ការនាំចេញ​ទៅកាន់​សហ​រដ្ឋ​អាមេរិក​កើនឡើង​ក្នុង​ឆ្នាំ2018

នៅក្នុង​ឆ្នាំ2018​ បើ​ទោះបីជា​ទំនាក់ទំនង​ការទូត​មានការ​ធ្លាក់ចុះ​ក្ដី​ ក៏​ការនាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភពលោក​បាន​កើនឡើង​ 25​% ដែល​នេះ​ជា​ការ​កើនឡើង​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​។

ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​បង្ហាញថា​ ការនាំចេញ​សរុបទៅ​សហរដ្ឋអាមេរិក​មាន​ចំនួន​ 3.82ពាន់​លាន​ដុល្លារ​ គឺ​កើនឡើង​ពី​ 3.06ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2017​។

ការនាំចេញ​របស់​សហរដ្ឋអាមេរិក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ចំនួន​ 446.6លាន​ដុល្លារ​នៅ​ឆ្នាំ2018​ ពោល​គឺ​កើនឡើង​ 11​% ធៀប​នឹង​ឆ្នាំ2017​ ដែល​មាន​ចំនួន​ត្រឹមតែ​ 400.2លាន​ដុល្លារ​។

ឯកឧត្តម​ ស៊ាង​ ថៃ​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​ ការប្រើ​ប្រាស់​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​ (The​ Generalized​ System​ of​ Preferences​ ឬ ​GSP​)សម្រាប់​កម្ពុជា​ ការ​ធ្វើ​ចរាចរទំនិញ​ គឺជា​ការ​រួមចំណែក​យ៉ាង​សំខាន់​ដល់​កំណើន​នាំចេញ​ទៅ​អាមេរិក​។

ឯកឧត្តម​បាន​មានប្រសាសន៍​ថា​ កន្លងមក​ជាច្រើន​ឆ្នាំនេះ​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ដោយ​មិន​គិត​ពន្ធ​លើ​ការនាំចេញ​ទំនិញ​ជាច្រើន​ទៅ​សហរដ្ឋអាមេរិក​ក្រោម​គម្រោង​ GSP​ ដូចជា​សម្លៀកបំពាក់​ កាបូបស្ពាយ​ និង​ថ្មី​ៗនេះ​បាន​ផ្តល់​ការ​មិន​គិត​ពន្ធ​លើ​ទំនិញ​កាបូប​ធ្វើដំណើរ​ថែមទៀត​(តែ​ចំនួន​មិន​ច្រើន​ទេ​)។ឯកឧត្តម​ ស៊ាង​ ថៃ​ បាន​បញ្ជាក់​ថា​៖“សិទ្ធិ​ GSP​ របស់​កម្ពុជា​មិនមែន​ថា​ ការនាំចូល​ទំនិញ​ ដោយ​មិន​បង់ពន្ធ​នោះ​ទេ​ គឺ​ត្រូវ​បង់ពន្ធ​ តែ​ដោយសារ​ទំនិញ​ភាគច្រើន​ដែល​នាំទៅ​អាមេរិក​នោះ​បាន​រួច​ពន្ធ​ គ្រាន់តែ​មិនទាំង​ស្រុង​ វា​រាង​ធូរ​ជាងគេ​”។

ឯកឧត្តម​បន្ត​ថា​ ថ្មី​ៗនេះ​មាន​ព័ត៌មាន​ទាក់ទង​អំពី​ការ​ស្នើ​ឱ្យ​មានការ​កំណត់​សិទ្ធិ​ GSP​ របស់​កម្ពុជា​(ឱ្យ​ដក​ការ​អនុគ្រោះ​ពន្ធ​ GSP​)ដែល​តាមន័យ​នេះ​ ចំពោះ​ផលប្រយោជន៍​សេដ្ឋកិច្ច​ វា​មានការ​បាត់បង់​ខ្លះ​ហើយ​ ព្រោះ​យើង​ធ្លាប់​ទទួល​បានការ​អនុគ្រោះ​ពន្ធ​ នាំ​ទំនិញ​ទៅ​គេ​ បង់ពន្ធ​តិច​ បើ​គេ​ដក​ GSP​ ចេញ​ យើង​ត្រូវ​បង់ពន្ធ​ច្រើន​ វា​នឹង​បាត់​ថវិកា​ចំណេញ​របស់​យើង​”។

ឯកឧត្តម​បាន​បញ្ជាក់​ទៀត​ថា​ យើង​សង្ឃឹមថា​សហរដ្ឋអាមេរិក​នឹង​គិត​អំពី​រឿង​នេះ​ ដោយសារ​យើង​មាន​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​ ពិសេស​អាមេរិក​ក៏បាន​ធ្វើជា​មួយ​គ្នា​ច្រើន​ដែរ​ហើយ​។ ជាមួយគ្នា​នេះ​ដែរ​ សភា​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ក៏បាន​ធ្វើ​លិខិត​ទៅកាន់​រដ្ឋាភិបាល​របស់​ខ្លួន​ឱ្យ​ជំរុញ​ការ​ជួយ​មក​កម្ពុជា​បន្ត​ទៀត​ ព្រោះ​អាមេរិក​មាន​គោលនយោបាយ​ជួយ​ប្រទេស​ក្រីក្រ​ ដោយ​មិន​ត្រូវ​ដក​ការ​អនុគ្រោះ​ពន្ធ​ទេ​ ព្រោះ​កម្ពុជា​មិនទាន់​ឆ្លងផុត​ពី​ការ​-ត្រូវការ​រក​ជំនួយ​នៅឡើយ​។

ចំពោះ​ពាណិជ្ជករ​ និង​វិនិយោគិន​អាមេរិក​ជាច្រើន​ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា​ ក៏បាន​យល់​ពី​ស្ថានភាព​របស់​កម្ពុជា​ និង​សប្បាយចិត្ត​ក្នុង​ការ​រកស៊ី​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ដែរ​។ យើង​ក៏​ពុំ​ទាន់​មាន​ដាក់​ញត្តិ​ ឬលិខិត​អ្វីទៅ​កាន់​សហរដ្ឋអាមេរិក​នៅឡើយ​ទេ​ក្នុង​បញ្ហា​ GSP​ នេះ​ ព្រោះ​មិនទាន់​ដល់ពេល​ ឬមិន​ទាន់​មានហេតុ​ផល​ណា​ដែល​ត្រូវ​ដាក់​លិខិត​អ្វី​ដែរ​ ព្រោះថា​ ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក​ មិន​ត្រឹមតែ​មានការ​រីកចម្រើន​ប៉ុណ្ណោះទេ​ តែ​ថែមទាំង​បាន​ធ្វើ​ពិពិធ​កម្ម​ទៀតផង​”។ នេះ​បើ​តាម​ប្រសាសន៍​របស់​ឯកឧត្តម​ ស៊ាង​ ថៃ​។

ក្នុងរយៈពេល​ 11ខែ​នៃ​ឆ្នាំ2018​ ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក​ក្រោម​គម្រោង​ GSP​ មានតម្លៃ​ 675លាន​ដុល្លារ​។ ការនាំចេញ​ទំនិញ​ក្រៅពី​ទំនិញ​ធ្វើដំណើរ​ក្រោម​ GSP​ មាន​ចំនួន​ 321លាន​ដុល្លារ​។ ក្នុងអំឡុងពេល​នោះ​ជាមួយនឹង​ការនាំចេញ​ផលិតផល​ប្លាស្ទិក​ដែល​មានតម្លៃ​ 133លាន​ដុល្លារ​ ផលិតផល​ឈើ​មាន​ 78លាន​ដុល្លារ​គ្រឿងសង្ហារិម​ ចំនួន​ 51លាន​ដុល្លារ​ដែក​ និង​ផលិតផល​ដែកថែប​មាន​ចំនួន​ 21លាន​ដុល្លារ​ និង​គ្រឿងបន្លាស់​រថយន្ត​ មាន​ចំនួន​ 14លាន​ដុល្លារ​៕

Advertisement