នគរូបនីយកម្ម​នៅ​តាម​ទីក្រុង​ ព្រមទាំង​ការអប់រំ​នៅ​ក្នុង​កម្រិតមធ្យម​សិក្សា​ដែល​បច្ចុប្បន្ន​ទោះបីជា​អត្រា​នៃ​ការ​ចូលរៀន​មានកម្រិត​ខ្ពស់​ក៏ដោយ​ តែ​ការបោះបង់​ចោលការ​សិក្សា​ក៏​នៅតែ​ជា​បញ្ហា​ប្រឈម​នៅឡើយ​។ ទន្ទឹម​នឹង​នេះ​ ការ​បន្ត​លើកកម្ពស់​គុណភាព​ឧត្តម​សិក្សា​ ពិសេស​ការ​គាំទ្រ​ដល់​ការសិក្សា​ និង​ស្រាវជ្រាវ​លើ​មុខជំនាញ​វិទ្យាសាស្ត្រ​ពិត​(STEM​) គឺជា​មូលដ្ឋាន​មិន​អាច​ខ្វះ​បាន​សម្រាប់​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​៕

Advertisement