អាន​សេចក្ដីថ្លែងការណ៍​របស់​សហព័ន្ធ ជា​លើកដំបូង ប្រធានាធិបតី​អាម៉េរិក ថា «រុស្ស៊ី គិត​ខុស»

ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន អាន​សារ​របស់​សហព័ន្ធ​នៅឯ​វិមាន​សភា​ជាន់​ទាប​ជា​លើកដំបូង​ចាប់តាំងពី​បាន​ឡើងកាន់​អំណាច ក្នុងនោះ​ក៏បាន​និយាយ​ដល់​ជម្លោះ​ប្រដាប់អាវុធ​នៅ អ៊ុយ​ក្រែ​ន និង​បញ្ហា​ជាច្រើន​ផ្សេងទៀត។

«កាលពី​ឆ្នាំ​កន្លង កូ​វីដ-១៩ បានធ្វើឱ្យ​យើង​គ្រប់គ្នា​ត្រូវ​រក្សា​គម្លាត។ ឆ្នាំនេះ ចុងក្រោយ យើង​ក៏បាន​មក​នៅ​ជិតគ្នា» ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​ថ្លែង​ដូច្នេះ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​សហព័ន្ធ នា​យប់​ថ្ងៃទី ១ មីនា (ព្រឹក​ថ្ងៃទី ២ មីនា នៅ ភ្នំពេញ)។ លោក​ក៏បាន​ថ្លែងថា សេរីភាព​នឹង​តែងតែ​ទទួលបាន​ជ័យជំនះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នៅ អ៊ុយ​ក្រែ​ន លោក បៃ​ដិ​ន ថ្លែងថា ការសម្រេចចិត្ត​លុកលុយ​របស់ ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន គឺជា «ការគិត​មិន​ត្រឹមត្រូវ»។

«គាត់​យល់ថា អាច​សម្រុកចូល​ទឹកដី​អ៊ុយ​ក្រែ​ន ហើយ​ពិភពលោក​នឹង​ក្រឡាប់ចាក់។ ជំនួស​មកវិញ គាត់​ត្រូវ​ជួបនឹង​ជញ្ជាំង​អំណាច​ដែល​គាត់​មិនអាច​នឹកស្មាន​ដល់ នោះ​គឺ​ជនជាតិ​អ៊ុយ​ក្រែ​ន» លោក បៃ​ដិ​ន ថ្លែង​ដូច្នេះ។ លោក​ក៏​និយាយ​ដល់​ការដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ពិសេស​គឺ​ក្រុម​អ្នកមាន «យើង​នឹង​សហការ​ជាមួយ​សម្ព័ន្ធមិត្ត​នៅ អឺរ៉ុប ដើម្បី​ស្វែងរក និង​រឹបអូស​យក​នាវា​ទេសចរណ៍ ភូមិគ្រឹះ​ប្រណិត យន្តហោះ​ឯកជន​របស់​ពួកគេ។ យើង​ធ្វើ​សកម្មភាព​សំដៅលើ​ផលប្រយោជន៍​មិន​ប្រក្រតី​របស់​ពួកគេ»។

«រួម​ជាមួយនឹង​សម្ព័ន្ធមិត្ត យើង​នឹង​បិទ​ដែនអាកាស​អាម៉េរិក ចំពោះ​រាល់​ជើងហោះហើរ​របស់ រុស្ស៊ី និង​ដាក់ រុស្ស៊ី ឱ្យនៅ​ឯកោ​ជាង​មុន និង​បង្កើន​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច​របស់​ពួកគេ» លោក បៃ​ដិ​ន បញ្ជាក់។

ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ​អាម៉េរិក ដែល​បារម្ភ​អំពី​បញ្ហា​នៅ អ៊ុយ​ក្រែ​ន លោក បៃ​ដិ​ន ថ្លែងថា «គ្រប់យ៉ាង​នឹង​ប្រសើរឡើង»។

ការ​ថ្លែង​នៅ​ចំពោះមុខ​សភា​កាលពី​ឆ្នាំ​កន្លង​របស់លោក បៃ​ដិ​ន មិនត្រូវ​បានចាត់ទុក​ថា​ជា​សេចក្ដីថ្លែងការណ៍​របស់​សហព័ន្ធ​នោះទេ ព្រោះតែ​វា​ជា «សារ​ប្រចាំឆ្នាំ» ដោយ​វា​ជា​ឆ្នាំ​ដំបូង​នៃ​ការឡើង​កាន់អំណាច​រប​ស់លោក។ រាប់​ចាប់ពី​ឆ្នាំ ១៩៧៧ បណ្ដា​ប្រធានាធិបតី​ថ្មី​របស់ សហរដ្ឋ​អាម៉េរិក មិនបាន​ចាត់ទុក​ការ​ថ្លែងការណ៍​ដំបូង​របស់​ពួកគេ​នៅ​ចំពោះមុខ​សភា ថា​ជា សេចក្ដី​ថ្លែង​សារ​របស់​សហព័ន្ធ​ឡើយ៕

Advertisement