ស្លូ​វ៉ា​គី ជជែក​អំពី​វិធី​ផ្គត់ផ្គង់​​ប្រព័ន្ធ​​ការពារ​​ដែន​អាកាស​ មី​ស៊ី​ល S-៣០០ ដល់ អ៊ុយ​ក្រែ​ន

ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ S-៣០០ របស់ ស្លូវ៉ាគី កាល​ពី​ឆ្នាំ​ ២០០៩

ប្រទេស​ស្លូ​វ៉ា​គី បាន​ត្រៀម​ជាស្រេច​ក្នុងការ​ផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​ដែនអាកាស​រយៈ​ចម្ងាយ​ឆ្ងាយ S-៣០០ ដល់ អ៊ុយ​ក្រែ​ន បើសិន ណា​តូ បញ្ជូន​ឱ្យ​ខ្លួន​នូវ​អាវុធ​ផ្សេង​ដើម្បី​ជាការ​ដោះដូរ។

«យើង​បាន​ពិភាក្សា​ជាមួយ អាម៉េរិក អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត អំពី​លទ្ធភាព​ដាក់ពង្រាយ ប្រគល់ ឬ​ផ្គត់ផ្គង់​ប្រព័ន្ធ S-៣០០ ដល់ ទីក្រុង​កៀវ។ យើង​ត្រៀម​ជាស្រេច​ដើម្បី​ធ្វើ​ដូច្នេះ ប៉ុន្តែ ត្រូវតែមាន​ការដោះដូរ​សមស្រប» រដ្ឋមន្ត្រី​ការពារជាតិ​ស្លូ​វ៉ា​គី Jaroslav Nad ថ្លែង​នា​ថ្ងៃនេះ នៅក្នុង​ជំនួប​ជាមួយ​សម​ភាគី​អាម៉េរិក Lloyd Austin។

ក៏ប៉ុន្តែ រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក Austin បាន​បដិសេធ​ការអធិប្បាយ​អំពី​ប្រការ​ដែលថា អាម៉េរិក នឹង​ជួយ​ដោះដូរ​ទៅតាម​សំណើ​របស់ ស្លូ​វ៉ា​គី ឬ​យ៉ាងណា។ «នេះ​ជា​បញ្ហា​ដែល​ត្រូវ​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​ទាំងមូល។ នេះ​មិនមែនជា​បញ្ហា​​ដោយ​ឡែក​​ជា​មួយ សហរដ្ឋ​អាម៉េរិក ប៉ុន្តែ ជា​បញ្ហា​របស់ ណា​តូ ទាំងមូល»។

ការលើកឡើង​របស់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ស្លូ​វ៉ា​គី ត្រូវបាន​ប្រកាស​បន្ទាប់​ពី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី កាលពី​ម្សិលមិញ​បាន​ថ្លែង​នៅ​ចំពោះមុខ សភា​អាម៉េរិក ក្នុងនោះ​លោក​ក៏បាន​សង្កត់ធ្ងន់ថា ប្រទេស​របស់លោក​ត្រូវការ​ប្រព័ន្ធ S-៣០០។

ស្លូ​វ៉ា​គី សមាជិក​មួយ​​របស់ ណា​តូ ដែលមាន​ព្រំដែន​ជាប់​នឹង អ៊ុយ​ក្រែ​ន ប្រវែង ៩៨ គីឡូម៉ែត្រ មាន​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស S-៣០០ ដែល​ផលិត​តាំងពី ជំនាន់​សូ​វៀត និង​ត្រូវបាន​ផ្ទេរ​មកឱ្យ​ប្រទេស​នេះ បន្ទាប់ពី ឆេ​កូ​ស្លូ​វ៉ា​គី ដួលរលំ​កាលពី​ឆ្នាំ ១៩៩៣។

S-៣០០ ១ ឈុត រួមមាន​យាន​ដឹក​គ្រាប់ និង​ជា​ទម្រ​សម្រាប់​បាញ់​មី​ស៊ី​ល (TEL) ក្នុងនោះ យាននីមួយៗអាច​បំពាក់​មី​ស៊ី​ល​បាន ៤ គ្រាប់ រួម​នឹង​យាន​ជា​បញ្ជាការដ្ឋាន និង​រ៉ា​ដា​ច្រើន​ប្រភេទ។ មី​ស៊ី​ល​របស់ S-៣០០ អាច​បាញ់​បាន​ចម្ងាយ ១៩៥ គីឡូម៉ែត្រ។ សូ​វៀត បាន​ផ្ដើម​ដាក់ឱ្យ​ប្រើប្រាស់ S-៣០០ ចាប់ពី​ឆ្នាំ ១៩៧៨ ហើយ​បច្ចុប្បន្ន មាន​ប្រទេស​ជិត ២០ ប្រើប្រាស់​ប្រព័ន្ធ​ការពារ​ដែនអាកាស​នេះ។ រុស្ស៊ី មាន​កំណែ​ទាំងអស់​របស់ S-៣០០ ក្នុងនោះ​មាន​ប្រព័ន្ធ​ទម្រ​ប្រហែល ២,០០០ ឈុត។

Advertisement