មន្ត្រីការទូត​ចិន សង្ស័យថា «COVID-19 ឆ្លង​ពី​បង្កង​ដែល​នាំចូល​ពី សហរដ្ឋ​អាម៉េរិក»

អគ្គកុងស៊ុលចិន ប្រចាំ ឥណ្ឌា លោក Zha Liyou និង​បង្កក​ អាម៉េរិក

គណនី Twitter របស់​អគ្គ​កុងស៊ុល​ចិន រួម​នឹង​មនុស្ស​ជាង 550 នាក់​ផ្សេងទៀត បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​និយាយថា COVID-19 មាននៅ​ក្នុង​ទំនិញ​ជា​បង្កង​ដែល​នាំ​ពី សហរដ្ឋ​អាម៉េរិក ចូលមក​កាន់ ទីក្រុង​អ៊ូ​ហាន របស់ ប្រទេស​ចិន កាលពី​ខែវិច្ឆិកា ឆ្នាំ 2019។

Marcel Schliebs ដែលជា​អ្នកជំនាញ​ផ្នែក​ស្រាវជ្រាវ​ព័ត៌មាន​មិន​ពិត​ប្រចាំ​សាកលវិទ្យាល័យ Oxford របស់ ចក្រភព​អង់គ្លេស បាន​តាមដាន​សារ​ទាំងឡាយ​ដែល​ក្រុមមន្ត្រី​ការបរទេស និង​សារព័ត៌មាន​ចិន បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Twitter ក្នុង​រយៈពេល 18 ខែ​កន្លង។ កាលពី​ខែកញ្ញា អ្នកជំនាញ​រូបនេះ​បាន​រកឃើញ សម្មតិកម្ម «ដ៏​គួរឱ្យភ្ញាក់ផ្អើល» ស្ដីពី​ប្រភព​របស់ COVID-19 ដែល​ត្រូវបាន​ក្រុមមន្ត្រី​ការទូត​ចិន ផ្សព្វផ្សាយ។

កាលពី​ថ្ងៃទី 21 ខែតុលា ឆ្នាំ 2021 Schliebs បានឱ្យដឹងថា អគ្គ​កុល​ស៊ុ​ល​ចិន ប្រចាំ ប្រទេស​ឥណ្ឌា Zha Liyou បាន​បង្ហោះ​សារ​មួយ​នៅលើ Twitter ថា COVID-19 ដែល​បាន​ផ្ទុះ​ឆ្លង​រាលដាល​នៅ ទីក្រុង​អ៊ូ​ហាន អាចមាន​ប្រភពពី​បង្កង​ដែល​នាំចូល​ពី រដ្ឋ​ម៉ែន (Maine) របស់ សហរដ្ឋ​អាម៉េរិក កាលពី​ខែវិច្ឆិកា ឆ្នាំ 2019។ នេះ​គឺជា​សម្មតិកម្ម​ថ្មី​បំផុត​ស្ដីពី​ប្រភព​របស់ COVID-19 ដែល​ត្រូវបាន​គណនី Twitter នានា​ដែល​ទាក់ទង​នឹង ប្រទេស​ចិន បានលើកឡើង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងទៅ។

បន្ទាប់ពី​ការស្រាវជ្រាវ​ស៊ីជម្រៅ Schliebs បាន​រកឃើញថា មាន​បណ្ដាញ​គណនី Twitter ជាង 550 បាន​ចូលរួម​ផ្សព្វផ្សាយ​សារ​ខាងលើ ដែល​សារ​ទាំងនេះ​ត្រូវបាន​បកប្រែ​ជា​ភាសាផ្សេងៗជាច្រើន ដូចជា អង់គ្លេស បារាំង ប៉ូឡូញ កូរ៉េ និង ភាសាឡាតាំង ជាដើម ហើយ​សារ​ទាំងនេះ​ត្រូវបាន​បង្ហោះ​យ៉ាង​ទៀត​ទាត់​ជា​រៀងរាល់ថ្ងៃ ក្នុងអំឡុង​ពី​ម៉ោង 8 ព្រឹក ដល់​ម៉ោង 11 (ម៉ោង​នៅ​ទីក្រុង​ប៉េកាំង)។

Schliebs បញ្ជាក់ថា ក្នុងចំណោម​គណនី​រាប់រយ​ខាងលើ មាន​គណនី​មួយចំនួន​ហាក់ដូចជា​គណនី​ក្លូន (clone) ដោយ​វា​មាន​អ្នកតាមដាន (follower) តិច​បំផុត ឬ​គ្មាន​សោះតែ​ម្ដង។ គណនី​មួយចំនួនទៀត​ត្រូវបាន​បញ្ជាក់​ពី​ភាពត្រឹមត្រូវ ប៉ុន្តែ​ត្រូវបាន​គេ​ហែក​ចូល​គ្រប់គ្រង​ដើម្បី​ផ្សព្វផ្សាយ​សម្មតិកម្ម​ខាង​លើ។

សមត្ថកិច្ច​ចិន​ ឈរ​យាម​ផ្សារ​បោះ​ដុំ​គ្រឿង​សមុទ្រ​នៅ​ ទីក្រុង​អ៊ូហាន​ កាល​ពី​ឆ្នាំ​ 2020

«ពិតជា​ពិបាកធ្វើ​ការសន្និដ្ឋាន ប៉ុន្តែ យើង​អាច​មើលឃើញថា សកម្មភាព​ទាំងនោះ​គឺជា​យុទ្ធនា​ការឃោសនា​ព័ត៌មាន និង​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់ ប្រទេស​ចិន» អ្នកជំនាញ​ខាងលើ​អះអាង​ដូច្នេះ។

សារព័ត៌មាន​របស់ ប្រទេស​ចិន កន្លងមក​ធ្លាប់បាន​ផ្សាយ​ច្រើនលើក​អំពី​ការ​សម្មតិកម្ម​ដែលថា COVID-19  អាចមាន​ប្រភពពី​អាហារ​បង្កក។ Schliebs ឱ្យដឹងថា អគ្គ​កុងស៊ុល​ចិន Zha Liyou កាលពី​ខែធ្នូ ឆ្នាំ 2020 បាន​បង្ហោះ​សារ​មួយ​ឃ្លា​ដែល​និយាយថា COVID-19 អាចមកពី​កន្លែង​ផ្សេង ចូលមក​កាន់ អ៊ូ​ហាន តាមរយៈ​ទំនិញ​បង្កក ទន្ទឹមនឹងនេះ​ក៏បាន​អំពាវនាវ​ឱ្យមាន​ការស្រាវជ្រាវ​លើ​សម្មតិកម្ម​មួយ​ផ្សេងទៀត​ដែល​យល់ថា កងទ័ព​របស់ សហរដ្ឋ​អាម៉េរិក ជាប់​ទាក់ទិន​នឹង​ការចម្លង nCoV។

Schliebs បង្ហើប​ឱ្យដឹង​ដែរ​ថា ខ្លួន​បាន​ចែករំលែក​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ ជាមួយ Twitter។ ក្រោយពី​បាន​ត្រួតពិនិត្យ បណ្ដាញ​សង្គម​នេះ​ក៏បាន​បិទ​គណនី​ទាំងឡាយ​ខាងលើ ដោយយោង​ទៅតាម​គោលការណ៍​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត។

ដោយសារតែ​ក្រុម​ស្រាវជ្រាវ​របស់ Schliebs បាន​រកឃើញ និង​ស្រាវជ្រាវ​លើ​បណ្ដាញ​គណនី​ខាងលើ​យ៉ាង​ឆាប់រហ័ស ទើប​ឥទ្ធិពល​របស់​វា «អាចមាន​តិចតួច» នៅពេល​គណនី​ទាំងនោះ​ត្រូវបាន​ផ្អាក​មុនពេល​ទាក់ទាញ​ចំណាប់អារម្មណ៍​បាន​ច្រើន។ នេះ​បើតាម​អ្នកជំនាញ Schliebs៕

Advertisement