លោក ង​ន សាំង៖ ពី​បុគ្គលិក​ហាត់​ការ​ក្លាយជា​អគ្គនាយក​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ល្បី​នៅ​កម្ពុជា

ការបម្រើ​ការងារ​នៅតាម​ស្ថាប័ន​មួយ​មនុស្ស​មិនត្រូវ​ស្រវា​ចង់បាន​តំណែង​ខ្ពស់ ឬ​ប្រាក់ខែ​ច្រើនភ្លាមៗនោះទេ សំខាន់​បើ​យើង​ពិត​ជាមាន​សមត្ថ​ភាពខ្លាំង និង​ពូកែ​ធ្វើការ​មែន​នោះ ទោះជា​ធ្វើការ​ក្នុង​តំណែង​តូច​ទាប​ក៏ដោយ ក៏​យើង​អាច​អភិវឌ្ឍ​តួនាទី​ខ្លួនឯងបាន​ឆាប់រហ័ស​ដែរ។ ឧទាហរណ៍​ដូចជា​លោក ង​ន សាំង ដើមឡើយ​គ្រាន់តែ​ជា​បុគ្គលិក​ហាត់​ការ​ម្នាក់​នៅក្នុង​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​ការប្រឹងប្រែង គួបផ្សំ​នឹង​សមត្ថភាព​ដែលមាន​ស្រាប់​ពីសា​លា​ផង​នោះ លោក​បាន​ក្លាយជា​អគ្គនាយក​តំណាងឱ្យ​ក្រុមហ៊ុន​ដ៏​ធំ និង​ល្បីល្បាញ​មួយ​នៅ​កម្ពុជា​តែម្តង។

អគ្គនាយក​ក្រុមហ៊ុន RMA (Cambodia) Group លោក ង​ន សាំង បានផ្តល់​បទ​សម្ភាស​ដ៏​កម្រ មួយ​កាលពី​សប្តាហ៍​មុន​ថា លោក​បានចាប់ផ្តើម​ចូលធ្វើការ​នៅ​ក្រុមហ៊ុន​ខាងលើ​ជា​លើកដំបូង​កាលពី​ឆ្នាំ1996 ក្នុងតួនាទី​ជា​អ្នក​ហាត់​ការ​ប៉ុណ្ណោះ ខណៈដែល​លោក​ត្រៀម​ធ្វើ​សា​រណា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ ក្រោយពី​ធ្វើជា​អ្នក​ហាត់​ការ​បាន​មួយរយៈ​ខ្លី លោក​ក៏បាន​ប្រឡង​ជាប់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​គ្រប់គ្រង​ពាណិជ្ជកម្ម (MBA) នៅ​ប្រទេស​ថៃ​ដែល​តម្រូវឱ្យ​លោក​ត្រូវ​ចំណាយពេល​សិក្សា​នៅ​ទីនោះ​រយៈពេល 2ឆ្នាំ​បន្ថែមទៀត​នៅក្នុង​សាលា​ល្បីឈ្មោះ​មួយ​ដែលមាន​និស្សិត​បរទេស​ច្រើន​ជាតិ​សាសន៍​ពី​ជុំវិញ​ពិភពលោក​បានមក​រៀន។

លោក​រំឭកថា អ្វីដែល​ធ្វើឱ្យ​លោក​មាន​ក្តី​រីករាយមុន​ចាក​ចេញទៅ​រៀន​បន្ត​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​ថៃ​នោះ គឺ​លោក​ត្រូវបាន​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន​ផ្តល់​ទំនុកចិត្ត​ខ្ពស់​មកលើ​រូបលោក​ក្នុងពេល​បំពេញការងារ​ជា​អ្នក​ហាត់​ការ​នោះ ដោយបាន​ផ្តាំ​រូបលោក​ថា ក្រុមហ៊ុន​នៅ​រង់ចាំ​លោក​មក​ធ្វើការ​ក្នុងតួនាទី​ថ្មី​នៅពេលដែល​លោក​បញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នោះ ដែល​រឿងនេះ​បានធ្វើឱ្យ​លោក​មាន​ទឹកចិត្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​បាន​ការពារ​សា​រណា​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​ថៃ​ដោយ​ជោគជ័យ។

ក្រោយ​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ លោក​ក៏បាន​បន្តការងារ​នៅក្នុង​ក្រុមហ៊ុន​ដដែល ហើយ​ត្រូវបានតែងតាំង​ជា​ជំនួយការ​គណនេយ្យ និង​ហរិញ្ញវត្ថុ។ មួយឆ្នាំ​ក្រោយមក បន្ទាប់ពី​នាយក​ផ្នែក​ហិរញ្ញវត្ថុ​ជា​ជនបរទេស​បាន​ត្រឡប់​ទៅ​ប្រទេស​របស់គេ​វិញ ក្រុមហ៊ុន​ក៏​តែងតាំង​លោក​ជា​នាយក​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ក្រុមហ៊ុន​តែម្តង ហើយដោយ​មើលឃើញ​ពី​សមត្ថភាព​ការងារ​ដ៏​ពូកែ និង​ភាព​ប៉ិនប្រសប់​ក្នុងការ​ដោះស្រាយ​បញ្ហា​ការងារផ្សេងៗនោះ ក្រុមហ៊ុន​ក៏បានផ្តល់​ទំនុកចិត្ត​កាន់តែ​ខ្ពស់ឡើងៗ ដោយ​សម្រេច​បន្ថែម​តួនាទី​ដ៏​ធំ​មួយទៀត​ដល់​លោក គឺ​នាយករង​គ្រប់គ្រង​ប្រចាំ​ប្រទេស( Deputy Country Manager) តែម្តង។

ក្រោយពី​ទទួលបាន​មុខតំណែង​ថ្មី​មួយទៀត លោក​មាន​អារម្មណ៍​ថា ហាក់ដូច​ជាមាន​អ​ម្រែ​ក​បន្ថែម​នៅក្នុង​ការងារ​របស់ខ្លួន ប៉ុន្តែ​ទោះជា​មាន​អ​ម្រែ​ក​ការងារ​ដ៏​ធ្ងន់​នៅលើ​ស្មា​ទាំងសងខាង​ក្តី ក៏​លោក​នៅតែ​ជម្នះ និង​ធ្វើបាន​កាន់តែ​ប្រសើរឡើង​ដែរ។ ទោះជា​ការងារ​ច្រើនយ៉ាង​ណាក៏ដោយ តែ​លោក​តែង​ដោះស្រាយបាន​ជានិច្ច និង​ជួយ​អភិវឌ្ឍ​ក្រុមហ៊ុន​ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​ជា​លំដាប់។ លោក​មានប្រសាសន៍ថា ធម្មតា ពេល​មាន​ការងារ​ច្រើន មាន​តួនាទី​កាន់តែ​ខ្ពស់ កាន់តែ​មានការ​លំបាក​ជា​រឿង​ធម្មតា ប៉ុន្តែអ្វីៗត្រូវបាន​ដោះស្រាយ និង​បោះជំហាន​ទៅមុខ​ជានិច្ច។ លោក​មិន​បរិយាយ​ពី​ការលំបាក​ក្នុង​ការងារ​នោះទេ តែ​លោក​បាន​លើក​ជា​ឧទាហរណ៍​ថា អ្នកបើក​យន្តហោះ​ម្នាក់​បើសិនជា​បើកបរ​មិន​ជួបនឹង​អាកាសធាតុ​អាក្រក់​ទេ ក៏​មិនដឹង​ពី​សមត្ថភាព​ខ្លួនឯង​ដែរ តែបើ​បាន​ជួប​ស្ថានភាព​អាកាសធាតុ​មិនល្អ ហើយ​នៅតែ​ហោះ​ទៅមុខ​បាន​ដោយ​សុវត្ថិភាព​នោះ ទើប​ដឹងថា ខ្លួនឯង​ពិតជា​ពូកែ​មែន។

ក្នុង​គោលដៅ​លើកទឹកចិត្ត​បុគ្គលិក និង​ផ្តល់​ចំណេះដឹង​ដល់​បុគ្គលិក​ឱ្យ​កាន់​តែមាន​សមត្ថ​ភាពខ្លាំង​ឡើង​ថែមទៀត​នោះ នៅ​ឆ្នាំ2013 ក្រុមហ៊ុន​បាន​ចំណាយ​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់ បញ្ជូន​លោក​ទៅ​សិក្សា​ជំនាញ​គ្រប់គ្រង​បន្ថែមទៀត​នៅ​សាកលវិទ្យាល័យ Harvard Business School នៅ​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​ខ្លី (6ខែ)បន្ថែមទៀត ជា​សាលា​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​តែង​ចូលរៀន​វគ្គ​សិក្សា​នៅ​ទីនោះ​ដើម្បីឱ្យ​លោក​មាន​ជំនាញ​ជា​អ្នកគ្រប់គ្រង​ដែលមាន​សមត្ថភាព​ពេញលេញ​តែម្តង។ ក្រោយពី​បាន​សិក្សា​ជំនាញ​ចប់ លោក​ក៏ត្រូវ​បានតែងតាំង​ជា​អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ហើយ​ខិតខំ​អភិវឌ្ឍ​ក្រុមហ៊ុន​ឱ្យ​កាន់តែ​មានឈ្មោះ​បោះ-​សំឡេង​នៅលើ​ទីផ្សារ​កម្ពុជា​រហូតមក​ទល់​សព្វថ្ងៃ។

គួរ​បញ្ចាក់​ផងដែរ​ថា ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) មាន​ផលិតផល និង​សេវាកម្ម ដូចជា: រថយន្ ត​Ford រថយន្ត​ Jaguar RangeRover គ្រឿងចក្រ​ធុន​ធ្ងន់ JCB រថយន្ត​កសិកម្ម ត្រាក់ទ័រ​ John Deer រថយន្ត​លើកដាក់​ទំនិញ ​TCM ហាង ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) កាហ្វេ​ខូ​ស្តារ (Costa Coffee) ការ៉េម​ស្វិ​ន​សិន (SWENSEN’S) ការ៉េម​នំ​ដេ​រី​ឃ្វី​ន (Dairy Queen) នំ​ដូ​ហ្វ​ណាត់ គ្រី​ស្ពី​គ្រី​ម (Krispy Kreme Doughnut) ហាង បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា (BAR-B-Q PLAZA) សេវាកម្ម​ជួល​រថយន្ត (AVIS) ក្រុមហ៊ុន​បង់​រំលស់ (BSP Finance) និង​ម៉ាកល្បីៗជាច្រើន​ទៀត ដែលមាន​វត្តមាន​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​នៅតាម​ទីប្រជុំជន​ក្នុង​ខេត្ត​មួយចំនួនទៀត​ទូទាំងប្រទេស​កម្ពុជា ដោយបាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង 3,000នាក់​ឯណោះ។

គួរ​រំឭក​ដែរ​ថា លោក ង​ន សាំង បានចាប់កំណើត​នៅក្នុង​គ្រួសារ​ដែលមាន​កម្រិតជីវភាព​មធ្យម​មួយ​នៅក្នុង​ភូមិ​ក្រាំង​ឡង ឃុំ​ជើង​គួ​ន ស្រុក​សំរោង ខេត្តតាកែវ ជា​កូន​ទី2 ក្នុងចំណោម​បងប្អូន 6នាក់ ប្រុស3 ស្រី3។ ពេល​ដល់​អាយុ​ចូលរៀន ពោលគឺ​នៅ​ឆ្នាំ1980 ជា​ឆ្នាំ​ដែល​កម្ពុជា​ទើប​រំដោះ​ចេញផុត​ពីរ​បប​អាវខ្មៅ លោក​ហាក់​មានសំណាង​បាន​ចូលរៀនភ្លាមៗតែម្ដង ខុសពី​កុមារ​មួយចំនួនធំ​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ការលំបាក​ដោយ​មិនមាន​សាលារៀន និង​មិនមាន​គ្រូបង្រៀន​គ្រប់គ្រាន់​នោះ។ លោកមានប្រសាសន៍ថា នៅក្នុង​ភូមិ​ឃុំ​របស់លោក ហាក់ដូចជា​មិនមាន​បញ្ហា​រឿង​សង្គ្រាម​នោះទេ ពោលគឺ​មាន​សាលា និង​មាន​គ្រូបង្រៀន​គ្រប់គ្រាន់ ដែល​ធ្វើឱ្យកុមារៗនៅក្នុង​ភូមិ​មានឱកាស​បាន​ចូលរៀនគ្រប់ៗគ្នា។

ដោយសារ​ជីវភាព​គ្រួសារ​មិនមាន​បញ្ហា លោក​មិនសូវមាន​ការលំបាក​ក្នុង​ការជួយ​រក​ចំណូល​ជួយ​គ្រួសារ​ដូច​កុមារ​មួយចំនួន​ទៀតឡើយ ដែល​នេះ​ជា​កត្តា​ធ្វើឱ្យ​កុមារ ង​ន សាំង បាន​ខិតខំ​រៀនសូត្រ​រហូត​ក្លាយជា​សិស្ស​ពូកែ​គណិតវិទ្យា ចាប់តាំងពី​ថ្នាក់បឋមសិក្សា និង​ប្រឡង​ជាប់​បាន​ឡើង​ថ្នាក់​ជា​បន្តបន្ទាប់ រហូត​បាន​ប្រឡង​ជាប់​បាក់​ឌុប​ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ1990 ហើយក៏​ឡើងមក​ភ្នំពេញ​ស្នាក់នៅ​ជាមួយ​ឪពុកមា​ដើម្បី​រៀន​បន្តទៀត។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​បាន​ប្រឡង​ធ្លាក់​អាហារូបករណ៍​នៅ​ឆ្នាំ​ដំបូងដែលជា​កត្តា​ធ្វើឱ្យ​លោក​មានការ​សោកស្ដាយ​យ៉ាងខ្លាំង និង​បាន​ចំណាយពេល​មួយឆ្នាំ​ទៀត​ដើម្បី​រៀន​កួរ​បំប៉ន​ចំណេះដឹង​បន្ថែម​ដើម្បី​ត្រៀមប្រឡង​ចូល​មហាវិទ្យាល័យ​នៅ​ឆ្នាំ​បន្ទាប់មកទៀត។

លុះ​ពេលវេលា និង​ឱកាស​មកដល់ នៅ​ឆ្នាំ​បន្ទាប់​លោក​ក៏បាន​សម្រេច​ដាក់ពាក្យ​ប្រឡង​យក​អាហារូបករណ៍​ចំនួន 3មហាវិទ្យាល័យ គឺ​មហាវិទ្យាល័យ​សេដ្ឋកិច្ច គ្រូ​ផ្នែក​គណិតវិទ្យា និង​ប្រឡង​ចូល​មហាវិទ្យាល័យ​សុខាភិបាល ហើយ​ជា​លទ្ធផល​លោក​បាន​ជាប់​ទាំង 3មហាវិទ្យាល័យ​ក្នុងពេល​តែមួយ តែ​លោក​បា​នស​ម្រ​ច​ចិត្ត​ចូលរៀន​មហាវិទ្យាល័យ​សេដ្ឋកិច្ច ដោយសារ​មើលឃើញថា​ជា​មុខវិជ្ជា​ដែល​លោក​ចូលចិត្ត​ជាងគេ។

សម្រាប់​ទៅ​ថ្ងៃ​អនាគត លោក​មិន​ប្រាថ្នា​អ្វី​ច្រើន​នោះទេ គឺ​គ្រាន់តែ​ខិតខំ​អភិវឌ្ឍ​ក្រុមហ៊ុន​ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​ថែមទៀត ដើម្បី​ចូលរួម​ជួយ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ ជួយផ្តល់​ការងារ​ដល់​ប្រជាជន​ខ្មែរ​ឱ្យបាន​កាន់តែច្រើន គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​លោក៕

Advertisement