​ភ្ញៀវ​ទេសចរណ៍​បរទេស​មក​ទស្សនា​កម្ពុជា កើន​ឡើងកាន់​តែ​​ខ្ពស់

នៅ​ក្នុង​រយៈ​ពេល 10 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023 នេះ​ កម្ពុជា​បាន​ទទួល​ភ្ញៀវ​បរទេស​ជាង 4 លាន​នាក់​ កើន​​ឡើង​ច្រើន​បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំកន្លង​។

យោង​តាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ ក្នុង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2023 មាន​ទេសចរ​បរទេស​ជាង 4.4 លាន​នាក់​មក​ទស្សនាកម្ពុជា ដែល​តួលេខ​នេះ​កើន​ 179.7% បើ​ធៀប​នឹង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។ ក្រសួង​ឱ្យ​ដឹង​ថា ទេសចរ​ថៃ​រួម​ចំណែក​រហូត​ដល់ 1 លាន​នាក់​ ស្មើ​នឹង 34.1% នៃ​ចំនួន​ភ្ញៀវបរទេស​សរុប​ ខណៈ​ដែល​​វៀតណាមរួម​ចំណែកជាង​ 8 សែន​នាក់​ ស្មើ​នឹង 18.7% ស្រប​ពេល​ដែល​ចិន​រួម​ចំណែកជាង 4 សែន​នាក់ ស្មើ​នឹង​ 10.3%​។

ដោយ​ឡែក ក្នុង​ខែ​តុលា កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរណ៍​បរទេស​ចំនួនជាង​ 480,000 នាក់​ កើន​ 54.9% បើ​ធៀប​នឹង​ខែ​តុលា​ឆ្នាំ​កន្លង​។

ក្រៅ​ពី​ភ្ញៀវមក​ពី​ប្រទេស​ថៃ វៀតណាម និង​ចិន ពលរដ្ឋ​នៃ​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀតក៏​រួម​ចំណែក​ច្រើន​នៅ​ក្នុង​កំណើន​ទេសចរ​បរទេស​របស់​កម្ពុជា​ មាន​ជាអាទិ៍​ ឡាវ អាម៉េរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង អង់គ្លេស និង​អូស្ត្រាលី​ ជា​ដើម​។

លោក​ ខៀវ ​ធី ​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​ខ្មែរ​អង្គរ​​ (KATGA) យល់​ថា យុទ្ធសាស្ត្រ​ឃោសនា និង​ទាក់​ទាញ់​វិនិយោគ​ពី​បរទេស​មក​កាន់​កម្ពុជា​ របស់​រាជរដ្ឋាភិបាល​ បាន​ និង​កំពុង​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​កំណើន​​វិស័យ​ទេសចរណ៍​។

«ការ​បើក​ដំណើរ​ការ​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាបអង្គរ និង​ការ​ដាក់​ចេញ​គោលនយោបាយ​ជំរុញ​កំណើន​​វិស័យ​ទេសចរណ៍​ នឹង​បន្ត​ជួយ​អូស​ទាញ​ភ្ញៀវ​បរទេស​បន្ថែម​ទៀត​» លោក​ ខៀវ ​ធី ថ្លែង​ដូច្នេះ​។

យោង​តាម​ក្រសួង​ទេសចរណ៍ កាល​ពី​ឆ្នាំ 2022 កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរណ៍​បរទេស​ជិត 2.28 លាន​នាក់​ កើន​ 1,059% បើធៀប​នឹង​ឆ្នាំ 2021​។ ក្នុង​នោះ ទេសចរ​ពី​ប្រទេស​ថៃ វៀតណាម ឡាវ និង​ចិន រួម​ចំណែក​ 1,516,855 នាក់​ ស្មើ​នឹង 66.62% ធៀប​នឹង​ភ្ញៀវបរទេស​សរុប​៕

Advertisement