បុគ្គលិក​ពន្លត់​អគ្គិភ័យ​បារាំង ដុត​ព្រៃ​ច្រើន​ករណី​ដើម្បីឱ្យ​សង្គម​ទទួលស្គាល់

បុគ្គលិក​ពន្លត់​អគ្គិភ័យ​ម្នាក់​នៅ​ភាគខាងត្បូង​នៃ ប្រទេស​បារាំង បាន​បង្កឱ្យមាន​ករណី​ភ្លើង​ឆេះ​ព្រៃ​ជាច្រើន​កន្លែង ក្នុង​បំណង​ស្វែងរក​ភាព​រំជើបរំជួល និង «ត្រូវបាន​សង្គម​ទទួលស្គាល់»។

បុរស​វ័យ​ជាង ៣០ ឆ្នាំ ដែល​មិនទាន់​ត្រូវបាន​ប្រកាស​អំពី​អត្តសញ្ញាណ និង​ជា​បុគ្គលិក​ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត​នៅ​តំបន់ Herault ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ២៧ កក្កដា និង​កំពុង​រង់ចាំ​ពេល​ឡើង​តុលាការ។ រដ្ឋអាជ្ញា នៅ​ទីក្រុង Montpellier លោក Fabrice Belargent បានឱ្យដឹង​ដា បុរស​នេះ​បាន​សារភាពថា បាន​ប្រើប្រាស់​ដែកកេះ​ដុត​ព្រៃ​កាលពី​ថ្ងៃទី ២៦ ឧសភា, ២១ កក្កដា និងថ្មីៗនេះ​គឺ​នៅ​យប់​ថ្ងៃទី ២៦-២៧ កក្កដា។

«នៅពេល​ត្រូវបាន​សួរ​អំពី​មូលហេតុ ជននេះ​សារភាពថា ធ្វើឡើង​ក្នុង​បំណង​ធ្វើឱ្យ​ក្រុមហ៊ុន​ពន្លត់​អគ្គិភ័យ​ចេញ​ធ្វើ​អន្តរាគមន៍ ដើម្បី​សង្គ្រោះ​ខ្លួនគេ​ពី​បរិស្ថាន​គ្រួសារ​ដ៏​ស្មុគស្មាញ និង​ដើម្បី​ភាព​រំជើបរំជួល​ដែល​ការអន្តរាគមន៍​នេះ​នាំ​មកឱ្យ​ខ្លួន» លោក Belargent ឱ្យដឹង​ដូច្នេះ។

បុរស​ខាងលើនេះ ធ្វើការ​ពេញ​ម៉ោង​ក្នុងតួនាទី​ជា​មន្ត្រី​អនុរក្ស​ព្រៃឈើ ទទួលខុសត្រូវ​ចម្បង​ក្នុងការ​ទប់ស្កាត់ និង​ពន្លត់​អគ្គិភ័យ។

មេធាវី​របស់​ជនសង្ស័យ​នេះ​បានឱ្យដឹងថា ពេល​ត្រូវបាន​សួរនាំ កូនក្ដី​របស់គាត់ «បានបង្ហាញ​អំពី​វិប្បដិសារី និង​មានការ​ខ្មាស់អៀន​ខ្លាំងណាស់។ គាត់​មាន​អារម្មណ៍​ធូរស្រាល​ក្នុង​ចិត្ត​ព្រោះតែ​ត្រូវ​ចាប់ខ្លួន ហើយ​បាន​និយាយថា នោះ (អំពើ​ដុត​ព្រៃ) គឺជា​អាការរោគ​ញៀន»។

សារព័ត៌មាន​នានា​របស់ បារាំង បាន​ហៅ​ករណីនេះ​ថា «បុគ្គលិក​ពន្លត់​អគ្គិភ័យ ឆ្កួត​នឹង​ការបង្ក​អគ្គិភ័យ»។ បើសិនជា​ត្រូវបាន​កាត់ទោស បុរស​នេះ​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ ១៥ ឆ្នាំ និង​ត្រូវ​បង់ប្រាក់​ពិន័យ​ជាង ១៥០,០០០ ដុល្លារ​អាម៉េរិក៕

Advertisement