ជប៉ុន ឈឺក្បាល​ដោយសារ​បញ្ហា «Sugar Baby»៖ ក្មេងស្រី​មិនទាន់​គ្រប់ ១៨ ឆ្នាំ ស្លៀក​ខ្លី​ចេញ​រកប្រាក់ អ្នកខ្លះ​រកបាន ៦០ដុល្លារ/ម៉ោង ដោយ​គ្រាន់តែ​កំដរ​អតិថិជន​ដើរលេង​ក្នុង​សួន

នៅ ប្រទេស​ជប៉ុន អាយុ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​អាចមាន​ទំនាក់ទំនង​ផ្លូវភេទ​បាន គឺ ១៣ ឆ្នាំ ដូច្នេះ ក្មេងស្រី​វ័យ​ចាប់ពី ១៥ ដល់ ១៨ ឆ្នាំ ត្រូវបាន​ទទួលស្គាល់​ដោយ​ស្របច្បាប់​ក្នុងការ «ទាក់ទង» នឹង​មនុស្សពេញវ័យ។

Joshi Kosei គឺជា​ផលិតផល​មួយ​របស់ Enjo Kosai នៅពេល​អ្នកមាន​លុយ​អាច​ចេញថ្លៃ​ដើម្បី​ណាត់ជួប ឬ​ទាក់ទង​ជាមួយ​សិស្សសាលា​ដែលមាន​វ័យ​មិនទាន់​គ្រប់ ១៨ ឆ្នាំ។

មានការ​ពិត​មួយ​ដែលថា វប្ប​ធ​ម៍ Kawaii (គួរឱ្យ​ស្រលាញ់) ដែល​និយាយ​អំពី ស្ត្រី​ជប៉ុន ធ្វើឱ្យ​បុរស​នៅទីនេះ ចូលចិត្ត​សិស្សស្រី ឬ​ក្មេងស្រី​ដែល​មិនទាន់​ពេញវ័យ។ រូបភាព​នារី​ដែលមាន​ភ្នែក​មូលធំៗ និង​ឆោតល្ងង់​នៅលើ​កញ្ចក់​ទូរទស្សន៍ គំនូរ ឬ​ផលិតផល​ផ្លូវភេទ ធ្វើឱ្យ​ហាង​កា​ហ្វ​នានា កើត​គំនិត​បង្កើតជា Joshi Kosei ដើម្បី​បំពេញតម្រូវការ។

Enjo Kosai គឺជា​ការ​ណាត់ជួប និង​ទាក់ទង​ដោយមាន​ការបង់ថ្លៃ​សេវា ចំណែក Joshi Kosei គឺជា​ប្រភេទ​ហាង​កាហ្វេ​ដែល​ភ្ញៀវ​ជា​បុរស​អាច​បង់ថ្លៃ​សេវា​ដើម្បី​បាន​ជួប​នារី​មាន​អាយុ​មិនទាន់​គ្រប់ ១៨ ឆ្នាំ។ ក្នុង​សម្លៀកបំពាក់ខ្លីៗ នារី​ទាំងនេះ​អាច​រកបាន​ប្រហែល ៩០០ យ៉េន (៨ ដុល្លារ)/ម៉ោង ដោយ​គ្រាន់តែ​ជជែក​គ្នា​លេង ឬ​បម្រើ​អាហារ ភេសជ្ជៈ​ដល់​បុរស​ដែលមាន​វ័យ​ស្មើនឹង​ឪពុក។

«ភាគច្រើន អតិថិជន​ស្ថិតក្នុង​វ័យ​ប្រហែល​ពី ៣០ ទៅ ៥០ ឆ្នាំ។ ប៉ុន្តែ ពួកគេ​ពេលណា​ក៏​ចេះតែ​ទាមទារ​ណាត់ជួប​ខ្ញុំ» ក្មេងស្រី Eli (ឈ្មោះ​ក្លែងក្លាយ) ដែលមាន​អាយុ​ទើបតែ ១៦ ឆ្នាំ បាន​ប្រាប់​អ្នកយកព័ត៌មាន CNN អំពី​វិស័យ​សេវាកម្ម Joshi Kosei។

បើសិនជា​ចង់ អតិថិជន​អាច​ចំណាយ ៦០ ដុល្លារ/ម៉ោង ដើម្បី​បាន​ដើរលេង​ក្នុង​សួន​ជាមួយ​សិស្សស្រី​នៅក្នុង​ហាង​ប្រភេទ​នេះ។ «នៅពេល​បាន​ចេញពី​ហាង អ្នក​អាចធ្វើ​អ្វី​ក៏បាន​តាមចិត្ត» សកម្មជន​សង្គម​មួយរូប​និយាយ​អំពី​សេវាកម្ម​របស់​បណ្ដា​ហាង Joshi Kosei។

យោងតាម CNN ហាង​មួយចំនួន​ថែមទាំង​លួច​ផ្ដល់​សេវាកម្ម​គក់​ស្រ​បាច់ លក់​ខោអាវ​ទ្រនាប់​មួយ​ទឹក​ទៀតផង។ ក្មេងស្រី​ជាច្រើន​ត្រូវបាន​បង្ខំ​ឱ្យ​ណាត់ជួប​ភ្ញៀវ ដោយ​ម្ចាស់​ហាង​ប្រើប្រាស់​ល្បិច​នានា​ដើម្បី​ចងជើង​បុគ្គលិក ដូចជា ថតរូប​អាក្រាតកាយ ឬ​ផ្ដល់​ប្រាក់កម្ចី​ដែលមាន​ការប្រាក់​ខ្ពស់​ជាដើម។

នៅក្នុង​វ័យ​ជំទង់ ក្មេងស្រី​តែងតែ​ចូលចិត្ត​បង្ហាញ​សម្លៀកបំពាក់ និង​សម្ភារថ្លៃៗ ឬក៏​ដើម្បី​បង់ថ្លៃ​សាលា ពួកគេ​ក៏​ចង់​រកប្រាក់​តាម​វិធី​ខាងលើ។ ជាង​នេះ ពួកគេ​ក៏​ងាយ​ត្រូវគេ​អូសទាញ លួងលោម និង​គំរាម​ជាដើម។ ពួកគេ​ក៏​អាចជា​ក្មេងស្រី​មកពី​គ្រួសារ​បែកបាក់ ត្រូវគេ​បំពាន​ផ្លូវភេទ​តាំងពី​តូច ឬ​អស់សង្ឃឹម​ក្នុង​ជីវិត។ នេះ​គឺជា «ចំណី​ឆ្ងាញ់» សម្រាប់​ជន​ឆ្លៀតឱកាស ដែល​ប្រើប្រាស់​ពួកគេ​ជា​ឧបករណ៍​រកប្រាក់​មក​ឱ្យ​ខ្លួន។

ការស្ទង់មតិ​របស់​អា​ជ្ញា​ធរ​ក្រុង​តូ​ក្យូ បង្ហាញថា សិស្ស​វិទ្យាល័យ​នៅទីនេះ ប្រហែល ៧០% ធ្លាប់​ឆ្លងកាត់​ទំនាក់ទំនង​ផ្លូវភេទ និង ២៣% ជាប់ទាក់ទង​ជាមួយ​បញ្ហា​ពេស្យាចារ។

ជាក់ច្បាស់​ណាស់ សកម្មភាព Joshi Kosei កំពុង​ធ្វើឱ្យ​បញ្ហា​ពេស្យាចារ​នៅក្នុង​វ័យ​សិក្សា កើនឡើង​ខ្ពស់ ប៉ុន្តែ​មិនត្រូវ​បាន​សង្គម​យកចិត្តទុកដាក់​ឱ្យបាន​សមល្មម។ យោងតាម​ច្បាប់ នៅពេល​បន​ស្រីពេស្យា​ត្រូវបាន​រកឃើញ និង​ចោទ​ប្រកាន់ទោស គឺ​មានតែ​មេបន​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ពិន័យ ចំណែក​អតិថិជន​វិញ គឺ​បាន​រួចខ្លួន។ ទន្ទឹមនឹងនេះ ការកំណត់​អាយុ​ក្នុងការ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ត្រឹម ១៣ ឆ្នាំ នៅ ជប៉ុន ក៏បាន​ក្លាយជា​ចន្លោះប្រហោង​សម្រាប់​សកម្មភាព​ជួញដូរ​ផ្លូវភេទ​នៅលើ​ក្មេងស្រី វ័យ​ចាប់ពី ១៥ ដល់ ១៨ ឆ្នាំ​ផងដែរ៕

Advertisement