អ៊ុយ​ក្រែ​ន ប្ដេជ្ញា​មិន​ទទួលយក​ឱសានវាទ​បង្ខំ​ឱ្យ​ចុះចាញ់​នៅ​ចំពោះមុខ កងទ័ព​រុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡែនស្គី

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី បានប្រកាសថា មិន​ទទួលយក​ឱសានវាទ​ស្នើឱ្យ​ចុះចាញ់​ជាដាច់ខាត និង​ប្ដេជ្ញា​មិន​បោះបង់​បណ្ដា​ទីក្រុង​ដូចជា ម៉ា​រី​ប៉ូល (Mariupol), ខា​កូវ (Khaarkov) ឬ រដ្ឋធានី​កៀវ របស់​ប្រទេស​នេះ។

«យើង​បានទទួល​លិខិត​ដាក់​ឱសានវាទ​ដោយមាន​ការស្នើ​ជាច្រើន ក្នុងនោះ​មាន​ទាំង​ការបង្ខំ​តាមរបៀប «ចូរ​ធ្វើ​ដូច្នេះ ហើយ​សង្គ្រាម​នឹងត្រូវ​បានបញ្ចប់»។ អ៊ុយ​ក្រែ​ន មិនអាច​ធ្វើតាម​ឱសានវាទ​នោះ» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ថ្លែង​កាលពី​ថ្ងៃទី ២១ មីនា​ដូច្នេះ។

លោក ហ្សេ​ឡែ​ន​ស្គី បន្តថា រាប់​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ រុស្ស៊ី ត្រូវតែ​ឆ្លងកាត់​ការធ្វើប្រជាមតិ​នៅ អ៊ុយ​ក្រែ​ន។ «ប្រជាជន​នឹងត្រូវ​តែមាន​សំឡេង​នៅក្នុង​កិច្ចព្រមព្រៀង​មួយចំនួន» លោក​បញ្ជាក់។

កងទ័ព​រុស្ស៊ី កាលពី​ថ្ងៃទី ២១ មីនា បានដាក់​ឱសានវាទ​ស្នើឱ្យ​កងកម្លាំង​ការពារ​ទីក្រុង​ម៉ា​រី​ប៉ូល ទម្លាក់អាវុធ​ចុះចាញ់ ប៉ុន្តែ ត្រូវបាន​បដិសេធ​ដោយ ឧបនាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន លោកស្រី Iryna Vereshchuk។ លោក ហ្សេ​ឡែ​ន​ស្គី ថ្លែង​បន្ថែមថា អ៊ុយ​ក្រែ​ន ក៏​នឹងមិន​បោះបង់​ទីក្រុង​ណាមួយ​ដែល​កំពុង​ត្រូវបាន​ឡោមព័ទ្ធ​ដោយ កងទ័ព​រុស្ស៊ី ក្នុងនោះ​មាន រដ្ឋធានី​កៀវ ឬ ទីក្រុង​ខា​កូវ ជាដើម។

រុស្ស៊ី និង អ៊ុយ​ក្រែ​ន បាន​បើក​កិច្ចចរចា​ច្រើនលើក​មកហើយ បន្ទាប់ពី​សង្គ្រាម​បាន​ផ្ទុះឡើង ប៉ុន្តែ មិនទាន់​ទទួលបាន​ផ្លែផ្កា​អ្វី​នៅឡើយ ទាក់ទង​នឹង​បទ​ឈប់​បាញ់។

Advertisement