សភា​អឺរ៉ុប ស្នើឱ្យ​ផ្ដល់​ឋានៈ​ជា​បេក្ខភាព​សមាជិក EU ឱ្យ អ៊ុយ​ក្រែ​ន

សមាជិក​សភា​អឺរ៉ុប ថ្លែង​ការណ៍​កាល​ពីថ្ងៃទី ១ មីនា នៅ​ បែលហ្ស៊ិក

សភា​អឺរ៉ុប បានអនុម័ត​សេចក្ដីសម្រេចចិត្ត ស្នើឱ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​របស់ សហភាព​អឺរ៉ុប (EU) សហការគ្នា​ដើម្បី​ផ្ដល់​ឋានៈ​ជា​បេក្ខភាព​សមាជិក ឱ្យ ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ប្រទេស​នេះ ដាក់ពាក្យ​ស្នើសុំ​ចូល​ជា​សមាជិក EU ជា​ផ្លូវការ។

សេចក្ដីសម្រេចចិត្ត​ត្រូវបាន​សភា​អឺរ៉ុប (MEP) អនុម័ត​កាលពី​ថ្ងៃទី ១ មីនា ដោយ​យល់ថា ប្រការនេះ​សមស្រប​ទៅតាម​មាត្រា​ទី ៤៩ នៃ កតិកាសញ្ញា​ស្ដីអំពី សហភាព​អឺរ៉ុប។ សេចក្ដីសម្រេច​នេះ​ក៏​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​របស់ EU «បន្ត​ឆ្ពោះទៅរក​ការដាក់បញ្ចូល អ៊ុយ​ក្រែ​ន ទៅក្នុង​ទីផ្សារ​រួម​របស់ EU ទៅតាម​កិច្ចព្រមព្រៀង»។

សេចក្ដីសម្រេច​ដែលមាន​ការគាំទ្រ​ពី​សមាជិក​ចំនួន ៦៣៧ នាក់ របស់ MEP ក៏បាន​ស្នើឱ្យ EU «ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជាង​បច្ចុប្បន្ន» ទៅលើ រុស្ស៊ី និង​ស្នើឱ្យ វិមាន​ក្រឹម​ឡាំង បញ្ចប់​រាល់​សកម្មភាព​យោធា​នៅ អ៊ុយ​ក្រែ​ន។

សេចក្ដីសម្រេច​របស់ MEP ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី កាលពី​ថ្ងៃទី ២៨ កុម្ភៈ បាន​ចុះហត្ថលេខា​សុំចូល​ជា​សមាជិក​របស់ EU និង​ស្នើឱ្យ EU អនុញ្ញាតឱ្យ អ៊ុយ​ក្រែ​ន បាន​ចូល​សហភាព​នេះ​ជាបន្ទាន់ ក្នុង​គ្រា​ដែល កងទ័ព​រុស្ស៊ី កំពុង​ឡោមព័ទ្ធ​រដ្ឋធានី។

អ៊ុយ​ក្រែ​ន បច្ចុប្បន្ន មិនទាន់​ត្រូវបាន​ទទួលស្គាល់​ជា​បេក្ខភាព​ផ្លូវការ​សម្រាប់​ឋានៈ​ជា​សមាជិក របស់ EU នៅឡើយ បើ​ទោះ​ប្រទេស​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ត​ភ្ជាប់​ជាមួយ EU ដែល​ក្នុងនោះ ភាគី​ទាំងពីរ​យល់ព្រម​ភ្ជាប់​សេដ្ឋកិច្ច​នៅក្នុង​វិស័យ​ជាក់លាក់​មួយចំនួន និង​ធ្វើឱ្យមាន​ភាព​ស៊ីជម្រៅ​ជាង​មុន លើ​ទំនាក់ទំនង​នយោបាយ ចាប់តាំងពី​ឆ្នាំ ២០១៧។

Advertisement