ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បញ្ជាក់ថា មាន​វិធី​តែ​មួយគត់​ដែល​អាច​បញ្ចប់សង្គ្រាម​ជាមួយ រុស្ស៊ី

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី

ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បន្ត​ស្នើ​ឱ្យមាន​ជំនួប​ជាមួយ​សម​ភាគី​រុស្ស៊ី លោក ពូ​ទីន និង​អះអាងថា នេះ​គឺជា​វិធី​តែមួយគត់​ដើម្បី​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​នាបច្ចុប្បន្ន។

«ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ជួប​គាត់» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ថ្លែង​កាលពី​ថ្ងៃទី ២០ មីនា នៅលើ​ទូរទស្សន៍ CNN។ «បើសិន​មានឱកាស​តែ ១% ដើម្បី​បញ្ចប់សង្គ្រាម យើង​ត្រូវ​ចាប់យក​វា ដើម្បី​ឆ្ពោះទៅកាន់​កិច្ចចរចា និង​ផ្លាស់ប្ដូរ​យោបល់​ជាមួយ ប្រធានាធិបតី ពូ​ទីន»។

លោក ហ្សេ​ឡែ​ន​ស្គី សង្កត់ធ្ងន់ថា កិច្ចចរចា​រវាង​មេដឹកនាំ​កំពូល​ទាំងពីរ គឺជា​វិធី​តែមួយគត់​ដើម្បី​បញ្ចប់សង្គ្រាម។ «មានតែ​យើង ២ នាក់ ខ្ញុំ និង​លោក ពូ​ទីន ប៉ុណ្ណោះ ទើប​អាច​សម្រេចបាន​កិច្ចព្រមព្រៀង​នេះ»។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ព្រមាន​ថា បើសិន​ការប្រឹងប្រែង​ក្នុង​ការចរចា​ទាំងនេះ​បរាជ័យ «ប្រការ​នោះ​មានន័យថា សង្គ្រាមលោកលើកទី ៣ នឹង​ផ្ទុះឡើង» មុន​នោះ លោក ហ្ស​ឡែ​ន​ស្គី ក៏​ធ្លាប់បាន​និយាយ​ច្រើនលើក​ហើយ​ថា សង្គ្រាម​ជាមួយ រុស្ស៊ី បច្ចុប្បន្ន មាន​ហានិភ័យ​រីក​រាលដាល​ទៅជា​សង្គ្រាម​សកល។

ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន ក៏​ធ្លាប់បាន​និយាយថា ការដែល អ៊ុយ​ក្រែ​ន ទទួលស្គាល់​តំបន់​ផ្ដាច់ខ្លួន Donetsk និង Luhansk គឺជា​លក្ខខណ្ឌ​ដើម្បី​សម្រេចបាន​កិច្ចព្រមព្រៀង។ ចំណែក ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប្រកាសថា នឹង​បដិសេធ​ប្រការនេះ។

Advertisement