ការសិក្សា​ស្រាវជ្រាវ ៖ វិស័យ​មូល​ប​ត្រ​នាំមក​នូវ​ប្រាក់ចំណេញ​ខ្ពស់ជាង​អចលនទ្រព្យ ប៉ុន្តែ បន្ថែម​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ

ទីផ្សារ​មូល​ប​ត្រ​បាន​ឡើងថ្លៃ​ខ្ពស់ជាង ៥ ដង ធៀប​នឹង​អត្រា​នៃ​កំណើន​របស់​តម្លៃ​អចលនទ្រព្យ រាប់​ចាប់ពី​ឆ្នាំ ១៩៥០ នេះ​បើតាម​របាយការណ៍​រប​ស់ NBER។

សម្រាប់​ជនជាតិ​អាម៉េរិក ក៏ដូចជា​មនុស្ស​ភាគច្រើន​នៅលើ​ផែនដី ការដែល​មាន​ដី និង​ផ្ទះ គឺជា​វិធី​សន្សំទ្រព្យ​មួយ​ដ៏​ពេញនិយម។ ក៏ប៉ុន្តែ របាយការណ៍​ថ្មី​របស់ ការិយាល័យ​ស្រាវជ្រាវ​សេដ្ឋកិច្ចជាតិ (NBER) របស់ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា ទម្រង់​វិនិយោគ​ដែល​នាំមក​នូវ​ប្រាក់ចំណេញ​ខ្ពស់​ជាងគេ​គឺ​មូល​ប​ត្រ ពោលគឺ​មិនមែន​អចលនទ្រព្យ​ឡើយ នៅក្នុង​អំឡុងពេល​ច្រើន​ទសវត្សរ៍​មកនេះ។

យោងតាម​របាយការណ៍​ស្រាវជ្រាវ​ខាងលើ ទីផ្សារ​មូល​ប​ត្រ​បាន​ឡើងថ្លៃ​ខ្ពស់ជាង ៥ ដង ធៀប​នឹង​អត្រា​នៃ​កំណើន​របស់​តម្លៃ​អចលនទ្រព្យ រាប់​ចាប់ពី​ឆ្នាំ ១៩៥០។ នេះ​មានន័យថា ពលរដ្ឋ​អាម៉េរិក ដែល​វិនិយោគ​ទៅលើ​ទីផ្សារ​មូល​ប​ត្រ រកបាន​ប្រាក់ចំណេញ​ខ្ពស់ជាង ធៀប​នឹង​អ្នកវិនិយោគ​ទៅក្នុង​វិស័យ​អចលនទ្រព្យ។

«នេះ​គឺជា​មូលហេតុ​មួយ​ដែល​ធ្វើឱ្យមាន​ការកើនឡើង​នៃ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ ទាក់ទិន​នឹង​ជាតិ​សាសន៍​នៅ សហរដ្ឋ​អាម៉េរិក។ ជន​ជន​អាម៉េរិក​ស្បែក​ខ្មៅ មានទ្រព្យ​ស្ថិតក្នុង​វិស័យ​អចលនទ្រព្យ​ច្រើនជាង​មូល​ប​ត្រ ហើយ​ប្រការនេះ​មិន​មាន​​អំណោយផល​ល្អ​សម្រាប់​ពួកគេ» Business Insider ស្រង់​របាយការណ៍​រប​ស់ NBER ឱ្យដឹង​ដូច្នេះ។

ការស្រាវជ្រាវ​មួយ​របស់ Fed New York (ធនាគារជាតិ​អាម៉េរិក សាខា New York) កាលពី​ឆ្នាំមុន​បាន​បង្ហាញថា ជាង ៩០% នៃ​មនុស្ស​ដែល​បាន​ចូលរួម​ការស្ទង់មតិ ប្រាប់​ថា​ ចូលចិត្ត​កាន់កាប់​អចលនទ្រព្យ​ជា​​ជាង​ការវិនិយោគ​ទៅក្នុង​ទីផ្សារ​មូល​ប​ត្រ ហើយ​សូម្បីតែ​នៅក្នុងពេល​ទីផ្សារ​មូល​ប​ត្រ​បង្កើតបាន​កំណត់ត្រាថ្មីៗជា​បន្តបន្ទាប់ ក៏​ឥរិយាបថ​នេះ​មិនបាន​ប្ដូរផ្លាស់ដែរ​។

«ក្នុងអំឡុងពេល​ប្រហែល​ពី​ឆ្នាំ ១៩៥០ ដល់ ២០១៩ ផ្ទះ​ស្នាក់នៅ និង​ទ្រព្យ​ដែល​មិនមាន​ជា​ហិរញ្ញវត្ថុ បាន​គ្រប​ដណ្ដប់​លើ​​មុខ​ជំនួញ​មួយ​ភាគ​ធំ​របស់ ជនជាតិ​អាម៉េរិក​ស្បែក​ខ្មៅ ខណៈដែល​វា​មានតែ ៤១% ប៉ុណ្ណោះ នៅក្នុង​ខ្ទង់​វិនិយោគ​របស់ ជនជាតិ​អាម៉េរិក​ស្បែ​កស។ ទ្រព្យ​ដែលជា​ទម្រង់​ភាគហ៊ុន​របស់ ជនជាតិ​អាម៉េរិក​ស្បែក​ខ្មៅ មានតែ ៧% ប៉ុណ្ណោះ ទាប​ជាង​ឆ្ងាយ បើ​ធៀប​នឹង ១៨% របស់ ជនជាតិ​អាម៉េរិក​ស្បែ​កស» របាយការណ៍​ខាងលើ​បង្ហាញ​ដូច្នេះ។

របាយការណ៍​នេះ​បន្ថែមថា «ការឡើង​ថ្លៃ​ខ្ពស់​នៃ​​ទីផ្សារ​មូល​ប​ត្រ បាន​នាំ​ឱ្យទ្រព្យរបស់​ក្រុម​អ្នកមានកំពូលៗ ដែល​ភាគច្រើនបំផុតជា ជនជាតិ​អាម៉េរិក​ស្បែ​កស បាន​កើនឡើង​ខ្ពស់​ខ្លាំង»។

ក្រុម​អ្នកស្រាវជ្រាវ​របស់ NBER បង្ហាញថា ក្នុងអំឡុង​សម័យ​កូ​វីដ-១៩ កម្រិត​នៃ​ការប្រមូលផ្ដុំ​របស់ទ្រព្យ​នៅ សហរដ្ឋ​អាម៉េរិក បាន​ឡើងដល់​កំពូល រាប់​ចាប់ពី​សង្គ្រាមលោកលើកទី​ពីរ ក្នុងនោះ​មានគ្រួសារ​តែ ០.០១% ប៉ុណ្ណោះ ដែល​កាន់កាប់ ៣៦% នៃ​ទ្រព្យ​ឯកជន​សរុប​ទូទាំងប្រទេស។

ក្រុម​អ្នកស្រាវជ្រាវ​របស់ NBER សន្និដ្ឋានថា គោលនយោបាយ​នានា​ដែល​បែងចែក​ទ្រព្យ​ឡើងវិញ នឹង​ជួយ​កាត់បន្ថយ​បានភ្លាមៗនូវ​វិសមភាព​រវាង​អ្នកមាន និង​អ្នកក្រ។ ផ្ទុយទៅវិញ បើសិនជា​វិធានការ​ស្ដីពី​រចនាសម្ព័ន្ធ​ត្រូវបាន​អនុវត្តសន្សឹមៗ គេនឹង​អាច​ត្រូវ​ចំណាយពេល​រាប់​សតវត្ស​រ៍ ដើម្បី​ទទួលបាន​​​ប្រសិទ្ធភាព។ ទោះជា​បែបនេះ​ក្ដី ក្រុម​នេះ​សង្កត់ធ្ងន់ថា វិធីសាស្ត្រ​ទាំងពីរ​នេះ​សុទ្ធ​តែមាន​សារសំខាន់ និង​ចាំបាច់៕

Advertisement