តើ​ការផ្តល់​ដី​សម្បទាន​មាន​ប្រយោជន៍​អ្វីខ្លះ​សម្រាប់​សេដ្ឋកិច្ចប្រទេសកម្ពុជា?

ដោយសារតែ​សណ្ឋាន​ដី​នៅ​កម្ពុ​ជាមាន​លក្ខណៈ​អំណោយផល​ពី​ធម្មជាតិ​បាន​ទាក់ទាញ​វិនិយោគិន​បរទេស​ក៏ដូចជា​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួន​មក​ជួល​ដី​ពី​រដ្ឋាភិបាល​តាមរយៈ​ការធ្វើសម្បទាន​ដី​សេដ្ឋកិច្ច​ដើម្បី​ធ្វើ​កសិកម្មផ្សេងៗក្នុង​ទ្រង់ទ្រាយធំៗក្នុង​គោលដៅ​នាំចេញ​ផលិតផល​កសិកម្ម​ចេញទៅ​ក្រៅប្រទេស​ឱ្យបាន​កាន់តែច្រើន។

លោក ស្រី វុ​ឌ្ឍី សមាជិក​អ្នកនាំពាក្យ​ក្រសួងកសិកម្ម​បានឱ្យដឹង​ថា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅឱ្យ​ក្រុមហ៊ុន​ឯកជន​នានា ទាំង​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជាច្រើន​បាន​ជួយ​រក​ចំណូល​ចូល​រដ្ឋ​បាន​ប្រមាណ​ជាង 6លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំនេះ ដែល​ក្រុមហ៊ុន​ទាំងនោះ ភាគច្រើន​ដាំ​ដំណាំ​កសិកម្ម និង​ក​សិ-ឧស្សាហកម្ម។ ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​ពីរ​ដ្ឋ ភាគច្រើន​ដាំ​ដំណាំ​កៅស៊ូ ដំណាំ​ស្វាយចន្ទី ដូងប្រេង ដំឡូង​មី និង​ចេកអំបូង​លឿង ដែល​ផលិតផល​កសិកម្ម និង​ក​សិឧស្សាហកម្ម​ទាំងនេះ ផលិតឡើង​ក្នុង​គោលដៅ​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន។

លោក​បន្តថា ក្រៅពី​រក​ចំណូល​ចូល​រដ្ឋ​ពី​ការជួល​ដី​ហើយ រដ្ឋាភិបាល​នៅ​ទទួលបាន​ផលចំណេញ​ពី​ការដក​យកពន្ធ​ថែមទៀត ដូចជា​ពន្ធអាករ​លើ​តម្លៃបន្ថែម ពន្ធ​លើ​ផលរបរ និង​ការផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជាដើម។ ក្រៅពីនោះ​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​មាន​តួនាទី​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋានផ្សេងៗ ដូចជា​ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ និង​សាលារៀន​ជាដើម ដែល​បាន​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​រស់នៅ​តាម​ទីជនបទ​ឱ្យមាន​ភាពប្រសើរឡើង ជាពិសេស​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅ​ក្រៅប្រទេស ហើយ​ថវិកា​ដែល​ទទួលបាន​ពី​ការលក់​ផលិតផល​ទាំងនោះ​ក៏បាន​ហូរ​ចូលមក​ប្រទេស​កម្ពុជា​វិញ ជាការ​រួមចំណែក​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ដែរ។

យោងតាម​តួលេខ​ដែល​ចេញផ្សាយ​ដោយ​ក្រសួងកសិកម្ម​កាល​ពីស​ប្តា​ហ៍​មុន​បានឱ្យដឹងថា មកទល់​ឆ្នាំ2018នេះ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន 1,178,646ហិកតា​ទៅដល់​ក្រុមហ៊ុន​ឯកជន​សរុប​ចំនួន 229ក្រុមហ៊ុន នៅ​ទូទាំងប្រទេស​ដែល​ក្រុមហ៊ុន​ទាំងនោះ​មាន​ទាំង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​ក្រៅ​ស្រុក និង​ក្រុមហ៊ុនសហកម្មសិទ្ធិ​រវាង​អ្នកវិនិយោគ​ក្នុង និង​ក្រៅប្រទេស។

លោក​ថា ក្រុមហ៊ុន​ឯកជន​ទាំង 229នោះ គឺជា​ក្រុមហ៊ុន​ដែលមាន​សកម្មភាព​ខ្លាំង​ក្នុង​ប្រតិ​ប​ត្តិ​ការដាំដុះ​ដំណាំ​កសិកម្ម​ខាងលើ ដែល​សរុប​ផ្ទៃដី​ដាំ​ដុះ​រួចរាល់​មាន​ចំនួន 438,250ហិកតា និង​កំពុង​ឈូសឆាយ​ផ្ទៃដី​ចំនួន 515.701ហិកតា​ទៀត​ដើម្បី​ត្រៀម​ដាំ​ដុះ​បន្ថែម ដោយបាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ប្រមាណ​ជា 64,119នាក់។ ជាមួយគ្នានេះ​រដ្ឋាភិបាល​បាន​លុបចោល​អាជ្ញាប័ណ្ណ​សម្បទាន​ចំនួន 248ក្រុមហ៊ុន ដោយ​សារភាព​អសកម្ម ក្រោយពី​ទទួលបាន​ច្បាប់​អនុញ្ញាត និង​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​រួចមក៕

Advertisement