Wing ប្រើប្រាស់យន្តហោះដ្រូន ដឹក និងប្រគល់ទំនិញជាមាន់អាំង និងអាហារដទៃរាប់ម៉ឺនឈុត ដល់អតិថិជន

Alphabet ដែលជា​ក្រុមហ៊ុនមេ​របស់ Google ឱ្យដឹងថា យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) របស់ខ្លួន បាន​ដឹក និង​ប្រគល់​ទំនិញ​ជា​កាហ្វេ​ចំនួន 10,000 កែវ, អាហារសម្រន់ 1,700 ឈុត និង​មាន់​អាំង​ចំនួន 1,200 ឈុត នៅ​ទីក្រុង Logan ប្រទេស​អូស្ត្រាលី កាលពី​ឆ្នាំ 2020។

ក្នុង​ឆ្នាំ 2021 Wing បានប្រគល់​ទំនិញ​ជាង 50,000 លើក នៅក្នុង​ទីក្រុង Logan ប្រទេស អូស្ត្រាលី ក្នុង​ឆ្នាំ 2021 ដោយ​ប្រើប្រាស់​យន្តហោះ​ដ្រូ​ន។

សេវាកម្ម​ប្រគល់​ទំនិញ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ ត្រូវបាន Wing ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Alphabet ចាប់ផ្ដើម​ដំណើរការ​នៅ អូស្ត្រាលី កាលពី​ឆ្នាំ 2019 បន្ទាប់ពី​ការធ្វើ​តេស្ត​ជាច្រើនលើក រាប់​ចាប់ពី​ឆ្នាំ 2014។ អតិថិជន​អាច​បញ្ជា​ទិញ​ទំនិញ​ដូចជា​អាហារ​ជាដើម តាមរយៈ​កម្មវិធី​ទូរស័ព្ទដៃ និង​ទទួលបាន​ទំនិញ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ ចាប់តាំងពី​បានបង្ហាញ​ខ្លួន សេវា​កម្មនេះ បានប្រគល់​ទំនិញ ជាង 100,000 លើក​រួចមកហើយ។

Wing ដំបូង​ឡើយ​គឺជា​ផ្នែក​មួយ​ដែល​ជំនាញ​ខាង​អភិវឌ្ឍ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់ Alphabet មុនពេល​វា​ត្រូវបាន​បំបែកចេញ​ដោយឡែក។ ក្រុមហ៊ុន​នេះ​មាន​ជំនាញ​ខាង​អភិវឌ្ឍ​ដ្រូ​ន​ប្រគល់​ទំនិញ និង​ប្រព័ន្ធ​កំណត់​ទិស​របស់​ទំនិញ ទន្ទឹមនឹង​ការស្រាវជ្រាវ​លើ​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍​គ្មាន​មនុស្ស​បើក (UTM) ដែល​ជួយ​ឱ្យ​ដ្រូ​ន​កំណត់​ទិស​បាន​ដោយ​សុវត្ថិភាព​នៅលើ​ដែនអាកាស។

Wing សង្ឃឹមថា នឹង​ផ្ដល់​សេវាកម្ម​ប្រគល់​ទំនិញ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក ហើយ​អាច​ជំនួស​ការប្រគល់​ទំនិញ​បែប​បុរាណ​ដែល​ត្រូវការ​ទាំង​យានជំនិះ ទាំង​អ្នកបើកបរ។ ក្រុមហ៊ុន Wing បច្ចុប្បន្ន មាន​វត្ត​មាននៅ សហរដ្ឋអាមេរិក, ហ្វាំ​ង​ឡង់ និង អូស្ត្រាលី ក្នុងនោះ Wing កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ជាង 30 នៅក្នុង​ប្រទេស​ទាំងនេះ។

កាលពី​ឆ្នាំ 2019 Wing បាន​ក្លាយជា​ក្រុមហ៊ុន​ប្រគល់​ទំនិញ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ដំបូង​គេ​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​នាយកដ្ឋាន​អាកាសចរណ៍​ជាតិ​របស់ សហរដ្ឋអាមេរិក  (FAA)។ ឆ្នាំ​ដដែល​នោះ Wing ក៏បាន​ចាប់ផ្ដើម​ការសាកល្បង​ប្រគល់​ទំនិញ​ជា​អាហារ និង​ភេសជ្ជៈ រួម​នឹង​ថ្នាំពេទ្យ ទន្ទឹមនឹង​ការចាប់​ដៃ​ជាមួយ FedEx ដើម្បី​ប្រគល់​ទំនិញស្រាលៗផងដែរ។

ការប្រគល់​ទំនិញ​ដោយ​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក ត្រូវបាន​ក្រុមហ៊ុនធំៗដូចជា UPS, Uber និង Amazon ជាដើម មានការ​ចាប់អារម្មណ៍​នាពេល​កន្លង។ Amazon បាន​អនុវត្ត​គម្រោង​មួយ​ដែលមាន​ឈ្មោះថា Prime Air កាលពី​ឆ្នាំ 2016 និង​ទទួលបាន​ការយល់ព្រម​ពី FAA កាលពី​ឆ្នាំ 2020 ដែល​អនុញ្ញាតឱ្យ​ដឹកទំនិញ​ច្រើន​ប្រភេទ​ដោយ​ប្រើប្រាស់​យន្តហោះ​ដ្រូ​ន៕

Advertisement