Category: អន្តរជាតិ

  • សមាជិក​ណាខ្លះ​របស់​អង្គការ​ណា​តូ (NATO) ដែលមាន​អាវុធ​នុយ​ក្លេ​អែរ?

    សមាជិក​ណាខ្លះ​របស់​អង្គការ​ណា​តូ (NATO) ដែលមាន​អាវុធ​នុយ​ក្លេ​អែរ?

    ណា​តូ (NATO-North Atlantic Treaty Organization) គឺជា​សម្ព័ន្ធមិត្ត​អន្តរជាតិ ដែលមាន​ប្រទេស​ចំនួន ៣០ ជា​សមាជិក មកពី ទ្វីបអឺរ៉ុប, អាម៉េរិក​ខាងជើង និង អាស៊ី។

    ណា​តូ ត្រូវបាន​បង្កើតឡើង​នៅពេល​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង កាលពី​ថ្ងៃទី ៤ មេសា ឆ្នាំ ១៩៤៩។ មាត្រា​ទី ៥ របស់​សន្ធិសញ្ញា​នេះ​ចែងថា បើសិនជា​ការវាយប្រហា​រ​ប្រដាប់អាវុធ​កើតឡើង ប្រឆាំងនឹង​សមាជិក​ណាមួយ​របស់ ណា​តូ នោះ​វា​នឹង​ត្រូវបាន​ចាត់ទុកថា ជាការ​វាយប្រហារ​ប្រឆាំងនឹង​សមាជិក​ទាំងអស់ ហើយ​សមាជិក​ទាំងអស់​នឹង​ជួយ​ដល់​សមាជិក​ដែល​ត្រូវបាន​វាយប្រហារ តាមរយៈ​កម្លាំងប្រដាប់អាវុធ បើសិនជា​ចាំបាច់។

    ទង់​របស់​ណាតូ

    ក្នុងចំណោម ៣០ ប្រទេស ដែលជា​សមាជិក​របស់ ណា​តូ មាន ២៧ ប្រទេស​នៅ អឺរ៉ុប, ២ នៅ អាម៉េរិក​ខាងជើង និង ១ នៅ អាស៊ី។ សមាជិក​ទាំងអស់​សុទ្ធ​តែមាន​កងទ័ព លើកលែងតែ អ៊ី​ស្លង់ ដែល​មានតែ​កម្លាំង​ការពារ​ឆ្នេរ និង​អង្គភាព​តូច​មួយ។ សមាជិក​ចំនួន ៣ របស់ ណា​តូ មាន​អាវុធ​នុយ​ក្លេ​អែរ គឺ បារាំង, អង់គ្លេស និង សហរដ្ឋ​អាម៉េរិក។

    ដំបូង​ឡើយ ណា​តូ មាន ១២ ប្រទេស​ជា​សហ​ស្ថាបនិក។ សមាជិក​ថ្មី​ចំនួន ៣ ត្រូវបាន​បញ្ចូល​ចាប់ពី​ឆ្នាំ ១៩៥២ ដល់ ១៩៥៥ និង​សមាជិក​ថ្មី ១ ទៀត ដាក់បញ្ចូល​ក្នុង​ឆ្នាំ ១៩៨២។ ក្រោយពី​សង្គ្រាមត្រជាក់​បាន​បញ្ចប់ ណា​តូ ក៏បាន​បន្ថែម​សមាជិក​ថ្មី​ចំនួន ១៤ ទៀត រាប់​ចាប់ពី​ឆ្នាំ ១៩៩៩ ដល់ ២០២០។

    សមាជិក​ចំនួន ៣០ ប្រទេស របស់ ណា​តូ រួមមាន បែ​ល​ហ្សិ​ក, កាណាដា, ដា​ណឺ​ម៉ាក, បារាំង, អ៊ី​ស្លង់, អ៊ីតាលី, លុច​សំបួ, ហូ​ឡង់ (Netherlands ឬ Holland), ន័​រ​វែ​ស, ព័រ​ទុយ​ហ្គា​ល, អង់គ្លេស, សហរដ្ឋ​អាម៉េរិក, ក្រិ​ក, តួ​ក​គី, អាល្លឺម៉ង់, អេ​ស្ប៉ា​ញ, ឆែក, ហុង​គ្រី, ប៉ូឡូញ, ប៊ុលហ្គារី, អេ​ស្តូ​នី, ឡេ​តូ​នី, លី​ទុយ​អា​នី, រូ​ម៉ា​នី, ស្លូ​វ៉ា​គី, អាល់​បា​នី, ក្រូ​អាស៊ី, ម៉ុង​តេ​ណេ​ហ្គ្រោ និង ម៉ា​សេ​ដ្វា​ន​ខាងជើង។

    លោក​ Jens Stoltenberg

    បច្ចុប្បន្ន​ មេដឹក​នាំ​ (អគ្គលេខាធិការ​) នៃ​អង្គការ​ណាតូ គឺ​លោក​ Jens Stoltenberg អាយុ​ ៦២ ឆ្នាំ​ ជា​ជន​ជាតិ​ន័រវែស។

  • ស្ថានភាព​​ខ្ទេចខ្ទី​​នៃ​បណ្ដា​ទីក្រុង​របស់ អ៊ុយ​ក្រែ​ន ដែល​រង​ការវាយប្រហារ​ពី មី​ស៊ី​ល របស់ រុស្ស៊ី

    ស្ថានភាព​​ខ្ទេចខ្ទី​​នៃ​បណ្ដា​ទីក្រុង​របស់ អ៊ុយ​ក្រែ​ន ដែល​រង​ការវាយប្រហារ​ពី មី​ស៊ី​ល របស់ រុស្ស៊ី

    ទីក្រុង Kharkov, Mariupol និង Bucha រង​ការវាយប្រហារ​ពី​អាកាស​យ៉ាងធ្ងន់ធ្ងរ បណ្ដាលឱ្យ​ផ្ទះសំបែង និង​រថយន្តយោធា​ត្រូវ​ខ្ទិចខ្ទី ខណៈ​ប្រជាជន​ស៊ីវិល​ជាច្រើន​បាន​បាត់​បង់ជីវិត នៅក្នុង​ថ្ងៃទី ៦ នៃ​សង្គ្រាម​ដែល​បញ្ឆេះ​ឡើង​ដោយ រុស្ស៊ី នៅលើ​ទឹកដី​របស់ អ៊ុយ​ក្រែ​ន។

    កម្លាំង​សង្គ្រោះ​របស់ អ៊ុយ​ក្រែ​ន នាំយក​សាកសព​ជនរងគ្រោះ​ម្នាក់​ចេញពី​សាលាក្រុង បន្ទាប់ពី រុស្ស៊ី បាន​បន្តក់​គ្រាប់​ប្លោង​លើ Kharkov កាលពី​ថ្ងៃទី ១ មីនា។ មនុស្ស​យ៉ាងតិច ១១ នាក់ បាន​ស្លាប់ និង ២០ នាក់ រងរបួស ក្នុងការ​វាយប្រហារ​នេះ។

    ទិដ្ឋភាព​ខ្ទិចខ្ទាំ​នៅខាងមុខ​អគារ​រដ្ឋបាល​របស់​ទីក្រុង Kharkov ក្រោយ​ការប្រយុទ្ធ​គ្នា​កាលពី​ម្សិលមិញ។ គិត​មកដល់​យប់​ថ្ងៃទី ១ មីនា Kharkov ដែលជា​ទីក្រុង​ធំជាងគេ​លំដាប់​ទី ២ របស់ អ៊ុយ​ក្រែ​ន នៅតែ​ត្រូវ​រង​ការវាយប្រហារ​យ៉ាងខ្លាំង​ក្លា ពី កងទ័ព​រុស្ស៊ី។

    បុគ្គលិក​សុខាភិបាល បញ្ជូន​អ្នករងរបួស​ដោយសារ​គ្រាប់​ប្លោង ចូលទៅក្នុង​មន្ទីរពេទ្យ​បណ្ដោះអាសន្ន នៅ Mariupol កាលពី​ម្សិលមិញ។ ការប្រយុទ្ធ​គ្នា​រវាង កងទ័ព​អ៊ុយ​ក្រែ​ន និង កងទ័ព​រុស្ស៊ី នៅ​ទីក្រុង Mariupol បាន​បណ្ដាលឱ្យ​មនុស្ស​ជាច្រើន​រងរបួស​ធ្ងន់ ខណៈដែល​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បាន​ឈាន​ចូលដល់​ថ្ងៃទី ។

    សាកសព​របស់​ជនរ​ង​គ្រោះ​ម្នាក់​ដែល​បាន​ត្រូវ​គ្រាប់​មី​ស៊ី​ល នៅក្នុង​តំបន់​ប្រជុំជន ត្រូវបាន​គេ​ដាក់​ក្នុង​មន្ទីរពេទ្យ​បណ្ដោះអាសន្ន Mariupol។

    កងទ័ព​ស្ម័គ្រចិត្ត​ម្នាក់​របស់ អ៊ុយ​ក្រែ​ន ឈរ​ក្បែរ​យាន​យោធា​របស់ រុស្ស៊ី ដែល​ត្រូវបាន​កម្ទេច​នៅ Bucha ក្បែរ រដ្ឋធានី​កៀវ។

    អភិបាលក្រុង Okhtyrka បានឱ្យដឹងថា ទា​ហា​អ៊ុយ​ក្រែ​ន ជាង ៧០ នាក់ បាន​ស្លាប់ នៅពេល រុស្ស៊ី បាញ់​មី​ស៊ី​ល​សំដៅ​មូលដ្ឋានទ័ព​នៅទីនេះ។

    បច្ចុប្បន្ន កងទ័ព​រុស្ស៊ី ដណ្ដើមបាន​ទីក្រុង Berdyansk និង ទីក្រុង Enerhodar  ដែល​ស្ថិតក្នុង​ភាគ​អាគ្នេយ៍​របស់ អ៊ុយ​ក្រែ​ន ក៏ដូចជា​តំបន់​ជុំវិញ​រោងចក្រ​ថាមពល​នុយ​ក្លេ​អែរ Zaporizhzhya។

    ទាហាន​អ៊ុយ​ក្រែ​ន សម្រាក និង​ហូប​អាហារ​យក​កម្លាំង បន្ទាប់ពី​បាន​ប្រយុទ្ធ​តទល់​នឹង ទាហាន​រុស្ស៊ី នៅ​ភាគ​ខាងជើង​នៃ រដ្ឋធានី​កៀវ កាលពី​ម្សិលមិញ។

    ប្រជាជន​អ៊ុយ​ក្រែ​ន បើកបរ​រថយន្ត​ទៅកាន់​ព្រំដែន​ជាមួយ ប៉ូឡូញ ដែល​ស្ថិត​នៅក្បែរ​តំបន់ Cernivtsi កាលពី​ថ្ងៃទី ១ មីនា។

  • ប្រជាជន​អាម៉េរិក នឹង​ទទួលបាន​ថ្នាំ​ព្យាបាល​កូ​វីដ-១៩ នៅតាម​ឱសថស្ថាន ដោយ​មិន​គិតថ្លៃ

    ប្រជាជន​អាម៉េរិក នឹង​ទទួលបាន​ថ្នាំ​ព្យាបាល​កូ​វីដ-១៩ នៅតាម​ឱសថស្ថាន ដោយ​មិន​គិតថ្លៃ

    នៅក្នុង​ព្រឹត្តិការណ៍​អាន​សេចក្ដីថ្លែងការណ៍​សហព័ន្ធ​លើកដំបូង នា​ថ្ងៃទី ១ មីនា (២ មីនា នៅ កម្ពុជា) ប្រធានាធិបតី​អាម៉េរិក លោក បៃ​ដិ​ន ក៏បាន​ថ្លែង​អំពី​បញ្ហា កូ​វីដ-១។

    លោក ចូ បៃ​ដិ​ន បាន​ថ្លែងថា រដ្ឋាភិបាល​របស់លោក បានផ្ដល់​ការធ្វើ​តេស្ត​រក វីរុស​កូ​វីដ-១៩ រាប់រយ​លាន​លើក​ដល់​ប្រជាជន​អាម៉េរិក ដោយ​មិន​គិតថ្លៃ។ លោក បៃ​ដិ​ន ក៏បាន​ប្រកាស​អំពី គំនិត​ផ្ដួចផ្ដើម «ធ្វើតេស្ត​ដើម្បី​ព្យាបាល» ដែល​គោលនយោបាយ​ថ្មី ក្នុងនោះ ប្រជាជន​អាម៉េរិក នឹង​អាចធ្វើ​តេស្ត​រក វីរុស​កូ​វីដ-១៩ នៅតាម​ឱសថស្ថាន​នានា និង​ទទួលបាន​ថ្នាំ​ព្យាបាល​ដោយ​មិន​គិតថ្លៃ «នៅនឹងកន្លែង» បើសិន​លទ្ធផល​តេស្ត​បង្ហាញថា ពួកគេ​វិជ្ជមាន។

    «បើសិនជា​ឆ្លង វីរុស​កូ​វីដ-១៩ ថ្នាំ​គ្រាប់​របស់ Pfizer នឹង​ជួយ​កាត់បន្ថយ​បាន ៩០% នៃ​ហានិភ័យ​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ» លោក បៃ​ដិ​ន បញ្ជាក់ និង​បន្ថែមថា «រដ្ឋាភិបាល​របស់ខ្ញុំ បាន​បញ្ជា​ទិញ​ថ្នាំ​ច្រើនជាង​ប្រទេស​ណា​ទាំងអស់​ក្នុង​ពិភពលោក។ Pfizer កំពុង​បង្កើន​ការផលិត​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​យើង ១ លាន​គ្រាប់​នៅក្នុង​ខែ​នេះ និង​បង្កើន​បរិមាណ​ទ្វេដង​នៅ​ខែក្រោយ»។

    លោក បៃ​ដិ​ន បញ្ចប់សេចក្ដី​ថ្លែងការណ៍​សហព័ន្ធ​លើកដំបូង​របស់លោក ដោយសារ​ស្ដីពី អំណាច និង​ទឹកចិត្ត​ស្នេហា​ជាតិ។ «ប្រទេស​មានអំណាច​ខ្លាំងក្លា​ក៏ដោយ​សារ​អ្នក ប្រជាជន​អាម៉េរិក តែងតែ​រឹងមាំ។ យើង​នឹង​ការពារ​សេរីភាព ពង្រីក​យុត្តិធម៌ និង​ឱកាស។ យើង​នឹង​សង្គ្រោះ​ប្រជាធិបតេយ្យ» លោក បៃ​ដិ​ន ថ្លែង​ដូច្នេះ។ «សូម​បួងសួង​ដល់​ព្រះ ជួយ​តាម​ថែរក្សា​គ្រប់គ្នា និង​ការពារ​កងទ័ព​របស់​យើង»៕

  • លោក ចូ បៃ​ដិ​ន បញ្ជាក់​ជាថ្មី​ថា សហរដ្ឋ​អាម៉េរិក នឹងមិន​បញ្ជូន​ទ័ព​ទៅកាន់ អ៊ុយ​ក្រែ​ន

    លោក ចូ បៃ​ដិ​ន បញ្ជាក់​ជាថ្មី​ថា សហរដ្ឋ​អាម៉េរិក នឹងមិន​បញ្ជូន​ទ័ព​ទៅកាន់ អ៊ុយ​ក្រែ​ន

    ក្នុង​សេចក្ដីថ្លែងការណ៍​ដំបូង ប្រធានាធិបតី​ទី ៤៦ របស់ សហរដ្ឋ​អាម៉េរិក បាន​សម្ដែង​សាមគ្គីភាព​ជាមួយ ជនជាតិ​អ៊ុយ​ក្រែ​ន ប៉ុន្តែ បាន​បដិសេធ​ការបញ្ជូន​ទ័ព​របស់ អាម៉េរិក ទៅ​ជួយ​រដ្ឋធានី​កៀវ។

    លោក ចូ បៃ​ដិ​ន នៅក្នុង​សេចក្ដីថ្លែងការណ៍​ដំបូង​នៅ​ចំពោះមុខ​សភា បានបញ្ជាក់​ឡើងវិញ​អំពី​ការពង្រាយ​ទាហាន​របស់ខ្លួន​នៅ អ៊ុយ​ក្រែ​ន។ «សូម​អនុញ្ញាតឱ្យ​ខ្ញុំ​និយាយ​ឱ្យបាន​ច្បាស់ កងកម្លាំង​របស់​យើង​នឹងមិន​ចូលរួម​ធ្វើសង្គ្រាម​ប្រឆាំង រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន ឡើយ»។ ជំនួស​មកវិញ កងទ័ព​អាម៉េរិក ដែល​ត្រូវ​ដាក់ពង្រាយ​នៅ អឺរ៉ុប គឺ «ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​ណា​តូ របស់​យើង នៅក្នុង​ករណី ពូ​ទីន សម្រេចចិត្ត​បន្ត​ចល័ត​ទ័ព​ទៅ​ទិស​ខាងលិច»។

    បណ្ដា​ប្រទេស​របស់ ណា​តូ នៅ អឺរ៉ុប ដែល​ទទួលបាន​ការការពា​រ​ជាពិសេស រួមមាន ប្រទេស​ប៉ូឡូញ, រូ​ម៉ា​នី, ឡេ​តូ​នី, លី​ទុយ​អា​នី និង អេ​ស្តូ​នី។

    ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំ សហរដ្ឋអាម៉េរិក លោកស្រី អុកសាណា ម៉ាការ៉ូវ៉ា (ឆ្វេងបង្អស់)

    លោក បៃ​ដិ​ន បាន​និយាយថា សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត បាន​ផ្ទាល់​ជំនួយ​ផ្ទាល់​ដល់ អ៊ុយ​ក្រែ​ន ជាង ១ ពាន់​លាន​ដុល្លារ​រួចហើយ ទាក់ទង​នឹង​យោធា សេដ្ឋកិច្ច និង​មនុស្សធម៌។

    ព្រឹត្តិការណ៍​ថ្លែងការណ៍​ខាងលើ ក៏មាន​វត្តមាន​របស់ ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន ប្រចាំ សហរដ្ឋ​អាម៉េរិក លោកស្រី អុក​សា​ណា ម៉ា​ការ៉ូ​វ៉ា ( Oksana Markarova) ផងដែរ ដែល​អង្គុយ​ក្បែរ​ស្ត្រី​ទីមួយ ជី​ល បៃ​ដិ​ន (Jill Biden)។

  • អាន​សេចក្ដីថ្លែងការណ៍​របស់​សហព័ន្ធ ជា​លើកដំបូង ប្រធានាធិបតី​អាម៉េរិក ថា «រុស្ស៊ី គិត​ខុស»

    អាន​សេចក្ដីថ្លែងការណ៍​របស់​សហព័ន្ធ ជា​លើកដំបូង ប្រធានាធិបតី​អាម៉េរិក ថា «រុស្ស៊ី គិត​ខុស»

    ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន អាន​សារ​របស់​សហព័ន្ធ​នៅឯ​វិមាន​សភា​ជាន់​ទាប​ជា​លើកដំបូង​ចាប់តាំងពី​បាន​ឡើងកាន់​អំណាច ក្នុងនោះ​ក៏បាន​និយាយ​ដល់​ជម្លោះ​ប្រដាប់អាវុធ​នៅ អ៊ុយ​ក្រែ​ន និង​បញ្ហា​ជាច្រើន​ផ្សេងទៀត។

    «កាលពី​ឆ្នាំ​កន្លង កូ​វីដ-១៩ បានធ្វើឱ្យ​យើង​គ្រប់គ្នា​ត្រូវ​រក្សា​គម្លាត។ ឆ្នាំនេះ ចុងក្រោយ យើង​ក៏បាន​មក​នៅ​ជិតគ្នា» ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​ថ្លែង​ដូច្នេះ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​សហព័ន្ធ នា​យប់​ថ្ងៃទី ១ មីនា (ព្រឹក​ថ្ងៃទី ២ មីនា នៅ ភ្នំពេញ)។ លោក​ក៏បាន​ថ្លែងថា សេរីភាព​នឹង​តែងតែ​ទទួលបាន​ជ័យជំនះ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នៅ អ៊ុយ​ក្រែ​ន លោក បៃ​ដិ​ន ថ្លែងថា ការសម្រេចចិត្ត​លុកលុយ​របស់ ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន គឺជា «ការគិត​មិន​ត្រឹមត្រូវ»។

    «គាត់​យល់ថា អាច​សម្រុកចូល​ទឹកដី​អ៊ុយ​ក្រែ​ន ហើយ​ពិភពលោក​នឹង​ក្រឡាប់ចាក់។ ជំនួស​មកវិញ គាត់​ត្រូវ​ជួបនឹង​ជញ្ជាំង​អំណាច​ដែល​គាត់​មិនអាច​នឹកស្មាន​ដល់ នោះ​គឺ​ជនជាតិ​អ៊ុយ​ក្រែ​ន» លោក បៃ​ដិ​ន ថ្លែង​ដូច្នេះ។ លោក​ក៏​និយាយ​ដល់​ការដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ពិសេស​គឺ​ក្រុម​អ្នកមាន «យើង​នឹង​សហការ​ជាមួយ​សម្ព័ន្ធមិត្ត​នៅ អឺរ៉ុប ដើម្បី​ស្វែងរក និង​រឹបអូស​យក​នាវា​ទេសចរណ៍ ភូមិគ្រឹះ​ប្រណិត យន្តហោះ​ឯកជន​របស់​ពួកគេ។ យើង​ធ្វើ​សកម្មភាព​សំដៅលើ​ផលប្រយោជន៍​មិន​ប្រក្រតី​របស់​ពួកគេ»។

    «រួម​ជាមួយនឹង​សម្ព័ន្ធមិត្ត យើង​នឹង​បិទ​ដែនអាកាស​អាម៉េរិក ចំពោះ​រាល់​ជើងហោះហើរ​របស់ រុស្ស៊ី និង​ដាក់ រុស្ស៊ី ឱ្យនៅ​ឯកោ​ជាង​មុន និង​បង្កើន​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច​របស់​ពួកគេ» លោក បៃ​ដិ​ន បញ្ជាក់។

    ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ​អាម៉េរិក ដែល​បារម្ភ​អំពី​បញ្ហា​នៅ អ៊ុយ​ក្រែ​ន លោក បៃ​ដិ​ន ថ្លែងថា «គ្រប់យ៉ាង​នឹង​ប្រសើរឡើង»។

    ការ​ថ្លែង​នៅ​ចំពោះមុខ​សភា​កាលពី​ឆ្នាំ​កន្លង​របស់លោក បៃ​ដិ​ន មិនត្រូវ​បានចាត់ទុក​ថា​ជា​សេចក្ដីថ្លែងការណ៍​របស់​សហព័ន្ធ​នោះទេ ព្រោះតែ​វា​ជា «សារ​ប្រចាំឆ្នាំ» ដោយ​វា​ជា​ឆ្នាំ​ដំបូង​នៃ​ការឡើង​កាន់អំណាច​រប​ស់លោក។ រាប់​ចាប់ពី​ឆ្នាំ ១៩៧៧ បណ្ដា​ប្រធានាធិបតី​ថ្មី​របស់ សហរដ្ឋ​អាម៉េរិក មិនបាន​ចាត់ទុក​ការ​ថ្លែងការណ៍​ដំបូង​របស់​ពួកគេ​នៅ​ចំពោះមុខ​សភា ថា​ជា សេចក្ដី​ថ្លែង​សារ​របស់​សហព័ន្ធ​ឡើយ៕

  • ផែនការ​ធ្វើឃាត​ប្រធានាធិបតី​​អ៊ុយ​​ក្រែ​ន​ ទទួល​បរាជ័យ

    ផែនការ​ធ្វើឃាត​ប្រធានាធិបតី​​អ៊ុយ​​ក្រែ​ន​ ទទួល​បរាជ័យ

    មន្ត្រី​សន្តិសុខ​របស់ អ៊ុយ​ក្រែ​ន បានឱ្យដឹងថា កងទ័ព​ប្រទេស​នេះ​បាន​បំផ្លាញ​ដោយ​ជោគជ័យ​នូវ​ផែនការ​ធ្វើឃាត​របស់​ក្រុម​ពិសេស​មកពី សាធារណរដ្ឋ​ឆេ​ឆេ​នី។

    «បេសកកម្ម​ដែល​ធ្វើឡើង​ដោយ​សមាជិក​ក្រុម​ពិសេស Kadyrovites របស់ សាធារណរដ្ឋ​ឆេ​ឆេ​នី ដើម្បី​ធ្វើឃាត​ប្រធានាធិបតី​របស់ អ៊ុយ​ក្រែ​ន ត្រូវបាន​យើង​រកឃើញ​នៅថ្ងៃនេះ» លេខា​នៃ​ក្រុមប្រឹក្សា​ការពារជាតិ និង​សន្តិសុខ​ជាតិ​អ៊ុយ​ក្រែ​ន លោក Oleksiy Danilov កាលពី​ថ្ងៃទី ១ មីនា បានប្រកាស​ដូច្នេះ​នៅលើ​ទូរទស្សន៍​រដ្ឋ Rada TV។

    យោងតាម Danilov កម្លាំង​ពិសេស Kadyrovites ត្រូវបាន​បែងចែក​ជា​ពីរ​ក្រុម ក្នុងនោះ ពាក់កណ្ដាល​ត្រូវបាន​កងទ័ព​របស់ អ៊ុយ​ក្រែ​ន គ្រប់គ្រង​នៅ Hostomel ក្បែរ រដ្ឋធានី​កៀវ ចំណែក​ក្រុម​មួយទៀត​កំពុង​ប្រយុទ្ធ​គ្នា​ទល់នឹង​កងកម្លាំងរ​បស់ អ៊ុយ​ក្រែ​ន។ បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា ក្រុម​នេះ​បាន​ទៅដល់​ទីណា​នៅឡើយ។

    ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ធ្លាប់បាន​ថ្លែងថា លោក​គឺជា «គោលដៅ​ទីមួយ» ចាប់តាំងពី រុស្ស៊ី បានប្រកាស​បើក​ការឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។ អាម៉េរិក ក៏​ធ្លាប់បាន​ស្នើឱ្យ​ធ្វើការ​ឈ្លៀស​ប្រធានាធិបតី​រូបនេះ​ផងដែរ ដើម្បី​ការពារ​សុវត្ថិភាព ក៏ប៉ុន្តែ លោក ហ្សេ​ឡែ​ន​ស្គី បាន​បដិសេធ។

    មេដឹកនាំ​របស់ សាធារណរដ្ឋ​ឆេ​ឆេ​នី លោក Ramzan Kadyrov គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់ រុស្ស៊ី។ ឆេ​ឆេ​នី កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ បាន​បញ្ចា​ក់ថា កងទ័ព​របស់ខ្លួន កំពុង​ចូលរួម​ជួយ រុស្ស៊ី នៅក្នុង​ការឈ្លានពាន អ៊ុយ​ក្រែ​ន។

  • សភា​អឺរ៉ុប ស្នើឱ្យ​ផ្ដល់​ឋានៈ​ជា​បេក្ខភាព​សមាជិក EU ឱ្យ អ៊ុយ​ក្រែ​ន

    សភា​អឺរ៉ុប ស្នើឱ្យ​ផ្ដល់​ឋានៈ​ជា​បេក្ខភាព​សមាជិក EU ឱ្យ អ៊ុយ​ក្រែ​ន

    សភា​អឺរ៉ុប បានអនុម័ត​សេចក្ដីសម្រេចចិត្ត ស្នើឱ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​របស់ សហភាព​អឺរ៉ុប (EU) សហការគ្នា​ដើម្បី​ផ្ដល់​ឋានៈ​ជា​បេក្ខភាព​សមាជិក ឱ្យ ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ប្រទេស​នេះ ដាក់ពាក្យ​ស្នើសុំ​ចូល​ជា​សមាជិក EU ជា​ផ្លូវការ។

    សេចក្ដីសម្រេចចិត្ត​ត្រូវបាន​សភា​អឺរ៉ុប (MEP) អនុម័ត​កាលពី​ថ្ងៃទី ១ មីនា ដោយ​យល់ថា ប្រការនេះ​សមស្រប​ទៅតាម​មាត្រា​ទី ៤៩ នៃ កតិកាសញ្ញា​ស្ដីអំពី សហភាព​អឺរ៉ុប។ សេចក្ដីសម្រេច​នេះ​ក៏​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​របស់ EU «បន្ត​ឆ្ពោះទៅរក​ការដាក់បញ្ចូល អ៊ុយ​ក្រែ​ន ទៅក្នុង​ទីផ្សារ​រួម​របស់ EU ទៅតាម​កិច្ចព្រមព្រៀង»។

    សេចក្ដីសម្រេច​ដែលមាន​ការគាំទ្រ​ពី​សមាជិក​ចំនួន ៦៣៧ នាក់ របស់ MEP ក៏បាន​ស្នើឱ្យ EU «ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជាង​បច្ចុប្បន្ន» ទៅលើ រុស្ស៊ី និង​ស្នើឱ្យ វិមាន​ក្រឹម​ឡាំង បញ្ចប់​រាល់​សកម្មភាព​យោធា​នៅ អ៊ុយ​ក្រែ​ន។

    សេចក្ដីសម្រេច​របស់ MEP ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី កាលពី​ថ្ងៃទី ២៨ កុម្ភៈ បាន​ចុះហត្ថលេខា​សុំចូល​ជា​សមាជិក​របស់ EU និង​ស្នើឱ្យ EU អនុញ្ញាតឱ្យ អ៊ុយ​ក្រែ​ន បាន​ចូល​សហភាព​នេះ​ជាបន្ទាន់ ក្នុង​គ្រា​ដែល កងទ័ព​រុស្ស៊ី កំពុង​ឡោមព័ទ្ធ​រដ្ឋធានី។

    អ៊ុយ​ក្រែ​ន បច្ចុប្បន្ន មិនទាន់​ត្រូវបាន​ទទួលស្គាល់​ជា​បេក្ខភាព​ផ្លូវការ​សម្រាប់​ឋានៈ​ជា​សមាជិក របស់ EU នៅឡើយ បើ​ទោះ​ប្រទេស​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ត​ភ្ជាប់​ជាមួយ EU ដែល​ក្នុងនោះ ភាគី​ទាំងពីរ​យល់ព្រម​ភ្ជាប់​សេដ្ឋកិច្ច​នៅក្នុង​វិស័យ​ជាក់លាក់​មួយចំនួន និង​ធ្វើឱ្យមាន​ភាព​ស៊ីជម្រៅ​ជាង​មុន លើ​ទំនាក់ទំនង​នយោបាយ ចាប់តាំងពី​ឆ្នាំ ២០១៧។

  • ជប៉ុន ឈឺក្បាល​ដោយសារ​បញ្ហា «Sugar Baby»៖ ក្មេងស្រី​មិនទាន់​គ្រប់ ១៨ ឆ្នាំ ស្លៀក​ខ្លី​ចេញ​រកប្រាក់ អ្នកខ្លះ​រកបាន ៦០ដុល្លារ/ម៉ោង ដោយ​គ្រាន់តែ​កំដរ​អតិថិជន​ដើរលេង​ក្នុង​សួន

    ជប៉ុន ឈឺក្បាល​ដោយសារ​បញ្ហា «Sugar Baby»៖ ក្មេងស្រី​មិនទាន់​គ្រប់ ១៨ ឆ្នាំ ស្លៀក​ខ្លី​ចេញ​រកប្រាក់ អ្នកខ្លះ​រកបាន ៦០ដុល្លារ/ម៉ោង ដោយ​គ្រាន់តែ​កំដរ​អតិថិជន​ដើរលេង​ក្នុង​សួន

    នៅ ប្រទេស​ជប៉ុន អាយុ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​អាចមាន​ទំនាក់ទំនង​ផ្លូវភេទ​បាន គឺ ១៣ ឆ្នាំ ដូច្នេះ ក្មេងស្រី​វ័យ​ចាប់ពី ១៥ ដល់ ១៨ ឆ្នាំ ត្រូវបាន​ទទួលស្គាល់​ដោយ​ស្របច្បាប់​ក្នុងការ «ទាក់ទង» នឹង​មនុស្សពេញវ័យ។

    Joshi Kosei គឺជា​ផលិតផល​មួយ​របស់ Enjo Kosai នៅពេល​អ្នកមាន​លុយ​អាច​ចេញថ្លៃ​ដើម្បី​ណាត់ជួប ឬ​ទាក់ទង​ជាមួយ​សិស្សសាលា​ដែលមាន​វ័យ​មិនទាន់​គ្រប់ ១៨ ឆ្នាំ។

    មានការ​ពិត​មួយ​ដែលថា វប្ប​ធ​ម៍ Kawaii (គួរឱ្យ​ស្រលាញ់) ដែល​និយាយ​អំពី ស្ត្រី​ជប៉ុន ធ្វើឱ្យ​បុរស​នៅទីនេះ ចូលចិត្ត​សិស្សស្រី ឬ​ក្មេងស្រី​ដែល​មិនទាន់​ពេញវ័យ។ រូបភាព​នារី​ដែលមាន​ភ្នែក​មូលធំៗ និង​ឆោតល្ងង់​នៅលើ​កញ្ចក់​ទូរទស្សន៍ គំនូរ ឬ​ផលិតផល​ផ្លូវភេទ ធ្វើឱ្យ​ហាង​កា​ហ្វ​នានា កើត​គំនិត​បង្កើតជា Joshi Kosei ដើម្បី​បំពេញតម្រូវការ។

    Enjo Kosai គឺជា​ការ​ណាត់ជួប និង​ទាក់ទង​ដោយមាន​ការបង់ថ្លៃ​សេវា ចំណែក Joshi Kosei គឺជា​ប្រភេទ​ហាង​កាហ្វេ​ដែល​ភ្ញៀវ​ជា​បុរស​អាច​បង់ថ្លៃ​សេវា​ដើម្បី​បាន​ជួប​នារី​មាន​អាយុ​មិនទាន់​គ្រប់ ១៨ ឆ្នាំ។ ក្នុង​សម្លៀកបំពាក់ខ្លីៗ នារី​ទាំងនេះ​អាច​រកបាន​ប្រហែល ៩០០ យ៉េន (៨ ដុល្លារ)/ម៉ោង ដោយ​គ្រាន់តែ​ជជែក​គ្នា​លេង ឬ​បម្រើ​អាហារ ភេសជ្ជៈ​ដល់​បុរស​ដែលមាន​វ័យ​ស្មើនឹង​ឪពុក។

    «ភាគច្រើន អតិថិជន​ស្ថិតក្នុង​វ័យ​ប្រហែល​ពី ៣០ ទៅ ៥០ ឆ្នាំ។ ប៉ុន្តែ ពួកគេ​ពេលណា​ក៏​ចេះតែ​ទាមទារ​ណាត់ជួប​ខ្ញុំ» ក្មេងស្រី Eli (ឈ្មោះ​ក្លែងក្លាយ) ដែលមាន​អាយុ​ទើបតែ ១៦ ឆ្នាំ បាន​ប្រាប់​អ្នកយកព័ត៌មាន CNN អំពី​វិស័យ​សេវាកម្ម Joshi Kosei។

    បើសិនជា​ចង់ អតិថិជន​អាច​ចំណាយ ៦០ ដុល្លារ/ម៉ោង ដើម្បី​បាន​ដើរលេង​ក្នុង​សួន​ជាមួយ​សិស្សស្រី​នៅក្នុង​ហាង​ប្រភេទ​នេះ។ «នៅពេល​បាន​ចេញពី​ហាង អ្នក​អាចធ្វើ​អ្វី​ក៏បាន​តាមចិត្ត» សកម្មជន​សង្គម​មួយរូប​និយាយ​អំពី​សេវាកម្ម​របស់​បណ្ដា​ហាង Joshi Kosei។

    យោងតាម CNN ហាង​មួយចំនួន​ថែមទាំង​លួច​ផ្ដល់​សេវាកម្ម​គក់​ស្រ​បាច់ លក់​ខោអាវ​ទ្រនាប់​មួយ​ទឹក​ទៀតផង។ ក្មេងស្រី​ជាច្រើន​ត្រូវបាន​បង្ខំ​ឱ្យ​ណាត់ជួប​ភ្ញៀវ ដោយ​ម្ចាស់​ហាង​ប្រើប្រាស់​ល្បិច​នានា​ដើម្បី​ចងជើង​បុគ្គលិក ដូចជា ថតរូប​អាក្រាតកាយ ឬ​ផ្ដល់​ប្រាក់កម្ចី​ដែលមាន​ការប្រាក់​ខ្ពស់​ជាដើម។

    នៅក្នុង​វ័យ​ជំទង់ ក្មេងស្រី​តែងតែ​ចូលចិត្ត​បង្ហាញ​សម្លៀកបំពាក់ និង​សម្ភារថ្លៃៗ ឬក៏​ដើម្បី​បង់ថ្លៃ​សាលា ពួកគេ​ក៏​ចង់​រកប្រាក់​តាម​វិធី​ខាងលើ។ ជាង​នេះ ពួកគេ​ក៏​ងាយ​ត្រូវគេ​អូសទាញ លួងលោម និង​គំរាម​ជាដើម។ ពួកគេ​ក៏​អាចជា​ក្មេងស្រី​មកពី​គ្រួសារ​បែកបាក់ ត្រូវគេ​បំពាន​ផ្លូវភេទ​តាំងពី​តូច ឬ​អស់សង្ឃឹម​ក្នុង​ជីវិត។ នេះ​គឺជា «ចំណី​ឆ្ងាញ់» សម្រាប់​ជន​ឆ្លៀតឱកាស ដែល​ប្រើប្រាស់​ពួកគេ​ជា​ឧបករណ៍​រកប្រាក់​មក​ឱ្យ​ខ្លួន។

    ការស្ទង់មតិ​របស់​អា​ជ្ញា​ធរ​ក្រុង​តូ​ក្យូ បង្ហាញថា សិស្ស​វិទ្យាល័យ​នៅទីនេះ ប្រហែល ៧០% ធ្លាប់​ឆ្លងកាត់​ទំនាក់ទំនង​ផ្លូវភេទ និង ២៣% ជាប់ទាក់ទង​ជាមួយ​បញ្ហា​ពេស្យាចារ។

    ជាក់ច្បាស់​ណាស់ សកម្មភាព Joshi Kosei កំពុង​ធ្វើឱ្យ​បញ្ហា​ពេស្យាចារ​នៅក្នុង​វ័យ​សិក្សា កើនឡើង​ខ្ពស់ ប៉ុន្តែ​មិនត្រូវ​បាន​សង្គម​យកចិត្តទុកដាក់​ឱ្យបាន​សមល្មម។ យោងតាម​ច្បាប់ នៅពេល​បន​ស្រីពេស្យា​ត្រូវបាន​រកឃើញ និង​ចោទ​ប្រកាន់ទោស គឺ​មានតែ​មេបន​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ពិន័យ ចំណែក​អតិថិជន​វិញ គឺ​បាន​រួចខ្លួន។ ទន្ទឹមនឹងនេះ ការកំណត់​អាយុ​ក្នុងការ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ត្រឹម ១៣ ឆ្នាំ នៅ ជប៉ុន ក៏បាន​ក្លាយជា​ចន្លោះប្រហោង​សម្រាប់​សកម្មភាព​ជួញដូរ​ផ្លូវភេទ​នៅលើ​ក្មេងស្រី វ័យ​ចាប់ពី ១៥ ដល់ ១៨ ឆ្នាំ​ផងដែរ៕

  • ប្រធានាធិបតី​រុស្ស៊ី ថា បើ​ចង់បាន​សន្តិភាព​នៅ អ៊ុយ​ក្រែ​ន ត្រូវតែ​បំពេញ​លក្ខខណ្ឌ​ចំនួន ៣

    ប្រធានាធិបតី​រុស្ស៊ី ថា បើ​ចង់បាន​សន្តិភាព​នៅ អ៊ុយ​ក្រែ​ន ត្រូវតែ​បំពេញ​លក្ខខណ្ឌ​ចំនួន ៣

    នៅពេល​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​បារាំង កាលពី​ថ្ងៃទី ២៨ កុម្ភៈ មេដឹកនាំ​របស់ រុស្ស៊ី បានលើកឡើង​នូវ​លក្ខខណ្ឌ​ចំនួន ៣ ដែល អ៊ុយ​ក្រែ​ន ត្រូវតែ​ធ្វើតាម បើសិន​ចង់បាន​សន្តិភាព។

    ក្រោយ​ជំនួប​តាម​ទូរស័ព្ទ រវាង ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន និង ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង កាលពី​ថ្ងៃទី ២៨ កុម្ភៈ វិមាន​ក្រឹម​ឡាំង ប្រកាសថា លោក ពូ​ទីន និយាយថា រុស្ស៊ី «ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការចរចា​ជាមួយ​តំណាង​របស់ អ៊ុយ​ក្រែ​ន»។

    ប៉ុន្តែ លោក ពូ​ទីន បញ្ជាក់ថា ដំណោះស្រាយ​សន្តិភាព​នឹង​អាច​ទទួលយកបាន លុះត្រាតែ «ផលប្រយោជន៍​ផ្នែក​សន្តិសុខ​ស្របច្បាប់​របស់ រុស្ស៊ី ត្រូវបាន​រាប់បញ្ចូល​ដោយ​មិនមាន​លក្ខខណ្ឌ» ក្នុងនោះ​មាន​ទាំង «ការទទួលស្គាល់​អធិប​តេ​យ្យ​ភាព​របស់ រុស្ស៊ី ចំពោះ​ឧបទ្វីប Crimea, សម្រេច​ភារកិច្ច​មិន​ពង្រីក​ទ័ព និង ការផ្ដាច់​ហ្វា​ស៊ី​ស​និយម ពី ប្រទេស​អ៊ុយ​ក្រែ​ន ក៏ដូចជា​ធានា​នូវ​ស្ថានភាព​អព្យាក្រឹត​របស់ ទីក្រុង​កៀវ»។

    ផែនទី​ឧបទ្វីប​ Crimea

    វិមាន​អេ​លី​សេ (Elysee) របស់ បារាំង ក៏​បានចេញ​សេចក្ដីប្រកាស ក្រោយពី​ជំនួប​ជាមួយ​មេដឹកនាំ​របស់ រុស្ស៊ី ថា លោក​ប្រធានាធិបតី ម៉ា​ក្រុង «រំលឹក​ឡើងវិញ​អំពី​សំណើ​របស់​សហគមន៍​អន្តរជាតិ» ដែលថា រុស្ស៊ី ត្រូវ​បញ្ចប់​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន និង​អំពាវនាវ​ឱ្យ​ឈប់​បាញ់​ជាបន្ទាន់។

    លោក ម៉ា​ក្រុង ក៏បាន​លើកសំណើ​មួយចំនួន ក្នុងនោះ ជាពិសេស រុស្ស៊ី ត្រូវតែ​គោរព​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​ដែនដី​នៅ អ៊ុយ​ក្រែ​ន។ លោក​ក៏​អំពាវនាវ​ឱ្យ «បញ្ឈប់​រាល់​សកម្មភាព​វាយប្រហារ​តាម​អាកាស និង​ការបាញ់​សំដៅ​ប្រជាជន​ស៊ីវិល» រួម​នឹង «ការរក្សា​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល» និង «ធ្វើឱ្យមាន​សន្តិសុខ​ដល់​បណ្ដា​ផ្លូវសំខាន់» រួមទាំង​ផ្លូវ​នៅ​ភាគខាងត្បូង​នៃ ក្រុង​កៀវ ផងដែរ។

  • ជីវភាព​ក្នុង​បន្ទប់​លាក់ខ្លួន​ក្រោម​ដី​របស់ ប្រជាជន​អ៊ុយ​ក្រែ​ន ពេល កងទ័ព​រុស្ស៊ី ចូល​ឈ្លានពាន

    ជីវភាព​ក្នុង​បន្ទប់​លាក់ខ្លួន​ក្រោម​ដី​របស់ ប្រជាជន​អ៊ុយ​ក្រែ​ន ពេល កងទ័ព​រុស្ស៊ី ចូល​ឈ្លានពាន

    រាល់​សកម្មភាព​នៃ​ការរស់នៅ តាំងពី​ការហូបចុក ដេក​ពួន និង​ការព្យាបាល​ជំងឺ​របស់ ប្រជាជន​អ៊ុយ​ក្រែ​ន ត្រូវបាន​ធ្វើឡើង​នៅក្នុង​បន្ទប់​លាក់ខ្លួន​ក្រោម​ដី ក្នុង​គ្រា​ដែលមាន​សំឡេង​ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន​អំពី​ការវាយប្រហារ​តាម​អាកាស។

    ប្រជា​ការពារ​ស្ម័គ្រចិត្ត​របស់ អ៊ុយ​ក្រែ​ន កំពុង​ឈាន​ជើង​ចុះ​មកកាន់​បន្ទប់​លាក់ខ្លួន​ក្រោម​ដី​កាលពី​ថ្ងៃទី ២៨ កុម្ភៈ នៅពេល​សំឡេង​ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន​អំពី​លទ្ធភាព​នៃ​ការកើតមាន​ការប្រយុទ្ធ​គ្នា​ក្នុង​តំបន់​មួយ​របស់ រដ្ឋធានី​កៀវ ជាទី​ដែល​ក្រុម​ស្ម័គ្រចិត្ត និង​ទាហាន​អ៊ុយ​ក្រែ​ន កំពុង​ត្រៀម​រួចរាល់​ដើម្បី​ប្រយុទ្ធ។

    Nastya អាយុ ២៤ ឆ្នាំ ជា​អ្នកស្ម័គ្រចិត្ត​ម្នាក់ កំពុង​ជក់បារី​នៅ​ខាងក្រោម​ច្រកចូល​របស់​បន្ទប់​លាក់ខ្លួន​ក្រោម​ដី នៅក្នុង​មូលដ្ឋាន​មួយ នា រដ្ឋធានី​កៀវ កាលពី​ថ្ងៃទី ២៨ កុម្ភៈ។ ក្រុម​អ្នកស្ម័គ្រចិត្ត​នេះ​ត្រូវបាន​បណ្ដុះបណ្ដាល​ផ្នែក​យោធា​នៅ​មូលដ្ឋានទ័ព និង​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចូល​សមរភូមិ។

    ស្ត្រី​ជនជាតិ​អ៊ុយ​ក្រែ​ន កំពុង​រៀបចំ​អាហារ​សម្រាប់​កងកម្លាំង​ប្រជាជន​ស្ម័គ្រចិត្ត នៅក្នុង​បន្ទប់​លាក់ខ្លួន​ក្រោម​ដី។

    ប្រជាជន​នៅ Sievierodonetsk ខេត្ត Luhansk ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន នាំគ្នា​ចុះ​លាក់ខ្លួន​ក្នុង​បន្ទប់ក្រោមដី ក្នុង​គ្រា កងទ័ព​រុស្ស៊ី និង​ទាហាន​របស់​ក្រុម​ផ្ដាច់ខ្លួន​ដែល​គាំទ្រ​ដោយ រុស្ស៊ី កំពុង​ផ្លោង​គ្រាប់​យ៉ាង​ខ្លាំងក្លា​មកលើ​តំបន់​នេះ កាលពី​ថ្ងៃទី ២៨ កុម្ភៈ។

    ខាងក្នុង​បន្ទប់​លាក់ខ្លួន​ក្រោម​ដី​របស់​ប្រជាជន​នៅ Sievierodonetsk ក្នុង​ខេត្ត Luhansk ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន។

    ក្មេងៗ ត្រូវបាន​ព្យាបាល​ជំងឺ និង​របួស នៅ​បន្ទប់ក្រោមដី​របស់​មន្ទី​រ​ពេទ្យ​មួយ ជាទី​ដែល​ត្រូវបាន​ប្រើ​ប្រាប់​សម្រាប់​លាក់ខ្លួន និង​គេច​ពី​គ្រាប់បែក នៅ រដ្ឋធានី​កៀវ។

    កុមារ​មាន​ជំងឺមហារីក កំពុង​អង្គុយ​និយាយ​គ្នា​លេង​នៅក្នុង​បន្ទប់ក្រោមដី​មួយ​របស់​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺមហារីក នៅ រដ្ឋធានី​កៀវ។

    នៅឯ Ternopil ទីក្រុង​ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន បន្ទប់​ដាក់​ផ្នូរខ្មោច​ក្រោម​ដី​របស់​វិហារ​សាសនា​មួយ ដែលជា​ស្ថាបត្យកម្ម​ពី​សតវត្សរ៍​ទី ១៨ បច្ចុប្បន្ន​បានក្លាយ​ជា​ជម្រក​លាក់ខ្លួន​សម្រាប់​ប្រជាជន នៅពេល​មានការ​បាញ់​គ្នា​រវាង ទាហាន​រុស្ស៊ី និង ទាហាន​អ៊ុយ​ក្រែ​ន។

    Ternopil ស្ថិតនៅ​ចម្ងាយ​ពី Lviv ប្រហែល ១២៨ គីឡូម៉ែត្រ ទៅ​ទិសខាងកើត និង​ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន-ប៉ូឡូញ ដែលមាន​ចម្ងាយ​ពី​សមរភូមិ​ក្ដៅ​រាប់រយ​គីឡូម៉ែត្រ ប៉ុន្តែ ក៏​នៅតែ​ស្ថិតក្នុង​រង្វង់​ប្រតិបត្តិការ​នៃ មី​ស៊ី​ល របស់ រុស្ស៊ី។

    ស្ត្រី​ម្នាក់​កំពុង​សូត្រធម៌​នៅក្នុង​បន្ទប់​លាក់ខ្លួន​ក្រោម​ដី នៅ Ternopil ដែលជា​ទីក្រុង​មួយ​នៅ​ភាគ​ខាងលិច​របស់ អ៊ុយ​ក្រែ​ន។

    ក្នុងពេល​លាក់ខ្លួន​ក្នុង​បន្ទប់ក្រោមដី ប្រជាជន​ភាគច្រើន​ផ្ញើ​សារ​ជជែក​ជាមួយ​មិត្តភក្ដិ និង​ញាតិ​របស់​ពួកគេ ឬ​អាន​សៀវភៅ និង​សូត្រធម៌​ជាដើម៕