រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី៖ គ្មាន​ប្រទេស​ណាមួយ​ត្រូវបាន​អនុញ្ញាតឱ្យ​ផ្ទេរ S-៣០០ ទៅឱ្យ អ៊ុយ​ក្រែ​ន

មាន​កិច្ចព្រមព្រៀង​ជាច្រើន​ដែល​ហាម​ប្រទេស​ទី ៣ បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស S-៣០០ ទៅឱ្យ អ៊ុយ​ក្រែ​ន ហើយ​ការដឹកជញ្ជូន​អាវុធ​ទៅឱ្យ អ៊ុយ​ក្រែ​ន ត្រូវបាន​ចាត់ទុកថា​ជា គោលដៅ​ស្របច្បាប់ នេះ​បើតាម រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី។

«មនុស្ស​មួយចំនួន​ជឿថា អាច​ស្នើឱ្យ​បណ្ដា​ប្រទេស​ដែលជា​សមាជិក​របស់ ណា​តូ ផ្ទេរ​ប្រព័ន្ធ​ការពារ​ដែនអាកាស​កាល​ពី ជំនាន់​សូ​វៀត ក្នុង​ជួរ​កងទ័ព​របស់​ពួកគេ។ ខ្ញុំ​ចង់​រំលឹក​ដល់​បណ្ដា​ប្រទេស​ដែល​កំពុង​ពិចារណា​ដល់​គំនិត​នេះ​ថា កិច្ចព្រមព្រៀង​អន្តររដ្ឋាភិបាល និង​កិច្ចសន្យា​អម​ជាមួយ​លក្ខខណ្ឌ​បញ្ជាក់​អំពី​ភាគី​ទី ៣ ដែល​ក្នុងនោះ មិន​អនុញ្ញាតឱ្យ​ពួកគេ​ផ្ទេរ​អាវុធ​ទៅឱ្យ​ប្រទេស​ទី ៣» រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergey Lavrov បាន​ប្រាប់​សារព័ត៌មាន​រុស្ស៊ី និង​ត្រូវបាន​ចុះផ្សាយ​កាលពី​ថ្ងៃទី ១៨ មីនា។

ការបញ្ជាក់​ខាងលើនេះ​ត្រូវបាន​លើកឡើង ១ ថ្ងៃ បន្ទាប់ពី រដ្ឋមន្ត្រី​ការពារជាតិ​ស្លូ​វ៉ា​គី Jaroslav Nad ឱ្យដឹងថា ប្រទេស​នេះ​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​ផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​ដែនអាកាស​រយៈ​ចម្ងាយ​ឆ្ងាយ S-៣០០ ទៅឱ្យ អ៊ុយ​ក្រែ​ន បើសិន ណា​តូ ដោះដូរ​អាវុធ​ផ្សេង​មកឱ្យ​ខ្លួន។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី កាលពី​ថ្ងៃទី ១៦ មីនា បាន​ថ្លែង​នៅ​ចំពោះមុខ​សភា​អាម៉េរិក ថា ប្រទេស​របស់លោក ត្រូវការ​ប្រព័ន្ធ S-៣០។ ក្រោយមក ប្រធានាធិបតី​អាម៉េរិក ក៏បាន​ប្រកាស​អំពី​កញ្ចប់​ជំនួយ​ផ្នែក​សន្តិសុខ​បន្ថែម ៨០០ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន មី​ស៊ី​ល Stinger ៨០០ ដើម, យន្តហោះ​បំពាក់អាវុធ​គ្មាន​មនុស្ស​បើក Switchblade ១០០ គ្រឿង, អាវុធ​ប្រឆាំង​រថក្រោះ ៩,០០០ ឈុត, កាំភ្លើង​សម្រាប់​ទាហាន​ថ្មើរជើង ៧,០០០ ដើម, គ្រាប់កាំភ្លើង ២០ លាន​គ្រាប់ រួម​នឹង​អាវ​ការពារ​គ្រាប់ ២៥,០០០ ឈុត និង​មួក​ដែក​ផងដែរ។

Advertisement