ប្រជាជន​អាម៉េរិក នឹង​ទទួលបាន​ថ្នាំ​ព្យាបាល​កូ​វីដ-១៩ នៅតាម​ឱសថស្ថាន ដោយ​មិន​គិតថ្លៃ

នៅក្នុង​ព្រឹត្តិការណ៍​អាន​សេចក្ដីថ្លែងការណ៍​សហព័ន្ធ​លើកដំបូង នា​ថ្ងៃទី ១ មីនា (២ មីនា នៅ កម្ពុជា) ប្រធានាធិបតី​អាម៉េរិក លោក បៃ​ដិ​ន ក៏បាន​ថ្លែង​អំពី​បញ្ហា កូ​វីដ-១។

លោក ចូ បៃ​ដិ​ន បាន​ថ្លែងថា រដ្ឋាភិបាល​របស់លោក បានផ្ដល់​ការធ្វើ​តេស្ត​រក វីរុស​កូ​វីដ-១៩ រាប់រយ​លាន​លើក​ដល់​ប្រជាជន​អាម៉េរិក ដោយ​មិន​គិតថ្លៃ។ លោក បៃ​ដិ​ន ក៏បាន​ប្រកាស​អំពី គំនិត​ផ្ដួចផ្ដើម «ធ្វើតេស្ត​ដើម្បី​ព្យាបាល» ដែល​គោលនយោបាយ​ថ្មី ក្នុងនោះ ប្រជាជន​អាម៉េរិក នឹង​អាចធ្វើ​តេស្ត​រក វីរុស​កូ​វីដ-១៩ នៅតាម​ឱសថស្ថាន​នានា និង​ទទួលបាន​ថ្នាំ​ព្យាបាល​ដោយ​មិន​គិតថ្លៃ «នៅនឹងកន្លែង» បើសិន​លទ្ធផល​តេស្ត​បង្ហាញថា ពួកគេ​វិជ្ជមាន។

«បើសិនជា​ឆ្លង វីរុស​កូ​វីដ-១៩ ថ្នាំ​គ្រាប់​របស់ Pfizer នឹង​ជួយ​កាត់បន្ថយ​បាន ៩០% នៃ​ហានិភ័យ​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ» លោក បៃ​ដិ​ន បញ្ជាក់ និង​បន្ថែមថា «រដ្ឋាភិបាល​របស់ខ្ញុំ បាន​បញ្ជា​ទិញ​ថ្នាំ​ច្រើនជាង​ប្រទេស​ណា​ទាំងអស់​ក្នុង​ពិភពលោក។ Pfizer កំពុង​បង្កើន​ការផលិត​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​យើង ១ លាន​គ្រាប់​នៅក្នុង​ខែ​នេះ និង​បង្កើន​បរិមាណ​ទ្វេដង​នៅ​ខែក្រោយ»។

លោក បៃ​ដិ​ន បញ្ចប់សេចក្ដី​ថ្លែងការណ៍​សហព័ន្ធ​លើកដំបូង​របស់លោក ដោយសារ​ស្ដីពី អំណាច និង​ទឹកចិត្ត​ស្នេហា​ជាតិ។ «ប្រទេស​មានអំណាច​ខ្លាំងក្លា​ក៏ដោយ​សារ​អ្នក ប្រជាជន​អាម៉េរិក តែងតែ​រឹងមាំ។ យើង​នឹង​ការពារ​សេរីភាព ពង្រីក​យុត្តិធម៌ និង​ឱកាស។ យើង​នឹង​សង្គ្រោះ​ប្រជាធិបតេយ្យ» លោក បៃ​ដិ​ន ថ្លែង​ដូច្នេះ។ «សូម​បួងសួង​ដល់​ព្រះ ជួយ​តាម​ថែរក្សា​គ្រប់គ្នា និង​ការពារ​កងទ័ព​របស់​យើង»៕

Advertisement