អគារពាណិជ្ជកម្មខ្ពស់ជាងគេនៅអាស៊ាន នឹងបើកការដ្ឋាននៅថ្ងៃទី១សីហា

ភ្នំពេញៈ ទីបំផុតអគារពាណិជ្ជកម្មភ្លោះ ថៃ ប៊ុនរ៉ុង ដែលជាអគារខ្ពស់ជាងគេ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេក្នុងតំបន់អាស៊ានកម្ពស់ ៥៥០ម៉ែត្រ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១ សីហា ឆ្នាំ ២០១៧ ខាងមុខនេះ។

លោកសាស្រ្តាចារ្យ ទួស សាភឿន ស្ថាបត្យករដែលបានចូលរួមគូរប្លង់អគារនេះ និងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន ថៃ ប៊ុនរ៉ុង បានថ្លែងឲ្យដឹងតាមទូរស័ព្ទ កាលពីម្សិលមិញថា លោកឧកញ៉ា ខូវ សម្បត្តិ អគ្គនាយកក្រុមហ៊ុនថៃ ប៊ុនរ៉ុង បានសម្រេចជ្រើសរើសយកថ្ងៃទី១ សីហាខាងមុខនេះ ដើម្បីបើកការដ្ឋានសាងសង់អគារនេះជាផ្លូវការហើយ។ ការសាងសង់អគារនេះនឹងចាប់ផ្តើមជាមួយទុនវិនិយោគ ២១០០លានដុល្លារ និងគ្រោងចំណាយថវិកា ៣០០០ លានដុល្លារទៀត ដើម្បីឲ្យអគារនេះដំណើរការរស់រវើកក្រោយពេលសាងសង់ចប់។ អគារនេះ រួមមានអាផាតមិនទំនើប សណ្ឋាគារលំដាប់ផ្កាយ៦ អគារការិយាល័យ ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មគ្រប់ប្រភេទនៅទីនេះ។

លោកសាស្រ្តាចារ្យ ទួស សាភឿន បានបន្តថា តាមគម្រោងអគារនេះគ្រោងនឹងសាងសង់ ១៣៣ជាន់ និងកម្ពស់ ៥៥០ម៉ែត្រ ប៉ុន្តែមិនទាន់ពិតប្រាកដនៅឡើយទេ ព្រោះកម្ពស់របស់អគារនេះអាចមានការប្រែប្រួលនៅពេលខាងមុខ។

តាមគម្រោង អគារពាណិជ្ជកម្មខ្ពស់កប់ពពកនេះនឹងសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុនសំណង់ Hsin Chong Construction Group Ltd និងសហការវិនិយោគរវាងក្រុមហ៊ុន Thai Boon Rong Group និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅទីក្រុងម៉ាកាវ Sun Kian Ip Group។

អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ប្រសិនបើគិតពីទីផ្សារនាពេលបច្ចុប្បន្ន វត្តមានអគារនេះហាក់ដូចជាធំបន្តិចបើធៀបនឹងសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែវានឹងមិនធំទេសម្រាប់ពេលអនាគត ប្រសិនជាប្រទេសរបស់យើងបន្តរីកចម្រើនបន្ថែមទៀត។

អ្នកនាងបន្តថា ភាពជោគជ័យរបស់គម្រោងធំបែបនេះ វាអាស្រ័យលើយុទ្ធសាស្រ្តរបស់អ្នកវិនិយោគលើអគារនេះថា តើពួកគេនឹងផ្តល់អ្វីពិសេសសម្រាប់អតិថិជនយ៉ាងដូចម្តេចខ្លះ ដើម្បីឲ្យពួកគេទិញ ប្រើប្រាស់ និងស្នាក់នៅក្នុងអគារនេះ។ «ការសាងសង់បញ្ចប់ មិនកំណត់ពីភាគជោគជ័យរបស់អគារនេះទេ ភាពជោគជ័យរបស់អគារនេះ នឹងកំណត់ដោយការប្រើប្រាស់របស់វាថា មានសកម្មភាពមមាញឹកបែបណា»៕

Advertisement