WB ថា អត្រានៃភាពក្រីក្រ​នៅ​​កម្ពុជា​ អាចនឹងកើន 6% នៅឆ្នាំ 2040

របាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា (CCDR) របស់ធនាគារពិភពលោក (World Bank – WB) ដែលត្រូវ​បាន​ចេញផ្សាយកាលពីថ្ងៃទី 16 តុលា 2023 បានបញ្ជាក់អំពីភាពបន្ទាន់នៃ​ការ​ដោះ​ស្រាយ​​បញ្ហា​អាកាសធាតុ ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងផ្ដល់​អនុសាសន៍សម្រាប់​ការ​ដោះ​ស្រាយ​បញ្ហា​នេះផងដែរ​។

របាយការណ៍នេះ​​របស់ WB បានអះអាងថា សមិទ្ធផលសេដ្ឋកិច្ចរីកចម្រើនដែលកម្ពុជា​សម្រេច​បានកន្លងមក កំពុងមាន​ការ​គំរាមកំហែង​ពី​បញ្ហាអាកាសធាតុ​​។ គោលដៅរបស់កម្ពុជាដែល​ចង់​ក្លាយ​ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 អាចនឹងនៅតែមិនទាន់សម្រេចបាន ប្រសិនបើមិនមានវិធានការ​តឹង​រ៉ឹង​ និង​គ្រប់​គ្រាន់ នៅ​​ក្នុង​ការ​ដោះស្រាយបញ្ហាអាកាសធាតុ។

របាយការណ៍នេះក៏​បានព្រមានអំពីការធ្លាក់ចុះនៃ​ផលិតផលក្នុងស្រុកសរុប​របស់​កម្ពុជា​ រហូតដល់ 9% នៅឆ្នាំ 2050 និងការកើនឡើងរបស់​អត្រានៃភាពក្រីក្ររហូតដល់ 6% នៅឆ្នាំ 2040។

WB បានរៀបរាប់​អំពី​កត្តាជាច្រើនដែលជាមូលហេតុនាំ​ឱ្យ​មាន​ការព្រួយបារម្ភខាង​លើ ក្នុង​នោះ​ក៏​មាន​​ទាំងឧបសគ្គផ្នែកច្បាប់ដែលទាក់ទងនឹងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ការវិនិយោគក្នុងស្រុកនៅតិច និងការកើនឡើងបំណុលឯកជនជា​ដើម​។ ក្រៅ​ពី​នេះ កត្តាម៉ាក្រូសេដ្ឋកិច្ចពីខាងក្រៅ ដែល​មាន​ដូច​ជា​បញ្ហា​ទីផ្សារ ឬប្រភពហិរញ្ញប្បទាននៅមាន​កម្រិត​ជា​ដើម​ ក៏​​អាច​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកម្ពុជានៅតែប្រឈមនឹងការប៉ះពាល់​។

លើស​ពី​នេះ “ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា កើនឡើងបន្ថែមទៀត ដោយសារ​បញ្ហា​អាកាសធាតុ ដែលបន្ថែមភាពស្មុគស្មាញដល់ការ​អភិវឌ្ឍន៍» លោក Mariam Sherman នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ បញ្ជាក់ដូច្នេះ​។

លោក Manuela V Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និយាយ​ថា កម្ពុជាត្រូវដោះស្រាយផលប៉ះពាល់ធ្ងន់​ធ្ងរ​នៃការប្រែប្រួលអាកាសធាតុមកលើសេដ្ឋកិច្ច និង​ដាក់វិធានការតឹងរ៉ឹង​​ក្នុងការ​កាត់បន្ថយការបំភាយកាបូន។

ការ​ប្រែប្រួល​អាកាសធាតុ​គឺជា​ដើម​ហេតុ​នៃ​គ្រោះ​ធម្មជាតិ​នានា​។ ឧទាហរណ៍ គិតពីឆ្នាំ 2019 មកនេះ​ កម្ពុជា​ បាន​ខាត​បង់គិតជាតម្លៃសេដ្ឋកិច្ចប្រហែល 100 លានដុល្លារក្នុងផលិតកម្មស្រូវ ដែលបណ្តាលមកពីគ្រោះរាំងស្ងួតបង្កឡើងដោយបាតុភូតអាកាស​ធាតុ El Nino។ ក្រៅ​ពី​នេះ ក្នុងខែកញ្ញា ឆ្នាំ 2022 ប្រទេសកម្ពុជា ក៏បានជួបនឹងជំនន់ទឹកភ្លៀងខ្លាំងបំផុតក្នុងអំឡុងបីឆ្នាំ ប៉ះពាល់ដល់គ្រួសាររាប់​ម៉ឺន​គ្រួ។

ធនាគារពិភពលោក ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជន បញ្ជូលវិធានការឆ្លើយតបនឹងបញ្ហា​អាកាសធាតុ ទៅក្នុងការវិនិយោគ​ផងដែរ​៕

Advertisement