ផែនការ​ធ្វើឃាត​ប្រធានាធិបតី​​អ៊ុយ​​ក្រែ​ន​ ទទួល​បរាជ័យ

ប្រធានាធិបតីអ៊ុយក្រែន និង​ កងកម្លាំង​ពិសេស​របស់​ ឆេឆេនី

មន្ត្រី​សន្តិសុខ​របស់ អ៊ុយ​ក្រែ​ន បានឱ្យដឹងថា កងទ័ព​ប្រទេស​នេះ​បាន​បំផ្លាញ​ដោយ​ជោគជ័យ​នូវ​ផែនការ​ធ្វើឃាត​របស់​ក្រុម​ពិសេស​មកពី សាធារណរដ្ឋ​ឆេ​ឆេ​នី។

«បេសកកម្ម​ដែល​ធ្វើឡើង​ដោយ​សមាជិក​ក្រុម​ពិសេស Kadyrovites របស់ សាធារណរដ្ឋ​ឆេ​ឆេ​នី ដើម្បី​ធ្វើឃាត​ប្រធានាធិបតី​របស់ អ៊ុយ​ក្រែ​ន ត្រូវបាន​យើង​រកឃើញ​នៅថ្ងៃនេះ» លេខា​នៃ​ក្រុមប្រឹក្សា​ការពារជាតិ និង​សន្តិសុខ​ជាតិ​អ៊ុយ​ក្រែ​ន លោក Oleksiy Danilov កាលពី​ថ្ងៃទី ១ មីនា បានប្រកាស​ដូច្នេះ​នៅលើ​ទូរទស្សន៍​រដ្ឋ Rada TV។

យោងតាម Danilov កម្លាំង​ពិសេស Kadyrovites ត្រូវបាន​បែងចែក​ជា​ពីរ​ក្រុម ក្នុងនោះ ពាក់កណ្ដាល​ត្រូវបាន​កងទ័ព​របស់ អ៊ុយ​ក្រែ​ន គ្រប់គ្រង​នៅ Hostomel ក្បែរ រដ្ឋធានី​កៀវ ចំណែក​ក្រុម​មួយទៀត​កំពុង​ប្រយុទ្ធ​គ្នា​ទល់នឹង​កងកម្លាំងរ​បស់ អ៊ុយ​ក្រែ​ន។ បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា ក្រុម​នេះ​បាន​ទៅដល់​ទីណា​នៅឡើយ។

ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ធ្លាប់បាន​ថ្លែងថា លោក​គឺជា «គោលដៅ​ទីមួយ» ចាប់តាំងពី រុស្ស៊ី បានប្រកាស​បើក​ការឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។ អាម៉េរិក ក៏​ធ្លាប់បាន​ស្នើឱ្យ​ធ្វើការ​ឈ្លៀស​ប្រធានាធិបតី​រូបនេះ​ផងដែរ ដើម្បី​ការពារ​សុវត្ថិភាព ក៏ប៉ុន្តែ លោក ហ្សេ​ឡែ​ន​ស្គី បាន​បដិសេធ។

មេដឹកនាំ​របស់ សាធារណរដ្ឋ​ឆេ​ឆេ​នី លោក Ramzan Kadyrov គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់ រុស្ស៊ី។ ឆេ​ឆេ​នី កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ បាន​បញ្ចា​ក់ថា កងទ័ព​របស់ខ្លួន កំពុង​ចូលរួម​ជួយ រុស្ស៊ី នៅក្នុង​ការឈ្លានពាន អ៊ុយ​ក្រែ​ន។

Advertisement