ភ្ញៀវទេសចរ​អន្តរជាតិ​កើនឡើង 13%ក្នុង​ឆមាស​ទី1ឆ្នាំនេះ

ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​ប្រហែល 3លាន​នាក់​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុងអំឡុង​ពាក់កណ្តាល​នៃ​ឆ្នាំ2018 នេះ ពោលគឺ​កើនឡើង 13%។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងទេសចរណ៍។

របាយការណ៍​ដែល​បានចេញ​ផ្សាយ​ដោយ​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា ការ​ព្យាករ​រំពឹងថា​ប្រទេស​កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ចំនួន 6,2លាន​នាក់​ក្នុង​ឆ្នាំ2018 ដែល​នឹង​កើនឡើង​ដល់12%។ នៅ​ឆ្នាំ2020 ក្រសួង​រំពឹងថា​នឹងមាន​ចំនួន​ភ្ញៀវទេសចរ 7លាន​នាក់​ដែល​នឹង​នាំមក​នូវ​ចំណូល 5ពាន់​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ឱកាស​ការងារ​ដោយផ្ទាល់ 1លាន​នាក់ និង15លាន​នាក់​នៅត្រឹម​ឆ្នាំ2030 ដោយ​នាំមក​នូវ​ចំណូល​សរុប 10ពាន់​លាន​បង្កើត​នូវ​ឱកាស​ការងារ​ប្រមាណ2លាន​នាក់។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានបញ្ជាក់​ឱ្យដឹងថា បច្ចុប្បន្ន​វិស័យ​ទេសចរណ៍​រួមចំណែក 13% នៃ​ផលិតផល​ក្នុងស្រុក​សរុប GDP ។ លោក​បន្តថា៖ «រដ្ឋាភិបាល​បន្ត​អភិវឌ្ឍ​ប្រទេស​ជា​គោលដៅ​ទេសចរណ៍​ស្អាត និង​បរិស្ថាន ដោយ​ផ្តោតលើ​និរន្តរភាព និង​ការទទួលខុសត្រូវ។ ជា​ទិសដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​រាប់លាន​នាក់​ជា​រៀងរាល់ឆ្នាំ​ដោយមាន​សន្តិភាព និង​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​កម្ពុជា»។

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ ក៏បាន​បញ្ជាក់​នៅក្នុង​ពិព័រណ៍​ទេសចរណ៍ថ្មីៗនេះ​ថា​ទេសចរណ៍​ក្នុងស្រុក​កំពុង​កើនឡើង​ផងដែរ ដោយ​ចំនួន​ប្រជាជន​កម្ពុជា​ជ្រើសរើស​ការធ្វើដំណើរ​ទេស​ចរណ៍​ក្នុងប្រទេស​កម្ពុជា​កើនឡើង 6%។ ចំនួន​នៃ​ការកើនឡើង​នៃ​អ្នកទេសចរ​មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​រដ្ឋាភិបាល​ឱ្យសម្រេចបាន​ទិសដៅ​ទេសចរណ៍​របស់ខ្លួន។ «ខ្ញុំ​ជឿថា​តាមរយៈ​ពិព័រណ៍​នេះ ជា​លើកដំបូង​នៅ​កម្ពុជា​យើង​នឹង​ខិត​កាន់តែ​កៀក​ដល់​គោលដៅ​របស់​យើង​ក្នុងចំណោម​ទេសចរ​ក្នុងស្រុក​ចំនួន11លាន​នាក់​ត្រឹម​ឆ្នាំ2018 និង19លាន​នាក់​ក្នុង​ឆ្នាំ2025»។

លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា (CATA) បាន​និយាយថា​ភាពជោគជ័យ​របស់​វិស័យនេះ​គឺ​អាស្រ័យ​លើ​សមត្ថភាព​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​អភិវឌ្ឍ និង​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​បរ​ទេស។ «មាន​សក្តានុពល​ជាច្រើន​ហើយ​ដើម្បី​ធានាថា យើង​ធ្វើឱ្យបាន​ច្រើន​បំផុត​យើង​ត្រូវធ្វើ​ពិពិធ​កម្ម និង​ពង្រីក​ការផ្តល់ជូន​របស់​យើង​ព្រមទាំង​បង្កើន​គុណភាព​នៃ​សេវាកម្ម​ដែល​យើង​ផ្តល់ជូន​ភ្ញៀវទេសចរ»។

ឯកឧត្តម ថោង ខុន ក៏បាន​ថ្លែង​នៅក្នុង​ពិធី​តែងតាំង​រូប​ឯកឧត្តម​ជា «សមាជិក​នៃ​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប»(31-07-18)ដោយបាន​គូសបញ្ជាក់ថា វិស័យ​ទេសចរណ៍​ត្រូវបាន​ចាត់ទុកជា​មាស​បៃតង​ចូលរួម​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​សង្គម​បង្កើត​ការងារ កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​ចូលរួម​ទ្រទ្រង់​ដល់​ការធ្វើសមាហរណកម្ម​តំបន់។ ជាក់ស្តែង​ឆ្នាំ2017 វិស័យ​ទេសចរណ៍​នាំមក​នូវ​ប្រាក់ចំណូល 3,638លាន​ដុល្លារ​អាមេរិក​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ និង​បង្កើត​ការងារ​ដោយផ្ទាល់​ដល់​ពលរដ្ឋ​ប្រមាណ​ជាង 62ម៉ឺន​នាក់៕

Advertisement