ថៃ​បញ្ចុះ​ថ្លៃ​ទិដ្ឋាការ​ និងការ​​ស្នាក់​នៅ​សម្រាប់​ពលករ​កម្ពុជា

ក្រសួង​ការ​ងារ​ថៃ បាន​ចេញ​អនុក្រឹត្យ​​ថ្មី​មួយ​ដែល​កំណត់​តម្លៃ​ថ្មី​ទៅ​លើ​​ការត្រួត​ពិនិត្យ​ និង​ផ្ដល់​លិខិត​ពលកម្ម​ ចំពោះ​ពលករ​បរទេស​ដែល​មក​ពី​ កម្ពុជា និង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​​។

យោង​តាម​សារព័ត៌មាន​ក្នុងស្រុក អនុក្រឹត្យ​​ខាងលើ​មាន​សុពលភាព​រយៈ​ពេល​ 4 ឆ្នាំ ដោយ​ចាប់​ផ្ដើម​អនុវត្ត​ពី​ថ្ងៃទី 10 វិច្ឆិកា 2023 និង​អនុវត្ត​សម្រាប់​ពលករ​ដែល​ធ្វើ​ការ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សន្យា ឬ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​ (MoU) ដែល​ទាក់​ទង​នឹង​ការ​ជ្រើស​រើស​ពលករ​។

សេចក្ដី​សម្រេច​ថ្មី​នេះ​កំណត់​ថា ថ្លៃ​ទិដ្ឋាការ​សម្រាប់​ពលករ​មក​ពី​ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម​ ត្រូវ​បាន​កាត់​បន្ថយ​ពី 2,000 បាតនា​បច្ចុប្បន្ន មក​នៅត្រឹម​ 500 បាត ស្រប​ពេល​ដែល​ថ្លៃ​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ (ថ្លៃ​ពន្យារ​ពេល​ទិដ្ឋាការ​រៀង​រាល់​ឆ្នាំ) ក៏​ត្រូវ​បាន​បន្ថយ​ពី 1,900 បាត​នា​បច្ចុប្បន្ន មក​នៅ​ត្រឹម​ 500 បាត​ផងដែរ​។

ក្រសួង​ការ​ងារ​ថៃ​សង្កត់​ធ្ងន់​ថា អនុក្រឹត្យ​​ខាងលើ​គឺ​​ស្រប​នឹង​​វិធីសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់​គ្រង​ការ​ជ្រើស​រើស​ពលករ​បរទេស​ ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ប្រទេស​នេះ ក៏​ដូចជា​ការ​រួម​ចំណែក​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​សម័យ​កូវីដ-19​។

យោង​តាម​ព័ត៌មាន​របស់​នាយកដ្ឋាន​រដ្ឋបាល​ការ​ងារ​បរទេស​នៃ​ប្រទេស​ថៃ ក្នុង​ខែ​កញ្ញា ប្រទេស​នេះ​មាន​ពលករ​បរទេស​ចំនួន​ 2,593,439 នាក់​ និង​ប្រហែល​មួយ​លាន​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាលដាក់​ពាក្យ​​ស្នើ​សុំ​លិខិត​អនុញ្ញាត​ការ​ងារ​ ទៅតាម​អនុក្រឹត្យ​ចុះថ្ងៃទី 03 តុលា ឆ្នាំ 2023 របស់​រដ្ឋាភិបាល​ថៃ​៕

Advertisement