Category: អន្តរជាតិ

  • អ៊ុយ​ក្រែ​ន ប្ដេជ្ញា​មិន​ទទួលយក​ឱសានវាទ​បង្ខំ​ឱ្យ​ចុះចាញ់​នៅ​ចំពោះមុខ កងទ័ព​រុស្ស៊ី

    អ៊ុយ​ក្រែ​ន ប្ដេជ្ញា​មិន​ទទួលយក​ឱសានវាទ​បង្ខំ​ឱ្យ​ចុះចាញ់​នៅ​ចំពោះមុខ កងទ័ព​រុស្ស៊ី

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី បានប្រកាសថា មិន​ទទួលយក​ឱសានវាទ​ស្នើឱ្យ​ចុះចាញ់​ជាដាច់ខាត និង​ប្ដេជ្ញា​មិន​បោះបង់​បណ្ដា​ទីក្រុង​ដូចជា ម៉ា​រី​ប៉ូល (Mariupol), ខា​កូវ (Khaarkov) ឬ រដ្ឋធានី​កៀវ របស់​ប្រទេស​នេះ។

    «យើង​បានទទួល​លិខិត​ដាក់​ឱសានវាទ​ដោយមាន​ការស្នើ​ជាច្រើន ក្នុងនោះ​មាន​ទាំង​ការបង្ខំ​តាមរបៀប «ចូរ​ធ្វើ​ដូច្នេះ ហើយ​សង្គ្រាម​នឹងត្រូវ​បានបញ្ចប់»។ អ៊ុយ​ក្រែ​ន មិនអាច​ធ្វើតាម​ឱសានវាទ​នោះ» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ថ្លែង​កាលពី​ថ្ងៃទី ២១ មីនា​ដូច្នេះ។

    លោក ហ្សេ​ឡែ​ន​ស្គី បន្តថា រាប់​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ រុស្ស៊ី ត្រូវតែ​ឆ្លងកាត់​ការធ្វើប្រជាមតិ​នៅ អ៊ុយ​ក្រែ​ន។ «ប្រជាជន​នឹងត្រូវ​តែមាន​សំឡេង​នៅក្នុង​កិច្ចព្រមព្រៀង​មួយចំនួន» លោក​បញ្ជាក់។

    កងទ័ព​រុស្ស៊ី កាលពី​ថ្ងៃទី ២១ មីនា បានដាក់​ឱសានវាទ​ស្នើឱ្យ​កងកម្លាំង​ការពារ​ទីក្រុង​ម៉ា​រី​ប៉ូល ទម្លាក់អាវុធ​ចុះចាញ់ ប៉ុន្តែ ត្រូវបាន​បដិសេធ​ដោយ ឧបនាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន លោកស្រី Iryna Vereshchuk។ លោក ហ្សេ​ឡែ​ន​ស្គី ថ្លែង​បន្ថែមថា អ៊ុយ​ក្រែ​ន ក៏​នឹងមិន​បោះបង់​ទីក្រុង​ណាមួយ​ដែល​កំពុង​ត្រូវបាន​ឡោមព័ទ្ធ​ដោយ កងទ័ព​រុស្ស៊ី ក្នុងនោះ​មាន រដ្ឋធានី​កៀវ ឬ ទីក្រុង​ខា​កូវ ជាដើម។

    រុស្ស៊ី និង អ៊ុយ​ក្រែ​ន បាន​បើក​កិច្ចចរចា​ច្រើនលើក​មកហើយ បន្ទាប់ពី​សង្គ្រាម​បាន​ផ្ទុះឡើង ប៉ុន្តែ មិនទាន់​ទទួលបាន​ផ្លែផ្កា​អ្វី​នៅឡើយ ទាក់ទង​នឹង​បទ​ឈប់​បាញ់។

  • អ្នកបើកបរ​យន្តហោះ​ដែល​បាន​ធ្លា​ក់នៅ ប្រទេស​ចិន ម្សិលមិញ ទំនងជា​បាត់បង់​ស្មារតី​មុនពេល​កើតហេតុ​ចុងក្រោយ

    អ្នកបើកបរ​យន្តហោះ​ដែល​បាន​ធ្លា​ក់នៅ ប្រទេស​ចិន ម្សិលមិញ ទំនងជា​បាត់បង់​ស្មារតី​មុនពេល​កើតហេតុ​ចុងក្រោយ

    យន្តហោះ​ដឹក​អ្នកដំណើរ ១៣២ និង​បុគ្គលិក​ហោះហើរ ៩ នាក់ របស់ China Eastern Airlines បាន​ធ្លា​ក់ដោយ​ដាំ​ក្បាល​ចុះ​ត្រង់​ពីលើ​ក្នុង​ល្បឿន​រាប់រយ​គីឡូម៉ែត្រ/ម៉ោង អាច​បណ្ដាលឱ្យ​អ្នកបើកបរ​បាត់បង់​ស្មារតី មុនពេល​ដាំ​ក្បាល​ដល់​ដី នេះ​បើតាម​អ្នកជំនាញ។

    វីដេអូ​ស្ដីពី​ទិដ្ឋភាព​ចុងក្រោយ​របស់​ជើងហោះហើរ MU៥៧៣៥ នៃ​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ចិន ក្រោយពី​យន្តហោះ​បាន​ធ្លាក់​បុក​ខ្នងភ្នំ​ក្នុង​ខេត្ត Guangxi កាលពី​ថ្ងៃទី ២១ មីនា បង្ហាញថា យន្តហោះ Boeing ៧៣៧-៨០០ នេះ ធ្លាក់ចុះ​ដោយ​ដាំ​ក្បាល​ត្រង់​ពីលើ​មេឃ។

    អ្នកជំនាញ​ផ្នែក​អាកាសចរណ៍​អង់គ្លេស Sally Gethin យល់ថា នៅពេល​យន្តហោះ​ធ្លាក់​ដោយ​ដាំ​ក្បាល​ចុះ​ត្រង់​ពីលើ​បែបនេះ​ក្នុង​រយៈពេល​ជិត ២ នាទី កម្លាំង​ទំនាញ​ដ៏​ខ្លាំង​នឹងធ្វើ​ឱ្យ​ឈាម​ច្រាល​ទៅកាន់​ខួរក្បាល​របស់​អ្នក​នៅលើ​យន្តហោះ។

    កម្លាំង​ទំនាញ​នោះ នឹង​ធ្វើឱ្យ​បាត់បង់​ស្មារតី មិនអាច​បញ្ជា​លើ​យន្តហោះ​បាន។ ប៉ុន្តែ ទិន្នន័យ​នៃ​ការហោះហើរ​បង្ហាញថា ក្នុងពេល​ធ្លាក់​ដាំ​ក្បាល​ចុះ យន្តហោះ​នេះ​បាន​ហោះ​ងើបក្បាលឡើង​ប្រហែល​ពី ១០ ទៅ ១៥ វិនាទី បង្ហាញថា អ្នកបើកបរ​បានដឹង​ខ្លួន និង​ព្យាយាម​ជួយសង្គ្រោះ​យន្តហោះ តែ​ត្រូវ​បរាជ័យ។

    ទិន្នន័យ​ពី Flighttradar24 បង្ហាញថា យន្តហោះ​នេះ​កំពុង​ហោះ​លើ​កម្ពស់​ជិត ៩,០០០ ម៉ែត្រ នៅវេលា​ម៉ោង​ប្រហែល ១៤ និង ២០ នាទី ថ្ងៃទី ២១ មីនា ក៏​ស្រាប់តែ​ចាប់ផ្ដើម​បន្ទាប​កម្ពស់ភ្លាមៗ ក្រោយ​ការហោះហើរ​បាន​ជាង ១ ម៉ោង។ បន្ទាប់ពី​ហោះ​ងើបឡើង​នៅលើ​កម្ពស់​ជាង ២,០០០ ម៉ែត្រ យន្តហោះ​ក៏​បន្ត​ដាំ​ក្បាល​ចុះ​ក្នុង​ល្បឿន​ជិត ៦០០ គីឡូម៉ែត្រ/ម៉ោង ក្នុង​រយៈ​ប៉ុន្មាន​វិនាទី​ចុងក្រោយ។

    ក្រុម​សង្គ្រោះបន្ទាន់​រាប់ពាន់នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ ប៉ុន្តែ គ្មាន​អ្នកណាម្នាក់​ក្នុងចំណោម​អ្នក​នៅលើ​យន្តហោះ ត្រូវបាន​គេ​ជឿថា នៅមាន​ជីវិត​នោះឡើយ។ នេះ​គឺជា​គ្រោះថ្នាក់​ដ៏​មហន្តរាយ​បំផុត​នៅ ប្រទេស​ចិន ក្នុងអំឡុង​រាប់​ទសវត្សរ៍​កន្លងមក​នេះ។

  • (វីដេអូ)-យន្តហោះ​ដឹក​អ្នកដំណើរ ១៣២ នាក់ ដែល​ធ្លាក់​នៅ​ ប្រទេស​ចិន ម្សិលមិញ ប្រហែល​គ្មាន​អ្នក​ណា​មួយ​នៅ​មាន​ជីវិត!

    (វីដេអូ)-យន្តហោះ​ដឹក​អ្នកដំណើរ ១៣២ នាក់ ដែល​ធ្លាក់​នៅ​ ប្រទេស​ចិន ម្សិលមិញ ប្រហែល​គ្មាន​អ្នក​ណា​មួយ​នៅ​មាន​ជីវិត!

    យន្តហោះ Boeing ៧៣៧ របស់ China Eastern ហាក់​ដាំ​ក្បាល​ចុះដី​ទៅតាម​ទិស​ត្រង់​ពីលើ និង​ផ្ទុះ​បែកបាក់​ខ្ទេចខ្ទី​ជា​បំណែកតូចៗនៅលើ​ភ្នំ​ក្នុង​តំបន់​ស្វយ័ត​នៃ​ជនជាតិ Zhuang នៅ​ខេត្ត Guangxi ខាងលិច។

    យន្តហោះ Boeing ៧៣៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern ដឹក​អ្នកដំណើរ ១៣២ នាក់ និង​បុគ្គលិក ៩ នាក់ បាន​ធ្លាក់​ទៅលើ​ខ្នងភ្នំ​មួយ​នៃ​ទីក្រុង Wuzhou ក្នុង​តំបន់​ស្វយ័ត​ជនជាតិ Zhuang នៅ Guangxi ភាគខាងត្បូង​ប្រទេស​ចិន កាលពី​ថ្ងៃទី ២១ មីនា។

    ស​ក្សី​នៅក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា យន្តហោះ​បាន​ដាំ​ក្បាល​ចុះ សំដៅលើ​ខ្នងភ្នំ​មួយ​ដែល​មិនមាន​មនុស្ស​រស់នៅ។ «យន្តហោះ​នៅមាន​សភាព​ធម្មតា​មុននឹង​បាន​ធ្លាក់។ វា​ធ្លាក់ចុះ​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ» សាក្សី​រៀបរាប់។

    រុក្ខជាតិ​នៅលើ​ខ្នងភ្នំ​បាន​ឆាប់ឆេះ បន្ទាប់ពី​យន្តហោះ​បាន​ធ្លាក់។ ដោយសារ​កន្លែងកើតហេតុ​មាន​ឧបសគ្គ​ច្រើន រថយន្ត​ពន្លត់​អគ្គិភ័យ​មិនអាច​ឡើងដល់ ដូច្នេះ កងកម្លាំង​សង្គ្រោះ​ក៏ត្រូវ​ដើរ​ដោយ​ថ្នើ​រ​ជើង។

    ប្រជាជន​ដែល​រស់​នៅក្បែរនោះ​ប្រហែល ១០ គីឡូម៉ែត្រ បាន​ប្រាប់ថា ឮ​សំឡេង​ផ្ទុះ​ខ្លាំង​នៅវេលា​ម៉ោងជាង ១។

    បុគ្គលិក​ពន្លត់​អគ្គិភ័យ ១១៧ នាក់ រួម​នឹង​រថយន្ត​ពន្លត់​អគ្គិភ័យ ២៣ គ្រឿង​នៅក្នុង​តំបន់ ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ។ បុគ្គលិក​ពន្លត់​អគ្គិភ័យ​ជាង ៥០០ នាក់ មកពី​តំបន់​នានា​របស់ ខេត្ត Guangxi ក៏​ត្រូវបាន​បញ្ជូនទៅ​ជួយសង្គ្រោះ។ ខេត្ត Guangdong ក៏បាន​បញ្ជូន​បុគ្គលិក​ពន្លត់​អគ្គិភ័យ​ជាង ៥០០ នាក់ រួម​នឹង​រថយន្ត​ជួយសង្គ្រោះ ៩៧ គ្រឿង ទៅ​ជួយ​ស្វែងរក​ជនរងគ្រោះ។

    «យន្តហោះ​បាន​ផ្ទុះ​បែកបាក់​ខ្ទេចខ្ទី​ជា​បំណែកតូចៗ និង​ប៉ើង​ខ្ចាយ​ទៅគ្រប់​កន្លែង។ ខ្ញុំ​មិនបាន​ឃើញ​អ្នកណាម្នាក់​នៅមាន​ជីវិត​ឡើយ» បុគ្គលិក​ផ្នែក​បច្ចេកទេស​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​នៅក្នុង​ខេត្ត Guangxi ដែល​ពេលនោះ​កំពុងស្ថិត​នៅក្បែរ​កន្លែង​កើតហេតុ ឱ្យដឹង​ដូច្នេះ។

    ក្រុមហ៊ុន China Eastern Airlines ឱ្យដឹងថា មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​នឹង​ត្រូវបាន​ស្រាវជ្រាវ​លម្អិត ប៉ុន្តែ មិនទាន់​បញ្ជាក់​អំពី​ចំនួន​អ្នកស្លាប់ និង​រងរបួស​នៅឡើយ។ តំណែង​របស់​ក្រុមហ៊ុន Boeing ប្រចាំ ប្រទេស​ចិន ឱ្យដឹងថា កំពុង​ញាប់ដៃ​ញាប់ជើង ក្នុងការ​ប្រមូល​ទិន្នន័យ​ដើម្បី​ជួយ​ដល់​ការស្រាវជ្រាវ។

  • រុស្ស៊ី ចេញ​ឱសានវាទ សម្រាប់ កងទ័ព​អ៊ុយ​ក្រែ​ន នៅ​ទីក្រុង​កំពង់ផែ ម៉ារីប៉ូល (Mariupol)

    រុស្ស៊ី ចេញ​ឱសានវាទ សម្រាប់ កងទ័ព​អ៊ុយ​ក្រែ​ន នៅ​ទីក្រុង​កំពង់ផែ ម៉ារីប៉ូល (Mariupol)

    ក្រសួងការពារជាតិ​រុស្ស៊ី បានចេញ​ការកំណត់​ពេលវេលា​ចុងក្រោយ​នៅ​ព្រឹក​នេះ សម្រាប់​ការទម្លាក់​អាវុធ​ចុះចាញ់​របស់ កងកម្លាំង​អ៊ុយ​ក្រែ​ន នៅក្នុង​ទីក្រុង​កំពង់ផែ ម៉ារីប៉ូល ប៉ុន្តែ ត្រូវបាន ទីក្រុង​កៀវ បដិសេធ។

    RIA Novosti កាលពី​ថ្ងៃទី ២០ មីនា ដកស្រង់​សម្ដី​របស់​វរសេនីយ៍ឯក Mikhail Mizintsev ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ផ្នែក​ការពារជាតិ​រុស្ស៊ី ស្នើឱ្យ​ក្រុមមន្ត្រី និង​កងកម្លាំង​ការពារ​ទីក្រុង ម៉ារីប៉ូល ទម្លាក់អាវុធ​ចុះចាញ់​ឱ្យបាន​មុន​ម៉ោង ៥ ថ្ងៃទី ២១ មីនា (ម៉ោង ៩ ព្រឹក នៅ ភ្នំពេញ)។

    «អ្នក​ដែល​បាន​ទម្លាក់អាវុធ​ចុះចាញ់ សុទ្ធតែ​ត្រូវបាន​ធានា​សុវត្ថិភាព​សម្រាប់​ការចាកចេញ​ពី ម៉ារីប៉ូល» វរសេនីយ៍ឯក Mizintsev និយាយ​ដូច្នេះ។ លោក​បន្ថែមថា ច្រក​សម្រាប់​មនុស្សធម៌​នឹងត្រូវ​បាន​បើក​ទៅតាម​ទិសខាងកើត និង​ខាងលិច ដើម្បី​ចាកចេញ​ពី ម៉ារីប៉ូល នៅវេលា​ម៉ោង ១០ ព្រឹក (ម៉ោង ១៤ នៅ កម្ពុជា)។

    ម៉ារីប៉ូល ដែល​ស្ថិតនៅក្នុង​ទីតាំង​យុទ្ធសាស្ត្រ​លើ​ឆ្នេរសមុទ្រ អាហ្សូវ (Azov) បាន​ក្លាយជា​គោលដៅ​ដែល​ត្រូវបាន កងទ័ព​រុស្ស៊ី ឡោមព័ទ្ធ​តាំងពីដើម​ខែមីនា បន្ទាប់ពី រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ។ ពលរដ្ឋ​ប្រហែល ៤០០,០០០ នាក់ ត្រូវបាន​គេ​ជឿថា កំពុង​ជាប់​នៅក្នុង​ទីក្រុង ម៉ារីប៉ូល ក្នុងការ​វាយប្រហារ​តាមផ្លូវ​អាកាស​របស់ កងទ័ព​រុស្ស៊ី ហើយ​ពួកគេ​កំពុង​ជួប​បញ្ហា​គ្មាន​ទឹក ភ្លើង និង​ប្រព័ន្ធ​កម្ដៅ​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ។

    ឆ្លើយតប​នឹង​ការដាក់​ឱសានវាទ​របស់ រុស្ស៊ី ខាងលើ ឧបនាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន Irina Vereshchuk បាន​ទាត់​ចោលការ​កំណត់ពេល​វេលា​ចុង​ក្រោយនេះ។ «នឹងមិន​មានការ​ចុះចាញ់ ឬ​ទម្លាក់អាវុធ​នោះឡើយ យើង​បានប្រកាស​ប្រាប់​ភាគី រុស្ស៊ី អំពី​បញ្ហា​នេះ» លោកស្រី Irina បាន​ប្រាប់​ទំព័រ Pravda របស់ អ៊ុយ​ក្រែ​ន ដូច្នេះ។

    អ៊ុយ​ក្រែ​ន បានប្រកាស​កាលពី​ថ្ងៃទី ១៨ មីនា​ថា បាន​បាត់បង់​ការគ្រប់គ្រង «បណ្ដោះអាសន្ន» លើ​សមុទ្រ អាហ្សូវ (Azov) នៅពេល កងទ័ព​រុស្ស៊ី បាន និង​កំពុង​ឡោមព័ទ្ធ​ទីក្រុង ម៉ារីប៉ូល ដែល​នៅជាប់​នឹង​សមុទ្រ​នេះ។

    ក្រោយ​រយៈពេល ៣ សប្ដាហ៍​នៃ​ការបើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន កងទ័ព​រុស្ស៊ី បាន​គ្រប់គ្រង​តំបន់ ខឺសុន (Kherson) នៅ​ភាគ​ខាងកើត ក្នុង​គ្រា​ដែល​កំពុង​បន្ត​យុទ្ធសាស្ត្រ​ឡោមព័ទ្ធ​ទីក្រុងធំៗជាច្រើន​ផ្សេងទៀត ក្នុងនោះ​មាន​ទាំង រដ្ឋធានី​កៀវ និង ខាកូវ (Kharkov) ផងដែរ។ កងកម្លាំង​រុស្ស៊ី នៅ​ជុំវិញ​រដ្ឋធានី របស់ អ៊ុយ​ក្រែ​ន ហាក់​មិនបាន​ផ្លាស់ប្ដូរ​ទីតាំង​ក្នុង​រយៈពេល ២ សប្ដាហ៍​មកនេះ។

  • ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បញ្ជាក់ថា មាន​វិធី​តែ​មួយគត់​ដែល​អាច​បញ្ចប់សង្គ្រាម​ជាមួយ រុស្ស៊ី

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បញ្ជាក់ថា មាន​វិធី​តែ​មួយគត់​ដែល​អាច​បញ្ចប់សង្គ្រាម​ជាមួយ រុស្ស៊ី

    ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បន្ត​ស្នើ​ឱ្យមាន​ជំនួប​ជាមួយ​សម​ភាគី​រុស្ស៊ី លោក ពូ​ទីន និង​អះអាងថា នេះ​គឺជា​វិធី​តែមួយគត់​ដើម្បី​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​នាបច្ចុប្បន្ន។

    «ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ជួប​គាត់» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ថ្លែង​កាលពី​ថ្ងៃទី ២០ មីនា នៅលើ​ទូរទស្សន៍ CNN។ «បើសិន​មានឱកាស​តែ ១% ដើម្បី​បញ្ចប់សង្គ្រាម យើង​ត្រូវ​ចាប់យក​វា ដើម្បី​ឆ្ពោះទៅកាន់​កិច្ចចរចា និង​ផ្លាស់ប្ដូរ​យោបល់​ជាមួយ ប្រធានាធិបតី ពូ​ទីន»។

    លោក ហ្សេ​ឡែ​ន​ស្គី សង្កត់ធ្ងន់ថា កិច្ចចរចា​រវាង​មេដឹកនាំ​កំពូល​ទាំងពីរ គឺជា​វិធី​តែមួយគត់​ដើម្បី​បញ្ចប់សង្គ្រាម។ «មានតែ​យើង ២ នាក់ ខ្ញុំ និង​លោក ពូ​ទីន ប៉ុណ្ណោះ ទើប​អាច​សម្រេចបាន​កិច្ចព្រមព្រៀង​នេះ»។

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ព្រមាន​ថា បើសិន​ការប្រឹងប្រែង​ក្នុង​ការចរចា​ទាំងនេះ​បរាជ័យ «ប្រការ​នោះ​មានន័យថា សង្គ្រាមលោកលើកទី ៣ នឹង​ផ្ទុះឡើង» មុន​នោះ លោក ហ្ស​ឡែ​ន​ស្គី ក៏​ធ្លាប់បាន​និយាយ​ច្រើនលើក​ហើយ​ថា សង្គ្រាម​ជាមួយ រុស្ស៊ី បច្ចុប្បន្ន មាន​ហានិភ័យ​រីក​រាលដាល​ទៅជា​សង្គ្រាម​សកល។

    ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន ក៏​ធ្លាប់បាន​និយាយថា ការដែល អ៊ុយ​ក្រែ​ន ទទួលស្គាល់​តំបន់​ផ្ដាច់ខ្លួន Donetsk និង Luhansk គឺជា​លក្ខខណ្ឌ​ដើម្បី​សម្រេចបាន​កិច្ចព្រមព្រៀង។ ចំណែក ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប្រកាសថា នឹង​បដិសេធ​ប្រការនេះ។

  • រុស្ស៊ី បិទ​ច្រក​ទៅកាន់​ស​មុ​ត្រ Azov របស់ អ៊ុយ​ក្រែ​ន៖ ទីក្រុង Mariupol ឯកោ!

    រុស្ស៊ី បិទ​ច្រក​ទៅកាន់​ស​មុ​ត្រ Azov របស់ អ៊ុយ​ក្រែ​ន៖ ទីក្រុង Mariupol ឯកោ!

    ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន ប្រកាសថា បាន​បាត់បង់​សិទ្ធិ​ជា «បណ្ដោះអាសន្ន» ចំពោះ​ការគ្រប់គ្រង​សមុទ្រ Azov នៅពេល កងទ័ព​រុស្ស៊ី ឡោមព័ទ្ធ​ជុំវិញ​កំពង់ផែ Mariupol នៅ​តំបន់ឆ្នេរ​សមុទ្រ​នេះ។

    កងកម្លាំង​រុស្ស៊ី បាន​ជោគជ័យ​មួយផ្នែក​នៅ​តំបន់ Donetsk និង​បិទផ្លូវ​ទៅកាន់​សមុទ្រ Azov របស់ អ៊ុយ​ក្រែ​ន» ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន ប្រកាស​កាលពី​យប់​ថ្ងៃទី ១៨ មីនា​ដូច្នេះ។

    បើសិនជា​បាត់បង់​សិទ្ធិ​គ្រប់គ្រង​ឆ្នេរសមុទ្រ នោះ​កងទ័ព​អ៊ុយ​ក្រែ​ន នៅ ទីក្រុង Mariupol នឹង​ទំនងជា​ត្រូវបាន​កាត់ផ្ដាច់​ទាំងស្រុង​ពី​ខាងក្រៅ នៅពេល កងទ័ព​រុស្ស៊ី ឡោមព័ទ្ធ​នៅលើ​ដីគោក​ទាំង ៣ ទិស។

    រុស្ស៊ី ក្នុង​ថ្ងៃ​ដដែល ក៏បាន​បញ្ជាក់ថា ពួកគេ​កំពុង​ឡោមព័ទ្ធ​ជុំវិញ​ទីក្រុង​កំពង់ផែ Mariupol ជាទី​ដែល​ផ្ទះសំបែង​ប្រមាណ ៨០% បាន​ខូចខាត​ក្រោយ​ការប្រយុទ្ធ​គ្នា​រយៈពេល​ជិត ៣ សប្ដាហ៍។ កងទ័ព​រុស្ស៊ី ចាប់ផ្ដើម​ឡោមព័ទ្ធ Mariupol តាំងពី​ថ្ងៃទី ១ មីនា។

    ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន ឱ្យដឹងថា ប្រជាជន​ស៊ីវិល​ជាង ២,៥០០ នាក់​នៅ Mariupol បាន​ស្លាប់ គិត​ត្រឹម​ថ្ងៃទី ១៥ មីនា ចំណែក​មនុស្ស​ប្រហែល ៣០,០០០ នាក់ ត្រូវបាន​ឈ្លៀស​ចេញពី​តំបន់​ប្រយុទ្ធ ខណៈ​រាប់សែន​នាក់​កំពុង​ជាប់គាំង​ក្នុងការ​វាយប្រហារ​រប​ស់ រុស្ស៊ី នៅពេលដែល​តំបន់​នេះ កំពុង​ដាច់​ភ្លើង ទឹក និង​ប្រព័ន្ធ​កម្ដៅ។

  • រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី៖ គ្មាន​ប្រទេស​ណាមួយ​ត្រូវបាន​អនុញ្ញាតឱ្យ​ផ្ទេរ S-៣០០ ទៅឱ្យ អ៊ុយ​ក្រែ​ន

    រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី៖ គ្មាន​ប្រទេស​ណាមួយ​ត្រូវបាន​អនុញ្ញាតឱ្យ​ផ្ទេរ S-៣០០ ទៅឱ្យ អ៊ុយ​ក្រែ​ន

    មាន​កិច្ចព្រមព្រៀង​ជាច្រើន​ដែល​ហាម​ប្រទេស​ទី ៣ បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស S-៣០០ ទៅឱ្យ អ៊ុយ​ក្រែ​ន ហើយ​ការដឹកជញ្ជូន​អាវុធ​ទៅឱ្យ អ៊ុយ​ក្រែ​ន ត្រូវបាន​ចាត់ទុកថា​ជា គោលដៅ​ស្របច្បាប់ នេះ​បើតាម រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី។

    «មនុស្ស​មួយចំនួន​ជឿថា អាច​ស្នើឱ្យ​បណ្ដា​ប្រទេស​ដែលជា​សមាជិក​របស់ ណា​តូ ផ្ទេរ​ប្រព័ន្ធ​ការពារ​ដែនអាកាស​កាល​ពី ជំនាន់​សូ​វៀត ក្នុង​ជួរ​កងទ័ព​របស់​ពួកគេ។ ខ្ញុំ​ចង់​រំលឹក​ដល់​បណ្ដា​ប្រទេស​ដែល​កំពុង​ពិចារណា​ដល់​គំនិត​នេះ​ថា កិច្ចព្រមព្រៀង​អន្តររដ្ឋាភិបាល និង​កិច្ចសន្យា​អម​ជាមួយ​លក្ខខណ្ឌ​បញ្ជាក់​អំពី​ភាគី​ទី ៣ ដែល​ក្នុងនោះ មិន​អនុញ្ញាតឱ្យ​ពួកគេ​ផ្ទេរ​អាវុធ​ទៅឱ្យ​ប្រទេស​ទី ៣» រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergey Lavrov បាន​ប្រាប់​សារព័ត៌មាន​រុស្ស៊ី និង​ត្រូវបាន​ចុះផ្សាយ​កាលពី​ថ្ងៃទី ១៨ មីនា។

    ការបញ្ជាក់​ខាងលើនេះ​ត្រូវបាន​លើកឡើង ១ ថ្ងៃ បន្ទាប់ពី រដ្ឋមន្ត្រី​ការពារជាតិ​ស្លូ​វ៉ា​គី Jaroslav Nad ឱ្យដឹងថា ប្រទេស​នេះ​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​ផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​ដែនអាកាស​រយៈ​ចម្ងាយ​ឆ្ងាយ S-៣០០ ទៅឱ្យ អ៊ុយ​ក្រែ​ន បើសិន ណា​តូ ដោះដូរ​អាវុធ​ផ្សេង​មកឱ្យ​ខ្លួន។

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី កាលពី​ថ្ងៃទី ១៦ មីនា បាន​ថ្លែង​នៅ​ចំពោះមុខ​សភា​អាម៉េរិក ថា ប្រទេស​របស់លោក ត្រូវការ​ប្រព័ន្ធ S-៣០។ ក្រោយមក ប្រធានាធិបតី​អាម៉េរិក ក៏បាន​ប្រកាស​អំពី​កញ្ចប់​ជំនួយ​ផ្នែក​សន្តិសុខ​បន្ថែម ៨០០ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន មី​ស៊ី​ល Stinger ៨០០ ដើម, យន្តហោះ​បំពាក់អាវុធ​គ្មាន​មនុស្ស​បើក Switchblade ១០០ គ្រឿង, អាវុធ​ប្រឆាំង​រថក្រោះ ៩,០០០ ឈុត, កាំភ្លើង​សម្រាប់​ទាហាន​ថ្មើរជើង ៧,០០០ ដើម, គ្រាប់កាំភ្លើង ២០ លាន​គ្រាប់ រួម​នឹង​អាវ​ការពារ​គ្រាប់ ២៥,០០០ ឈុត និង​មួក​ដែក​ផងដែរ។

  • អាវ​ក្រោះ​រាប់រយ​អាវ​ដែល​ផ្ដល់ជំនួយ​ឱ្យ អ៊ុយ​ក្រែ​ន ត្រូវបាន​គេ​លួច​នៅ សហរដ្ឋ​អាម៉េរិក

    អាវ​ក្រោះ​រាប់រយ​អាវ​ដែល​ផ្ដល់ជំនួយ​ឱ្យ អ៊ុយ​ក្រែ​ន ត្រូវបាន​គេ​លួច​នៅ សហរដ្ឋ​អាម៉េរិក

    អាវ​ការពារ​គ្រាប់​ជាង ៤០០ អាវ ដែល​កងកម្លាំង​ប៉ូលិស​អាម៉េរិក បរិច្ចាគ​ឱ្យ អ៊ុយ​ក្រែ​ន ត្រូវបាន​គេ​លួច​ពី​ឃ្លាំង​មួយកន្លែង​នៅ Manhattan នាទី​ក្រុង New York។

    យោងតាម​ស្ថានីយ​ផ្សព្វផ្សាយ Sputnik (រុស្ស៊ី) ការិយាល័យ​ប៉ូលិស​ទីក្រុង New York ឱ្យដឹងថា អាវ​ក្រោះ​មួយ​ទឹក​ដែលជា​ការបរិច្ចាគ​រប​ស់​ប៉ូលិស​ក្នុង​តំបន់ ត្រូវបាន​គេ​លួច​ពី​ការិយាល័យ​គណៈកម្មការ​សភា​អ៊ុយ​ក្រែ​ន របស់ អាម៉េរិក ដែលជា​ស្ថាប័ន​តំណាងឱ្យ​ជនជាតិ​អ៊ុយ​ក្រែ​ន ដើមកំណើត​អាម៉េរិក និង​សម្ព័ន្ធ​ស្ត្រីជាតិ​អ៊ុយ​ក្រែ​ន របស់ សហរដ្ឋ​អាម៉េរិក។

    វីដេអូ​ដែល​ថត​ពី​កាមេរ៉ា​នៅក្បែរ​កន្លែងកើតហេតុ​បង្ហាញថា មាន​រថយន្ត​ដឹកទំនិញ ៣ គ្រឿង បាន​សម្រុកចូល​អគារ​របស់​គណៈកម្មការ​ស​ភា​អ៊ុយ​ក្រែ​ន ក្នុង​រយៈពេល ៣ ម៉ោង។ មនុស្ស​មួយចំនួន​បាន​ចេញពី​រថយន្ត លើក​ធុង​ដាក់​អាវ​ក្រោះ​ឡើង​រថយន្ត រួច​ក៏​ចាក​ចេញទៅ​បាត់។

    ថ្វីបើ​ប៉ូលិស​នៅ New York ឈប់​ប្រើប្រាស់​អាវ​ការពារ​គ្រាប់​ទាំងនេះ ប៉ុន្តែ វា​នៅតែមាន​ប្រសិទ្ធភាព។ ពួកគេ​បាន​ត្រៀម​បញ្ជូន​អាវ​ទាំងនេះ​ទៅឱ្យ​ក្រុម​វេជ្ជបណ្ឌិត និង​បុគ្គលិក​មនុស្សធម៌​ដែល​កំពុង​ជួយ​ដល់ អ៊ុយ​ក្រែ​ន។

  • ស្លូ​វ៉ា​គី ជជែក​អំពី​វិធី​ផ្គត់ផ្គង់​​ប្រព័ន្ធ​​ការពារ​​ដែន​អាកាស​ មី​ស៊ី​ល S-៣០០ ដល់ អ៊ុយ​ក្រែ​ន

    ស្លូ​វ៉ា​គី ជជែក​អំពី​វិធី​ផ្គត់ផ្គង់​​ប្រព័ន្ធ​​ការពារ​​ដែន​អាកាស​ មី​ស៊ី​ល S-៣០០ ដល់ អ៊ុយ​ក្រែ​ន

    ប្រទេស​ស្លូ​វ៉ា​គី បាន​ត្រៀម​ជាស្រេច​ក្នុងការ​ផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​ដែនអាកាស​រយៈ​ចម្ងាយ​ឆ្ងាយ S-៣០០ ដល់ អ៊ុយ​ក្រែ​ន បើសិន ណា​តូ បញ្ជូន​ឱ្យ​ខ្លួន​នូវ​អាវុធ​ផ្សេង​ដើម្បី​ជាការ​ដោះដូរ។

    «យើង​បាន​ពិភាក្សា​ជាមួយ អាម៉េរិក អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត អំពី​លទ្ធភាព​ដាក់ពង្រាយ ប្រគល់ ឬ​ផ្គត់ផ្គង់​ប្រព័ន្ធ S-៣០០ ដល់ ទីក្រុង​កៀវ។ យើង​ត្រៀម​ជាស្រេច​ដើម្បី​ធ្វើ​ដូច្នេះ ប៉ុន្តែ ត្រូវតែមាន​ការដោះដូរ​សមស្រប» រដ្ឋមន្ត្រី​ការពារជាតិ​ស្លូ​វ៉ា​គី Jaroslav Nad ថ្លែង​នា​ថ្ងៃនេះ នៅក្នុង​ជំនួប​ជាមួយ​សម​ភាគី​អាម៉េរិក Lloyd Austin។

    ក៏ប៉ុន្តែ រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក Austin បាន​បដិសេធ​ការអធិប្បាយ​អំពី​ប្រការ​ដែលថា អាម៉េរិក នឹង​ជួយ​ដោះដូរ​ទៅតាម​សំណើ​របស់ ស្លូ​វ៉ា​គី ឬ​យ៉ាងណា។ «នេះ​ជា​បញ្ហា​ដែល​ត្រូវ​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​ទាំងមូល។ នេះ​មិនមែនជា​បញ្ហា​​ដោយ​ឡែក​​ជា​មួយ សហរដ្ឋ​អាម៉េរិក ប៉ុន្តែ ជា​បញ្ហា​របស់ ណា​តូ ទាំងមូល»។

    ការលើកឡើង​របស់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ស្លូ​វ៉ា​គី ត្រូវបាន​ប្រកាស​បន្ទាប់​ពី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី កាលពី​ម្សិលមិញ​បាន​ថ្លែង​នៅ​ចំពោះមុខ សភា​អាម៉េរិក ក្នុងនោះ​លោក​ក៏បាន​សង្កត់ធ្ងន់ថា ប្រទេស​របស់លោក​ត្រូវការ​ប្រព័ន្ធ S-៣០០។

    ស្លូ​វ៉ា​គី សមាជិក​មួយ​​របស់ ណា​តូ ដែលមាន​ព្រំដែន​ជាប់​នឹង អ៊ុយ​ក្រែ​ន ប្រវែង ៩៨ គីឡូម៉ែត្រ មាន​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស S-៣០០ ដែល​ផលិត​តាំងពី ជំនាន់​សូ​វៀត និង​ត្រូវបាន​ផ្ទេរ​មកឱ្យ​ប្រទេស​នេះ បន្ទាប់ពី ឆេ​កូ​ស្លូ​វ៉ា​គី ដួលរលំ​កាលពី​ឆ្នាំ ១៩៩៣។

    S-៣០០ ១ ឈុត រួមមាន​យាន​ដឹក​គ្រាប់ និង​ជា​ទម្រ​សម្រាប់​បាញ់​មី​ស៊ី​ល (TEL) ក្នុងនោះ យាននីមួយៗអាច​បំពាក់​មី​ស៊ី​ល​បាន ៤ គ្រាប់ រួម​នឹង​យាន​ជា​បញ្ជាការដ្ឋាន និង​រ៉ា​ដា​ច្រើន​ប្រភេទ។ មី​ស៊ី​ល​របស់ S-៣០០ អាច​បាញ់​បាន​ចម្ងាយ ១៩៥ គីឡូម៉ែត្រ។ សូ​វៀត បាន​ផ្ដើម​ដាក់ឱ្យ​ប្រើប្រាស់ S-៣០០ ចាប់ពី​ឆ្នាំ ១៩៧៨ ហើយ​បច្ចុប្បន្ន មាន​ប្រទេស​ជិត ២០ ប្រើប្រាស់​ប្រព័ន្ធ​ការពារ​ដែនអាកាស​នេះ។ រុស្ស៊ី មាន​កំណែ​ទាំងអស់​របស់ S-៣០០ ក្នុងនោះ​មាន​ប្រព័ន្ធ​ទម្រ​ប្រហែល ២,០០០ ឈុត។

  • ទាហានរបស់ ឆេឆេនី ១,០០០ នាក់​ទៀត កំពុង​ឆ្ពោះទៅកាន់ អ៊ុយ​ក្រែ​ន

    ទាហានរបស់ ឆេឆេនី ១,០០០ នាក់​ទៀត កំពុង​ឆ្ពោះទៅកាន់ អ៊ុយ​ក្រែ​ន

    មេដឹកនាំ​សាធារណរដ្ឋ​ឆេ​ឆេ​នី និយាយថា ទាហាន​ស្ម័គ្រចិត្ត ១,០០០ នាក់​ទៀត កំពុងធ្វើដំណើរ​ទៅ​ចូលរួម​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន។

    «Apty Alaudinov (ដែល​ជា​ជំនួយការ​របស់​មេដឹកនាំ សាធារណរដ្ឋ​ឆេ​ឆេ​នី) កំពុង​ដឹកនាំ​អ្នកស្ម័គ្រចិត្ត ១,០០០ នាក់ ពី សាធារណរដ្ឋ​ឆេ​ឆេ​នី ទៅកាន់ អ៊ុយ​ក្រែ​ន ដើម្បី​ចូលរួម​យុទ្ធនាការ​យោធា​ពិសេស ដើម្បី​រំដោះ អ៊ុយ​ក្រែ​ន ពី​របប​ដឹកនាំ បែប​ណា​ហ្ស៊ី ​និង​​បំបាត់​​ការ​ធ្វើ​ឧ​ប​នីយកម្ម​យោធា​របស់​ប្រទេស​នេះ» Ramzan Kadyrov មេដឹកនាំ​របស់ សាធារណរដ្ឋ​ឆេ​ឆេ​នី នៃ សហព័ន្ធរុស្ស៊ី ប្រកាស​កាលពី​ថ្ងៃទី ១៧ មីនា។

    គិត​មកដល់​បច្ចុប្បន្ន មិនដឹង​ច្បាស់​ថា Kadyrov បាន​បញ្ជូនទាហាន​ប៉ុន្មាន​នាក់​ទៅកាន់ អ៊ុយ​ក្រែ​ន ប៉ុន្តែ Financial Times រាយការណ៍​ថា តាម​ការ​គណនា ទាហាន​ប្រមាណ ១ ម៉ឺន​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់ អ៊ុយ​ក្រែ​ន រួចហើយ ដើម្បី​ជួយ​គាំទ្រ​ដល់ រុស្ស៊ី។